អង្គការការពារសិទ្ធិមនុស្សចំនួនពីរក្នុងនោះមានអង្គការលីកាដូ និងអង្គការសមធម៌កម្ពុជា បានបង្ហាញពីរបៀបនៃការដាក់បណ្តឹងតវ៉ាទៅនឹងកម្ចីប្រាក់ឥណទាន ដែលអាចបង្កឱ្យមានការរំលោភសិទ្ធិមូលដ្ឋានរបស់កូនបំណុល និងក្រុមគ្រួសាររបស់អ្នកដែលទទួលបានឥណទានពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។
ការដាក់ពាក្យបណ្តឹងពីផលប៉ះពាល់នៃបំណុលខ្នាតតូចនេះគឺតម្រូវឱ្យប្រជាពលរដ្ឋបំពេញពីព័ត៌មានផ្ទាល់ខ្លួន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលខ្លួនបានធ្វើកម្ចីឥណទាន និងសរសេរពីផលប៉ះពាល់ពីបំណុលដែលបានខ្ចីនោះ ចូលទៅក្នុងវេបសាយ ឬគេហទំព័ររបស់អង្គការលីកាដូ។
ក្នុងរយៈពេល ១៥ ថ្ងៃក្រោយដាក់ពាក្យបណ្តឹង ការិយាល័យភាពអនុលោមទីប្រឹក្សា អ្នកដោះស្រាយវិវាទ(CAO) ដែលត្រូវបានគាំទ្រដោយសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) នឹងពិនិត្យមើលទៅលើពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ រួចនឹងធ្វើការជាមួយភាគីទាំងសងខាងដែលជាកូនបំណុល និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដើម្បីស្វែងរកដំណោះស្រាយដ៏សមស្របមួយ។
ការចង្អុលបង្ហាញពីរបៀបនៃការដាក់ពាក្យបណ្តឹងនេះ កើតមានឡើង ក្រោយមានការចេញផ្សាយរបាយការណ៍ថ្មីមួយដែលបានរកឃើញថា មានការរីករាលដាលនៃភាពជំពាក់បំណុលច្រើនលើសលប់ ដែលបានបង្កឱ្យមានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរជាច្រើន រួមមានភាពអត់ឃ្លាន ពលកម្មកុមារ និងការលក់ដីដោយបង្ខំជាដើម។ របាយការណ៍នោះត្រូវបានចងក្រងដោយអង្គការលីកាដូ និងអង្គការសមធម៌កម្ពុជា។
នាយកប្រតិបត្តិនៃអង្គការសមធម៌កម្ពុជា លោក អៀង វុទ្ធី ប្រាប់វីអូអេថា ការជំរុញឱ្យពលរដ្ឋដាក់ពាក្យបណ្តឹង គឺដោយសារកន្លងមក ការធ្វើកម្ចីប្រាក់ឥណទាននេះកើតមានឡើង នៅពេលដែលមានវិបតិ្តសេដ្ឋកិច្ចនៅក្នុងសង្គម ហើយធ្វើឱ្យប្រជាពលរដ្ឋជួបបញ្ហាប្រឈមដែលមិនអាចមានលទ្ធភាពគ្រប់គ្រាន់មកដោះស្រាយកម្ចីឥណទាននេះ។
លោកបន្តថា ពួកគេត្រូវបង្ខំចិត្តលក់ដី លក់ផ្ទះក្នុងតម្លៃទាប ហើយកូនៗរបស់ពួកគេត្រូវឈប់រៀន និងរកការងារធ្វើដើម្បីរកចំណូលបន្ថែមមកដោះស្រាយបញ្ហាបំណុល។
លោកថ្លែងថា៖ «ក្នុងនេះយើងចង់បញ្ជាក់ថា ដោយសារតែស្ថានភាពបែបហ្នឹងហើយ ដែលវាប៉ះពាល់ទៅដល់ការរស់នៅរបស់ពួកគាត់ ហើយជាពិសេសកុមារត្រូវបានឈប់រៀន។ តាមរយៈការសិក្សារបស់យើង ចុងក្រោយនេះដោយសារតែពួកគាត់ត្រូវធ្វើការរកប្រាក់ចំណូលបន្ថែមដើម្បីជួយឪពុកម្តាយរបស់ពួកគាត់បង់សងបំណុល»។
លោកបន្ថែមថា ដោយសារតែគ្មានប្រាក់សងបំណុលទាំងអស់នោះ ទើបបានជាប្រជាពលរដ្ឋត្រូវសម្រេចចិត្តធ្វើការចំណាកស្រុក ដែលជាហេតុបង្កឱ្យមានផលប៉ះពាល់កាន់តែច្រើន។
បើតាមលោក អៀង វុទ្ធី ប្រជាពលរដ្ឋបានស្នើឱ្យម្ចាស់មូលនិធិដែលបានផ្តល់ទុនទៅឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលផ្តល់កម្ចីឱ្យពួកគាត់ជួយសម្រួលនឹងបញ្ហាប្រឈមដែលពួកគាត់បានជួបប្រទះ។ លោកបន្តថា នៅពេលដែលប្រជាពលរដ្ឋបានដាក់បណ្តឹង ឬពាក្យស្នើសុំមក ក្រុមការងារនឹងធ្វើការសិក្សាទៅលើពាក្យស្នើសុំទាំងនោះ ហើយចាត់វិធានការ និងសម្របសម្រួលក្រោយពិនិត្យពាក្យបណ្តឹងនោះរួចរាល់។
លោកថ្លែងថា៖ «យើងនឹងធ្វើការពិនិត្យទៅលើពាក្យស្នើសុំរបស់ពួកគាត់ថា តើគាត់ចង់ឱ្យអ្នកពាក់ព័ន្ធណាខ្លះដែលចូលរួមក្នុងការសម្របសម្រួល? ធម្មតាទាក់ទងនឹងបំណុល ទាក់ទងនឹងបញ្ហាកម្ចីនេះគឺវាមានបញ្ហារសើប ហើយនឹងភាពខ្មាស់អៀនដែលពួកគាត់មិនចង់បញ្ចេញអត្តសញ្ញាណ។ អ៊ីចឹងវាអាស្រ័យទៅលើអ្នកដែលស្នើសុំ ថាតើយើងនឹងធ្វើការបញ្ចូននូវពាក្យបណ្តឹង ឬពាក្យស្នើសុំទៅតាមអ្វីដែលគាត់ឃើញ។ នេះជាអ្វីដែលយើងជួយក្នុងការសម្របសម្រួល»។
របាយការណ៍ដែលសិក្សាអំពីហានិភ័យបំណុលនៅកម្ពុជា ចេញផ្សាយកាលថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២៣ បញ្ជាក់ថា ក្នុងចំណោមប្រជាពលរដ្ឋ ៧១៣ នាក់ ដែលអង្គការទាំងពីរបានសម្ភាសនោះ មានត្រឹមតែ ៣៦% ដែលបានអានកិច្ចសន្យាពីកម្ចីប្រាក់ដោយខ្លួនឯង ដែលការណ៍នេះបានឆ្លុះបញ្ចាំងពីអក្ខរកម្មរបស់កូនបំណុលនៅមានកម្រិតទាប ដែលធ្វើឱ្យពួកគេងាយរងគ្រោះពីកម្ចីឥណទានដែលផ្តល់ដោយក្រុមហ៊ុនមីក្រូហរិញ្ញវត្ថុ។
របាយការណ៍ក៏បន្តថា ករណីនេះបានបង្ហាញពីការអនុវត្តយ៉ាងទូលំទូលាយនៃគ្រឹះស្ថានមីក្រូហរិញ្ញវត្ថុ ឬធនាគារនៅកម្ពុជា ក្នុងការបញ្ចៀសដំណើរការរឹបអូស ហើយអនុវត្តការដាក់សម្ពាធទៅលើអ្នកខ្ចីប្រាក់បង្ខំចិត្តដាក់លក់ទ្រព្យសម្បតិ្តដើម្បីសងបំណុលដោយគ្មានការសម្រេចពីតុលាការ។
អ្នកនាង ពីឡូក ណាលី នាយិកាទទួលបន្ទុកកិច្ចការក្រៅតំបន់ ត្រូវបានគេស្រង់សម្តីនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា៖ «ការស្រាវជ្រាវនេះផ្ដល់នូវភស្តុតាងបន្ថែមទៀតថា ការរំលោភសិទ្ធិមនុស្សគឺកំពុងកើតឡើងជាញឹកញាប់ និងជាលក្ខណៈប្រព័ន្ធនៅក្នុងវិស័យឥណទានខ្នាតតូចនៅកម្ពុជា»។
អ្នកនាងបន្ថែមថា៖ «ប្រជាពលរដ្ឋអ្នកខ្ចីប្រាក់ ពុំមានពេលវេលាសម្រាប់ការពន្យារពេលទៀតនោះទេ។ ពួកគេត្រូវការការអនុគ្រោះបំណុលបន្ទាន់ សម្រាប់អ្នកជាប់ជំពាក់បំណុលច្រើនលើសលប់ជាងគេ ដើម្បីទប់ស្កាត់វិបត្តិសិទ្ធិមនុស្សនេះ កុំឱ្យធ្ងន់ធ្ងរបន្ថែមទៀត»។
របាយការណ៍របស់អង្គការលីកាដូ និងអង្គការសមធម៌កម្ពុជាបានបង្ហាញថា ប្រជាពលរដ្ឋតាមខ្នងផ្ទះជាង ៩២% ត្រូវបានតម្រូវឱ្យដាក់បណ្ណកម្មសិទ្ធិដីធ្លីយ៉ាងតិចមួយ ដើម្បីវាយតម្លៃពីកម្ចីឥណទានខ្នាតតូចមួយ។ប្រជាពលរដ្ឋតាមខ្នងផ្ទះ ៦,១% បានលក់ដីដើម្បីសងបំណុល។ ហើយគ្រប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឬធនាគារ ដែលកាន់កាប់កម្ចីច្រើនជាង ១% នៅក្នុងការស្ទង់មតិនេះ មានជាប់ពាក់ព័ន្ធនឹងការលក់ដីដោយសារបំណុលយ៉ាងតិចមួយករណី។
ពលកម្មកុមារ និងកុមារបោះបង់ការសិក្សាដោយសារបំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឬធនាគារ បានកើតឡើងញឹកញាប់ខ្លាំងផងដែរ។ ប្រមាណជា ៣%នៃប្រជាពលរដ្ឋតាមខ្នងផ្ទះ បានឱ្យកូនបោះបង់ការសិក្សាដោយសារតែកម្ចីមីក្រូហិរញ្ញវត្ថុ ឬធនាគារដោយកុមារជាច្រើនត្រូវទៅធ្វើការជួយរកប្រាក់ ដើម្បីបង់សងកម្ចីទាំងនោះវិញ។ នេះបើតាមរបាយការណ៍ដដែលនោះ។
ប្រធាននាយកដ្ឋានទំនាក់ទំនងនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងជាអ្នកនាំពាក្យលោក កាំង តុងងី ប្រាប់វីអូអេតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាមថា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានពិនិត្យមើលរបាយការណ៍នេះ ហើយថា របាយការណ៍ដែលបានចេញផ្សាយនេះគឺមិនបានឆ្លុះបញ្ចាំងពីទិដ្ឋភាពទាំងមូលនៃវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជានោះទេ។
លោកបានបញ្ជាក់ទៀតថា សមាគមមីក្រូហរិញ្ញវត្ថុកម្ពុជាតែងតែណែនាំទៅកាន់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានាឱ្យយកចិត្តទុកដាក់ និងការពារអតិថិជន ហើយកាលពីពេលថ្មីៗនេះ សមាគមបានកំណត់កុងត្រាកិច្ចសន្យាថ្មីសម្រាប់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលមានកម្រាស់ទំព័រខ្លីជាងមុន ងាយយល់ និងមានព័ត៌មានគ្រប់ជ្រុងជ្រោយ។
លោកថ្លែងថា៖ «ជាក់ស្តែងកាលពីសបា្តហ៍មុនយើងបានដាក់ចេញនូវកុងត្រាកិច្ចសន្យាឥណទានសម្រាប់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុទាំងអស់នៅកម្ពុជា ដែលតម្រូវឱ្យគ្រឹះស្ថានទាំងអស់ប្រើកុងត្រាតែមួយ ដែលមានកម្រាស់ខ្លីជាងមុនងាយយល់ជាងមុន ហើយមានព័ត៌មានច្បាស់លាស់ពីកិច្ចការ ពីទិន្នន័យនីមួយៗ ដែលកិច្ចការកុងត្រាឥណទាននេះគឺធានាបាននូវតម្លាភាពរបស់គ្រឹះស្ថានជូនដល់អតិថិជន ក៏ដូចជាធានាបានកិច្ចការការពារជូនដល់អតិថិជនផងដែរ»។
យ៉ាងណាមិញ លោក កាំង តុងងី អះអាងថា ស្ថានភាពសេដ្ឋកិច្ចនាពេលបច្ចុប្បន្នមិនទាន់មានភាពល្អប្រសើរនោះទេ ដោយសារតែរងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ១៩ ស្របពេលមានកំណើនអត្រាការប្រាក់សាកល និងវិបត្តិសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន។ លោកជំរុញឱ្យប្រជាពលរដ្ឋមានការជជែកពីទុក្ខលំបាក និងបញ្ហាប្រឈមនានាជាមួយមន្ត្រីឥណទាន និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដើម្បីអាចឱ្យខាងគ្រឹះស្ថានចេញជាដំណោះស្រាយណាមួយជូនទៅកាន់ប្រជាពលរដ្ឋ។
លោកថ្លែងថា៖ «ហើយសុំកុំខ្លាច ឬក៏អៀនខ្មាស់អី។ សូមយកបញ្ហាទាំងអស់នេះដាក់លើតុជជែកគ្នារកដំណោះស្រាយ។ ខ្ញុំជឿជាក់ថា គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុនឹងព្យាយាមរកដំណោះស្រាយណាមួយជូនបងប្អូនហើយ»។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា (NBC) អ្នកស្រី ជា សិរី បាននៅឡើយទេ ដោយទូរសព្ទរោទិ៍តែគ្មានអ្នកទទួល។
ក៏ប៉ុន្តែអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាលោក ប៉ែន បូណា ប្រាប់វីអូអេតាមប្រព័ន្ធទំនាក់ទំនង WhatsApp ថា អង្គការទាំងពីរនេះគួរមើលទៅលើបរិបទរួម ពេលធ្វើរបាយការណ៍ពីព្រោះពិភពលោកទាំងមូលកំពុងជួបវិបត្តិ ខណៈកំពុងប្រឹងប្រែងងើបឡើងពីបញ្ហាផ្សេងៗដែលបណ្តាលមកវិបត្តិកូវីដ១៩ និងបញ្ហាសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន ដែលបានជះផលអវិជ្ជមានរួមនៅជុំវិញពិភពលោក។ លោកបន្តថា រដ្ឋាភិបាលតែងយកចិត្តទុកដាក់ពីបញ្ហា និងដោះស្រាយជូនប្រជាពលរដ្ឋ។
លោកថ្លែងថា៖ «ដូច្នេះរបាយការណ៍ណាក៏ដោយ ខ្ញុំសុំឱ្យមើលអំពីបរិបទរួម ទិដ្ឋភាពរួម វាមានផលវិជ្ជមាន និងផលអវិជ្ជមាន។ សូមធ្វើរបាយការណ៍កត់សម្គាល់ឱ្យមានតុល្យភាព សូមកុំមើលតែមួយជ្រុងដែលធ្វើឱ្យប្រជាពលរដ្ឋយល់ច្រឡំ»។
លោក ប៉ែន បូណា បន្ថែមថា ប្រជាពលរដ្ឋត្រូវគិតគូរឱ្យបានច្បាស់លាស់មុននឹងសម្រេចចិត្តទទួលយកប្រាក់កម្ចី ហើយប្រើប្រាស់វាឱ្យចំគោលដៅ។
យ៉ាងណាមិញ របាយការណ៍ដដែលរបស់អង្គការលីកាដូ និងអង្គការសមធម៌កម្ពុជា បានផ្តល់អនុសាសន៍មួយចំនួនដូចជា ស្នើឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជាបញ្ឈប់ការលក់ដីដោយបង្ខំក្រៅប្រព័ន្ធតុលាការ បញ្ឈប់ការអនុវត្តផ្តល់កម្ចីឥណទានកេងប្រវ័ញ្ច ចាត់វិធានការចាំបាច់ដើម្បីកាត់បន្ថយចំនួននៃការលក់ដីដែលតម្រូវឱ្យបង់សងបំណុល និងផ្តល់ការអនុគ្រោះ និងសំណងសមរម្យសម្រាប់អ្នកខ្ចីប្រាក់ ដែលរងគ្រោះពីការរំលោភសិទ្ធិមនុស្ស កើតចេញពីកម្ចីឥណទានខ្នាតតូចបែបកេងប្រវ័ញ្ច៕