គណបក្សប្រជាធិបតេយ្យ បានធ្វើការរិះគន់យ៉ាងខ្លាំងលើប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ ត្រាំ ក៏ប៉ុន្តែ ពួកគេ ក៏មិនបានស្ទាក់ស្ទើរវាយប្រហារគ្នាទៅវិញទៅ មកលើបញ្ហានានាដូចជាការថែទាំសុខភាព ប្រាក់ចំណូលមិនស្មើគ្នាហើយនឹងលារដកកងទ័ពសហរដ្ឋអាមេរិកចេញពីប្រទេសស៊ីរី។
រឿងសំខាន់ជាងគេនៅក្នុងការជជែកដេញដោលកាលពីថ្ងៃអង្គារ គឺការស៊ើបអង្កេតការប្តឹងទម្លាក់ប្រធានាធិបតីចេញពីតំណែងដែលទាក់ទិននិងលោកប្រធានាធិបតីត្រាំនិងការខំប្រឹងប្រែងរបស់លោកដើម្បីធ្វើឲ្យប្រទេសអ៊ុយក្រែនស៊ើបអង្កេតលោក Joe Biden ខាងគណបក្សប្រជាធិបតេយ្យ។
លោក Biden បានធ្វើការឆ្លើយតបថា៖ «លោក Rudy Giuliani ប្រធានាធិបតីត្រាំនិងជនដែលប្រព្រឹត្តបទឧក្រិដ្ឋរបស់លោកប្រធានាធិបតី បានបង្ហាញរួចហើយថា ពួកគេកំពុងភូតកុហក។ អ្វីដែលយើងត្រូវធ្វើនៅពេលឥឡូវនេះ គឺផ្តោតលើប្រធានាធិបតីដូណាល់ ត្រាំ។ លោកត្រាំ មិនចង់ឲ្យខ្ញុំក្លាយជាបេក្ខជនប្រធានាធិបតីទេ។ លោក កំពុងតាមរករឿងខ្ញុំ ពីព្រោះតែលោកត្រាំដឹងថា ប្រសិនបើ ខ្ញុំបានទទួលការតែងតាំង ខ្ញុំ នឹងយកឈ្នះយ៉ាងងាយស្រួលបំផុត»។
បេក្ខជនទាំង១២នាក់នោះដែលស្ថិតនៅវេទិកាគាំទ្រការស៊ើបអង្កេតការប្តឹងទម្លាក់ប្រ ធានាធិបតីចេញពីតំណែង រួមទាំងលោកស្រី Elizabeth Warren សមាជិកព្រឹទ្ធសភា រដ្ឋ Massachusetts ដែលឥឡូវនេះការស្ទង់មតិការបោះឆ្នោតកំពុងឡើងជិតស្មើលោក Biden។ សមាជិកព្រឹទ្ធសភា Elizabeth Warren បេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យបាននិយាយថា៖ «ការប្តឹងទម្លាក់ប្រធានាធិបតីចេញពីតំណែង ជា មធ្យោបាយមួយដែលយើង ធ្វើនេះបុរសនេះនឹងមិនត្រូវអនុញ្ញាតឲ្យរំលោភច្បាប់ម្តងហើយម្តងទៀតដោយមិនមានការទទួលខុសត្រូវនោះទេ»។
ការជជែកដេញដោលក៏បានលើកឡើងពីការវិលត្រឡប់របស់សមាជិកព្រឹទ្ធសភាBernie Sander មកកាន់យុទ្ធនាការឃោសនាបោះឆ្នោតបន្ទាប់ពីមានជំងឺបេះដូងកាលពីពេលថ្មីៗនេះ ហើយលោក Sanders បានព្រមានពីបញ្ហានៃការប្តឹងទម្លាក់ប្រធានាធិបតីចេញពីតំណែងនេះ។ លោកសមាជិកព្រឹទ្ធសភា Bernie Sanders បានថ្លែងថា៖
«ក៏ប៉ុន្តែ ខ្ញុំគិតពីអ្វីដែលនឹងក្លាយជាមហន្តរាយមួយ ប្រសិនបើ ពលរដ្ឋអាមេរិកាំង ជឿថា យើងទាំងអស់គ្នាកំពុងតែគិតអំពីប្រកួតប្រជែងជាមួយប្រធានាធិបតីត្រាំហើយយើង កំពុងបំភ្លេចថា ពលរដ្ឋអាមេរិកាំង៨៧លាននាក់ មិនមានការថែទាំសុខភាពនោះ»។
លោក Cory Booker សមាជិកព្រឹទ្ធសភាមកពីរដ្ឋ New Jersey ព្រួយបារម្ភថា ពួកអ្នកបោះឆ្នោត អាចយល់ថាការខំប្រឹងប្រែងការប្តឹងទម្លាក់ប្រធានាធិបតីចេញពីតំណែងរបស់គណបក្សប្រជាធិបតេយ្យជាការប្រកាន់បក្សពួកខ្លាំងពេក។ សមាជិកព្រឹទ្ធសភា Cory Booker ជាបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យថ្លែងថា៖ «ខ្ញុំបានយល់ពីការខឹងសម្បារដែលយើងទាំងអស់គ្នាមាន ក៏ប៉ុន្តែ យើងត្រូវតែអនុវត្តដំណើរការនៃការប្តឹងទម្លាក់ប្រធានាធិបតីចេញពីតំណែងនេះក្នុងរបៀបដែលសុចរិតទៀងត្រង់និងបង្រួបបង្រួមប្រទេសរបស់យើងនិងមិនបំបែកប្រទេសរបស់យើង»។
មានការជជែកដេញដោលប្រកបដោយភាពក្លៀវក្លាស្តីពីការថែទាំសុខភាព ការត្រួតត្រាអាវុធហើយនឹងសម្រេចការដកកងទ័ពសហរដ្ឋអាមេរិកប្រកបដោយការទាន់ហន់របស់ប្រធានាធិបតីត្រាំចេញពីប្រទេសស៊ីរី។
ការសម្រេចដកទ័ពនេះ បានធ្វើឲ្យមានរិះគន់ប្រកបដោយការខឹងសម្បារពីលោក Pete Buttigieg បេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ។ លោកButtigieg បេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ បានថ្លែងថា៖«ការសម្លាប់ដែលកំពុងបន្តមានឡើងនៅក្នុងប្រទេសស៊ីរី មិនមែនដោយសារនៃវត្តមានរបស់អាមេរិកាំងទេ។ វាជាផលវិបាកនៃការដកកងទ័ពនិងការក្បត់សម្ព័ន្ធមិត្តនិងសេចក្តីថ្លៃថ្នូររបស់អាមេរិកាំងដែលធ្វើឡើងដោយប្រធានាធិបតីអាមេរិកាំង»។
លោកស្រី Amy Klobucharសមាជិកព្រឹទ្ធសភាមកពីរដ្ឋ Minnesota ក៏ជាអ្នករិះគន់ការសម្រេចរបស់ប្រធានាធិបតីត្រាំដែរ។ សមាជិកព្រឹទ្ធសភា Amy Klobuchar បានថ្លែងថា៖ «ខ្ញុំចង់ឮពីលោកប្រធានាធិបតីអំពីការទុកឲ្យជនជាតិ Kurds ដែលជាសម្ព័ន្ធមិត្តរបស់យើងឲ្យគេសម្លាប់ ហើយបន្ទាប់មក រុស្ស៊ីចូលមកជំនួសដើម្បីការពារពួកគេ តើការណ៍នេះ ធ្វើឲ្យអាមេរិកអស្ចារ្សម្តងទៀតយ៉ាងដូចម្តេច។ ការណ៍នេះ មិនធ្វើឲ្យអាមេរិកអស្ចារ្សម្តងទៀតទេ។ វាធ្វើឲ្យប្រទេសរុស្ស៊ីអស្ចារ្យម្តងទៀតវិញ»។
ពួកគណបក្សប្រជាធិបតេយ្យ នឹងធ្វើការជជែកដេញដោលលើកក្រោយនៅថ្ងៃទី២០ ខែវិច្ឆិកានៅក្នុងរដ្ឋ Georgia៕
ប្រែសម្រួលដោយជឹង ប៉ូជីន