ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ីរ៉ង់​ចោទ​ប្រកាន់​អាមេរិក​ថា​គាំទ្រ​ពួក​រដ្ឋឥស្លាម​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន ប៉ុន្តែ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​បដិសេធ


លោក Mohammad Javad Zarif រដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ង់​ថ្លែង​នៅ​ក្នុង​សន្និសីទ​សន្តិសុខ​នៅ​ក្នុង​ក្រុង Munich កាលពី​ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨។
លោក Mohammad Javad Zarif រដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ង់​ថ្លែង​នៅ​ក្នុង​សន្និសីទ​សន្តិសុខ​នៅ​ក្នុង​ក្រុង Munich កាលពី​ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨។

ប្រទេស​អ៊ីរ៉ង់​បាន​ចោទ​ប្រកាន់​សហរដ្ឋ​អាមេរិក​ថា​បាន​ជួយ​ពួក​សកម្ម​ប្រយុទ្ធ​រដ្ឋ​ឥស្លាម នៅក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ ដែល​បាន​បង្ក​ឲ្យ​មាន​អំពើ​ភេរវកម្ម​នៅក្នុង​តំបន់​ និង​បាន​គំរាម​កំហែង​ដល់​ប្រទេស​ជិត​ខាង​នានា។ រដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ង់​លោក Mohammad Javad Zarif ​ដែល​កំពុង​បំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស​ប៉ាគីស្ថាន​ បាន​ធ្វើ​ការ​ចោទ​ប្រកាន់​ដូច្នេះ​ ខណៈ​ថ្លែង​ទៅ​កាន់​កិច្ចប្រជុំ​ជាមួយ​ពួក​អ្នក​ការទូត​ បញ្ញវន្ត​ និង​ក្រុម​អ្នកសារពត៌មាន​នៅក្នុង​រដ្ឋធានី​អ៊ីស្លាម៉ាបាដ។

លោក​បាន​ថ្លែង​ថា​ឧទ្ធម្ភាគចក្រ​សហរដ្ឋ​អាមេរិក​ត្រូវ​បាន​រក​ឃើញ​ថា​បាន​ដឹក​សមាជិក​របស់​ពួក​រដ្ឋឥស្លាម​ ចេញ​ពី​ស្រុក Haska Meyna ឬ​ត្រូវ​បាន​គេ​ស្គាល់​ថា​ Deh Bala នៅ​ភាគ​ខាងកើត​ប្រទេស​អាហ្វហ្គានីស្ថាន​ទៅ​ទីតាំង​ផ្សេងៗ​ដែល​គេ​មិន​ស្គាល់។ លោក Zarif​ បាន​ថ្លែង​ថា «យើង​ទទួល​បាន​របាយការណ៍​ចារកម្ម​ ព្រម​ទាំង​បានឭ​ពី​សាក្សី​ដែល​បាន​ឃើញ​ផ្ទាល់​ភ្នែក​ថា ពួក​សកម្ម​ប្រយុទ្ធ Daesh ជា​ពួក​ភេរវជន​ត្រូវ​បាន​ដឹកចេញ​ពី​សមរភូមិ​ ជួយ​សង្គ្រោះ​ពី​សមរភូមិ​ប្រយុទ្ធ​ រួម​ទាំង​ចេញ​ពី​ពន្ធនាគារ Haska នា​ពេល​ថ្មីៗ​នេះ»។

ទាំង​ប្រទេស​អ៊ីរ៉ង់​និង​រុស្ស៊ី​ជានិច្ចជាកាល​បាន​ចោទ​ប្រកាន់​ថា​មាន​ឧទ្ធម្ភាគចក្រ​ដែល​គ្មាន​សញ្ញា​បញ្ជាក់​មួយ​ចំនួន​ បាន​ហោះ​ទៅ​កាន់​តំបន់​នានា​នៅក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ ជា​កន្លែង​ដែល​ពួក​សកម្ម​ប្រយុទ្ធ​រដ្ឋ​ឥស្លាម​ការពារ​យ៉ាង​រឹងមាំ។ រដ្ឋាភិបាល​ក្រុងវ៉ាស៊ីតោន​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​ទាំងនេះ​ ហើយ​ថា​«​នេះ​គ្រាន់​តែ​ជា​ពាក្យ​ចចាមអារ៉ាម​ប៉ុណ្ណោះ» និង​បាន​អះអាង​ថា​ការ​វាយ​ប្រហារ​តាម​អាកាស​របស់​ខ្លួន​ធ្វើឡើង​ដើម្បី​ជួយ​គាំទ្រ​ដល់​កង​កម្លាំង​អាហ្វហ្គានីស្ថាន​ ប្រឆាំង​នឹង​ពួក​រដ្ឋឥស្លាម​នៅ​ក្នុង​ខេត្ត​ Nangarhar ភាគ​ខាងកើត៕

XS
SM
MD
LG