ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជន​ភៀសខ្លួន​ស្ម័គ្រ​ចិត្ត​ជួយ​ពួក​ជន​ភៀស​ខ្លួន​ដែល​មក​តាំង​លំនៅដ្ឋាន​ក្នុង​ប្រទេស​អាមេរិក


រូបឯកសារ៖ ក្រុម​បាតុករ​ស្រែក​ពាក្យ​ស្លោក​ក្នុង​ការ​ជួបជុំ​គ្នា​ប្រឆាំង​នឹង​ការ​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​​ នៅ​ព្រលាន​យន្ត​ហោះ​អន្តរជាតិ San Diego កាល​ពី​ខែ​មីនា ឆ្នាំ​២០១៧។
រូបឯកសារ៖ ក្រុម​បាតុករ​ស្រែក​ពាក្យ​ស្លោក​ក្នុង​ការ​ជួបជុំ​គ្នា​ប្រឆាំង​នឹង​ការ​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​​ នៅ​ព្រលាន​យន្ត​ហោះ​អន្តរជាតិ San Diego កាល​ពី​ខែ​មីនា ឆ្នាំ​២០១៧។

ពួក​ជនភៀស​ខ្លួន​ស្ម័គ្រ​ចិត្ត​​បាន​និយាយ​ថា​ពួក​គេ​ចង់​ផ្តល់​ជំនួយ​ត្រឡប់​វិញ​នូវ​អ្វី​ដែល​ពួក​គេ​បាន​ទទួល​នៅ​ពេល​ពួក​គេ​មក​ដល់​ប្រទេស​អាមេរិក។

ការ​ទទួល​ពួកជន​ភៀស​ខ្លួន​ចូល​មក​ក្នុង​ប្រទេស​អាមេរិក​ជា​បញ្ហា​នយោបាយ​ក្តៅ​មួយ។ ​ក៏ប៉ុន្តែការ​ជជែក​ដេញ​ដោល​គ្នាមិន​បាន​បង្អាក់​ទឹក​ចិត្ត​ដល់​កិច្ច​ខិត​ខំ​ប្រឹង ប្រែង​ខាង​មនុស្សធម៌​ដោយ​ប្រជារាស្ត្រ​អាមេរិកាំង​ដែល​ជួយ​ពួក​ជន​អន្តោ​ប្រវេសន៍​ឱ្យ​ចាប់​ផ្តើម​ជីវ​ភាព​ថ្មី​ទេ។​ នៅសង្កាត់​មួយ​ក្នុង​រដ្ឋ​ Maryland ​ប្រទេស អាមេរិក​ ដែល​នៅទី​នោះ​គ្រួសារ​ក្រុម​ជន​ភៀសខ្លួន​មក​ដល់ថ្មីៗ​បាន​ត្រូវ​ជួយ​ដោយ​ពួក​មនុស្ស​ដែល​ធ្លាប់​ជា​ជន​ភៀសខ្លួន​។

នាង Sahar ​អាយុ​១១​ឆ្នាំ​និង​បង​ប្អូន​បង្កើត​របស់​នាង​កំពុង​ចាត់ចែង​ផ្ទះ​អាផាតមិន ​មួយ​ដែល​នឹង​ក្លាយ​ទៅ​ជា​ផ្ទះ​ថ្មី​សម្រាប់​គ្រួសារ​ជន​ភៀស​ខ្លួន​មួយ​មក​ពី​ប្រទេស​អេត្យូពី (Ethiopie)។​ នាង​ ​Sahar Wasif​ ដែល​ជាអ្នកស្ម័គ្រ​ចិត្ត​ម្នាក់និយាយ​ថា៖ «ខ្ញុំ​មក​ទី​នេះ​ដើម្បី​ជួយ។​ខ្ញុំ​សប្បាយ​ចិត្ត»។

នាង ​Sahar ​និង​គ្រួសារ​នាង​ក៏​ជា​ជនភៀសខ្លួន​ដែរ។​ពួក​គេ​មកពី​ប្រទេស ​អាហ្វហ្គានីស្ថាន ​(Afghanistan)​ កាលពី​ពីរ​បី​ខែ​មុន​នេះ​ហើយ​រស់​នៅ​ក្នុង​ផ្ទះ​អាផាតមិន ​មួយ​នៅ​ជិត​ទី​នេះ​ដែល​មាន​គ្រឿង​សង្ហារឹម​គ្រប់​គ្រាន់​ ​ប្រុង​ប្រៀប​រួច​ស្រេច​ផង​ដែរ​ដើម្បី​ឱ្យ​ក្រុម​គ្រួសារ​នាង​បាន​ចូល​ស្នាក់​នៅ ​ពេលគ្រួសារ​នាង​បាន​មក​ដល់។

ពួក​អ្នកស្ម័គ្រ​ចិត្ត​ទាំង​នេះ​បាន​និយាយ​ថា​ ពួក​គេ​ចង់​ផ្តល់​ត្រឡប់​វិញ​នូវ​អ្វី​ដែល​ពួក​គេ​បាន​ទទួល​នៅពេល​ពួក​គេ​មក​ដល់​ប្រទេស​អាមេរិក។​ លោក Sajid Malik ដែល​ជា​អ្នកស្ម័គ្រចិត្ត​ម្នាក់ទៀត​ថ្លែងថា៖ «នៅ​ពេល​ខ្ញុំ​មក​ដល់ទីនេះ​ ខ្ញុំ​មានការ​ច្របូក​ច្របល់​ក្នុង​ចិត្ត។​នៅថ្ងៃ​នេះ​ ខ្ញុំ​មាន​អារម្មណ៍​ល្អ​ដោយ​បានមក​ជួយ​នៅ​ទី​នេះ​ពីព្រោះ​ខ្ញុំ​បានឆ្លង​កាត់​ពេល​វេលា​ពិបាក មួយ​ដូចនេះ​ដែរ»។

អង្គការ​មិន​គិត​កម្រៃ​មួយ​មាន​ឈ្មោះ​ថា​ Kindworks ​មាន​មូ​លដ្ឋាន​នៅ​ក្នុង​រដ្ឋ​ Maryland ​បានចាត់ចែង​កម្មវិធី​ឱ្យ​ពួក​ជនភៀស​ខ្លួន​មកតាំង​លំនៅ​ដ្ឋាន​ក្នុង​ប្រទេស​អាមេរិក។​អ្នកស្រី​ Salma Hasan Ali ​ដែល​ជាអ្នកធ្វើការ​ជាមួយ​អង្គការ Kindworks ​និយាយ​ថា៖ «យើង​ធ្វើការ​ជាមួយ​ទី​ភ្នាក់ងារ​ចាត់ចែង​ការ​តាំងផ្ទះ​សំបែង​ជាថ្មី។​យើង​បានរក​ឃើញ​ពី​ពួក​គេថាតើ​គ្រួសារ​ណា​មក​ដល់ពេល​ណា។​បន្ទាប់មក​យើង​ទាក់ទង​នឹង​ពួក​សមាជិក​យើង​ហើយ​សុំ​ពួក​គេឱ្យ​ជួយ​ផ្តល់​នូវ​វត្ថុដែល​យើង​ត្រូវ​ការ​ដាក់ក្នុង​ផ្ទះ»។

អង្គការ​ Kindworks ​បាន​ចាត់ចែង​ផ្ទះ​អាផាតមិន ​១៧​ហើយ​រហូត​មក​ដល់​ពេល​នេះ​សម្រាប់​ពួក​ជនភៀស​ខ្លួន​មក​ពី​ប្រទេសអាហ្វហ្គានីស្ថាន​ ​(Afghanistan)​ ប្រទេស​ស៊ីរី​និង​ប្រទេស​មួយ​ចំនួន​ទៀត​ក្នុងទ្វីប​អាហ្វ្រិក។ អ្នកស្រី​ Alexa Clark Abdelatey ​ដែល​ជាអ្នក​ធ្វើការ​ជាមួយ​អង្គការ​ Kindworks ​និយាយ​ថា៖ «យើង​អាច​ប្រើ​សេចក្តី​ស្រឡាញ់យ៉ាងច្រើន ការចាប់​អារម្មណ៍​ ការ​យក​ចិត្ត​ទុកដាក់​ពី​សំណាក់​ជន​ជាតិអាមេរិកាំង​ដែល​ដឹង​ថា​ពួក​ជន​ភៀសខ្លួន​ទាំង​នេះ​នឹងមក​ដល់។​ពួក​គេ​ចង់ឱ្យ​ពួក​ជន​ភៀសខ្លួន​ទាំង​នេះ​មាន​អារម្មណ៍​ថា​ពួក​គេ​ត្រូវ​បាន ស្វាគមន៍​ ដែល​នេះ​ជា​រឿង​ពោរពេញ​ដោយ​អត្ថន័យ​យ៉ាង​ខ្លាំង»។

ផ្ទះ​អាផាតមិន​ នេះ​មានការ​ប្រុង​ប្រៀប​រួច​ស្រេច​ហើយ​ ហើយ​កំពុង​រង់ចាំ​អ្នក​មក​នៅ​ថ្មីៗ​ដែល​នឹង​មក​ដល់​ក្នុង​ពេលពីរ​បី​ថ្ងៃ​ទៀត​ដើម្បី​ចាប់​ផ្តើម​ជីវភាព​ថ្មី​របស់​ពួក​គេ៕

ប្រែ​សម្រួល​ ឈឹម សុមេធ

XS
SM
MD
LG