ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រជាសហគមន៍ឡពាងខេត្តកំពង់ឆ្នាំងសុំឱ្យសាលាឧទ្ធរណ៍ផ្តល់យុត្តិធម៌ដល់ពួកគេ


ពលរដ្ឋសហគមន៍ឡពាងនៃខេត្តកំពង់ឆ្នាំងឈរតវ៉ានៅមុខសាលាដំបូងខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធនឹងជម្លោះដីធ្លីដែលសមាជិកខ្លះរបស់សហគមន៍នេះត្រូវបានចោទប្រកាន់។ (Facebook/សហគមន៍ឡពាង)
ពលរដ្ឋសហគមន៍ឡពាងនៃខេត្តកំពង់ឆ្នាំងឈរតវ៉ានៅមុខសាលាដំបូងខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធនឹងជម្លោះដីធ្លីដែលសមាជិកខ្លះរបស់សហគមន៍នេះត្រូវបានចោទប្រកាន់។ (Facebook/សហគមន៍ឡពាង)

ប្រជាសហគមន៍​ឡពាង ឃុំ​តាជេស ស្រុក​កំពង់​ត្រឡាច ខេត្ត​កំពង់​ឆ្នាំង បាន​ស្នើ​សាលា​ឧទ្ធរណ៍​រាជធានី​ភ្នំពេញ​ឱ្យ​ទ​ម្លាក់​ចោល​បទ​ចោទ​ប្រកាន់​លើ​ពួក​គេ ក្នុង​សំណុំ​រឿង​ជម្លោះ​ដី​ធ្លី​រ៉ាំ​រ៉ៃ​ជាមួយក្រុម​ហ៊ុន ​ខេ.ឌី.ស៊ី​ (KDC)​ ​ដែល​គ្រប់​គ្រង​ដោយ​អ្នក​ស្រី ជា ខេង ​ភរិយា​រដ្ឋមន្រ្តី​ក្រសួង​រ៉ែ និ​ង​ថាមពល​លោក ស៊ុយ​ សែម​។ ពួក​គេ​រង​ការប្តឹង​ផ្តល់​ពី​ក្រុម​ហ៊ុន ហើយតុលាការចោទ​ប្រកាន់ពួក​គេ ប្រមាណ​ ១០ ​ឆ្នាំ​មក​ហើយ​។

​ការ​ស្នើ​របស់​ប្រជា​សហគមន៍​ឡ​ពាង ធ្វើ​ឡើង​ស្រប​ពេលដែល​សាលា​ឧទ្ធរណ៍​រាជ​ធានី​ភ្នំពេញ​ នឹង​បើក​សវនា​ការ​ជំនុំ​ជម្រះ​សំណុំ​រឿង​ប្តឹង​ទាស់​ចំពោះ​ការ​មិន​សុខ​ចិត្ត​នឹង​សាល​ក្រម​របស់​សាលា​ដំបូង​ខេត្ត​កំពង់​ឆ្នាំង ដែល​កាត់​ទោស​ពួកគេ​ឱ្យ​ជាប់​ពន្ធនាគារ​ចំនួន​ ២ ​ឆ្នាំ​។

​អ្នក​ស្រី អ៊ុំ​ សុភី ​គឺជា​ប្រជា​សហគមន៍​ឡពាង​ម្នាក់ ដែល​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់ និង​កោះ​ហៅ​ឱ្យ​ចូល​សវនាការ​នៅ​ចុង​ខែ​សីហា​នេះ។ អ្នក​ស្រី​បញ្ជាក់ថា​ ប្រជាសហគមន៍ និង​អ្នក​ស្រី​បាន​ប្តឹង​ទាស់​ទៅ​សាលា​ឧទ្ធរណ៍កាល​ពី​ឆ្នាំ ​២០​២១ ដោយមិន​សុខ​ចិត្ត​ចំពោះ​ការ​ចោទ​ប្រកាន់ ព្រោះប្រជា​សហគមន៍​មិន​បាន​បំផ្លាញ​ទ្រព្យសម្បត្តិ​អ្នក​ដទៃ​ ​ឬ​ញុះ​ញង់​អ្វី​នោះ​ទេ​។ ​ដូច្នេះ​អ្នក​ស្រី​ស្នើ​សុំសាលា​ឧទ្ធរណ៍​ភ្នំពេញឱ្យ​ទម្លាក់​បទ​ចោទ​ប្រកាន់​ដល់​ប្រជាសហគមន៍ ​និង​ដោះ​ស្រាយ​ទំនាស់​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​ជា​មួយក្រុម​ហ៊ុន ​KDC ឱ្យ​បាន​ឆាប់​ចប់។

បើ​តាមអ្នក​ស្រី អ៊ុំ​ សុភី ការ​ចោទ​ប្រកាន់​អ្នក​ស្រី ​និង​ប្រជា​សហគមន៍​ផ្សេង​ទៀត គ្រាន់​តែ​ការ​ពារ​ដី​ស្រែ​ចម្ការផ្ទាល់​ខ្លួន ប៉ុន្តែ​បែរ​ជា​ក្រុមហ៊ុន​ KDC ប្តឹង​ប្រជា​សហគមន៍ និង​ត្រូវ​បាន​តុលា​ការ​ចោទ​ប្រកាន់​បែប​នេះ​ គឺ​ជា​រឿង​អយុត្តិធម៌​មួយ​។

អ្នក​ស្រី​ប្រាប់​វីអូអេ៖ «សម្រាប់​ខ្ញុំ​ បើ​ថ្ងៃ​ ៣០​ ខែ​សីហា ​ខ្ញុំ​ចូល​ទៅ​សវនាការ​ហ្នឹង គឺ​ខ្ញុំ​សូមឱ្យ​តុលា​ការ​ទម្លាក់​ការ​ចោទ​ប្រកាន់​សម្រាប់​ខ្ញុំ​ និង​អ្នក​ភូមិ​ផ្សេង​ទៀត​ផង​ ហើយ​ស្វែង​រក​យុត្តិ​ធម៌​ឱ្យ​ពួក​ខ្ញុំ​ផង ព្រោះ​រឿង​នេះ ​វា​អយុត្តិធម៌​ណាស់​សម្រាប់​ពួក​ខ្ញុំ។ ហើយ​ខ្ញុំ​អត់​បាន​ធ្វើ​អី​សោះ ​បែរ​ជា​ចោទ​ខ្ញុំ​ថា​ញុះញង់​គេ»។

​អ្នក​នាំ​ពាក្យ​សាលា​ឧទ្ធរណ៍ លោក ឃុន ​លាង​ម៉េង ​ប្រាប់វីអូអេ​ថា​ សាលា​ឧទ្ធរណ៍​ភ្នំពេញនឹង​បើក​សវនា​ការ​ជំនុំ​ជម្រះសំណុំ​រឿង​របស់ប្រជា​សហ​គមន៍​ឡ​ពាង ដែល​មានអ្នក​ស្រី ​អ៊ុំ​ សុភី ​លោក​ ផេង​ រ៉ុម និង​លោក ​ញ៉ឹម ​ញ៉េន ​ហៅ​ រាជ ​សីម៉ា ​នៅ​ថ្ងៃ​ទី​ ៣០ ខែ​សីហា​ខាង​មុខ​នេះ​។

​បើ​តាម​ដីកា​កោះ​របស់​សាលា​ឧទ្ធរណ៍​ភ្នំពេញ​ចំនួន​ ៣ ​ច្បាប់​ ចុះ​ថ្ងៃ​ទី​ ២៨​ ខែ​កក្កដា ​ដែល​វីអូអេ​ទទួល​បាន​ សាលា​ឧទ្ធរណ៍​ភ្នំពេញ​បាន​កោះ​ហៅ​អ្នក​ស្រី ​អ៊ុំ​ សុភី ​លោក​ ផេង​ រ៉ុម​ និង​លោក ​ញ៉ឹម ​ញ៉េន ហៅ រាជ សីម៉ា ​ឱ្យ​ចូល​សវនាការ​ជំនុំ​ជម្រះ​ពី​បទ​ «ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា​ ញុះ​ញង់​ឱ្យ​ប្រព្រឹត្ត​បទ​ល្មើស​ ​និង​ប្រើ​ប្រាស់​ហិង្សា​លើ​អ្នក​កាន់​កាប់​អចលន​វត្ថុ​ដោយ​សុចរិត​» ដែល​បាន​ប្រព្រឹត្ត​នៅ​ចំណុច​វាល​ប៉ារាម ​ភូមិ​ឡពាង ​ឃុំ​តា​ជេស​ ស្រុក​កំពង់​ត្រឡាច​ ខេត្ត​កំពង់​ឆ្នាំង ​កាល​ពី​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​ ២០​១២។

​ប្រជាសហគ​មន៍​ឡ​ពាងម្នាក់​ទៀត គឺ​លោក រាជ សីម៉ា ​ដែល​ធ្លាប់​ជាប់​ពន្ធនាគារ​ម្តង​រួច​មក​ហើយ ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ លោកនឹង​ទៅ​ចូល​រួម​សវនាការ​នៅ​ចុង​ខែ​សីហា​នេះ​។

​លោក​ថ្លែង​ថា៖ «​ខ្ញុំ​នឹង​ចូល​រួម​ទៅ​សាលា​ឧទ្ធរណ៍ ដើម្បី​ចង់​ដឹង ហើយ​ចង់​ឃើញ​ថា​ប្រព័ន្ធ​យុត្តិធម៌ វា​មាន​យុត្តិ​ធម៌​សម្រាប់​អ្នក​ក្រីក្រ​អត់»​។

​លោក រាជ សីម៉ា ជំរុញ​ឱ្យ​តុលាការ​ទម្លាក់​បទ​ចោទ​ប្រកាន់​លើ​ប្រជា​សហគមន៍​ឡពាង និង​ដោះ​ស្រាយ​ជម្លោះ​ដីធ្លី​នេះ​ឱ្យ​បាន​ឆា​ប់​ចប់​។ លោក​ក៏​ចង់ឱ្យរដ្ឋា​ភិបាល​អាណត្តិ​ថ្មី​ដោះ​ស្រាយ​បញ្ហា​ដីធ្លីរបស់​សហ​គមន៍​ឡ​ពាង​ផ​ង​ដែរ​។

លោក​ថ្លែង​ថា​៖ «​ខ្ញុំ​សង្ឃឹម​ថា​ រដ្ឋា​ភិបាលថ្មី​ជួយ​ជំរុញ​តុលាការ​ ដើម្បីដោះ​ស្រាយ​រឿង​ឡពាង​ឱ្យ​ចប់​ ដើម្បី​កុំ​ឱ្យ​មាន​ជម្លោះ​រុំាំរ៉ៃ​បន្ត​ទៀត ដើម្បី​ឱ្យ​គាត់​មាន​ជីវភាព​ធូរធារ​បន្តិច​ទៅ ​ព្រោះ​ងាក​រឿង​ក្តី​នេះ ងាក​រឿង​ក្តី​នោះ​ គឺ​គាត់​អត់​បាន​ធ្វើ​អី​ទេ។ រាល់​ថ្ងៃ​ហ្នឹង ​គាត់​ជីក​ជន្លេន​ផង ចាប់​កង្កែប​ផង​ កាប់​គ្រាប់​ត្នោត​លក់​ដើម្បី​ចិញ្ចឹម​ជីវិត ដើម្បី​យក​លុយ​មក​តុលា​ការ​ហ្នឹង»។

​អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ​លោក ស៊ឹង សែន​ករុណា ​ជំរុញ​ឱ្យ​តុលាការពិនិត្យដើម​ហេតុនៃ​ការ​ចោទ​ប្រកាន់​ប្រជា​សហគមន៍​ឡ​ពាងដែល​ពាក់​ព័ន្ធជម្លោះ​ដី​ធ្លី​ជាមួយ​ក្រុមហ៊ុន KDC ឱ្យ​បាន​ច្បាស់ ដើម្បី​ផ្តល់​ភាព​យុត្តិ​ធម៌​ដល់​ប្រជា​ពល​រដ្ឋ។

លោក​ប្រាប់​វីអូអេ​ថា៖ «យើង​ក៏​ចង់​ឃើញ​អំពី​ចំណាត់​ការ​របស់​តុលាការ​ ដើម្បី​ស្វែង​រក​យុត្តិធម៌​ជូន​ទៅ​ដល់សហគមន៍​ផង​ដែរ ទៅ​ដល់​ប្រជា​ពល​រដ្ឋ​ផង​ដែរ មិន​មែន​តែ​ការ​ចាត់​វិធាន​ការ ចោទ​ប្រកាន់​ ឬ​ដាក់​ទោស​ទណ្ឌ​ទៅ​ដល់​សហគមន៍​ទេ ​គួរ​តែ​ពិនិត្យ​អំពី​សារបាន ​ឬ​មូលដ្ឋាន​នៃ​អង្គហេតុ​ហ្នឹង​ឱ្យ​បានច្បាស់​លាស់ ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ភាគី»។

​លោក​កត់​សម្គាល់​ថា ​ជា​រឿយៗ​ក្នុង​ករណី​ទំនាស់ដីធ្លី​រវាង​ប្រជា​ពល​រដ្ឋ​ជាមួយ​អ្នក​មាន​ឥទ្ធិ​ពល ឬ​អ្នក​មាន​អំណាច​ទឹក​លុយ ​គឺ​តែង​តែ​អូស​បន្លាយ​ពេល​វេលា​យូរ ដែល​ធ្វើ​ឱ្យប៉ះ​ពាល់​ដល់​សេដ្ឋ​កិច្ច​ប្រជា​ពល​រដ្ឋ និង​ធ្វើ​ឱ្យ​ជីវភាព​កាន់​តែ​ក្រ​លំបាក​។ ដូច្នេះ​លោក​ចង់​ឃើញ​អាជ្ញាធរ​ពាក់ព័ន្ធ​ដោះ​ស្រាយ​វិវាទ​ដីធ្លី​ឱ្យ​បាន​ល្អ​ប្រសើរ ដើម្បី​អាច​ឱ្យ​ប្រជាពលរដ្ឋ​ប្រើ​ប្រាស់​ដី​ធ្លី​ទាំង​នោះ​ក្នុង​ការ​ប្រកប​របរ​ដាំដុះ និង​រក​ចំណូល​ចិញ្ចឹម​ជីវិត។

គួរបញ្ជាក់​ថា​ ប្រជា​ពលរដ្ឋ​ក្នុង​សហ​គមន៍​ឡ​ពាង​ ខេត្ត​កំពង់​ឆ្នាំង​ មាន​ជម្លោះដីធ្លីជាមួយ​ក្រុម​ហ៊ុន​អភិវឌ្ឍន៍​ KDC ​របស់​អ្នកស្រី​ ជា ​ខេង​ ភរិយាលោក​ស៊ុយ​ សែម​ រដ្ឋ​មន្ត្រី​ក្រសួងរ៉ែ​ និង​ថាម​ពល តាំង​ពីឆ្នាំ ២០០២ ​មក​ម្ល៉េះ​ ដោយ​ក្រុម​ហ៊ុន​បាន​ឈូស​ឆាយ​ដី​អ្នក​ភូមិ​ ១៤០ ​ហិក​តា​។ ​នេះ​បើ​តាម​សហ​គមន៍​ឡ​ពាង ​ដែល​ធ្លាប់​រាយ​ការណ៍កន្លង​មក៕

XS
SM
MD
LG