ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មជន​ដី​ធ្លី​បឹង​តាមោក​ស្នើ​សុំ​សិទ្ធិ​ជន​ភៀស​ខ្លួន​នៅ​ប្រទេស​ថៃ ​ក្រោយ​រង​ការ​គំរាមកំហែង​ដោយ​អាជ្ញាធរ​នៅ​កម្ពុជា


រូប​ឯកសារ៖ ប្រជាពលរដ្ឋ ជិះទូក​ទៅកាន់​កន្លែង​គ្រឿង​ចក្រ​កំពុង​ចាក់​ថ្ម​ចូល​បឹង​តាមោក ដែល​ចំ​កន្លែង​ពួកគេ​ចិញ្ចឹម​ត្រី ក្នុង​សង្កាត់​សំរោង​ត្បូង​ ​ខណ្ឌ​ព្រែក​ព្នៅ​ ​រាជ​ធានី​ភ្នំពេញ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២។ (ហាន ណូយ/វីអូអេ)
រូប​ឯកសារ៖ ប្រជាពលរដ្ឋ ជិះទូក​ទៅកាន់​កន្លែង​គ្រឿង​ចក្រ​កំពុង​ចាក់​ថ្ម​ចូល​បឹង​តាមោក ដែល​ចំ​កន្លែង​ពួកគេ​ចិញ្ចឹម​ត្រី ក្នុង​សង្កាត់​សំរោង​ត្បូង​ ​ខណ្ឌ​ព្រែក​ព្នៅ​ ​រាជ​ធានី​ភ្នំពេញ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២។ (ហាន ណូយ/វីអូអេ)

សកម្មជន​បឹង​តាមោក ​អ្នក​ស្រី​ ប្រាក់ សុភា ​បាន​ភៀស​ខ្លួន​ទៅកាន់​ប្រទេស​ថៃ​ ហើយ​កំពុងសុំ​កិច្ច​អន្តរាគមន៍​ពី​ឧត្តម​ស្នង​ការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន ​(UNHCR)​ឱ្យ​ផ្តល់​ឋានៈ​ជា​ជន​ភៀស​ដើម្បី​បាន​រួច​ផុត​ពី​ការ​ធ្វើ​ទុក្ខបុក​ម្នេញ​របស់​អាជ្ញាធរ​កម្ពុជា​ ហើយ​បន្តរក​ដំណោះ​ស្រាយ​លើ​ជម្លោះ​ដីធ្លី​ និង​ការ​ចាក់​លុប​ផ្ទៃ​បឹង​ដែល​បង្ក​ផល​ប៉ះពាល់​លើ​ជីវភាព​រស់​នៅ​របស់​ប្រជា​ពលរដ្ឋ។​

សកម្មជន​បឹង​តាមោក​រូប​នេះ​បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​កាល​ពី​សប្ដាហ៍​មុន​ ក្រោយ​ទទួល​រង​ការ​គំរាម​កំហែង​ជា​បន្ត​បន្ទាប់​ពី​អាជ្ញាធរ​មូលដ្ឋាន​នៅ​ខណ្ឌ​ព្រែក​ព្នៅ​ ​ក្នុង​ទីក្រុង​ភ្នំពេញ។ ​អ្នក​ស្រី​បន្ត​ថា ​អ្នកស្រី​បាន​សម្ងំ​លាក់​ខ្លួន​ក្នុង​ផ្ទះ ​រហូត​អ្នកស្រី​មើល​ឃើញ​ពី​ស្ថាន​ការណ៍​ដែលមិន​មាន​សុវត្ថិភាព​ទើប​សម្រេច​ចិត្ត​ភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេស។​

អ្នក​ស្រី​ប្រាប់​វីអូអេ​ថា៖ «នាង​ខ្ញុំ​មិន​ចង់​ជ្រើស​រើស​ជម្រើស​ភៀស​ខ្លួន​ទេ ​ប៉ុន្តែ​វា​មិន​មាន​ជម្រើស​ពីព្រោះ​អី​ព័ត៌មាន​ដែល​ខ្ញុំ​ទទួល​បាន​គឺ​គេ​ប៉ុនប៉ង​ចាប់​ខ្លួន​ខ្ញុំ»។​

មក​ដល់​ពេល​នេះ​ អ្នក​ស្រី​ ប្រាក់ សុភា ​កំពុង​តែ​ដាក់​លិខិត​ទៅ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ជនភៀស​ខ្លួន​ ហើយ​សង្ឃឹម​ថា​ នឹង​ទទួល​បាន​ការ​ការពារ​ពី​អង្គការ​សហ​ប្រជាជាតិ​ក្នុង​ប្រទេស​ថៃ​ផង​ដែរ។​

អ្នក​ស្រី​ថ្លែងថា៖ ​«បង​សង្ឃឹម​ច្បាប់​នៅ​ប្រទេស​ថៃ​នេះ​ជាង​ច្បាប់​នៅ​ស្រុក​ខ្មែរ​ ហើយ​បង​សង្ឃឹម​ថា​ មិន​បោះ​បង់​ជន​ភៀស​ខ្លួន​ទេ ​ពីព្រោះ​ច្បាប់​គឺ​ពួក​គាត់​ការពារ​ជន​រង​គ្រោះ។​ អ៊ីចឹង​បង​សង្ឃឹម​ជឿ​ជាក់​ថា​ ពួក​គាត់​មិន​បោះ​បង់​បង​នៅ​ក្នុង​ឱកាស​ពេល​នេះ​ដែល​ពួក​បង​កំពុង​តែ​ជួប​ហានិភ័យ​ទេ​ អូន»។​

អ្នក​ស្រី ​សុភា​ បង្ហាញ​ការ​សោក​ស្តាយ​ជា​ខ្លាំង​ចំពោះ​ការ​ចាក់​ដីលុប​បឹង​តា​មោក​ ហើយ​ប្រជា​ពលរដ្ឋ​នៅ​ទី​នោះ​ជា​ច្រើន​ត្រូវ​ធ្វើ​ចំណាក​ស្រុក​ក្រោយ​មិន​អាច​អាស្រ័យ​ផល​នៅ​បឹង​នោះ​បន្តទៀត​បាន។​

អ្នក​ស្រី​ថ្លែង​ថា៖ ​«ផល​ដែល​រង​គ្រោះ​ប្រជា​សហគមន៍​យើង ​ក្រោយ​ពី​ការ​បាត់​បង់​បឹង​តា​មោក​ បាត់​បង់​អាស្រ័យ​ផល ​ប្រជា​សហគមន៍​បង​បាន​ចំណាក​ស្រុក​ចាញ់បោក​មេ​ខ្យល់​ បាន​ចាក​ចេញ​ទៅ​នៅ​ខេត្ត​ ចោល​ម្តាយ​ចាស់ ​ចោល​ឪពុក​ជរា។​ អ្វី​ដែល​ជា​ការ​ឈឺ​ចាប់​របស់​បង»។​

បឹង​តាមោក​ ឬ​បឹង​ទំនប់​កប់​ស្រូវ​ ដែល​មាន​ផ្ទៃដី​ចំនួន​៣.២៣៩​ហិកតា ​ត្រូវ​បាន​រដ្ឋាភិបាល​ដាក់​ជា​ទ្រព្យ​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ តាម​រយៈ​អនុ​ក្រឹត្យ​មួយ​កាល​ពី​ខែ​កុម្ភៈ ​ឆ្នាំ​២០១៦។ ​នេះបើ​យោង​តាម​របាយ​ការណ៍​របស់​សមាគម​ធាង​ត្នោត​ដែល​មាន​ដាក់​ចំណង​ជើង​ថា៖ ​«បឹង​ចុង​ក្រោយ​ក្នុង​រាជធានី​ភ្នំពេញ» ​បឹង​តាមោក​ ឬ​បឹង​ទំនប់​កប់​ស្រូវ​ គឺ​ជា​បឹង​ដែល​ធំ​ជាង​គេ​បំផុត​នៅ​ក្នុង​រាជធានី​ភ្នំពេញ។

បើ​តាម​របាយ​ការណ៍​នេះ​ បឹង​តាមោក​មាន​ប្រជា​ពលរដ្ឋ​ចំនួន​៣១៩​គ្រួសារ​កំពុង​រស់​នៅ​ ដែល​ភាគ​ច្រើន​រស់នៅ​ក្នុង​ព្រំ​ប្រទល់​នៃ​បឹង​ ឬ​រស់​នៅ​តាម​ព្រំប្រទល់​បឹង។​ ភាគ​ច្រើន​នៃ​គ្រួសារ​ទាំង​នោះ​ជា​អ្នក​នេសាទ​ និង​ស្ត្រី​ដែល​ប្រកប​របរ​ដាំ​ដំណាំ​លើ​ផ្ទៃ​បឹង​និង​បោក​គក់​ខោអាវ​ លាង​ចាន​ ហើយ​នឹង​ប្រើប្រាស់​បឹង​សម្រាប់​ធ្វើ​ជា​បង្គន់​អនាម័យ​ផង​ដែរ។​ មិន​មាន​គ្រួសារ​ណា​មួយ​មាន​ប្លង់​កម្ម​សិទ្ធិ​ដី​ធ្លី​នោះ​ទេ​ ដែល​ធ្វើ​ឱ្យ​ពួក​គេ​ងាយ​រង​គ្រោះ​ពី​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ។​

ប៉ុន្តែ​គិត​ត្រឹម​ខែ​សីហា​ ឆ្នាំ​២០២៣នេះ ​មាន​គ្រួសារ​ខ្លះ​បាន​សម្រេច​ចិត្ត​ទទួល​សំណង​ជា​ដី​និង​ផ្ទះ​ដែល​មាន​ទំហំ​តូច​ពី​រដ្ឋាភិបាល​ និង​ចាក​ចេញ​ពី​តំបន់​បឹង​តា​មោក​នោះ។​ នេះ​បើ​តាម​មន្ត្រី​របស់​អង្គការ​សមាគម​ធាង​ត្នោត។​

ប្រធាន​កម្មវិធី​សិទ្ធិ​រស់​នៅ​ក្នុង​ទីក្រុង​នៃ​អង្គការ​សមាគម​ធាង​ឆ្នោត​លោក ​ស៊ាង មួយ​ឡៃ ​ប្រាប់​វីអូអេ​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​តេឡេក្រាម​កាល​ពីថ្ងៃអង្គារ​ថា ​ការរត់​ភៀស​ខ្លួន​របស់​សកម្មជន​ដី​ធ្លីទៅ​ក្រៅ​ប្រទេស​គឺ​ដោយ​សារ​តែ​ពួក​គេ​មាន​បញ្ហា​សុវត្ថិភាព​ក្នុង​តំបន់​ដែល​ពួក​គេ​រស់​នៅ។​

លោក​បន្ថែមថា ​វិធានការ​របស់អាជ្ញាធរ​ដែល​យកប្រព័ន្ធ​តុលាការ​មក​គាប​សង្កត់​សិទ្ធិ​របស់​ប្រជា​ពលរដ្ឋ​មិន​មែន​ជា​រឿង​ត្រឹម​ត្រូវ​នោះ​ទេ ​ហើយ​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​សង្គម​ជាតិ​ផង​ដែរ។ ​ទាក់​ទិន​នឹង​ការ​លុប​ផ្ទៃ​បឹង ​លោក​ថា​ ការ​លុប​បឹង​តា​មោក​បាន​ធ្វើ​ឱ្យ​ជីវភាព​ប្រជា​ពលរដ្ឋ​ធ្លាក់​ចុះ ​ហើយ​ប្រជា​ពលរដ្ឋ​ខ្លះ​បាន​ធ្លាក់​ខ្លួន​ជំពាក់​បំណុល ​និង​ធ្វើ​ចំណាកស្រុក​ជា​ដើម។

លោក​ថ្លែង​ថា៖ ​«វា​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ទៅ​ដល់​បរិស្ថាន​ទីក្រុង​ ជាពិសេស​វា​អាច​បង្កើត​ទៅ​ជា​ទឹក​ភ្លៀង​ ជំនន់​ទឹក​ភ្លៀង​នៅ​ពេល​ដែល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ បាត់​បង់​នូវ​ប្រព័ន្ធ​ចម្រោះទឹក​កខ្វក់ ហើយ​ក៏​ដូច​ជា​បាត់​បង់​នូវ​តំបន់​មួយ​ដែល​អាច​កែ​ច្នៃ​ទៅ​ជា​តំបន់​សម្រាក​លម្ហែសម្រាប់​បង្កើន​សុខុមាល​ភាព​របស់​ប្រជា​ពល​រដ្ឋ»។​

លោក ​ស៊ាង មួយ​ឡៃ​ បាន​លើក​ឡើង​ថា ​សមាគម​ធាង​ត្នោត​បាន​ធ្វើ​ការ​ជា​មួយ​ប្រជា​ពលរដ្ឋ​ ហើយ​បាន​រក​ឃើញ​ថា ​ប្រជា​ពលរដ្ឋ​មិន​បាន​រស់​នៅ​ក្នុង​តំបន់​ដែល​ចែង​ក្នុង​អនុក្រឹត្យនោះ​ទេ ហើយ​ពួក​គេ​ទាំង​នោះ​សុទ្ធ​តែ​បាន​រស់​នៅ​លើស​ពី​១០​ឆ្នាំ ​ដូច្នេះ​រដ្ឋាភិបាល​គួរ​តែ​ចេញ​ប្លង់​កម្ម​សិទ្ធិ​កាន់​កាប់​ដី​ធ្លី​ជូន​ទៅ​ពួក​គាត់។​

លោក​ថ្លែង​ថា៖ ​«អ៊ីចឹង​បើ​យើង​យក​ច្បាប់​មក​មើល ​ពួក​គាត់​រស់​នៅ​ចាប់​ពី​១០​ឆ្នាំ​ឡើង​ទៅ​ អាច​មាន​លទ្ធ​ភាព​ខ្ពស់​ក្នុង​ការ​ទទួល​បាន​នូវ​ប្លង់​កម្ម​សិទ្ធិ​ឱ្យ​ពួក​គាត់ ​ហើយ​អនុញ្ញាត​ ឬ​ឈប់​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពួក​គាត់​ទៅ។​ អ៊ីចឹង​បញ្ហា​ហ្នឹង​គឺ​អាច​ដោះ​ស្រាយ​បាន​ហើយ»។​

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អភិបាល​ខណ្ឌ​ព្រែក​ព្នៅ​ លោក ​ធឹម សំអាន​ បាន​នៅ​ឡើយ​ទេ​ គិត​ចាប់​តាំងពីថ្ងៃអង្គារ​ មកត្រឹម​ថ្ងៃ​ពុធ​នេះ ​ដោយ​សារ​ទូរស័ព្ទ​ចូល​រួច​លើក ​ហើយ​ដាក់​ចុះវិញ​ ឬរោទិ៍​ជាច្រើន​ដង​តែ​មិន​ទទួល។​

កាល​ពី​ដើម​ខែ​សីហា ​ឆ្នាំ​២០២២​ អ្នកស្រី​ ប្រាក់ សុភា ​ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កោះ​ហៅ​ឱ្យ​ចូល​ទៅបំភ្លឺ​នៅ​តុលាការ​ពី​បទ​រារាំង​ ​ញុះ​ញង់​បង្កើត​សកម្ម​ភាព​អនា​ធិបតេយ្យ​តាម​ដង​ផ្លូវ​សាធារណៈ ​ក្រោម​ពាក្យ​បណ្តឹង​របស់​ប្រធាន​សណ្តាប់​ធ្នាប់​ខណ្ឌ​ព្រែក​ព្នៅ ​រាជធានី​ភ្នំពេញ។​

យ៉ាង​ណា​មិញ ​អ្នកស្រី ​ប្រាក់ សុភា ​និយាយ​ថា​ អ្នកស្រី​នឹង​មិន​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​ឡើយ ​ប្រសិន​បើ​មិន​មាន​ការ​អនុវត្ត​ច្បាប់​ត្រឹម​ត្រូវ ​និង​រំលោភ​សិទ្ធិ​របស់​ប្រជា​ពលរដ្ឋ។

អ្នកស្រី​ថ្លែង​ថា៖ ​«បើ​អាច ​បង​សុំ​មិន​ត្រឡប់​ទៅ​រស់​នៅ​ទឹក​ដី​កំណើត​វិញ​ទេ​អូន ​ ពីព្រោះ​ទឹក​ដី​កំណើត​មិន​មាន​ប្រជា​ធិបតេយ្យ​ពិត​ប្រាកដ​ មិន​មាន​សន្តិភាព​ពិត​ប្រាកដ​ មិន​មាន​ការ​អភិវឌ្ឍ​ពិត​ប្រាកដ។​ ម៉េច​បាន​បង​ហ៊ាន​និយាយ?​ កុំ​ចោទ​បង​ថា​ បក្ស​ប្រឆាំង!​ កុំ​លាប​ពណ៌​បង!​ ហេតុអី? ​

សន្តិភាព​មាន​តែ​ឈ្មោះ​ ចំណែក​រាស្ត្រមាន​តែ​ទឹក​ភ្នែក​ទីមួយ ​ទីពីរ​រំលោភ​ប្រជា​ធិបតេយ្យ ​រំលោក​សិទ្ធិ​មនុស្ស​ ទីបី​ការ​អភិវឌ្ឍ​ទៅ​លើ​ទឹក​ភ្នែក​របស់​ពលរដ្ឋ។ តើ​ខ្ញុំ​និយាយ​នេះ​ត្រឹម​ត្រូវ​ដែល ​ឬ​ក៏អត់?»​

ខណៈ​រដ្ឋាភិបាល​ថ្មី​បាន​ចូល​កាន់​តំណែង​ អ្នកស្រី​បាន​បង្ហាញ​ភាព​អស់​សង្ឃឹម​ថា រដ្ឋា​ភិបាល​អាណត្តិ​ថ្មី​នេះ​នឹង​មិនអាច​ដោះ​ស្រាយ​វិវាទ​ដីធ្លី​នៅ​បឹង​តាមោក​បាន​ឡើយ ​ព្រោះ​កន្លង​មកអ្នកស្រី​បាន​ប្រើ​មធ្យោបាយ​ជាច្រើន​ហើយ ប៉ុន្តែ​នាយក​រដ្ឋ​មន្រ្តី​ចាស់​ហាក់​ធ្វើ​មិន​ដឹង​មិន​ឮ​លើ​បញ្ហា​របស់​ប្រជា​សហគមន៍​បឹង​តា​មោក​ឡើយ។​

អ្នកស្រី​ថ្លែង​ថា៖ ​«ចំពោះ​បង​ ប្រាក់ សុភា ​មិន​មាន​ក្តី​សង្ឃឹម​ចំពោះ​នាយក​រដ្ឋ​មន្រ្តី​ថ្មី​ទេ​ ហើយ​មួយ​ទៀត​ចំពោះ​បង​ដែល​ឈឺ​ចាប់​ បង​មិន​ទទួល​ស្គាល់​នាយក​រដ្ឋ​មន្ត្រី​ថ្មី​ទេ។​ ហើយ​មួយ​ទៀត ​អាណត្តិ​នេះ ​បង​បាន​ធ្វើ​ពហិការ​មិន​បោះ​ឆ្នោត​ដែរ​ ហេតុ​អី? ​បង​បាន​ផ្សាយ​សារ​ព័ត៌មាន​ បាន​ទទូច​ហើយ​ទទូច​ទៀត​ មេត្តា​ឱ្យ​នាយក​រដ្ឋ​មន្ត្រី​សម្លឹង​មើល​ពួក​យើង​ផង។​ គាត់​អត់​ឮ​ទេ។ គាត់​អត់​ឃើញ​ទៀត។ ​បង​ស្រែក​ទាម​ទារ​ទៅ​ឱ្យ​លោក​បណ្ឌិត ​ហ៊ុន ម៉ាណែត​ ជួយ​ដល់​ពួក​យើង​ផង​ ដែល​លោក ​ហ៊ុន ម៉ាណែត​ នៅ​ខាង​ក្រោយ​ តែ​លោក​មិនឮទេ។​ តើ​ឱ្យ​យើង​សង្ឃឹម​ថា ​នាយក​រដ្ឋ​មន្រ្តី​ថ្មី​អាច​ដោះ​ស្រាយ​វិវាទ​ពួក​យើង​បាន​ទេ? ​ធ្វើ​ឱ្យ​យើង​មើល​មក​ ធ្វើ​ឱ្យ​ខ្ញុំ​មើល​មក​ថា ​ពួក​លោក​អាច​ផ្តល់​សិទ្ធិ​អាច​រស់​នៅ​កន្លែង​ចាស់​បាន​អត់?»​

បើ​យោង​តាម​អនុក្រឹត្យ​របស់​រដ្ឋាភិបាល​ដែល​បាន​ចេញ​ជា​បន្ត​បន្ទាប់​ចាប់​តាំង​ពី​ឆ្នាំ​២០១៨ ​ដល់​ចុង​ខែ​ធ្នូ ​ឆ្នាំ​២០២១​ ផ្ទៃ​បឹង​តា​មោក​សរុប​ជាង​២០០០​ហិកតា​ត្រូវ​បាន​រដ្ឋា​ភិបាល​កាត់​ ឬ​ដោះ​ដូរ​ទៅ​ឱ្យ​ស្ថាប័ន​រដ្ឋ ​ក្រុម​ហ៊ុន​ឯកជន ​និង​បុគ្គល​ឯកជន​មួយ​ចំនួន​ដែល​គេ​ដឹង​ថា​ ជា​អ្នក​មាន​លុយ ​មាន​អំណាច​សម្រាប់​សាង​សង់​អគារ ​និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្សេងៗ ​ព្រម​ទាំង​ធ្វើ​ជា​កម្ម​សិទ្ធិ​ផ្ទាល់​ខ្លួន​ជា​ដើម៕​

XS
SM
MD
LG