ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​នៅ​ខេត្ត​កោះកុង​២០០​គ្រួសារ​​ទទួល​បាន​ដំណោះស្រាយ​ពី​អ្នក​ពាក់​ព័ន្ធ​នឹង​ក្រុម​ហ៊ុន​ស្ករ​ស​ ដែល​មាន​មូល​ដ្ឋាន​នៅ​ថៃ


រូបឯកសារ៖ បុរសម្នាក់កំពុងប្រមូលដើមអំពៅពីចម្ការរបស់លោក នៅខេត្តកណ្តាល កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩។
រូបឯកសារ៖ បុរសម្នាក់កំពុងប្រមូលដើមអំពៅពីចម្ការរបស់លោក នៅខេត្តកណ្តាល កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩។

ប្រជា​សហគមន៍​ឃុំ​ជីខលើ​ចំនួន​ ២០០​គ្រួសារ​ ក្នុង​ស្រុក​ស្រែ​អំបិល ​ខេត្ត​កោះកុង​ បាន​ឈាន​ដល់​ការ​ស្រុះ​ស្រួល​គ្នា ​និង​បញ្ចប់​វិវាទ​ដីធ្លី​ជាមួយ​នឹង​អ្នក​ពាក់​ព័ន្ធ​នៃ​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​ក្រុមហ៊ុន​ Khon Kaen Sugar Industry PLC ​ហៅ​កាត់​ថា ​ (KSL Group) ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ថៃ ​បន្ទាប់​ពី​ការ​ចរចា​ និង​ដោះស្រាយ​វិវាទ​នៅក្រៅ​តុលាការ​ នៅ​ចក្រភព​អស់គ្លេសជាង​ ១០​ឆ្នាំ។​

ក្រុមហ៊ុន ​Khon Kaen Sugar Industry PLC ធ្លាប់​ផ្គត់ផ្គង់​ស្ករស​ឱ្យ​ក្រុមហ៊ុន​អង់គ្លេស​ចំនួន​ពីរ​គឺ ​Tate and Lyle Sugar Industries ​និង​ក្រុមហ៊ុន ​Tate and Lyle Sugar Limited។ ​ក្រុម​ហ៊ុន​ទាំង​នេះ​មាន​ជម្លោះ​ជាមួយ​ប្រជា​ពលរដ្ឋ​ក្នុង​សហគមន៍​ជីខលើ តាំង​ពី​ឆ្នាំ ​២០០៦ ​ទាក់​ទង​នឹង​ដី​សម្បទាន​សេដ្ឋកិច្ច ​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ផ្តល់​ឲ្យ​ក្រុម​ហ៊ុន។ ​នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​សមធម៌​កម្ពុជា​ ចេញ​ផ្សាយ​ កាល​ពី​ថ្ងៃទី​ ៣០ ​ខែ​ឧសភា។​

អង្គការ​សមធម៌​កម្ពុជា ​ដែល​ធ្វើ​ការ​លើ​រឿង​នេះ ​លើក​ឡើង​ថា អង្គការ​សមធម៌​កម្ពុជា ​រួម​ជាមួយ​នឹង​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុង​ស្រុក​ និងអន្តរ​ជាតិ​ បាន​ជួយ​សហគមន៍​ក្នុង​កិច្ច​ខិតខំ​ប្រឹង​ប្រែង​តស៊ូមតិ​របស់​ពួកគេ​ចាប់​តាំង​ពី​ឆ្នាំ​ ២០១២។ ​អស់​រយៈ​ពេល​មួយ​ទសវត្សរ៍​ក្រោយ​មក​ កិច្ច​ព្រម​ព្រៀងដំណោះ​ស្រាយ​ស្ម័គ្រចិត្ត​រួម​គ្នា​ ដើម្បី​បញ្ចប់​វិវាទ​ដីធ្លី​ ត្រូវបាន​បញ្ចប់​រវាង​សមាជិក​សហគមន៍​ ២០០​គ្រួសារ​ និង​កុមារ​ចំនួន​ ៧១​នាក់ ​ដែល​ពាក់ព័ន្ធ​នឹង​វិវាទ​ក្នុង​តុលាការ​របស់​ចក្រភព​អង់គ្លេស។​

នាយក​ប្រតិបត្តិ​នៃ​អង្គការ​សមធម៌​កម្ពុជា​លោក​ អៀង វុទ្ធី​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ បន្ទាប់​ពី​ដាក់​បណ្តឹង​ទៅ​តុលាការ​នៅ​ប្រទេសអង់គ្លេស​ មាន​ការ​ចរចា​ជា​បន្ត​បន្ទាប់​ក្រៅ​តុលាការ​ រហូត​ភាគី​វិវាទ​បាន​ឈាន​ដល់​ចំណុច​ព្រម​ព្រៀង​បញ្ចប់​ជម្លោះ​ ដោយ​ខាង​ភាគី​ក្រុមហ៊ុន​បាន​យល់​ព្រម​ផ្តល់​ថវិកា​ដល់​អ្នក​ភូមិ​ដែល​រង​ផល​ប៉ះពាល់ ​ដើម្បី​សា្តជីរ​វភាព ​កាល​ពី​ខែ​មេសា ​ឆ្នាំ​ ២០២៣។​ ​

លោក​បន្ថែម​ថា៖ ​«ក្នុង​នាម​សង្គម​ស៊ីវិល​ យើង​មាន​ការ​សាទរ​ចំពោះ​លទ្ធផល​ដែល​សម្រេច​បាន​ តាម​រយៈ​ការ​ចរចា​រវាង​ក្រុមហ៊ុន​ ក៏ដូច​ជា​ប្រជា​ពលរដ្ឋ​ដែល​រងគ្រោះ​ ព្រោះ​ថា​ ករណី​នេះ​បាន​អូស​បន្លាយយូរ​មក​ហើយ។ ​អ៊ីចឹង​ ជា​លទ្ធផល​យើង​យល់​ឃើញ​ថា​ ភាគី​ទាំង​អស់​មាន​ការ​រីករាយ​ចំពោះ​សមិទ្ធ​ផល​ដែល​យើង​បាន​ធ្វើការ​រួម​គ្នា»។​

បើតាម​លោក ​អៀង វុទ្ធី​ សមាជិក​សហគមន៍​មក​ពី​ស្រុក​ស្រែ​អំបិល​ បាន​ដក​បណ្តឹង​ប្រឆាំង​នឹង​ក្រុមហ៊ុន​ Tate and Lyle Sugar Industries ​និង​ក្រុមហ៊ុន ​Tate and Lyle Sugar Limited ​នៅ​ពេល​ទទួល​បាន​ដំណោះ​ស្រាយ​ ក្រោយ​ការ​ចរចា​តាំង​ពីឆ្នាំ​ ២០១៤ មក។​

សេចក្តី​ប្រកាស​ព័ត៌មាន​អង្គការ​សមធម៌​កម្ពុជា​ ចុះ​ថ្ងៃ​ទី ៣០​ ខែ​ឧសភា​ បាន​ឱ្យ​ដឹង​ទៀត​ថា​ ចាប់តាំងពី​ឆ្នាំ​ ២០១៨ មក​ អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ខេត្ត​កោះកុងក៏​បាន​ជួយ​សហគមន៍​ផង​ដែរ​នូវ​នីតិវិធី​រដ្ឋបាល​ចំាបាច់​សម្រាប់​ការ​ផ្តល់​បណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជូន​ប្រជា​ពលរដ្ឋ​ចំនួន​ ២០០​គ្រួសារ​ សម្រាប់​ដី​សម្បទាន​ ៣០០​ហិកតា​ កាត់​ចេញ​ពី​ក្រុម​ហ៊ុន។ ​ដី​នេះ​ត្រូវ​បានប្រគល់​ជូន​សហគមន៍​វិញ​ជា​ផ្នែក​នៃ​កិច្ច​ព្រម​ព្រៀង​ដាច់​ដោយ​ឡែក​មួយ​ដែលសម្រេច​បាន​ក្នុង​ឆ្នាំ​ ២០១៤។​

លោក ​តេង កៅ ​អាយុ​ ៦៣​ ឆ្នាំ​ ជាឪពុក​មាន​កូន​ ៦នាក់​ ថ្លែង​ថា​ ដំណោះ​ស្រាយ​ដែល​បាន​មក​ពី​ការ​តវ៉ា ​និង​តស៊ូ​មតិ​ជា​ច្រើន​ឆ្នាំ​របស់​សហគមន៍​ជីខលើ​នេះ​ បាន​បញ្ចប់​មួយ​ផ្នែក​នូវ​ទុក្ខ​លំបាក​របស់​ប្រជា​ពលរដ្ឋ​ ដែល​បាន​ប្រឈម​មុខ​នឹង​ការ​គ្មាន​ដី​បង្ក​បង្កើន​ផល​ និង​ការ​ជាប់​បំណុល​ ដោយសារ​តែជម្លោះ​ដែល​ផ្តើម​ចេញ​ពី​ដី​សម្បទាន​សេដ្ឋកិច្ច។​

លោក​ប្រាប់​វីអូអេ​បន្ថែម​ថា៖ ​«វា​សប្បាយ​ចិត្ត​ជាង​កាលពី​ឆ្នាំ​ ២០០៦​ ដែល​ក្រុម​ហ៊ុន​យក​ហ្នឹង​ គឺ​ប្រជាជន​ពួក​ខ្ញុំ​ គឺ​ទីមួយ ​ខ្វះ​ប្រាក់​ចំណូល​ដើម្បី​ឱ្យ​កូន​ចៅទៅ​ធ្វើ​ការ​សិក្សា។ ទីពីរ​ គឺពួក​កូន​ចៅ​ពួក​ខ្ញុំគឺ​ក្លាយ​ទៅ​ជា​ជំពាក់​បំណុល​គេ​ ហើយ​ឪពុក​ម្តាយ​ក៏​ជំពាក់​បំណុល​គេ។​ កូនចៅ​ខ្ញុំ​ចំណាក​ស្រុក​ទៅ​ស្រុក​ក្រៅ។ ​ដល់​ពេល​បាន​ដី​ គឺ​គាត់​បាន​ដាំ​ដំណាំ​ដាំដុះដើម្បី​ចិញ្ចឹម​ជីវិត​ឡើង​វិញ​ គឺ​ប្រសើរ​ជាង​មុន»។​

វីអូអេមិន​ទាន់អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​ការិយាល័យ​លេខាធិការ​ និង​ច្បាប់​របស់​ក្រុម​ហ៊ុន​ Khon Kaen Sugar Industry PLC ​ តាម​សារ​អ៊ីមែល​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​បាននៅ​ឡើយ​ទេ។​

ដំណោះ​ស្រាយ​ខាង​លើ​នេះ​គឺ​ជា​សក្ខីភាព​មួយ​ចំពោះ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ដោយ​មិន​នឿយ​ហត់​របស់​សហគមន៍​ក្នុង​ការ​ជំរុញ​ឱ្យ​មាន​យុត្តិធម៌​ និង​ការ​គាំទ្រ​ប្រកប​ដោយ​និរន្តរ​ភាព​ដែល​ជ្រោមជ្រែង​ ដោយ​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុង​ស្រុក​ និង​អន្តរជាតិ​ជា​ច្រើន។​ នេះ​បើតាម​អង្គការ​សមធម៌​កម្ពុជា។​

លោក​ អៀង វុទ្ធី​ ប្រធាន​អង្គការ​នេះ​ បាន​លើក​ឡើង​ថា ដំណោះ​ស្រាយ​នេះ​គឺ​ជា​ជម្រើស​មួយ​សម្រាប់​ក្រុមហ៊ុន​ក្នុង​វិស័យ​ឯកជន​យក​មក​ដោះស្រាយ​ជាមួយ​ពលរដ្ឋ​ក្នុង​ករណី​មាន​វិវាទ ​ដូច​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ឃុំ​ជីខលើ ​ស្រុក​ស្រែ​អំបិល​នោះ។ ​នេះ​មាន​ន័យ​ថា​ ខាង​ភាគី​ក្រុមហ៊ុនអាច​ចូល​ខ្លួន​មក​ចរចា​ជាមួយ​ពលរដ្ឋ​រង​គ្រោះ​ ដោយ​មាន​ការ​ចូលរួម​សម្រប​សម្រួល​ពី​សង្គម​ស៊ីវិល​ ដោយ​មិន​ចាំបាច់​ងាក​ទៅ​រក​តុលាការ​ ដែល​នឹង​ប្រើ​រយៈពេល​យូរ​ ហើយ​មាន​លទ្ធផល​មាន​តែ​អ្នក​ឈ្នះ​ និង​ចាញ់។​

លោក​ជឿ​ថា ការដោះ​ស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​នេះនឹង​ទទួល​បាន​លទ្ធផល​ ឈ្នះៗដល់​ភាគី​ពាក់​ព័ន្ធ​ទាំងអស់។ ​លោក​បន្ថែម​ថា​ ការ​ដោះ​ស្រាយ​វិវាទ​ក្រៅ​ប្រទេស​ ដែល​មាន​តួ​អង្គ​អន្តរជាតិ​ចូល​រួម​នោះ​ គឺ​មិនងាយ​ស្រួល​ទេ ​ព្រោះ​ត្រូវ​ការ​ភាព​អត់​ធ្មត់ ​និង​ការ​ចូលរួម​ពី​អ្នក​ដែល​មាន​លទ្ធភាព​ក្នុង​ការ​ជជែក ​ទាក់​ទង​នឹង​ច្បាប់​អន្តរជាតិ ​និងនីតិវិធី​ស្មុគស្មាញ​ផ្សេង​ទៀត​ ដែល​បង្ក​ការ​លំបាក​ដល់​ពលរដ្ឋ​សាមញ្ញ​ដែល​ជាប់​ក្នុង​ជម្លោះ​ដី​ធ្លី៕

XS
SM
MD
LG