មនុស្សយ៉ាងហោចណាស់២៥នាក់បានស្លាប់នៅក្នុងតំបន់ភាគខាងកើតប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃសៅរ៍ នៅពេលដែលការផ្ទុះគ្រាប់បែកអត្តឃាតមួយបានកើតមានឡើងនៅក្នុងហ្វូងទាហានរដ្ឋាភិបាល ពួកបះបោរតាលីបាន និងជនស៊ីវិលដែលកំពុងប្រារព្ធការឈប់បាញ់គ្នាបណ្តោះអាសន្នក្នុងអំឡុងនៃពិធីបុណ្យអ៊ីស្លាម Eid al-Fitr ។ ក្រុមរដ្ឋអ៊ីស្លាមបានអះអាងទទួលខុសត្រូវ។
ប្រភពសន្តិសុខបានប្រាប់ VOA ថា បុគ្គលិកសន្តិសុខអាហ្វហ្គានីស្ថាន ពួកអ្នកប្រយុទ្ធតាលីបាន និងជនស៊ីវិលស្ថិតនៅក្នុងចំណោមជនរងគ្រោះទាំងនោះ។ លោក Attaullah Khogyani អ្នកនាំពាក្យរដ្ឋាភិបាលបានប្រាប់ VOA ថា ការផ្ទុះគ្រាប់បែកនោះបានស្ថិតនៅខាងក្រៅទីក្រុង Jalabalad ជារដ្ឋធានីរបស់ខេត្ត Nangahar ក៏បានធ្វើឲ្យមនុស្សយ៉ាងហោចណាស់៣០នាក់រងរបួសផងដែរ។
អនុប្រធានក្រុមប្រឹក្សាខេត្តបានប្រាប់ VOA ថា ការវាយប្រហារនោះបានធ្វើឡើងដោយអ្នកដាក់គ្រាប់បែកក្នុងរថយន្តអន្តឃាត។ ខេត្ត Nangahar ជាទីកន្លែងដែលក្រុមរដ្ឋអ៊ីស្លាមបានបង្កើតទីតាំងដ៏រឹងមាំរបស់ខ្លួន ហើយពួកជនសកម្មប្រយុទ្ធរបស់ក្រុមនោះជាធម្មតាបានធ្វើការវាយប្រហារនិងបំផ្ទុះគ្រាប់បែកអត្តឃាត។
ការផ្ទុះគ្រាប់បែកកាលពីថ្ងៃសៅរ៍ជួនគ្នាជាមួយការប្រកាសតាមទូរទស្សន៍ពីប្រធានាធិបតីអាហ្វហ្គានីស្ថានលោក Ashraf Ghani ដែលបានសរសើរពីការឈប់បាញ់គ្នាហើយនិងការបន្តបទឈប់បាញ់គ្នាជាឯកតោភាគីរយៈពេល៣ថ្ងៃទៀត។
គេមិនទាន់ដឹងនៅឡើយថា តើក្រុមតាលីបានក៏មានបំណងបន្តការឈប់បាញ់គ្នានោះដែរឬទេ៕