រដ្ឋាភិបាលកម្ពុជានៅថ្ងៃសុក្រនេះ បានរៀបចំពិធីទទួលវត្ថុបុរាណចំនួន ៧៧ ពីប្រទេសអង់គ្លេស ដែលបានបាត់បង់ក្នុងសម័យសង្គ្រាម។
វត្ថុបុរាណទាំងនេះ ជាប្រភេទគ្រឿងអលង្ការបុរាណខ្មែរ ដែលទទួលបានពីក្រុមគ្រួសាររបស់លោក Douglas Latchford អ្នករក្សាទុកវត្ថុបុរាណជនជាតិអង់គ្លេស ហើយត្រូវបានអនុលោមតាមកិច្ចព្រមព្រៀងនាខែកញ្ញា ឆ្នាំ ២០២០ រវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាតំណាងនៃរដ្ឋាភិបាលកម្ពុជា និងគ្រួសាររបស់លោក Douglas Latchford។ កិច្ចព្រមព្រៀងនោះបញ្ជាក់ថា រាល់វត្ថុបុរាណខ្មែរទាំងអស់ ដែលកាន់កាប់រក្សាទុកដោយគ្រួសារលោក Douglas Latchford នឹងត្រូវប្រគល់ជូនមកកម្ពុជាវិញ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចេញផ្សាយកាលពីថ្ងៃទី ២០ ខែកុម្ភៈ គ្រឿងអលង្ការបុរាណខ្មែរទាំង ៧៧ នេះ ត្រូវបានបញ្ជូនមកដល់កម្ពុជា កាលពីថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២៣ ដោយរួមមានក្បាំងមកុដ ខ្សែក ខ្សែដៃ ខ្សែក្រវាត់ ក្រវិល បន្តោង នាសម័យមុនអង្គរនិងសម័យអង្គរ និងគ្រឿងអលង្ការមាស និងលោហៈមានតម្លៃមួយចំនួនទៀត។
ថ្លែងក្នុងពិធីទទួលវត្ថុបុរាណខ្មែរនាថ្ងៃសុក្រនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្តែងសេចក្តីសោមនស្សរីករាយ ចំពោះការប្រគល់មកវិញនូវវត្ថុបុរាណដ៏មានតម្លៃ និងជាព្រលឹងដូនតានៃប្រទេសកម្ពុជា។ លោកបន្តថា បច្ចុប្បន្ននេះ កម្ពុជាបាននិងកំពុងបន្តស្រាវជ្រាវលើសម្បតិ្តវប្បធម៌បុរាណខ្មែរ ដែលត្រូវបានលួចចេញខុសច្បាប់ ដោយសហការជាមួយស្ថាប័នពាក់ព័ន្ធអន្តរជាតិនានា។
លោកថ្លែងថា៖ «បច្ចុប្បន្នកម្ពុជាកំពុងបន្តធ្វើការស្រាវជ្រាវប្រមូលភស្តុតាងនៃសម្បត្តិវប្បធម៌ ដែលត្រូវបានលួចចេញពីកម្ពុជាដោយខុសច្បាប់ និងដំណើរការទាមទារដោយសហការជាមួយសហគមន៍អន្តរជាតិ និងគ្រប់ភាគីពាក់ព័ន្ធតាមគ្រប់មធ្យោបាយ ចរចាដំណើរការផ្លូវទូត រដ្ឋបាល ឬតុលាការក្នុងករណីចាំបាច់»។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានថ្លែងសារអំណរគុណដល់រដ្ឋាភិបាលសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ដែលបានជួយសម្របសម្រួល និងសហការក្នុងការបញ្ចូនសម្បត្តិវប្បធម៌ខ្មែរត្រឡប់មកវិញ។
លោកថ្លែងថា៖ «ខ្ញុំសូមយកឱកាសនេះថ្លែងអំណរគុណជាពិសេសដល់រដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងនោះមានដូចជាក្រសួងការបរទេស ក្រសួងសន្តិសុខមាតុភូមិ ក្រសួងយុត្តិធម៌ និងស្ថានទូតសហរដ្ឋអាមេរិក ជាពិសេស ឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ដែលបានផ្តល់កិច្ចសហការដ៏ល្អ រួមជាមួយការគាំទ្រទាំងទិដ្ឋភាពច្បាប់ និងបច្ចេកទេសក្នុងការទប់ស្កាត់ និងបញ្ជូនត្រឡប់មកវិញនូវសម្បត្តិវប្បធម៌ខ្មែរ ។ ខ្ញុំក៏សូមយកឱកាសនេះ ថ្លែងអំណរគុណ និងសម្តែងការកោតសរសើរដល់រាជរដ្ឋាភិបាលចក្រភពអង់គ្លេស សមត្ថកិច្ចពាក់ព័ន្ធ និងស្ថានទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា ដែលថ្មីៗនេះបានសហការដ៏ល្អប្រសើរ និងជួយសម្របសម្រួលក្នុងការបញ្ជូនរូបចម្លាក់និងគ្រឿងអលង្ការបុរាណខ្មែរត្រឡប់មកកម្ពុជាវិញ»។
ប្រមុខរដ្ឋាភិបាលរូបនេះ ក៏អំពាវនាវទៅកាន់សារមន្ទីរ ស្ថាប័ន និងអ្នករក្សាទុកវត្ថុបុរាណនានារបស់កម្ពុជា ឱ្យមេត្តាប្រគល់វត្ថុបុរាណទាំងនោះមកកម្ពុជាវិញដោយស្ម័គ្រចិត្ត ពីព្រោះលោកយល់ឃើញថា ការប្រគល់វត្ថុបុរាណទៅកាន់ប្រទេសដែលជាម្ចាស់ដើម ជាការសម្តែងនូវសេចក្តីថ្លៃថ្នូរ សីលធម៌ និងផ្សះផ្សាដល់ប្រជាជនខ្មែរដែលងើបឡើងពីសង្រ្គាមដ៏រុំារៃ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជាចេញផ្សាយនាថ្ងៃសុក្រនេះ សហរដ្ឋអាមេរិកបានចូលរួមអបអរសាទរចំពោះការទទួលបានសម្បត្តិវប្បធម៌ ដែលជាកម្មសិទ្ធិរបស់កម្ពុជា ត្រឡប់មកមាតុប្រទេសវិញ។
សេចក្តីប្រកាសព័ត៌មាននេះបញ្ជាក់ក្នុងន័យដើមថា៖ «តាមរយៈកិច្ចព្រមព្រៀងយូរអង្វែងផ្នែកសម្បត្តិវប្បធម៌រវាងសហរដ្ឋអាមេរិកនិងកម្ពុជា សហរដ្ឋអាមេរិកបានធ្វើការសម្របសម្រួលការបញ្ជូនត្រឡប់មកវិញនៃវត្ថុបុរាណដ៏មានតម្លៃចំនួនជាង ១០០ បានជួយកសាងសមត្ថភាពរបស់បុគ្គលិកខ្មែរផ្នែកអភិរក្សវប្បធម៌ រារាំងក្រុមដែលស្វែងរកកម្រៃចំណេញពីការលួចវត្ថុជាបេតិកភណ្ឌវប្បធម៌ ហើយបានគាំទ្រការអភិរក្សទីតាំងបេតិកភណ្ឌវត្ថុបុរាណរបស់ខ្មែរ»។
សេចក្តីប្រកាសព័ត៌មាននេះក៏បញ្ជាក់បន្តថា តាំងពីឆ្នាំ ២០០១ មក សហរដ្ឋអាមេរិកបានផ្តល់ថវិកាជាទឹកប្រាក់ប្រមាណ ៥ លានដុល្លារ សម្រាប់ការងារអភិរក្សវប្បធម៌ នៅក្នុងប្រទេសកម្ពុជា ដូចជាការងារអភិរក្សប្រាសាទដែលត្រូវបានកសាងនាសតវត្សរ៍ទី ៩ រូមមានប្រាសាទភ្នំបាខែងនៅឧទ្យានបុរាណអង្គរ និងប្រាសាទព្រះវិហារ ស្ថិតនៅភាគខាងជើងនៃប្រទេសកម្ពុជា៕