ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គូ​ប្រជែង​ពីរ​រូប​សម្រាប់​តំណែង​ប្រធានាធិបតី​អ៊ីរ៉ង់ បាន​ចុះ​ឈ្មោះ​ជា​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត


លោក Ebrahim Raisi ដែលជា​ប្រធាន​តុលាការ​នៃ​ប្រទេស​អ៊ីរ៉ង់ នៅឯ​​សន្និសីទ​សារព័ត៌មាន​មួយ បន្ទាប់ពី​លោក​​ចុះឈ្មោះ​ជា​បេក្ខជន​ឈរ​ឈ្មោះ​សម្រាប់​ការបោះឆ្នោត​ប្រធានាធិបតី​ថ្ងៃទី១៨ ខែមិថុនា នៅ​ទីស្នាក់ការ​បោះឆ្នោត​នៅ​ក្រសួង​មហាផ្ទៃ​ក្នុង​ទីក្រុង​តេហេរ៉ង់ កាលពី​ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១។
លោក Ebrahim Raisi ដែលជា​ប្រធាន​តុលាការ​នៃ​ប្រទេស​អ៊ីរ៉ង់ នៅឯ​​សន្និសីទ​សារព័ត៌មាន​មួយ បន្ទាប់ពី​លោក​​ចុះឈ្មោះ​ជា​បេក្ខជន​ឈរ​ឈ្មោះ​សម្រាប់​ការបោះឆ្នោត​ប្រធានាធិបតី​ថ្ងៃទី១៨ ខែមិថុនា នៅ​ទីស្នាក់ការ​បោះឆ្នោត​នៅ​ក្រសួង​មហាផ្ទៃ​ក្នុង​ទីក្រុង​តេហេរ៉ង់ កាលពី​ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១។

គូ​ប្រជែង​ចម្បង​ពីរ​រូប​សម្រាប់​តំណែង​ជា​ប្រធានាធិបតី​អ៊ីរ៉ង់​ បាន​ចុះ​ឈ្មោះ​កាលពី​ថ្ងៃ​ទី ១៥ ខែ​ឧសភា​កន្លង​ទៅ​នេះ ដើម្បី​ឈរ​ឈ្មោះ​នៅ​ក្នុង​ការ​បោះឆ្នោត​នៅ​ខែ​ក្រោយ។ គូ​ប្រជែង​ទាំង​ពីរ​រូប​នោះ​គឺ​លោក Ebrahim Raisi ដែល​ជា​ប្រធាន​តុលាការ​ប្រកាន់​គោលការណ៍​តឹងរ៉ឹង និង​លោក Ali Larijani ដែល​ជា​អតីត​ប្រធាន​រដ្ឋសភា។

ការ​បោះឆ្នោត​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់​នៅ​ថ្ងៃ​ទី១៨ ខែ​មិថុនា​ខាង​មុខ ដើម្បី​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​ជំនួស​តំណែង​លោក​ប្រធានាធិបតី Hassan Rouhani ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ជា​ការ​សាកល្បង​របស់​មេដឹកនាំ​បព្វជិត​នានា​នៅ​ក្នុង​ប្រទេស។

លោក Raisi អាយុ ៦០ ឆ្នាំ គឺជា​បព្វជិត​ថ្នាក់​កណ្ដាល​នៅ​ក្នុង​ស្ថាប័ន​ឥស្លាម​និកាយ​ស៊ីអ៊ីត (Shi'ite) ក្នុង​ប្រទេស​អ៊ីរ៉ង់។ លោក​ត្រូវ​បាន​មេដឹកនាំ​កំពូល​អ៊ីរ៉ង់​លោក Ayatollah Ali Khamenei តែងតាំង​ជា​ប្រធាន​តុលាការ​កាលពី​ខែ​មីនា ឆ្នាំ២០១៩។ លោក​បាន​លេច​មុខ​ជា​បុគ្គល​មាន​ឥទ្ធិពល​បំផុត​មួយ​រូប​និង​ជា​អ្នក​ប្រជែង​មួយ​រូប​សម្រាប់​ជំនួស​តំណែង​របស់​លោក Khamenei។

លោក Larijani ដែល​ជា​អតីត​អ្នក​ចរចា​នុយក្លេអ៊ែរ និង​ជា​ទីប្រឹក្សា​មួយ​រូប​របស់​លោក Khamenei សង្ឃឹម​ថា​នឹង​ទទួល​បាន​ការ​គាំទ្រ​ពី​ក្រុម​អ្នក​ប្រកាន់​ទស្សនៈ​កណ្ដាល​និយម និង​ក្រុម​អ្នក​ប្រកាន់​ទស្សនៈ​តឹងរ៉ឹង និង​សង្ឃឹម​ថា​អាច​ភ្ជាប់​គម្លាត​រវាង​ក្រុម​ទាំង​ពីរ។

នៅ​មុន​ពេល​ចុះ​ឈ្មោះ​ជា​បេក្ខជន​ប្រជែង​តំណែង​ប្រធានាធិបតី លោក Raisi ត្រូវ​បាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ប្រទេស​ដកស្រង់​សម្ដី​ដែល​បាន​និយាយ​ថា៖ «ខ្ញុំ​ឡើង​មក​កាន់​ឆាក​នយោបាយ​ក្នុង​នាម​ជា​អ្នក​ឯករាជ្យ ដើម្បី​ធ្វើ​ការ​ផ្លាស់ប្ដូរ​លើ​ការ​គ្រប់គ្រង​អង្គ​នីតិប្រតិបត្តិ​របស់​ប្រទេស និង​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​ក្រីក្រ អំពើ​ពុករលួយ ការ​ប្រមាថ និង​ការ​រើសអើង»។

លោក Raisi បាន​បន្ថែម​ថា៖ «ខ្ញុំ​ឈរ​ឈ្មោះ​ដើម្បី​បង្កើត​រដ្ឋាភិបាល​ខ្លាំងក្លា​មួយ​របស់​ប្រជាពលរដ្ឋ​សម្រាប់​ប្រទេស​អ៊ីរ៉ង់​ដ៏​ខ្លាំងក្លា ដោយ​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​យុវជន​ក្លាហាន​នានា»។

លោក Raisi ថ្លែង​ដូច្នេះ​ចង់​សំដៅ​បញ្ឆិតបញ្ឆៀង​លើ​ការ​លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​របស់​លោក Khamenei ដែល​បាន​និយាយ​ថា លោក​រំពឹង​ថា​នឹង​មាន «រដ្ឋាភិបាល​មួយ​ដែល​មាន​សមត្ថភាព​និង​ភាព​ក្លៀវក្លា» នៅ​ក្នុង​ការ​ដឹកនាំ​ប្រទេស។

លោក Raisi បាន​ចាញ់​លោក Rouhani នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​កាលពី​ឆ្នាំ ២០១៧។ លោក Rouhani ត្រូវ​បាន​កំហិត​ដោយ​លក្ខខណ្ឌ​កំណត់​អាណត្តិ​មិន​ឲ្យ​ឈរ​ឈ្មោះ​បោះឆ្នោត​ម្ដង​ទៀត។

អ្នក​កំណែ​ទម្រង់​និយម​និង​សកម្មជន​សិទ្ធិ​មនុស្ស​នានា​បាន​និយាយ​ថា ពួកគេ​ភ្ញាក់ផ្អើល​នឹង​ប្រវត្តិរូប​របស់​លោក Raisi ក្នុង​នាម​ជា​ចៅក្រម​ប្រកាន់​ទស្សនៈ​តឹងតែង​ខ្លាំង ជា​ពិសេស​នៅ​ក្នុង​អំឡុង​ទសវត្សរ៍ ១៩៨០ ដែល​នៅ​ពេល​នោះ លោក​គឺជា​ចៅក្រម​មួយ​រូប​ក្នុង​ចំណោម​ចៅក្រម ៤ រូប ដែល​បាន​កាត់ទោស​ប្រហារ​ជីវិត​អ្នក​ទោស​នយោបាយ​រាប់​ពាន់​នាក់។

មេដឹកនាំ​បព្វជិត​នានា​សង្ឃឹម​ថា​នឹង​មាន​អ្នក​ចេញ​មក​បោះឆ្នោត​ច្រើន។ ប៉ុន្តែ ចំណាប់​អារម្មណ៍​របស់​អ្នក​បោះឆ្នោត​ប្រហែលជា​អាច​ប៉ះពាល់​ដោយសារ​ការ​មិន​ពេញចិត្ត​នឹង​សេដ្ឋកិច្ច​ដែល​ត្រូវ​បាន​រាំង​ស្ទះ​ដោយសារ​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក។ សហរដ្ឋ​អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​ជា​ថ្មី​លើ​អ៊ីរ៉ង់ បន្ទាប់ពី​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​ដក​ខ្លួន​ចេញ​ពី​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​កាលពី ៣ ឆ្នាំ​មុន។

លោក Raisi បាន​និយាយ​ថា ប្រសិនបើ​លោក​ត្រូវបាន​គេ​ជ្រើសរើស​ឲ្យ​ធ្វើ​ជា​ប្រធានាធិបតី​អ៊ីរ៉ង់ រដ្ឋាភិបាល​របស់​លោក «នឹង​ប្រញាប់ប្រញាល់​ដើម្បី​ធ្វើ​ឲ្យ​អ៊ីរ៉ង់​បាន​រួច​ផុត​ពី​ទណ្ឌកម្ម​ទាំង​នោះ»៕

ប្រែ​សម្រួល​ដោយ​លោក ឈឹម សុមេធ

XS
SM
MD
LG