ប្រទេសទុយនីស៊ី (Tunisie) បានបោះឆ្នោតជ្រើសតាំងលោក Beji Caid Essebsi អ្នកនយោបាយជើងចាស់នៅក្នុងការបោះឆ្នោតប្រធានាធិបតីដោយសេរីលើកទីមួយចាប់តាំងពីប្រទេសនេះបានទទួលឯករាជ្យពីប្រទេសបារាំងកាលពីឆ្នាំ១៩៥៦មក។
អាជ្ញាធរជាន់ខ្ពស់ឯករាជ្យសម្រាប់រៀបចំការបោះឆ្នោតហៅកាត់ថា ISIE បានប្រកាសកាលពីថ្ងៃចន្ទថា អតីតរដ្ឋមន្ត្រីអាយុ៨៨ឆ្នាំរូបនេះដែលដឹកនាំគណបក្ស Nidaa Tounes នឹងកាន់តំណែងជំនួសលោក Moncef Marzouki ប្រធានាធិបតីកំពុងកាន់តំណែង នៅក្រោយពេលលោកបានទទួលសន្លឹកឆ្នោតគាំទ្រ៥៦ភាគរយ។
លោក Marzouki បានបម្រើការជាប្រធានាធិបតីស្តីទីចាប់តាំងពីមានបដិវត្តន៍និទាឃរដូវអារ៉ាប់ (Arab Spring) ដែលបានចាប់ផ្តើមកាលពីឆ្នាំ២០១១។
គេបានឃើញជាទូទៅថា លោក Essebsi ជាបេក្ខជនដែលមានការគាំទ្រច្រើននៅក្រោយការបោះឆ្នោតជុំទីមួយកាលពីខែមុន។
ក្រុមអ្នកបោះឆ្នោតទុយនីស៊ី ៦០ភាគរយបានទៅបោះឆ្នោតកាលពីថ្ងៃអាទិត្យ៕