សាលាឧទ្ធរណ៍ខេត្តព្រះសីហនុ កាលពីថ្ងៃព្រហស្បតិ៍ បានសម្រេចឱ្យសកម្មជនដីធ្លីខេត្តកោះកុងចំនួន២នាក់ ស្ថិតនៅក្រៅឃុំជាបណ្តោះអាសន្ន បន្ទាប់ពីពួកគេត្រូវបានតុលាការខេត្តកោះកុង ចោទប្រកាន់ពីបទ«ញុះញង់និងបរិហាកេរ្តិ៍» ពាក់ព័ន្ធនឹងការតវ៉ានៅខាងមុខក្រសួងដែនដី ដើម្បីទាមទារឱ្យរដ្ឋាភិបាលដោះស្រាយវិវាទដីធ្លីក្នុងសហគមន៍ កាលពីឆ្នាំ២០១៩។ នេះបើតាមក្រុមគ្រួសារ និងប្រជាសហគមន៍។
សកម្មជនដីធ្លីទាំង២នាក់នោះ រួមមានអ្នកស្រី ផាវ ញ៉ើង និងអ្នកស្រី សេង លីន ដែលធ្លាប់មានទំនាស់ដីធ្លីជាមួយក្រុមអ្នកមានទ្រព្យសម្បត្តិ និងឥទ្ធិពលក្នុងខេត្តកោះកុង គឺសមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជាលោក លី យ៉ុងផាត់ និងលោក ហេង ហ៊ុយ ដែលគេស្គាល់ថា ជាមន្ត្រីជាន់ខ្ពស់មួយរូបនៅក្រសួងមហាផ្ទៃ និងអ្នកជំនួញល្បីឈ្មោះមួយរូបផងដែរ។
កូនប្រុសរបស់អ្នកស្រី ផាវ ញ៉ើង គឺលោក ហង់ វាសនា ដែលបានចូលស្តាប់សវនាការ សាទរចំពោះការសម្រេចរបស់ចៅក្រមនៃសាលាឧទ្ធរណ៍ខេត្តព្រះសីហនុ ដែលបានអនុញ្ញាតឱ្យម្តាយរបស់លោក គឺអ្នកស្រី ផាវ ញ៉ើង និងសកម្មជនដីធ្លីម្នាក់គឺអ្នកស្រី សេង លីន បានស្ថិតនៅក្រៅឃុំបណ្តោះអាសន្ន។
លោកបានប្រាប់វីអូអេថា ការដោះលែងនេ ធ្វើឡើង បន្ទាប់ពីតុលាការបានមើលឃើញពីស្ថានភាពលំបាករបស់ម្តាយគាត់ដែលមានជំងឺជាប់ខ្លួន និងប្អូនប្រុសរបស់គាត់ដែលមានអាយុ១៧ខែ ក៏ជាប់ឃុំក្នុងពន្ធនាគារតាំងពីខែមិថុនាមក។ លោកយល់ថា ការឃុំខ្លួនម្តាយ និងប្អូនប្រុសរបស់គាត់គឺជារឿង «អយុត្តិធម៌»។ លោកបានស្នើឱ្យអាជ្ញាធរដោះស្រាយរឿងវិវាទដីធ្លីរបស់ប្រជាសហគមន៍ដែលនៅសេសសល់ឱ្យបានឆាប់។
លោក ហង់ វាសនា បានថ្លែងថា៖ «ការស្នើសុំរបស់គាត់ យោងលើហេតុផលមួយចំនួន ទី ១ ពាក់ព័ន្ធគាត់មានអសយដ្ឋានអចិន្ត្រៃយ៍ពិតប្រាកដ។ ទី ២ ពាក់ព័ន្ធម្តាយរបស់ខ្ញុំមានប្អូនតូច ដែលកំពុងជាប់ពន្ធនាគារជាមួយដែលបង្កជាផលលំបាកក្នុងការទទួលទោស។ ទី ៣ ពាក់ព័ន្ធលទ្ធភាពគ្រួសារក្នុងការរស់នៅ ជាពិសេសប្អូនៗខ្ញុំដែលនៅតូចៗនៅខាងក្រៅ ដែលបាត់បង់ភាពកក់ក្តៅត្រូវការម្តាយអ៊ីចឹងទៅ។ ទី ៤ ពាក់ព័ន្ធនឹងម្តាយខ្ញុំមានជំងឺដែលទើបតែព្យាបាល ហើយខាងមេធាវីក៏បានបង្ហាញទៅលើឯកសារ ពាក់ព័ន្ធការតម្រូវការព្យាបាលផ្សេងៗទៅ។ អ៊ីចឹងទៅបន្ទាប់ពីតុលាការបានស្តាប់ចម្លើយទាំងអស់ហ្នឹងហើយ គេវិនិច្ឆ័យឱ្យគាត់ហ្នឹងនៅក្រៅឃុំ ក្រោយពីគាត់ជំនុំគ្នាហើយ»។
សកម្មជនដីធ្លីចំនួន៩នាក់ដែលរួមមានអ្នកស្រី ផាវ ញ៉ើង អ្នកស្រី សេង លីន ជាដើម ត្រូវបានអាជ្ញាធរខេត្តចាប់ខ្លួន កាលពីថ្ងៃទី២៩ ខែមិថុនាឆ្នាំ២០២៣ ត្រង់ចំណុចប៉ុស្តិ៍អូរជ្រៅ ភូមិអូរជ្រៅ ស្រុកស្រែអំបិល ខេត្តកោះកុង នៅពេលដែលពួកគេធ្វើដំណើរចេញពីខេត្តកោះកុងឡើងមករាជធានីភ្នំពេញ ដើម្បីដាក់ញត្តិសុំកិច្ចអន្តរាគមន៍ពីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឱ្យទម្លាក់ចោលបទចោទលើសកម្មជនដីធ្លីចំនួន ៣០នាក់ ដែលតុលាការខេត្តបានចោទប្រកាន់ពីបទព្រហ្មទណ្ឌជាច្រើនករណី។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យសាលាដំបូងខេត្តកោះកុង លោក វ៉ៃ ភីរម្យ បាននៅឡើយទេ។
វីអូអេក៏មិនទាន់អាចសុំការអត្ថាធិប្បាយពីលោក យូ ទិត្យវឌ្ឍនៈ អគ្គព្រះរាជអាជ្ញារងនៃសាលាឧទ្ធរណ៍ខេត្តព្រះសីហនុ និងលោក លឹម ស៊ីណាត អគ្គលេខាធិការរដ្ឋបាលសាលាឧទ្ធរណ៍ខេត្តព្រះសីហនុ បាននៅឡើយដែរ។
សកម្មជនដីធ្លីខេត្តកោះកុងម្នាក់ទៀត គឺអ្នកស្រី យី គន្ធា អាយុ៣៦ឆ្នាំ ដែលធ្លាប់ត្រូវអាជ្ញាធរចាប់ខ្លួន តែដោះលែងវិញក្នុងសំណុំរឿងស្រដៀងគ្នានឹងអ្នកស្រី ផាវ ញ៉ើង និងអ្នកស្រី សេង លីន បានសម្តែងការត្រេកអរចំពោះដំណឹងនៃការដោះលែង សហការីរបស់អ្នកស្រីដែលធ្លាប់ចូលរួមតវ៉ាជាមួយគ្នាដើម្បីជំទាស់នឹងការរំលោភបំពានសិទ្ធិដីធ្លីកន្លងមក។
ទោះយ៉ាងណា អ្នកស្រីបានទាមទារឱ្យតុលាការទម្លាក់ចោលបទប្រកាន់លើប្រជាសហគមន៍ដីធ្លីខេត្តកោះកុងទាំងអស់ និងបានទទូចសុំឱ្យអាជ្ញាធរពាក់ព័ន្ធ ចេញប្លង់កម្មសិទ្ធិដីធ្លីដល់ប្រជាសហគមន៍ ដែលនៅសេសសល់ចំនួន ១៥គ្រួសារទៀត ឱ្យបានត្រឹមត្រូវ ដើម្បីបញ្ចប់វិវាទដីធ្លី។
អ្នកស្រី យី គន្ធា ដែលនៅបន្តជាប់ចោទពីបទញុះញង់ផងដែរនោះ បានបន្ថែមថា ការចោទប្រកាន់ប្រជាសហគមន៍កន្លងមក គឺជារឿងអយុត្តិធម៌ និងជាការដាក់គំនាប ទាំងផ្លូវចិត្ត និងសេដ្ឋកិច្ច ព្រោះប្រជាសហគមន៏ មិនអាចចេញទៅធ្វើការ ឬរកស៊ីទៅឆ្ងាយបាន ដោយសារជាប់បម្រាមរបស់តុលាការ។
អ្នកស្រីប្រាប់វីអូអេថា៖ «ពួកខ្ញុំគ្រាន់តែនិយាយរឿងពិតខ្លួនឯងសោះបែរជាមានកំហុសទៅវិញ។ ហើយពេលដែលយើងដើរទៅណា យើងមានអ្នកតាមដាន តាមអីមែនទែន អ៊ីចឹងមើលទៅវាអយុត្តិធម៌ និងរំលោភសិទ្ធិមែនទែន។ បងមិនសប្បាយចិត្តនូវការធ្វើរបៀបនេះទេ»។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា ប្រាប់វីអូអេថា កន្លងមក អតីតនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន មិនឱ្យអាជ្ញាធរប្រើប្រាស់វិធានការចាប់ខ្លួនពលរដ្ឋ ពាក់ព័ន្ធវិវាទដីធ្លីនោះទេ ប៉ុន្តែលោកសង្កេតឃើញថា តុលាការតែងតែចោទប្រកាន់ប្រជាសហគមន៍ដីធ្លីជាហូរហែ។
បើតាមអ្នកការពារសិទ្ធិមនុស្សរូបនេះ អាជ្ញាធរត្រូវតែដោះស្រាយបញ្ហាដីធ្លីសម្រាប់ប្រជាពលរដ្ឋឱ្យមានប្រសិទ្ធិភាព។ ដោយឡែកចំពោះករណីសកម្មជនដីធ្លីខេត្តកោះកុង លោកក៏ជំរុញឱ្យអាជ្ញាធរនិងតុលាការ សិក្សារកឬសគល់ឱ្យបានច្បាស់ និងទម្លាក់បទចោទប្រកាន់ ដែលតុលាការខេត្តកោះកុងចោទលើពួកគេផងដែរ។
គួរបញ្ជាក់ថា ពលរដ្ឋចំនួនប្រមាណ ១៩៧ គ្រួសារ មកពីឃុំជីខលើ និងជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង តែងតែមកតវ៉ាជាបន្តបន្ទាប់ ដើម្បីស្វែងរកអន្តរាគមន៍ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងស្ថាប័នរដ្ឋផ្សេងទៀត ឱ្យជួយដោះស្រាយវិវាទដីធ្លីរបស់ពួកគេ។ ពួកគេថា ទំនាស់បានផ្តើមចេញពីការរំលោភបំពានពីសំណាក់ក្រុមហ៊ុនរបស់លោកឧកញ៉ា ហេង ហ៊ុយ ដែលបានកើតឡើងកាលពីឆ្នាំ២០០៧៕