លោកប្រធានាធិបតីស.រ.អា.បារ៉ាក់ អូបាម៉ា បានប្តេជ្ញាជួយប្រទេសបារាំងក្នុង«ការតាមប្រមាញ់ពួកឧក្រិដ្ឋជន» ដែលបានធ្វើការវាយប្រហារនៅក្នុងទីក្រុងប៉ារីសកាលពីថ្ងៃសុក្រ ហើយលោកបានមានប្រសាសន៍ថាលោកគ្រោងនឹង«បង្កើន» នូវកិច្ចខិតខំប្រឹងប្រែងដើម្បីកម្ចាត់ក្រុមរដ្ឋឥស្លាម ដែលគេស្គាល់ជាភាសាអារ៉ាប់ថាពួក Daesh។
មេដឹកនាំអាមេរិករូបនេះបានមានប្រសាសន៍ដូច្នេះកាលពីថ្ងៃអាទិត្យ នៅក្រោយជំនួបជាមួយលោកប្រធានាធិបតីតួកគី Recep Tayyip Erdogan នៅពេលចាប់ផ្តើមប្រជុំសន្និសីទកំពូលនៃក្រុមប្រទេស G-20 នៅក្នុងទីក្រុងសម្រាកកាយ Antalya នៅជាប់ឆ្នេរសមុទ្រមេឌីទែរ៉ាណេ។
លោកអូបាម៉ាបានមានប្រសាសន៍ថា «យើងនឹងបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់យើងដោយធ្វើការជាមួយសមាជិកឯទៀតៗនៃក្រុមចម្រុះ ដើម្បីធ្វើឱ្យមានអន្តរកាលដោយសន្តិវិធីមួយក្នុងប្រទេសស៊ីរី និងដើម្បីកម្ចាត់ពួក Daesh ដែលបង្កើតឱ្យមានការឈឺចាប់និងទុក្ខវេទនាជាច្រើនដល់ប្រជារាស្ត្រនៅក្នុងទីក្រុងប៉ារីសនិងក្រុង Ankara និងក្នុងផ្នែកឯទៀតៗនៃពិភពលោក។»
លោកអូបាម៉ាបានសន្យាអំពីសាមគ្គីភាពជាមួយប្រទេសបារាំង និងបានថ្កោលទោសការវាយប្រហារព្រមគ្នាកាលពីយប់ថ្ងៃសុក្រនៅក្នុងរដ្ឋធានីនៃប្រទេសបារាំង។
លោកអូបាម៉ាបានមានប្រសាសន៍ថា «ការសម្លាប់ក្រុមមនុស្សស្លូតត្រង់គ្មានទោសពៃរ៍ដោយផ្អែកលើមនោគមវិជ្ជា ដែលត្រូវបានកែបំភ្លៃជាការវាយប្រហារមួយ មិនមែនតែទៅលើប្រទេសបារាំងទេ មិនមែនតែទៅលើប្រទេសតួកគីទេ ក៏ប៉ុន្តែជាការវាយប្រហារមួយទៅលើពិភពលោកប្រកបដោយអារ្យធម៌» ដោយលោកបាននិយាយយោងដែរដល់ការបំផ្ទុះគ្រាប់បែកពីរគ្រាប់នៅក្នុងការដើរក្បួនមួយរបស់ក្រុមនិយមនយោបាយខាងឆ្វេងនៅក្នុងក្រុង Ankara កាលពីខែមុនដែលបានបណ្តាលឱ្យមនុស្សជាង១០០នាក់បាត់បង់ជីវិត។
ក្រុមជនសកម្មប្រយុទ្ធរដ្ឋឥស្លាមបានអះអាងទាមទារការទទួលខុសត្រូវដល់ការវាយប្រហារទាំងពីរនៅទីក្រុងប៉ារីសនិងនៅ Ankara៕