លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃពុធនេះ បានអះអាងលោកមិនអាចអត់ឱនបានឡើយចំពោះការបង្ហោះសារដែលលោកថាមានលក្ខណៈប្រមាថព្រះមហាក្សត្រ និងវាយប្រហារលើរូបលោក។
ការលើកឡើងរបស់លោក ហ៊ុន សែន ក្រោយលោកបានបញ្ជាឲ្យចាប់ខ្លួនសកម្មជននយោបាយពីរនាក់ កាលពីថ្ងៃអង្គារគឺ លោក ហ៊ុន កុសល និងលោក យឹម ស៊ីណន ដែលជាអតីតប្រធានចលនាគណបក្សសង្រ្គោះជាតិប្រចាំប្រទេសកូរ៉េខាងត្បូង។
ប្រតិកម្មរបស់នាយករដ្ឋមន្រ្តី ក្រោយមានការបង្ហោះសារនៅលើហ្វេសប៊ុករបស់អ្នកទាំងពីរ ទាក់ទងនឹងរឿងបាំងក្លស់ថ្វាយព្រះមហាក្សត្រស្ដេចយាងជាព្រះរាជាធិបតីក្នុងព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡាសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម ដែលធ្វើឡើងនៅក្នុងខេត្តសៀមរាប កាលពីថ្ងៃអង្គារ ក្នុងពេលលោក ហ៊ុន សែន អញ្ជើញចូលរួមផងនោះ។
ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតនៃវិទ្យាស្ថានវ៉ាន់ដា លោក ហ៊ុន សែន ថ្លែងថា៖ «ព្រោះនេះមិនមែនសិទ្ធិបញ្ចេញមតិទេ អ្នកឯងបំភ្លៃការពិតតើ ហើយពិភពលោកទាំងមូលកំពុងតែប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ។ ឯនេះអ្នកឯងមិនត្រឹមតែធ្វើព័ត៌មានក្លែងក្លាយមានចរិត ជាការវាយប្រហារស្ថាប័នព្រះមហាក្សត្រ និងស្ថាប័នរាជរដ្ឋាភិបាល ហើយនិយាយដោយត្រង់ និយាយដោយចំពោះគឺវាយប្រហារព្រះមហាក្សត្រ និងវាយប្រហារនាយករដ្ឋមន្រ្តីតែម្តង»។
បើតាមលោក ហ៊ុន សែន លោក យឹម ស៊ីណន បានបង្ហោះសាររួចហើយលោកលុបចោលវិញ ក្នុងន័យចោទសួរថា«អ្នកណាជាស្តេចពិតប្រាកដ?» នៅពេលលោក ហ៊ុន សែន ដើរនិងអង្គុយអមព្រះមហាក្សត្រក្នុងពិធីមួយនៅក្នុងខេត្តសៀមរាប។
ចំណែកលោក ហ៊ុន កុសល បានបង្ហោះសារនៅលើហ្វេសប៊ុករបស់លោកដែលមិនទាន់លុបចោល ដោយសរសេរក្នុងន័យដើមថា៖ «ឃើញពួកគេធ្វើបាបព្រះទ័យ និងបន្ទាបព្រះចេស្តាព្រះមហាក្សត្រខ្មែរគ្រប់ច្រកបែបនេះ។ ទូលបង្គំជាអ្នកនយោបាយជំនាន់ក្រោយប្តេជ្ញានឹងប្រើសមត្ថភាពដែលមានទាំងប៉ុន្មានចូលរួមពូនផ្តុំជាមួយលោកប្រធាន កឹម សុខា ការពារព្រះចេស្តាក្សត្រ និងព្រះរាជបល្ល័ង្កដែលប្រជារាស្រ្តខ្មែរមិនអាចខ្វះបាន»។
សាររបស់លោក ហ៊ុន កុសល ភ្ជាប់ជាមួយរូបថតមួយសន្លឹករបស់ព្រះមហាក្សត្រ។
លោកនាយរដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងនៅថ្ងៃពុធនេះថាការលើកឡើងរបស់លោកក្នុងពេលនេះ គឺជាការបកស្រាយ ប៉ុន្តែវាមិនមែនជាសារបញ្ជូនទៅតុលាការ ដែលនាំឲ្យប៉ះពាល់ការសម្រេចចិត្តឡើយ។
វីអូអេមិនទាន់អាចសុំការឆ្លើយតបពីអ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា និងលោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បាននៅឡើយទេ។
ភរិយារបស់លោក យឹម ស៊ីណន ប្រាប់វីអូអេដោយសុំមិនបញ្ចេញឈ្មោះថាអ្នកស្រីមិនទាន់បានដឹងរឿងពាក់ព័ន្ធនឹងស្វាមីរបស់អ្នកស្រី ឡើយ។ អ្នកស្រីក៏បានអំពាវនាវឱ្យមានការដោះលែងស្វាមីរបស់អ្នកស្រីផងដែរ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា ប្រាប់វីអូអេនៅថ្ងៃពុធថារដ្ឋធម្មនុញ្ញមានចែងពាក់ព័ន្ធទៅនឹងអង្គព្រះមហាក្សត្រ គឺមិនអាចប៉ះពាល់ និងរំលោភបំពានបានទេ។ លោកបន្តថាពលរដ្ឋកម្ពុជាគប្បីដឹងអំពីសកម្មភាពក្នុងការបញ្ចេញមតិរបស់ខ្លួន និងត្រូវពិនិត្យមើលការហាមឃាត់នៅក្នុងច្បាប់។
លោកបញ្ជាក់ថា៖ «មែនទែនទៅករណីទាំងអស់នេះ យើងដឹងហើយ បញ្ហាពាក់ព័ន្ធការបញ្ចេញមតិ វាជាសិទ្ធិមួយនៅក្នុងសង្គមប្រជាធិបតេយ្យ។ ក៏ប៉ុន្តែការបញ្ចេញមតិគឺទាល់តែមើលអំពីទំហំ និងផ្លូវច្បាប់មួយចំនួន ដែលបានច្បាប់ហាមឃាត់ដែរ។
ឧទាហរណ៍ដូចជាករណីអង្គព្រះមហាក្សត្រ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលអ៊ីចឹង ថាតើយើងគប្បីមានការបញ្ចេញមតិឱ្យមានការប៉ះពាល់ដល់អង្គព្រះមហាក្សត្រ ឬយ៉ាងណា? អានេះគឺចំណុចមួយដែលយើងគួរមានការគិត និងពិចារណាក្នុងពេលហ្នឹងបាទ»។
គួរបញ្ជាក់ថាកាលពីឆ្នាំ២០១៨ មានការបង្កើតមាត្រាថ្មីនៃក្រមព្រហ្មទណ្ឌ ដែលដាក់ទោសលើជនណាដែលប្រមាថព្រះមហាក្សត្រ។ មាត្រាថ្មីនេះចែងថាការប្រមាថចំពោះអង្គព្រះមហាក្សត្រ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាទឹកប្រាក់ពី២លានរៀល ទៅ១០លានរៀល៕