ប៉ូលិសបាននិយាយកាលពីថ្ងៃសុក្រថា បុរសម្នាក់ជាជនជាតិខ្មែរ បានសម្លាប់អតីតភរិយាហើយបន្ទាប់មកបានលោតពីស្ពានធ្វើអត្តឃាតដែលគាត់បានផ្សាយបន្តផ្ទាល់តាមហ្វេសប៊ុក។ ជិតមួយភាគបីនៃប្រជាជន១៥លាន៨សែននាក់នៅកម្ពុជាប្រើហ្វេសប៊ុកហើយបណ្តាញនេះគឺជាប្រភពព័ត៌មានដ៏សំខាន់មួយសម្រាប់មនុស្សវ័យក្មេង។
លោក រ៉ា ឆាយរ័ត្ន អាយុ២១ ឆ្នាំបានសម្លាប់អតីតប្រពន្ធនៅឯសាលារៀនកាលពីថ្ងៃព្រហស្បតិ៍ ហើយបានទៅស្ពាន Tsubasa លោតចូលទន្លេមេគង្គ។ ប៉ូលិសបាននិយាយថាមានតែការធ្វើអត្តឃាតប៉ុណ្ណោះដែលត្រូវបានបង្ហោះតាម Facebook គឺមិនមានបង្ហោះអំពីឃាតកម្មសម្រាប់អតីតភរិយាទេ។
លោកគៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យប៉ូលិសជាតិថ្លែងថា វាជាករណីដំបូង មិនដែលកើតឡើងពីមុនទេ។ ហើយប៉ូលិសកំពុងស៊ើបអង្កេតមូលហេតុដែលគាត់សម្លាប់អតីតប្រពន្ធរបស់គាត់។ ប៉ូលិសបាននិយាយថា មិនទាន់រកឃើញសាកសពរបស់បុរសនេះទេ។ គេនៅមិនទាន់ច្បាស់ថា តើអ្នកណាបានរាយការណ៍អំពីវីដេអូឬសុំឱ្យលុបវាចេញ។
អ្នកនាំពាក្យរបស់ហ្វេសប៊ុកបានឱ្យដឹងថា ក្រុមហ៊ុននេះ «មានការសោកស្តាយយ៉ាងខ្លាំងដោយសារសោកនាដកម្មនេះ» ហើយថា ហ្វេសប៊ុកបានលុបវីដេអូនោះ។ ហ្វេសប៊ុកធ្វើការជាមួយអង្គការនានានៅជុំវិញពិភពលោកដើម្បីផ្តល់ជំនួយសម្រាប់មនុស្សដែលមានទុក្ខព្រួយ។
កាលពីឆ្នាំមុន ហ្វេសប៊ុកបាននិយាយថា ខ្លួននឹងពង្រីកកម្មវិធីសម្គាល់អ្នកមានបំណងធ្វើអត្តឃាត។
ហ្វេសប៊ុកបានជាប់ពាក់ព័ន្ធក្នុងភាពចម្រូងចម្រាសមួយចំនួនក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ ហើយអ្នកតស៊ូមតិសិទ្ធិមនុស្សចោទថា ហ្វេសប៊ុកមិនបានចាត់វិធានការគ្រប់គ្រាន់ដើម្បីបំបាត់សារហិង្សា សារស្អប់ខ្ពើម ខណៈបណ្តាញសង្គមនេះកំពុងប្រឈមនឹងការបញ្ចេញទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់៕