កាលពីថ្ងៃសៅរ៍ម្សិលមិញ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានរិះគន់ថា បញ្ហាសេដ្ឋកិច្ចដែលកើតឡើងនៅក្នុងប្រទេសតួកគីគឺបណ្ដាលមកពីសហរដ្ឋអាមេរិក និងប្រទេសដទៃទៀត ដែលប្រទេសទាំងនោះកំពុងបង្កសង្គ្រាមសេដ្ឋកិច្ចប្រឆាំងនឹងប្រទេសរបស់លោក។
លោក Erdogan រិះគន់ដូច្នេះគឺជាការឆ្លើយតបចំពោះការធ្លាក់ចុះនូវតម្លៃរូបិយវត្ថុលីរ៉ារបស់ប្រទេសតួកគី បើធៀបជាមួយនឹងប្រាក់ដុល្លារអាមេរិក បន្ទាប់ពីសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្ម និងយកពន្ធគយនៅក្នុងរយៈពេលពីរសប្ដាហ៍កន្លងមកនេះ។
នៅក្នុងអត្ថបទបញ្ចេញមតិមួយនៅក្នុងកាសែត the New York Times កាលពីថ្ងៃសុក្រ លោក Erdogan បានសរសេរថា៖ «ប្រសិនបើទំនោរនៃទស្សនៈឯកតោភាគី និងការមិនគោរពបែបនេះមិនត្រឡប់ទៅរកសភាពដើមវិញនោះទេ នោះប្រទេសតួកគីនឹងចាប់ផ្ដើមស្វែងរកសម្ព័ន្ធមិត្តថ្មី»។
ប្រទេសតួកគី និងសហរដ្ឋអាមេរិកឈ្លោះប្រកែកកាលពីសប្ដាហ៍មុនទាក់ទិននឹងការណ៍ដែលតួកគីមិនព្រមដោះលែងបព្វជិតគ្រិស្តសាសនាអាមេរិកាំងម្នាក់ឈ្មោះ Andrew Brunson ចេញពីការឃុំឃាំងក្នុងផ្ទះ នៅពេលដែលលោកកំពុងរង់ចាំសវនាការកាត់ទោសរូបលោកពីបទភេរវកម្ម។
លោក Brunson ត្រូវបានអាជ្ញាធរតួកគីឃុំខ្លួនអស់រយៈពេល ២០ ខែមកហើយ ក្រោមបទចោទប្រកាន់ថា លោកបានគាំទ្រក្រុមមួយចំនួនដែលរដ្ឋាភិបាលតួកគីចាត់ទុកថាជាក្រុមភេរវជន។
ដើម្បីជាការឆ្លើយតបទៅនឹងការមិនដោះលែងលោក Brunson នេះ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើមន្ត្រីរដ្ឋាភិបាលតួកគីពីររូប។ បន្ថែមពីនេះទៀត កាលពីថ្ងៃសុក្រ ប្រធានាធិបតីអាមេរិកលោក Donald Trump បានសរសេរនៅលើ Twitter ថា លោកនឹងបង្កើនពន្ធគយលើទំនិញដែកថែប និងអាលុយមីញ៉ូមដែលនាំចូលមកពីប្រទេសតួកគី ដោយពន្ធលើអាលុយមីញ៉ូមនឹងកើនរហូតដល់ ២០ ភាគរយ ចំណែកឯពន្ធគយលើដែកថែបនឹងកើនរហូតដល់ ៥០ ភាគរយ៕