ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Mike Pence ថ្លែង​ថា​ស្ថានទូត​សហរដ្ឋ​អាមេរិក​ នឹង​ប្តូរ​ទៅ​ទីក្រុង Jerusalem​ នៅ​ឆ្នាំ២០១៩


លោក​អនុប្រធានាធិបតី​សហរដ្ឋអាមេរិក Mike Pence ថ្លែង​ទៅ​កាន់​សភា​អ៊ីស្រាអែល នៅ​ក្នុង​ក្រុង Jerusalem កាលពី​ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨។
លោក​អនុប្រធានាធិបតី​សហរដ្ឋអាមេរិក Mike Pence ថ្លែង​ទៅ​កាន់​សភា​អ៊ីស្រាអែល នៅ​ក្នុង​ក្រុង Jerusalem កាលពី​ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨។

លោក​អនុប្រធានាធិបតី​សហរដ្ឋអាមេរិក Mike Pence បាន​ថ្លែងកាល​ពី​ថ្ងៃ​ចន្ទ​ថា​ សហរដ្ឋ​អាមេរិក​នឹង​ប្តូរ​ទីតាំង​ស្ថានទូត​របស់ខ្លួន​ទៅទីក្រុង Jerusalem ក្នុង​ប្រទេស​អ៊ីស្រាអែល​នៅចុង​ឆ្នាំ២០១៩។

នៅ​ចំពោះ​មុខ​រដ្ឋសភា​អ៊ីស្រាអែល​ លោក Pence បាន​ថ្លែង​ថា «នៅ​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​នេះ​ រដ្ឋបាល​របស់​យើង​នឹង​ពន្លឿន​ដំណើរការ​ប្តូរ​ទីតាំង​ស្ថានទូត​សហរដ្ឋអាមេរិក​ទៅ​ទីក្រុងJerusalem ហើយ​ស្ថានទូត​អាមេរិក​ នឹង​បើក​ដំណើរការ​នៅ​ចុង​ឆ្នាំ​ក្រោយ។

លោក​បាន​បន្ថែម​ថា «ទីក្រុង Jerusalem គឺ​ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល​ ហេតុដូច្នេះ​ហើយ​ បាន​ជា​លោក​ប្រធានាធិបតីTrump បាន​បញ្ជា​ទៅ​ក្រសួង​ការបទេស​ ឲ្យ​ចាប់ផ្តើម​រៀបចំ​ប្តូរស្ថានទូត​របស់​យើង​ពី​ទីក្រុង Tel Aviv ទៅ​ទីក្រុង Jerusalem»។

លោក​ប្រធានាធិបតី Donald Trump បាន​ធ្វើ​ខុស​ពី​គោលនយោបាយ​សហរដ្ឋអាមេរិក​ដែល​មាន​រាប់​ទសវត្សរ៍​មកហើយ​ តាមរយៈ​ការប្រកាស​ទទួល​ស្គាល់​ទីក្រុង Jerusalem​ ថា​ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល​ និង​កំពុង​រៀបចំ​ដំណើរការ​ផ្លាស់ប្តូរ​ទីតាំង​ស្ថាន​ទូតអាមេរិក​ចេញ​ពី​ទីក្រុង Tel Aviv ផងដែរ។

លោក​រដ្ឋមន្ត្រី​ការបរទេស Rex Tillerson ធ្លាប់​បាន​ថ្លែង​កាល​ពី​មុន​ថា​ការ​ផ្លាស់​ប្តូរ​ទីតាំង​ស្ថានទូត​អាច​ត្រូវ​ការ​ពេល​ជាច្រើន​ឆ្នាំ។ ប៉ុន្តែ​កាល​ពី​ថ្ងៃចន្ទ​ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​លោកស្រី Heather Nauert បាន​អះអាង​ថា​ រដ្ឋបាល​របស់​លោក Trump «នឹង​ពន្លឿន​ដំណើរការ​ប្តូរ​ទីតាំង​ស្ថានទូតអាមេរិក​ទៅទីក្រុង Jerusalem និង​បើក​ឲ្យ​ស្ថានទូត​នេះ​ដំណើរការ​នៅ​មុន​ដំណាច់​ចុង​ឆ្នាំ​ក្រោយ​នេះ»។ លោកស្រី Nauert ក៏​បាន​បញ្ជាក់​នៅក្នុង​សេចក្តី​ថ្លែងការណ៍​នេះ​ផង​ដែរថា​លោក Tillerson បាន​ដឹង​យ៉ាង​ច្បាស់​ហើយ​ថា​ បញ្ហា​សុវត្ថិភាព​ និង​សន្តិសុខ​គឺ​ជា​ការងារ​អទិភាពរបស់​លោក»។

លោក Netanyahu បាន​ថ្លែង​អំណរគុណ​ដល់​លោក Trump និង​លោក Pence​ សម្រាប់​អ្វី​ដែល​លោក​បាន​ហៅ​ថា​ជា «សេចក្តីថ្លែងការណ៍​ជា​ប្រវត្តិសាស្ត្រ» និង​បាន​ប្រកាស​ពី​ចំណង​ទាក់ទង​រវាង​សហរដ្ឋអាមេរិក​និងអ៊ីស្រាអែល​ថា «មិន​ដែល​រឹងមាំ​ដូច​ពេល​ឥឡូវ​នេះ​នោះ​ទេ»៕

XS
SM
MD
LG