ពលរដ្ឋអ៊ីរ៉ង់កំពុងនាំគ្នាចេញទៅបោះឆ្នោតនៅក្នុងប្រទេសអ៊ីរ៉ង់នៅថ្ងៃសុក្រនេះដើម្បីជ្រើសរើសប្រធានាធិបតី។
លោកប្រធានាធិបតី Hassan Rouhani ដែលកំពុងកាន់តំណែង អាចប្រឈមនឹងការប្រឆាំងយ៉ាងខ្លាំងពីសំណាក់ក្រុមអ្នកអភិរក្សនិយម ដែលបានរិះគន់ការចាត់ចែងរបស់លោកទាក់ទងនឹងរឿងសេដ្ឋកិច្ច និងកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលលោកបានចុះហត្ថលេខាជាមួយបស្ចិមប្រទេស។
លោក Rouhani បានពឹងផ្អែកយ៉ាងខ្លាំងទៅលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាប្រវត្តិសាស្ត្រដែលនាំឲ្យមានការបន្ធូរទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសអ៊ីរ៉ង់ សម្រាប់អនាគតរបស់លោកក្នុងឆាកនយោបាយ។ ក៏ប៉ុន្តែគូប្រឆាំងរបស់លោក គឺលោក Ebrahim Raisi បានរិះគន់កិច្ចព្រមព្រៀងនោះ ពីព្រោះនៅមានការដាក់ទណ្ឌកម្មលើសេវាធនាគារ និងហិរញ្ញវត្ថុជាបន្ត។ លោក Rouhani ត្រូវបានអ្នកវិភាគនយោបាយមើលឃើញថាមានប្រៀបជាង ហើយការស្ទង់មតិតូចៗកន្លងមក ក៏បានបង្ហាញឲ្យឃើញយ៉ាងដូច្នេះដែរ។ ក្នុងប្រវត្តិសាស្ត្រអ៊ីរ៉ង់កន្លងមក ប្រធានាធិបតីកំពុងកាន់តំណែង តែងតែឈ្នះឆ្នោតឡើងវិញ តាំងពីឆ្នាំ១៩៨១មក។ ប៉ុន្តែបើសិនជាលោក Rouhani មិនបានទទួលសំឡេងភាគច្រើន នៅក្នុងការបោះឆ្នោតនៅថ្ងៃនេះ ក្នុងចំណោមបេក្ខជន៤នាក់នោះ អ្នកដែលទទួលបានសំឡេងឆ្នោតលើសគេ២នាក់ នឹងត្រូវប្រកួតក្នុងការបោះឆ្នោតផ្តាច់ព្រាត់ នៅសប្តាហ៍ក្រោយ៕