ការវាយសម្រុករបស់ប៉ូលិសនៅតែបន្តនៅតំបន់ Saint Denis ដែលសិ្ថតនៅជាយក្រុងប៉ារីស ក្នុងដំណើរប្រតិបត្តិការដែលពាក់ព័ន្ធនឹងការវាយប្រហារភេរវកម្មនៅក្នុងទីក្រុងប៉ារីស។ យ៉ាងហោចណាស់មានមនុស្សម្នាក់ផ្សេងទៀតត្រូវបានសម្លាប់ ហើយមនុស្សជាច្រើននាក់ត្រូវបានឃុំឃាំងនៅក្នុងនិងនៅជុំវិញបរិវេណអាគារផ្ទះល្វែងដែលស្ថិតនៅចំកណ្ដាលទីក្រុង។
អ្នកនាង Lisa Bryant នៃ VOA រាយការណ៍ពីទីក្រុងប៉ារីសមកថា មានជនសង្ស័យម្នាក់ត្រូវបានគេរាយការណ៍ថាបានជីករូងនៅក្នុងអាគារផ្ទះល្វែងនោះ ហើយជននោះអាចជាមេដឹកនាំមានឈ្មោះថា Abdelhamid Abaaoud ដែលបានដឹកនាំការវាយប្រហារនោះ។
អាជ្ញាធរបារាំងបានថ្លែងថា ស្រ្តីដែលជាអ្នកបោកគ្រាប់បែកអត្តឃាត បានបោកគ្រាប់បែកនោះភ្លាមៗបន្ទាប់ពីមានការប្រឈមមុខដាក់គ្នានៅតំបន់ Saint Denis ដែលស្ថិតនៅក្រៅទីក្រុងប៉ារីសកាលពីព្រឹកថ្ងៃពុធនេះ។
ប៉ូលិសបានឡោមព័ទ្ធអាគារនោះ និងបានប្រាប់ឲ្យប្រជាជននៅទីនោះស្នាក់នៅក្នុងផ្ទះ។ យានយន្តសម្រាប់ដឹកអ្នកដំណើរសាធារណៈនានាក៏ត្រូវបានផ្អាកដែរ។ ប្រជាជនដែលស្នាក់នៅទីនោះបានរាយការណ៍ថា ពួកគេបានឮស្នូរកាំភ្លើងនិងសំឡេងផ្ទុះគ្រាប់បែក។
យោងតាមសារព័ត៌មានរបស់ប្រទេសបារាំង ជនដែលសង្ស័យថាជាមេដឹកនាំការវាយប្រហារនៅក្នុងទីក្រុងប៉ារីសនោះ មានឈ្មោះថា Abdelhamid Abaaoud។ Abdelhamid Abaaoud ជាពួកជីហាតដែលមានដើមកំណើតបែលហ្ស៊ិក ហើយប្រហែលជាជនម្នាក់ក្នុងចំណោមបក្សពួករបស់ខ្លួនដែលបានជីករូងនៅក្នុងអាគារផ្ទះល្វែងមួយនោះ។ ឈ្មោះ Abaaoud នេះគឺជាជនដែលជាប់ពាក់ព័ន្ធនឹងប្រតិបត្តិការភេរវកម្មផ្សេងទៀត ដែលធ្លាប់ត្រូវបានរាយការណ៍នៅក្នុងប្រទេសស៊ីរី។
អ្នកសារព័ត៌មានគឺលោក David Thompson ដែលជាអ្នកជំនាញតាមដានពួកក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាមនោះ បានថ្លែងប្រាប់វិទ្យុបារាំងថា ប្រសិនបើសេចក្ដីរាយការណ៍ទាំងអស់នេះជាការពិត ហើយឈ្មោះ Abaaoud នេះពិតជាបានលួចចូលក្នុងប្រទេសបារាំងមែននោះ នេះបញ្ជាក់ឲ្យឃើញថា ប្រទេសបារាំងកំពុងតែជួបនឹងវិបត្តិអសន្តិសុខធ្ងន់ធ្ងរហើយ៕