ទីក្រុងហាំម៉ាមីត៖ ភាពចលាចលជាច្រើនសប្តាហ៍នៅក្នុងប្រទេសទុយនីស៊ី បានធ្វើឲ្យអន្តរាយដល់គនឹ្លះសេដ្ឋកិច្ចរបស់ប្រទេសក្នុងទ្វីបអាហ្រ្វិកខាងជើងមួយនេះគឺវិស័យទេសចរណ៍។ឧស្សាហកម្មទេសចរណ៍របស់ប្រទេសទុយនីស៊ីគឺជាស្ថាប័នចម្បងមួយ និងអាចទាញយកប្រាក់ចំណូលប្រមាណ៦,៥ភាគរយនៃចំណូលសេដ្ឋកិច្ចរបស់ប្រទេសនេះ។ប៉ុន្តែពីរមណីយដ្ឋានទេសចរណ៍នៅក្នុងទីក្រុងហាំម៉ាមីត(Hammamet)នាងលីស្សា ប្រាយអ៊ិន (Lisa Bryant) រាយការណ៍មកថា អ្នកទេសចរណ៍ប្រហែលជានឹងវិលត្រឡប់មកវិញក្នុងពេលឆាប់ៗនេះ។
អស់រយៈពេលជាច្រើនឆ្នាំ ប្រទេស ទុយនីស៊ី ទទួលបានប្រាក់ចំណូលពីភាពស្រស់ស្អាតរបស់ខ្លួន ដោយបានទាក់ទាញអ្នកទេសចរណ៍អឺរ៉ុបជាច្រើន ឲ្យមកកំសាន្តនៅតាមឆ្នេរសមុទ្រ សំណង់បាក់បែកពីសម័យអាណាចក្ររ៉ូម៉ាំងនិងទីក្រុងទាំងឡាយដែលឆ្លុះបញ្ចាំងពីប្រវត្តិសាស្រ្តដ៏សំបូរបែបរបស់ខ្លួន។
ឥឡូវនេះប្រទេសទុយនីស៊ីកំពុងផ្តល់មុខមាត់ផ្សេងមួយទៀតទៅឲ្យពិភពលោកនោះគឺការប្រឆាំងបះបោរ។ការប្រឆាំងបះបោររបស់ប្រជាពលរដ្ឋកាលពីខែមុនបានបង្ខំឲ្យលោកប្រធានាធិបតីហ្សីនអែលអាប៊ីឌីន បែន អាលី (Zine el Abidine Ben Ali) ចាកចេញពីតំណែងនិងធ្វើឲ្យអ្នកទេសចរណ៍ជាច្រើនមិនអាចចូលមកទស្សនាបាន។
បាតុកម្មទាំងឡាយបានធ្វើឲ្យរញ្ជួយដល់តំបន់រមណីយដ្ឋានឆ្នេរសមុទ្រនៅក្នុងទីក្រុងហាំម៉ាមីត (Hammamet) របស់ប្រទេសទុយនីស៊ី។ អ្នកតាំងទីលំនៅដែលមានការខឹងសម្បារបានបំផ្លាញផ្ទះរបស់កូនប្រសារ របស់លោកប្រធានាធិបតី បែន អាលី។
ឥឡូវនេះពួកគេបានដើរកាត់តាមសំណល់នៃភូមិគ្រិះបាក់បែកនៅតាមឆ្នេរសមុទ្រដែលពួកគេគឺជាអ្នកទេសចរណ៍នៅក្នុងប្រទេសកំណើតរបស់ខ្លួន។
នៅក្នុងទីក្រុង ហាំម៉ាមីត ភ្នាក់ងារទេសចរណ៍ដូចជាសាដុកយូនីស (Sadok Younes) មានពេលទំនេរច្រើន។
លោកយូនីសនិយាយថាអ្នកទេសចរណ៍រាប់រយនាក់បានភៀសខ្លួនចេញ។ លោកនិយាយថាលោកសង្ឃឹមថាអ្នកដែលនៅសេសសល់នឹងធ្វើជាឯកអគ្គរដ្ឋទូតដើម្បីទាក់ទាញអ្នកផ្សេងទៀតឲ្យវិលត្រឡប់មកវិញ។
ផ្លូវទទេរស្អាតនៅក្នុងទីក្រុង ហាំម៉ាមីត ត្រូវបានឆ្លុះបញ្ចាំងនៅកន្លែងផ្សេងទៀត នៅក្នុងប្រទេសទុយនីស៊ី។មានតែអ្នកមូលដ្ឋានតែប៉ុណ្ណោះហ៊ានប្រថុយចូលទៅក្នុងហាងកាហ្វេទាំងឡាយនៅក្នុងទីក្រុងចំណោតថ្មដ៏ល្បីល្បាញ ស៊ីឌី ប៊ូ សាអ៊ីត (Sidi Bou Said) ដែលហាងកាហ្វេទាំងនេះ ជាញឹកញយមានភ្ញៀវចូលកកកុញ សូម្បីតែនៅក្នុងខែមករាក៏ដោយ។
ទីភ្នាក់ងារវាយតម្លៃសេដ្ឋកិច្ចជាច្រើនបានលុបចោលការព្យាករណ៍របស់ខ្លួនអំពីកំណើនសេដ្ឋកិច្ចសម្រាប់ប្រទេសទុយនីស៊ីដោយធ្វើការព្រមានថាការប្រឆាំងបះបោរដែលនៅតែបន្តអាចធ្វើឲ្យរាំងស្ទះដល់វិស័យទេសចរណ៍និងវិនិយោគបរទេស។ប៉ុន្តែអ្នកវិភាគមួយចំនួនមានសុទិដ្ឋិនិយមជាងនេះ។
លោក អូនស៍ (Ons) ដែលជាម្ចាស់ហាងកាហ្វេមួយនៅក្នុងទីក្រុង ស៊ីឌី ប៊ូ សាអ៊ីត និយាយថាការប្រឆាំងបះបោររបស់ប្រជាពលរដ្ឋ ប្រហែលជានឹងជួយជំរុញដល់វិស័យទេសចរណ៍ផងដែរ។
«យើងនឹងមានព្រះអាទិត្យរបស់យើង ឆ្នេរខ្សាច់របស់យើង សណ្ឋាគាររបស់យើង ភាពស្ងប់ស្ងាត់របស់យើងនិងសន្តិសុខរបស់យើងជារៀងរហូត។ហើយលើសពីនេះទៅទៀតយើងនឹងមានសេរីភាពរបស់យើង។ហើយខ្ញុំគិតថានេះជាប្រការល្អសម្រាប់វិស័យទេសចរណ៍មិនមែនជាប្រការអាក្រក់នោះទេ»។
លោកអូនស៍និយាយថាលោកមានភាពប្រាកដប្រជាចំពោះរឿងមួយគឺថាសេរីភាពជារឿងល្អសម្រាប់ប្រទេសទុយនីស៊ី៕
ប្រែសម្រួលដោយ ឌី ខាំបូលី