ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ធនាគារ​ជាតិ​លុប​ឈ្មោះ​​ឥណទាន​ជនបទ​​ជាង​១០០​ចេញ​ពី​បញ្ជី​ដោយ​មិន​បញ្ជាក់​​មូលហេតុ ​​


រូបឯកសារ៖ ស្ត្រីម្នាក់ជិះម៉ូតូនៅតាមផ្លូវលំមួយ នៅខេត្តសៀមរាប កាលពីថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២០។
រូបឯកសារ៖ ស្ត្រីម្នាក់ជិះម៉ូតូនៅតាមផ្លូវលំមួយ នៅខេត្តសៀមរាប កាលពីថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២០។

ធនាគារ​ជាតិ​នៃ​កម្ពុជា​ប្រកាស​លុប​ឈ្មោះគ្រឹះស្ថាន​ឥណទាន​ជនបទចំនួន​១០៤ ​ចេញ​ពី​បញ្ជី​របស់​ខ្លួន​ ​ខណៈ​អ្នក​ជំនាញ​ផ្នែក​ហិរញ្ញវត្ថុ​ថា ការណ៍​នេះអាចកាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ធ្លាក់​ខ្លួន​របស់​ពលរដ្ឋ​ទៅ​ជា​អ្នក​ជាប់​បំណុល​វ័ណ្ឌក​ដោយសារការខ្ចី​ប្រាក់ដោយ​មិន​មាន​ផែន​ការ​ប្រើប្រាស់​ច្បាស់​លាស់។​

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា ​ដែល​ចេញ​ផ្សាយ​ជា​សាធារណៈនៅ​ថ្ងៃ​ទី១២ ​ខែ​មេសា​ ឆ្នាំ​២០២៣ ​បាន​បញ្ជាក់​ថា ក្នុង​ចំណោម​គ្រឹះស្ថាន​ឥណទាន​ជនបទ​ទាំង​១០៤ ​ដែល​ត្រូវ​បាន​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​ធនាគារ​ជាតិ ​មាន​នៅ​រាជធានី​ភ្នំពេញ​ចំនួន​៤៣​ ​និង​ចំនួន​៦១​ផ្សេង​ទៀត​ មាន​នៅ​បណ្តា​ខេត្ត​ចំនួន​១៧។​

ធនាគារ​ជាតិ​មិន​បាន​បញ្ជាក់​អំពី​មូលហេតុ​នៃ​ការសម្រេច​លុប​ឈ្មោះគ្រឹះស្ថាន​ឥណទាន​ជនបទ​ទាំង​១០៤​នោះ​ទេ។​

អ្នក​នាំពាក្យ​សមាគមមីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ លោក ​កាំង តុងងី​ ប្រាប់​វីអូអេ​ថា ​គ្រឹះស្ថាន​ឥណទាន​ជនបទ​គឺជា​ស្ថាប័ន​កម្ចី​កម្រិត​តូចជាង​គេ ​ដែល​មាន​ទឹក​ប្រាក់​តម្កល់​ប្រមាណ​ជា​១០០​លាន​រៀល​ ឬ​២៥.០០០​ដុល្លារ​សហរដ្ឋ​អាមេរិក​ប៉ុណ្ណោះ។​ លោក​ថា ​ចាប់​តាំង​ពីធនាគារ​ជាតិ​កំណត់​ពិដាន​ការប្រាក់ឥណទាន​ដែល​ការពារ​មិន​ឱ្យ​គ្រឹះស្ថាន​ហិរញ្ញ​វត្ថុកំណត់​អត្រា​ការ​ប្រាក់​ខ្ពស់​ ធ្វើឱ្យ​ប្រតិបត្តិ​ការ​របស់​គ្រឹះស្ថានឥណទានជន​បទ​ចំណេញ​តិច​ ហើយគ្រឹះស្ថាន​ឥណទាន​ជនបទ​មួយ​ចំនួន​សម្រេច​ផ្អាក​ប្រតិបត្តិការ​ជា​បន្ត​បន្ទាប់។ ​

លោក​ថ្លែង​ថា៖​ «ពួក​គាត់​មួយ​ចំនួនហ្នឹង​គាត់​មាន​តែ​អាជ្ញាបណ្ណ ​តែ​ផ្អាក​ប្រតិបត្តិការ​ហើយ។​ ហើយ​ទន្ទឹម​ហ្នឹង​ ដោយសារ​កន្លង​មកធនាគារ​ជាតិ​គាត់​រឹត​បន្តឹងប្រព័ន្ធ​ compliance ឬ​ជា​ភាសាខ្មែរ​យើងហៅ​ថា​ ការ​អនុលោម​តាម​ហ្នឹង ​អ៊ីចឹង​ធ្វើ​ឱ្យ​គ្រឹះស្ថាន​ឥណទាន​ជនបទ​មួយ​ចំនួនហ្នឹង ​ក៏​គាត់​លែង​ចង់​រកស៊ី​ផ្នែក​ហ្នឹង​ ក៏​គាត់​បោះ​បង់​អាជ្ញាបណ្ណ​របស់​គាត់​ទៅ»។​

លោក​បន្ថែម​ថា ​ការ​លុប​អាជ្ញាបណ្ណ​គ្រឹះ​ស្ថាន​ឥណទាន​ជនបទ​ទាំង​នោះ​ ផ្តល់ផល​ចំណេញ​សម្រាប់ប្រជា​ពលរដ្ឋ​ពី​ការ​កំណត់​អត្រា​ការ​ប្រាក់​ខ្ពស់។​

លោក​ប្រាប់​វីអូអេ​ថា៖ ​«ការ​លុប​អាជ្ញាបណ្ណ​នេះ​ដូច​ជាមិន​ប៉ះពាល់​ប្រជា​ពលរដ្ឋ​យើង​ទេ។ ​មែនទែន​ទៅ​ វា​ជា​យន្តការ​ពង្រឹងទីផ្សារ​ទេ ​ដែល​ក៏​មាន​ផល​ល្អ​សម្រាប់​អតិថិជន​ផង​ដែរ។​ គ្រឹះស្ថាន​ដែល​គាត់​មាន​ប្រតិបត្តិការ​ផ្នែកហិរញ្ញវត្ថុ ​កាលណា​តែ​គាត់​នៅ​តែប្រតិបត្តិការ​ដោយ​ថ្លៃចំណាយ​ដើម​ទុន​គាត់​ខ្ពស់ អ៊ីចឹង​គាត់​អត់​ចំណេញ​ទេ ​ហើយ​ដើម្បី​ឱ្យ​គាត់​ចំណេញ ​គាត់​នឹង​យក​អត្រា​ការ​ប្រាក់​ខ្ពស់​ពី​ប្រជា​ពលរដ្ឋ។​ អ៊ីចឹង​អ្នក​ដែល​រង​ផល​ប៉ះពាល់​អាច​ជា​ប្រជា​ពលរដ្ឋ​ទៅ​វិញ​ទេ»។​

បើ​តាម​លោក ​កាំង តុងងី ​រហូត​មក​ដល់​ពេល​នេះ ​មាន​គ្រឹះស្ថាន​ឥណទាន​ជនបទ​ប្រមាណ​ជា​៤០០​ត្រូវ​បាន​លុប​ឈ្មោះ​ ដោយសារ​មូលហេតុ​ប្រហាក់​ប្រហែល​គ្នា​នេះ។​

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា ​លោក​ សន ជ័យ ​លើក​ឡើង​ថា​ ជាទូទៅ​លោក​សង្កេត​ឃើញគ្រឹះស្ថាន​ឥណទាន​ជនបទ​ផ្តល់​កម្ចី​ដោយមិន​មាន​ការ​កំណត់​ស្តង់ដា​ ជា​ហេតុ​ធ្វើ​ឱ្យប្រជា​ពលរដ្ឋខ្ចី​យក​ទៅ​ប្រើប្រាស់​ដោយមិន​ចំ​គោល​ដៅ។​

លោក​ថ្លែង​ថា៖​ «យើង​ដឹង​ហើយ​ថា​ បញ្ហា​បំណុល​វ័ណ្ឌក​គឺ​ជា​រឿង​សង្គម​មួយ ​ដែល​យើង​មាន​ការ​បារម្ភ​ខ្លាំង។​ ហើយ​នៅ​ពេល​ដែល​ពលរដ្ឋក្លាយ​ទៅ​ជា​មុខសញ្ញា​នៃ​ការ​ដាក់​លុយ​កម្ចី ​ហើយ​លក្ខខណ្ឌនៃកម្ចី​ហាក់​បី​ដូចជា​មិន​សូវ​តឹងរ៉ឹង ​ធ្វើ​ឱ្យ​អ្នក​ដែល​មាន​បំណុល​វ័ណ្ឌក​ហ្នឹង​គាត់​មាន​ឱកាស​ក្នុង​ការ​ខ្ចី​លុយ​បន្ថែម ​ប៉ុន្តែ​ការ​សង​ត្រឡប់​មកវិញ​នោះ ​គឺ​ជា​បញ្ហា ​ជាពិសេស​ គឺ​ការ​ខាត​បង់ ​ឬក៏​ការ​កើត​មាន​កម្ចី​ ហើយ​ពួកគាត់​ពុំ​មាន​ការ​រីក​ចម្រើន​ក្នុង​អាជីវកម្ម​របស់​ខ្លួន»។​

លោក​ថា ​ការ​លុប​ឈ្មោះគ្រឹះស្ថាន​ឥណទាន​ជនបទ​ទាំង​ជាង​១០០​នេះ​អាចកាត់​បន្ថយ​ផល​ប៉ះ​ពាល់នៃ​ការ​មានបំណុល​វ័ណ្ឌក សម្រាប់​ប្រជា​ពលរដ្ឋ​ដែល​ខ្ចី​ដោយ​មិន​មាន​ផែនការ​ច្បាស់​លាស់​សម្រាប់​ប្រើ​ប្រាស់​កម្ចី​នោះ។ ​ទោះ​យ៉ាង​ណា​លោក​ថា ​ ធនាគារ​ជាតិ​នៃ​កម្ពុជា​គួរ​តែ​បញ្ជាក់​អំពី​មូលហេតុ​នៅ​ពី​ក្រោយ​ការ​លុប​ឈ្មោះគ្រឹះស្ថាន​ឥណទាន​ជនបទ​ក្នុង​ចំនួន​ដ៏​ច្រើន​នេះ។​

អគ្គ​ទេសាភិបាល​រង​ធនាគារ​ជាតិ​នៃ​កម្ពុជា អ្នក​ស្រី​ ជា សិរី​ បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​តាម​ប្រព័ន្ធ​ទូរស័ព្ទ។ ​អ្នក​ស្រី​ក៏​មិនឆ្លើយ​តប​សារ​អេឡិចត្រូនិក​ ឬ​អ៊ីមែល​របស់​វីអូអេ ​គិត​ត្រឹម​ល្ងាច​ថ្ងៃ​ចន្ទ​នេះ។​

នៅ​ក្នុង​របាយការណ៍​ត្រួត​ពិនិត្យ​ប្រចាំ​ឆ្នាំ​២០២២ ​ ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា​ ប្រព័ន្ធ​ធនាគារ​នៅ​កម្ពុជា​បន្ត​រក្សា​បាន​ភាព​ធន់​ ភាព​រឹងមាំ និង​ជំនឿ​ទុក​ចិត្ត​របស់​សាធារណជន​ជាតិ​ និង​អន្តរជាតិ​ និង​បាន​រួម​ចំណែក​ជាមួយ​រដ្ឋាភិបាល​ដើម្បី​ដាក់​ចេញ​នូវ​វិធានការ​ចាំបាច់​ជា​បន្ត​បន្ទាប់ ​ធានា​ទប់ស្កាត់ ​និង​កាត់​បន្ថយ​ឱ្យ​បាន​ជា​អតិបរមា​នូវ​ផល​ប៉ះពាល់​នានា។​

បើ​តាម​របាយ​ការណ៍​ ប្រព័ន្ធ​ធនាគារ​នៅ​កម្ពុជា​ រួមមាន​ធនាគារ​ពាណិជ្ជ​៥៨ ​ធនាគារ​ឯកទេស​៩ គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ទទួល​ប្រាក់​បញ្ញើ​៥ ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​មិន​ទទួល​ប្រាក់​បញ្ញើ​៨២ ​គ្រឹះស្ថាន​ ភតិសន្យ​ហិរញ្ញវត្ថុ​១៦​ និង​គ្រឹះស្ថាន​ឥណទាន​ជន​បទ​២២៣។​

របាយ​ការណ៍​ដដែល​ឱ្យ​ដឹង​ទៀត​ថា​ វិស័យ​មីក្រូ​ហិរញ្ញ​វត្ថុ​នៅ​បន្ត​ចូល​រួម​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ តាម​រយៈ​ការ​ផ្តល់​សេវា​ហិរញ្ញ​វត្ថុ​ផ្លូវ​ការ​ដល់​ប្រជាជន ជាពិសេស​ប្រជាជន​នៅ​តាម​តំបន់​ជន​បទ។
យ៉ាង​ណាក៏​ដោយ​ ចាប់​តាំង​ពី​ពាក់​កណ្ដាល​ឆ្នាំ​២០១៩​មក​ ​អង្គការ​សិទ្ធិ​មនុស្ស​កម្ពុជា​មួយ​ចំនួន​ ​បាន​ចេញ​របាយ​ការណ៍​ជាច្រើន​ ​ដោយ​បង្ហាញ​ពី​ផល​ប៉ះពាល់​អវិជ្ជមាន​យ៉ាង​ធ្ងន់ធ្ងរបណ្តាល​មកពីវិបត្តិ​ជំពាក់​បំណុល​មីក្រូ​ហិរញ្ញវត្ថុ​ច្រើន​លើស​លប់​ ​ដែល​កំពុង​កើត​មាន​នៅ​កម្ពុជា។​ នេះ​បើតាម​សេចក្តី​ថ្លែង​ការណ៍​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ដែល​ចេញ​ផ្សាយ​កាលពី​ខែ​កញ្ញា​ ឆ្នាំ​២០២២។​

សេចក្តី​ថ្លែង​ការណ៍​របស់​អង្គការ​លីកាដូបាន​បង្ហាញ​ថា ​ការ​សិក្សា​មួយ​បាន​រក​ឃើញ​ថា​ ជិត​ពាក់កណ្តាល​នៃ​គ្រួសារ​ដែល​ជាប់​បំណុល​ជួប​ការ​លំបាក​ក្នុង​ការ​បង់​សង​ ហើយ​១៣​ភាគរយ​នៃ​គ្រួសារ​ដែល​ជួប​ការ​លំបាក​ក្នុង​ការ​បង់​សង​ទាំងនោះ​ ​បាន​រាយ​ការណ៍​ថា​ ពួក​គាត់​បាន​លក់​ដី​ដើម្បី​បង់​សង​បំណុល​ក្នុង​រយៈ​ពេល​៥ឆ្នាំ​ចុង​ក្រោយ។ បន្ថែម​ពី​នេះ​ នៅ​ក្នុង​ករណី​ជា​ច្រើន​ អ្នកខ្ចី​ប្រាក់​បាន​រងគ្រោះ​ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស៕​

XS
SM
MD
LG