ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ គ្រោងនឹងប្រកាសនៅថ្ងៃពុធនេះថា សហរដ្ឋអាមេរិកទទួលស្គាល់ទីក្រុងហ្ស៊េរុយសាឡិមថាជារដ្ឋធានីរបស់ប្រទេសអ៊ីស្រាអែល និងប្ដូរទីតាំងស្ថានទូតសហរដ្ឋអាមេរិកពីទីក្រុង Tel Aviv ទៅកាន់ទីក្រុងហ្ស៊េរុយសាឡិម នេះ។
ការសម្រេចដូចនេះទំនងជាបណ្ដាលឲ្យមានការខឹងសម្បានៅរាល់បណ្ដាប្រទេសអារ៉ាប់ទាំងអស់។ ប៉ុន្តែ សេតវិមានបានបញ្ជាក់ថា លោក ត្រាំ គ្រាន់តែទទួលស្គាល់អ្វីដែលជាការពិតដែលជាប្រវត្តិសាស្ត្រសម័យមុន និងប្រវត្តិសាស្ត្រសម័យទំនើបនេះ។
ដើម្បីបន្ធូរបន្ថយនូវអ្វីដែលអាចជាការខឹងសម្បានេះ លោក ត្រាំ បានទូរស័ព្ទទៅកាន់មេដឹកនាំនៃបណ្ដាប្រទេសនៅតំបន់មជ្ឈិមបូព៌ាចំនួន ៥ រូប កាលពីថ្ងៃអង្គារម្សិលមិញ ដើម្បីបញ្ជាក់ប្រាប់ពួកគេអំពីការសម្រេចចិត្តរបស់លោក។ មេដឹកនាំដែលលោកទូរស័ព្ទទៅនោះគឺនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu មេដឹកនាំប៉ាឡេស្ទីនលោក Mahmoud Abbas ព្រះមហាក្សត្រហ្សកដានី ព្រះអង្គ Abdullah ប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah el-Sissi និងព្រះមហាក្សត្រអារ៉ាប៊ីសាអ៊ូឌីតព្រះអង្គ Salman Bin Abdulaziz Al Saud។
ការប្រកាសរបស់សេតវិមានបានផ្ដល់នូវព័ត៌មានលំអិតបន្តិចបន្តួចប៉ុណ្ណោះអំពីកិច្ចសន្ទនារបស់លោក ត្រាំ ជាមួយនឹងមេដឹកនាំទាំងនោះ ដោយសេតវិមានគ្រាន់តែបញ្ជាក់ថា៖ «មេដឹកនាំទាំងនោះក៏បានពិភាក្សាផងដែរអំពីការសម្រេចចិត្តដែលនឹងធ្វើឡើងពាក់ព័ន្ធនឹងទីក្រុងហ្ស៊េរុយសាឡិម»។
សេចក្ដីប្រកាសរបស់សេតវិមានបានបន្ថែមទៀតថា លោក ត្រាំ បានបញ្ជាក់សារជាថ្មីអំពីការប្ដេជ្ញារបស់លោកក្នុងការជំរុញឲ្យកិច្ចចរចាសន្តិភាពរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន មានដំណើរការទៅមុខ និងបានបញ្ជាក់ផងដែរអំពីសារៈសំខាន់នៃការគាំទ្រដល់កិច្ចចរចាទាំងនោះ៕