ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​​តុលាការ​តួកគី​ច្រាន​ចោល​ការ​ប្តឹង​ឧទ្ធរណ៍​ដើម្បី​ដោះ​លែង​គ្រូ​គង្វាល​ជន​ជាតិ​អាមេរិកាំង


គ្រូ​គង្វាល​ជន​ជាតិ​អាមេរិកាំង Andrew Brunson (អាវស) ពេល​មក​ដល់​ផ្ទះ​ក្រោយ​ពេល​ត្រូវ​បាន​ដោះ​លែង​​ពីពន្ធនាគារ​នៅ​ក្រុង Izmir កាល​ពី​ថ្ងៃទី​២៥ កក្កដា ២០១៨។
គ្រូ​គង្វាល​ជន​ជាតិ​អាមេរិកាំង Andrew Brunson (អាវស) ពេល​មក​ដល់​ផ្ទះ​ក្រោយ​ពេល​ត្រូវ​បាន​ដោះ​លែង​​ពីពន្ធនាគារ​នៅ​ក្រុង Izmir កាល​ពី​ថ្ងៃទី​២៥ កក្កដា ២០១៨។

តុលាការ​តួកគី​បាន​ច្រាន​ចោល​ការ​ប្តឹង​ឧទ្ធរណ៍​កាល​ពី​ថ្ងៃ​សុក្រ​ ក្នុង​ការ​ដោះលែង​លោក​ Andrew Brunson ​គ្រូ​គង្វាល​ជនជាតិ​អាមេរិកាំង​ដែល​ការ​ឃុំឃាំង​រូប​លោក​បាន​ធ្វើ​ឲ្យ​មាន​ជម្លោះ​ខាង​ការទូត​រវាង​តួកគី​ និង​សហរដ្ឋ​អាមេរិក។

តុលាការ​ជាន់​ខ្ពស់​នៅ​ក្នុង​ទីក្រុង ​Izmir ​បាន​ធ្វើ​ទៅតាម​ការ​សម្រេច​របស់​តុលាការ​ជាន់​ទាប​ដើម្បី​រក្សា​លោក​ Brunson​ ឲ្យ​ស្ថិត​នៅ​ក្នុង​ការ​ឃុំ​ឃាំង​ក្នុង​ផ្ទះ ​នេះ​បើ​តាម​បណ្តាញ​ព័ត៌មាន​តួកគី​និង​លោក ​Cem Halavurt ​មេធាវី​របស់​លោក​ Brunson។ តុលាការ​ក៏​បាន​ច្រាន​ចោល​ការ​ប្តឹង​ឧទ្ធរណ៍​ដើម្បី​លុប​ចោល​ការ​ធ្វើ​ដំណើរ​របស់​លោក​ Brunson ផង​ដែរ។

​ការ​សម្រេច​ទាំង​នេះ​បាន​កើត​មាន​ឡើង​ទើប​តែ​ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​រដ្ឋ​មន្រ្តី​ម្នាក់​របស់​តួកគី​បាន​និយាយ​ថា ​ប្រទេស​របស់​លោក​នឹង​ធ្វើ​ការ​ឆ្លើយ​តប ​ប្រសិន​បើ​សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម​ថ្មី​ដោយសារ​ការ​បន្ត​ការ​ឃុំឃាំង​លោក ​Brunson ​ដែល​ត្រូវ​បាន​រង​ការ​ចោទ​ប្រកាន់​ពី​ការ​គាំទ្រ​បុព្វជិត​អ៊ីស្លាម ​Fethullah Gullen ​ដែល​មាន​ទីតាំង​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។​ តួកគី​បាន​ចោទ​ប្រកាន់​បុព្វជិត ​Gullen ​ជា​មេគំនិត​នៅ​ពីខាង​ ក្រោយ​នៃ​រដ្ឋ​ប្រហារ​មិន​បាន​ទទួល​ជោគ​ជ័យ​នៅ​ឆ្នាំ​២០១៦។

​លោក​ Runhsar Pekcan​ រដ្ឋ​មន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​តួកគី​បាន​ត្រូវ​ទីភ្នាក់​ងារ​ព័ត៌​មាន​រដ្ឋ​តួកគី ​Anadolu ​ដកស្រង់​សម្តី​មក​ចុះផ្សាយ​ថា «យើង​បាន​ធ្វើ​ការ​ឆ្លើយ​តប​ជា​ស្រេច​ហើយ​ដោយ​ផ្អែក​លើ​ច្បាប់​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ហើយ​នឹង​បន្ត​ធ្វើ​ដូច្នេះ​ទៀត»។

​រដ្ឋ​មន្រ្តី​ក្រសួង​រតនា​គារ​សហរដ្ឋ​អាមេរិក​លោក ​Steven Mnuchin ​បាន​និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បត៍​ថា ​សហរដ្ឋ​អាមេរិក​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ហើយ​ដើម្បី​ដាក់​ទណ្ឌកម្ម​កាន់​តែ​ច្រើន​ឡើង​លើ​តួកគី ​ប្រសិនបើ​លោក​ Brunson ​មិនបាន​ទទួល​ការ​ដោះ​លែង​ទេ​នោះ៕

XS
SM
MD
LG