អ្នកឃ្លាំមើលសង្គ្រាមម្នាក់បាននិយាយថា ពួកយុទ្ធជនស៊ីរីគាំទ្រដោយតួកគីបានប៉ះទង្គិចជាមួយកងកម្លាំងដឹកនាំដោយពួកជនអម្បូរ Kurd នៅក្នុងផ្នែកមួយចំនួនក្នុងតំបន់ឦសាននៃប្រទេសស៊ីរីកាលពីថ្ងៃសៅរ៍ ដោយមានយុទ្ធជនខ្លះឆ្លងកាត់ព្រំដែនមកពីប្រទេសតួកគី ដើម្បីវាយប្រហារភូមិមួយ។ ភាគីទាំងពីរបានបន្ទោសគ្នាទៅវិញទៅមកអំពីការប្រយុទ្ធនេះ ដែលធ្វើឱ្យរង្គោះរង្គើដល់ការឈប់បាញ់គ្នាសម្របសម្រួលដោយសហរដ្ឋអាមេរិក។
នៅពេលជិតពីរថ្ងៃនៃរយៈពេលប្រាំថ្ងៃដែលមិនត្រូវមានការប្រយុទ្ធគ្នា ភាគីទាំងពីរនៅតែបាញ់គ្នានៅជុំវិញក្រុងព្រំដែន Ras al-Ayn។ ក៏គ្មានសញ្ញានៃការដកថយដោយកងកម្លាំងដឹកនាំដោយពួក Kurd ពីទីតាំងនានានៅតាមព្រំដែនរវាងប្រទេសស៊ីរី និងប្រទេសតួកគីទេ តាមការអំពាវនាវនៅក្នុងកិច្ចព្រមព្រៀងមួយរវាងតួកគីនិងសហរដ្ឋអាមេរិក។
ក្រសួងការពារប្រទេសតួកគីបាននិយាយថាខ្លួន «គោរពទាំងស្រុង» តាមកិច្ចព្រមព្រៀងនេះហើយថា មាន «ការសម្របសម្រួលភ្លាមៗ» ជាមួយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ដើម្បីធ្វើឱ្យប្រាកដប្រជាថា មានភាពស្ងប់ស្ងៀមតទៅទៀត។
ក្រសួងនេះបានចោទប្រកាន់ក្រុមយុទ្ធជនដឹកនាំដោយពួក Kurd ថាបាន «ធ្វើការវាយប្រហារ» ១៤លើកក្នុងរយៈពេល៣៦ម៉ោងមុននេះ ភាគច្រើននៅក្នុងក្រុង Ras al-Ayn ដែលបានត្រូវឡោមព័ទ្ធដោយពួកយុទ្ធជនសម្ព័ន្ធមិត្តនៅមុនមានកិច្ចព្រមព្រៀងឈប់បាញ់គ្នា។ ក្រសួងការពារប្រទេសតួកគីបាននិយាយថា ក្រុមយុទ្ធជន Kurd ស៊ីរីបានប្រើប្រាស់កាំភ្លើងត្បាល់ រ៉ុក្កែត និងកាំភ្លើងយន្តធុនធ្ងន់ប្រឆាំងនឹងយន្តហោះនិងប្រឆាំងនឹងរថក្រោះនៅក្នុងការប្រយុទ្ធទាំងនោះ៕