ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​សុខាភិបាល​បន្ត​ប្រមូល​សំណាក​ចំនួន​៥៩​ពី​អ្នក​នៅ​លើ​នាវា​ Viking Cruise Journey​​


នាវា​ Viking ​Cruise Journey​ ​ធ្វើ​ដំណើរ​ចេញពី​កំពង់ផែ My Tho ក្បែរ​ក្រុង​ហូជីមិញ ​ប្រទេសវៀតណាម ​នៅ​ថ្ងៃ​ទី​៥​ ខែមីនា ហើយបាន​ដល់​ភ្នំពេញ​ នៅថ្ងៃ​ទី៧ ​ខែមីនា។ (រូបថតដោយនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC)

មន្ត្រី​សុខាភិបាល​ នៅ​ថ្ងៃ​ពុធ​នេះ​ បាន​ឲ្យដឹង​ថា​សំណាក​ចំនួន ៥៩​ត្រូវ​បាន​ប្រមូល​ពី​អ្នក​ដំណើរ ​និង​បុគ្គលិក​នៃ​នាវា ​Viking Cruise Journey ដើម្បី​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ១៩​ បន្ទាប់​ពី​រក​ឃើញ​ថា​ ស្ត្រី​ជនជាតិ​អង់គ្លេស​ម្នាក់​ដែល​នៅ​លើ​នាវា​នោះ​មាន​ផ្ទុក​វីរុស​កូវីដ​១៩ ​។

កាល​ពី​ម្សិលមិញ ស្ត្រីជនជាតិ​អង់គ្លេស​មួយរូប​ វ័យ៦៥ឆ្នាំ​ ត្រូវ​បាន​គេ​រកឃើញ​ថា​បាន​ឆ្លងវីរុស​កូវីដ១៩​ (COVID-19) ដោយ​បាន​រក​ឃើញ​ពេល​ស្ត្រី​នោះ​នៅខេត្ត​កំពង់ចាម ជា​ទីតាំងដែល​នាវា​ដឹក​ដំណើរកំសាន្ត​ដង​ទន្លេ​មេគង្គ​ ​Viking Cruise Journey​ ចូល​ចត។​

នៅ​ថ្ងៃ​ពុធ​នេះ ​អ្នក​ស្រី ​ឱ វណ្ណឌីន អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​បាន​ឲ្យ​ដឹង​ថា ​ដោយ​មាន​សំណើ​ពី​ស្ថានទូត​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា​ និង​ដោយសារ​ស្ត្រី​ជន​ជាតិ​អង់គ្លេស​អាយុ ​៦៥​ ឆ្នាំ​ ដែល​លទ្ធផលតេស្តកូវីដ១៩​បង្ហាញ​ថា​វិជ្ជមាន​ ជា​អ្នក​ដែល​មាន​ជើង​សិប្បនិមិត្ត​ម្ខាង​និង​មាន​ការ​ពិបាក​ក្នុង​ការ​ប្រើ​បន្ទប់​ទឹក ​ក្រសួង​បាន​សម្រេច​យក​ស្ត្រី​រូប​នេះ​មក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ក្នុង​ក្រុង​ភ្នំពេញ ​នៅ​ម៉ោង​ ៤​និង​៣០​នាទី​រសៀល​នេះ ។

លោក​ស្រី​បន្ថែម​ថា​ ក្រសួង​កំពុង​ស្វែង​រក​អ្នក​ប៉ះពាល់​ផ្ទាល់​ ឬ​ប្រយោល ​ជាមួយ​ស្ត្រី​រូប​នេះ​ទាំង​នៅ​កំពង់ចាម​ និង​រាជ​ធានី​ភ្នំពេញ។ មក​ទល់​ពេល​នេះ​ក្រសួង​បាន​រក​ឃើញ​ថា​ មាន​ស្ត្រី​ជា​អ្នក​បក​ប្រែ ​មួយ​រូប​ដែល ​មាន​កូន​ស្រី​អាយុ​៤​ឆ្នាំ​ម្នាក់ ​និង​អ្នក​បើក​រឺ​ម៉ក​ម៉ូតូ​២​នាក់​ដែល​ត្រូវ​បាន​ក្រសួង​ធ្វើ​តេស្ត​វិភាគ​សំណាក​ដោយ​មាន​លទ្ធផល​អវិជ្ជមាន​ទាំង​អស់គ្នា។ បច្ចុប្បន្ន​អ្នក​ទាំង​៤​នាក់​ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ ​ដោយ​បាន​ណែនាំ​ឲ្យ​អនុវត្ត​វិធានការ​តាម​ដាន​សុខភាព​ផ្ទាល់​ខ្លួន​ជា​បន្ត​ទៀត​ក្នុង​រយៈ​ពេល​១៤​ថ្ងៃ។​

វេជ្ជបណ្ឌិត​ គឹម ​សួរ​ភិរុណ​ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ចាម​ ​បាន​ប្រាប់​វីអូអេ​ថា៖ «អ្នក​ដែល​នៅ​លើ​នាវា​ហ្នឹង​ យើង​បាន​ទៅ​មើល​គ្រប់​គ្នា​អស់ហើយ​។​ យើង​បាន​បញ្ជូន​សំណាក​ហ្នឹង​ ​ឥឡូវ​នេះ​ តាម​ដំណឹង​គឺ​ថា​ដល់​វិទ្យាស្ថាន​ប៉ាស្ទ័រ​ហើយ​»។

អ្នក​ដំណើរ​លើ​នាវា​ទាំង​នោះ​មាន​៣០នាក់ដែល​ក្នុង​នោះ មាន​ជន​ជាតិ​អង់គ្លេស ​អាមេរិក ​កាណាដា ​វៀតណាម ភូមា​ ​និង​ជនជាតិ​ផ្សេង​ៗ​ទៀត។​ នេះ​បើ​តាម​លោក ​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត។​ ​បុគ្គលិក​នៅ​លើ​នាវា​នោះ​មាន ​៣៤នាក់​ ដែលបុគ្គលិកចំនួន​២៤​ នាក់​ក្នុង​ចំណោម​នោះ​ជា​ពលរដ្ឋ​កម្ពុជា​។​

លោក​បន្តថា​ទាំង​អ្នក​ផ្ទុក​វីរុស​កូវីដ​១៩ ​ម្នាក់ ដែល​នៅដាច់​ដោយ​ឡែក​ក្រោម​ក្របខណ្ឌ​ចត្តាឡីស័ក (quarantine) នៅ​ក្នុងមន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ចាម ​អ្នកដែល​គេចាត់ថា​មានទំនាក់​ទំនង​ជិតដិត​ម្នាក់​ដែល​ដាក់​ឲ្យ​នៅ​ដាច់​ដោយឡែក​លើ​នាវា ​និង​អ្នក​ដែល​នៅ​លើ​នាវា ៦៣​នាក់​ ផ្សេងទៀត​ ពុំមាន​រោគ​សញ្ញា​ទេ​មក​ដល់​ពេល​នេះ ។ ​លោក​ថា​ លោក​និង​ក្រុម​គ្រូ​ពេទ្យ​កំពង់​បន្ត​តាមដាន​ រោគ​សញ្ញា​របស់​ អ្នក​ទាំង​នោះ​យ៉ាង​ហោច​១៤​ថ្ងៃ។

​លោក​បន្ត​ថា ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពង់​ចាម​មាន​បន្ទប់​បរិក្ខារ​ត្រៀម​ចំនួន៥ ​សម្រាប់​ការ​ព្យាបាល​អ្នក​ជំងឺ​កូវីដ​១៩​នេះ។

​នាវា​ Viking ​Cruise Journey​ ​ធ្វើ​ដំណើរ​ចេញពី​កំពង់ផែ My Thoក្បែរ​ក្រុង​ហូជីមិញ ​កាត់​តាម​ចូវដុក ​និង​ក្អម​សំណរ​ កាល​ពី​នៅ​ថ្ងៃ​ទី​៥​ ខែមីនា ។​ នាវា​នេះ ​មក​ដល់​ភ្នំពេញ​ នៅថ្ងៃ​ទី៧ ​ខែមីនា។​

ក្រសួង​សុខាភិបាល​បាន​ឲ្យ​ដឹង​ថា មាន​ការ​រាយការណ៍​ពី​អាជ្ញាធរ​វៀតណាម ​ដែល​សង្ស័យ​លើ​អ្នក​ដំណើរ​នាវា ​Viking Cruise Journey​ ជា​ជនជាតិ​អង់គ្លេស​៥​នាក់​ដែល​បាន​ជិះ​យន្តហោះ​ចេញ​ពី​ទីក្រុង​ឡុងដ៍​ ប្រទេស​អង់គ្លេស​ ទៅ​ទីក្រុង​ហាណូយប្រទេស​វៀតណាម​ តាម​ជើង​ហោះហើរ​ VN054 ​មុន​នឹង​ពួក​គេ​ឡើង​នាវា​ពី​កំពង់​ផែ ​My Tho។

តាម​ជើង​យន្តហោះ​នេះ មាន​អ្នកដំណើរ​រួម​ជាមួយ​នឹង​ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់​ ដែល​គេ​ពិនិត្យ​រក​ឃើញ​ថា​ មាន​ផ្ទុក​កូវីដ​១៩ ​ពេលស្ត្រី​នោះ​ទៅ​ដល់​ទីក្រុង​ហាណូយ។

អាជ្ញាធរ​កម្ពុជា​បាន​ស្នើ​សុំ​ធ្វើ​តេស្តអ្នក​ដំណើរ​ជនជាតិ​អង់គ្លេស​ទាំង​៥​ ពេល​នាវា​ចត​នៅ​ភ្នំពេញ។ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត​ កន្លែង​ដែល​ពួក​គេ​ពិនិត្យ​សុខភាព ​សំណាក​ពី​អ្នក​ដំណើរ​បី​នាក់​ក្នុង​ចំណោម​អ្នក​ដំណើរ​ទាំងប្រាំ​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​ធ្វើតេស្ត​ ដោយ​លទ្ធផល​អវិជ្ជមាន។

អ្នក​ដំណើរ​២​នាក់បាន​ប្រកែក​ មិន​ឲ្យ​យក​សំណាក​ពួក​គេ​ទៅ​ធ្វើតេស្ត​។ រហូត​ដល់​ពេល​នាវាចតនៅ​កំពង់​ផែនៅទីរួមខេត្ត​កំពង់ចាម អ្នក​គ្រប់គ្រង​នាវា​សម្រប​សម្រួល​ទើប​បាន​យក​សំណាក​ពី​ខេត្ត​កំពង់​ចាម​មក​វិញ​។​

ហើយ​ម្នាក់​នៅ​ក្នុង​ចំណោម​នោះ​ត្រូវ​បានបញ្ជាក់​ថា ​វិជ្ជមាន​កូវីដ​១៩ ​នៅ​ថ្ងៃ​ទី​១០។ នេះ​បើតាម​លោក​ ម៉ម​ ប៊ុនហេង រដ្ឋមន្ត្រី​សុខាភិបាល​នៅ​ក្នុង​សន្នីសីទ​កាសែត​បន្ទាន់នៅ​ល្ងាច​ម្សិលមិញ។

នៅ​ឯ​ខេត្ត​សៀមរាប​វិញ ​អ្នក​នាំ​ពាក្យ​ក្រសួងសុខាភិបាល​ លោក លី ​សូវ៉ាន់ ​បាន​ឲ្យ​ដឹង​ថា ​ក្រសួង​បាន​រក​ឃើញ​ អ្នក​មាន​ទំនាក់​ទំនង​ជិតសិ្នទ្ធិ ​និង​ប្រយោល ​ជាមួយបុរស​ជនជាតិ​ជប៉ុន ​ដែល​ផ្ទុក​វីរុស​កូវីដ​១៩ ​ក្រោយចេញ​ដំណើរ​ពី​ខេត្ត​សៀមរាប​ ទៅ​ដល់​ប្រទេស​ជប៉ុន។ លោក​លី ​សូវ៉ាន់​ក៏​បាន​បន្ថែម​ថា ​ក្រសួងក៏​បាន​រក​ឃើញ ​អ្នក​មាន​ទំនាក់​ទំនង​ជិតសិ្នទ្ធិ ​និង​ប្រយោល​ ជាមួយ​បុរស​ជាពលរដ្ឋ​ខ្មែរ​ ម្នាក់​ដែល​ផ្ទុក​វីរុស​កូវីដ​១៩​ បន្ទាប់​ពី​មាន​ទំនាក់ទំនង​ជាមួយ​បុរស​ជនជាតិ​ជប៉ុន​នោះ​។

លោក​បាន​ប្រាប់​វីអូអេ​ថា៖​ «យើង​ធានា​ថា​ ១០០ ​ភាគរយ ​យើង​បាន​រក​ឃើញ​អស់​ហើយ។​យើង​កំពុង​តាមដាន​សុខភាព​របស់​គាត់»។

លោក​បន្ត​ថាអ្នក​ទាំងនោះ​ពុំមានរោគ​សញ្ញា​ទេ ​ហើយ​បុរស ​៣៨​ឆ្នាំ​ដែល​ផ្ទុក​វីរុស​កូវីដ​១៩ ​នោះ​ក៏​ពុំ​មាន​រោគសញ្ញា​ដែរ​។ បច្ចុប្បន្ន មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​កំពុង​បន្ត​ព្យាបាល ​បុរសនោះ។

លោក​ ​លី ​សូវ៉ាន់​បាន​ប្រាប់​អំពី​នីតិវិធី​នៃ​ការ​ព្យាបាល​បុរស​ ៣៨ឆ្នាំ​ ​ដែល​ផ្ទុក​កូវីដ​១៩​នោះ​ថា៖ «យើង​ធ្វើ​តាម​អ្វី​ដែល​បាន​ជោគជ័យ​នៅ​ក្រុង​ព្រះសីហនុ​ហ្នឹង​ យក​មកធ្វើ​[ព្យាបាល]នៅនេះដែរ»។

លោក​បន្តថា៖ «ទី១ ​ព្យាបាល​តាម​ការ​គាំទ្រ​វេជ្ជសាស្ត្រ។ តែ​ករណី​នេះ​គាត់​អត់​មាន​ក្តៅ​ខ្លួន​ទេ ​មិនមែន​ដូច​ខាង​ចិន​នោះ​ទេ។​ ខាង​នេះ​យើង​ឲ្យ​គាត់​ញ៉ាំ​ឲ្យ​មាន​កម្លាំង​ខ្លាំង ​ញ៉ាំ​ឲ្យ​បាន​ឆ្ងាញ់​ល្អ​ ឲ្យ​គាត់​សប្បាយ​ចិត្ត ​ដូច្នេះ​គាត់​អាច​មាន​កម្លាំង​ក្នុង​ខ្លួន​ក្នុង​ការ​សម្លាប់​មេរោគ​បាន​ហើយ»។​

ករណី​ទី១នៃ​ជំងឹ​កូវីដ១៩​នៅ​កម្ពុជា​ ត្រូវ​បាន​រកឃើញ​លើ​បុរស​ជនជាតិ​ចិន​មួយរូប​ ដែល​បាន​ធ្វើ​ដំណើរ​ពី​ទី​ក្រុង​ Wuhan ​ខេត្ត​ Hubei ​ប្រទេស​ចិន​ មក​ដល់​ខេត្ត​ព្រះសីហនុ ​កាល​ពី​ចុង​ខែ​មករា​។ លោក​ត្រូវ​បាន​ប្រកាស​ថា​ជា​សះស្បើយ និង​បាន​វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​កំណើតវិញ​ក្រោយ​ចាក​ចេញ​ពី​មន្ទីរពេទ្យ​បង្អែកខេត្តព្រះសីហនុ​។

ករណី​ទី២ ​ជា​ករណី​ឆ្លង​ក្នុង​ប្រទេស កើត​មាន​លើ​ពលរដ្ឋកម្ពុជា​មួយរូប​នៅ​ខេត្ត​សៀមរាប​ត្រូវ​បាន​រកឃើញ​ថា​ បាន​ឆ្លង​ជំងឺ​ COVID-19​ បន្ទាប់​ពី​បុរស​រូប​នេះ​មាន​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​នឹង​បុរស​ជនជាតិ​ជប៉ុន​ម្នាក់​មាន​ផ្ទុក​មេរោគ​នេះ​ ​រកឃើញ​នៅ​ប្រទេស​ជប៉ុន ក្រោយ​បាន​ចេញ​ពី​កម្ពុជាកាល​ពី​សប្តាហ៍​មុន​។

មក​ដល់​ពេល​នេះ​សាលា​រៀន​រដ្ឋ​ និង​ឯកជន​ចំនួន​ប្រមាណ​១១០​ នៅ​ក្នុងក្រុង​សៀមរាប​ ត្រូវបាន​ផ្អាក​ដំណើរ​ការ​បណ្តោះ​អាសន្ន​រហូត​ដល់​មាន​ការ​ជូន​ដំណឹង​ជាថ្មី។ លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ​ក៏​បាន​សម្រេច​ផ្អាក​ការ​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ទ្រង់ទ្រាយ​មួយ​នៅ​ខេត្ត​សៀមរាបនៅ​ខែមេសា​ខាងមុខ​នេះ​។​

​ជំងឺ​កូវីដ​១៩​ (COVID-19)​ ឆ្លង​រីករាលដាល​ដល់ជាង​១០០​ ប្រទេស​នៅ​ទូទាំង​ពិភពលោក។ ​ជំងឺ​កូវីដ​១៩​ ដែល​បង្ក​ឡើង​ដោយ​វីរុស​កូរ៉ូណា​ថ្មី​ បាន​ឆ្លង​ដល់​មនុស្ស​ យ៉ាង​ហោច​ណាស់​ចំនួន​ជាង១២ម៉ឺន​នាក់​។ ជំងឺ​នេះ​បាន​សម្លាប់​មនុស្ស​ជាង​៤៣០០​ នាក់​ដែល​ភាគ​ច្រើន​ជា​ជនជាតិ​ចិន​។ នេះ​បើគិតត្រឹម​ល្ងាច​ថ្ងៃទី​១១ ​ខែ​មីនា ​ឆ្នាំ​២០២០​៕​

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG