ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តួកគី​ចាត់​ទុក​ការ​បើក​ស្ថានទូត​​អាមេរិក​នៅក្នុង​ទីក្រុង​ហ្ស៊េរុយសាឡិម​​ជា​ការព្រួយ​បារម្ភ​យ៉ាង​ខ្លាំង


រូបឯកសារ៖ អ្នក​ថ្មើរជើង​ដើរ​នៅ​ជិត​ស្ថានទូត​សហរដ្ឋ​អាមេរិក​នៅក្នុង​ទីក្រុង Tel Aviv ប្រទេស​អ៊ីស្រាអែល។

រដ្ឋាភិបាល​តួកគី​បាន​ចាត់ទុក​ថា​វា​ជា​ការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ ដែល​សហរដ្ឋ​អាមេរិក​នឹង​បើក​ស្ថានទូត​នៅក្នុង​ទីក្រុង ហ្ស៊េរុយសាឡិម​ នៅ​ក្នុង​ខែ​ឧសភា​ជំនួស​ឲ្យ​នៅ​ដំណាច់​ចុង​ឆ្នាំ​ក្រោយ​នេះ​ ដូច​ដែល​ធ្លាប់​បាន​ប្រកាស​កាល​ពី​ពេល​មុន។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​ក្រសួង​ការបទេស​តួកគី​កាល​ពី​ថ្ងៃសៅរ៍​បាន​ឲ្យ​ដឹង​ថា​ «ការ​សម្រេច​ចិត្ត​នេះ​នឹង​បង្ហាញ​ថារដ្ឋបាល​សហរដ្ឋអាមេរិក​នឹង​បំផ្លាញ​មូលដ្ឋាន​សន្តិភាព​ តាម​រយៈ​ការ​ជាន់​ឈ្លី​លើ​ច្បាប់​អន្តរជាតិ​ ដំណោះ​ស្រាយ​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ស្តី​ពី​ទីក្រុង​ហ្ស៊េរុយសាឡិម។

អនុប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក​ Mike Pence​ បាន​ប្រាប់​សភា​អ៊ីស្រាអែល​កាល​ពី​ខែ​មុន​ថា​ ការ​ផ្លាស់​ប្តូរ​ទីតាំង​ស្ថានទូត​នឹង​ធ្វើ​ឡើង​នៅ​ដំណាច់​ចុង​ឆ្នាំ​២០១៩​ ប៉ុន្តែ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​សុក្រ​បាន​ប្រកាស​ថា ​រដ្ឋបាល​សហរដ្ឋ​អាមេរិក​នឹង​បើក​ស្ថានទូត​របស់​ខ្លួន​នៅ​ខែឧសភា​ គឺ​នៅ​ចំ​ពេល​ខួប​លើក​ទី៧០​របស់​អ៊ីស្រាអែល។

លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក ដូណាល់ ត្រាំ កាល​ពី​ខែធ្នូ​បាន​ប្រកាស​ពី​ការ​ទទួល​ស្គាល់​របស់​សហរដ្ឋ​អាមេរិក​ថា​ទីក្រុង​ហ្ស៊េរុយសាឡិម គឺ​ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល​ដែល​ការណ៍​នេះ​បាន​ធ្វើ​ឲ្យ​ប្រទេស​អារ៉ាប់​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​រដ្ឋាភិបាល​ក្រុងវ៉ាស៊ីតោន​ និង​ប៉ាឡេស្ទីន​មាន​ការ​ខឹង​សម្បា​ ដោយសារ​តែ​ពួកគេ​ចង់​បាន​តំបន់​ផ្នែក​ខាង​កើត​ទីក្រុង​ Old City​ ធ្វើ​ជា​រដ្ឋធានី​របស់​ពួកគេ។

ក្រសួង​ការបរទេស​តួកគី​បាន​ប្រកាស​ថា​«តួកគី​នឹង​បន្ត​កិច្ច​ខំប្រឹង​ប្រែង​របស់​ខ្លួន​ក្នុង​ការ​ការពារ​ភាពស្រប​ច្បាប់​របស់​ប៉ាឡេស្ទីន​ ប្រឆាំង​នឹង​ការ​សម្រេច​ចិត្ត​របស់​សហរដ្ឋ​អាមេរិក​ដែល​បង្ក​ឲ្យ​មាន​ក្តី​បារម្ភ​នេះ»។

មេ​ដឹកនាំ​ប៉ាឡេស្ទីន​បាន​និយាយ​កាល​ពី​ថ្ងៃសុក្រ​ថា ​ការ​ប្តូរ​ទីតាំង​ស្ថានទូត​សហរដ្ឋ​អាមេរិក​លឿន​ជាង​គម្រោង​ដែល​បាន​ប្រកាស​កាល​ពី​ពេល​មុន​គឺ​ជា​«ការញុះញង់​ដល់​ប្រទេស​អារ៉ាប់រួម»៕

XS
SM
MD
LG