ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វិធាន​ការ«យុត្តិធម៌​អន្តរកាល»​សម្រាប់​ទុយណេស៊ី​និង​អេហ្ស៊ីប


បាតុកម្ម​នៅ​ឯ​ទី​លាន ​ថារី ​( Tahrir) ​ប្រទេស​​អេហ្ស៊ីប​កាល​ពី​ថ្ងៃ​ទី​២៥​ កុម្ភះ ​ឆ្នាំ​ ២០១១
បាតុកម្ម​នៅ​ឯ​ទី​លាន ​ថារី ​( Tahrir) ​ប្រទេស​​អេហ្ស៊ីប​កាល​ពី​ថ្ងៃ​ទី​២៥​ កុម្ភះ ​ឆ្នាំ​ ២០១១

ការបះបោរ​របស់​ប្រជាពលរដ្ឋ​បាន​ទម្លាក់មេដឹកនាំរបស់​ប្រទេស​អេហ្ស៊ីប​និង​ទុយណេស៊ី​ចេញ​ពី​អំណាច​ប៉ុន្តែវា​នៅមិនទាន់ច្បាស់ថា​តើប្រទេស​ទាំង​ពីរនេះ​នឹង​ទទួល​បាន​រដ្ឋាភិ​បាលតាម​បែប​លទ្ធិ​ប្រជា​ធិបតេយ្យ​បែបណា​ដែលប្រជា​ពលរដ្ឋ​របស់​ខ្លួន​កំពុង​ទាមទារ។ ក្រុម​អ្នក​ជំនាញ​ជា​ច្រើន​ជឿជាក់​ថា​ត្រូវតែ​ដាក់​ចេញ​នូវ​វិធានការ​មួយ​ចំនួន​ដើម្បីឆ្លងកាត់​អន្តរកាល ​ពី​របបផ្តាច់ការ​ទៅ​កាន់​លទ្ធិ​ប្រជាធិបតេយ្យ។

នៅ​ពេល​ដែលទី្វប​អាមេរិក​ឡាទីន និង​អឺរ៉ុប​ខាង​កើត ជួប​ប្រទះការផ្លាស់​ប្តូរ​ខាង​នយោបាយ​ជា​បន្ត​បន្ទាប់​នៅ​ចុង​ទសវត្សរ៍​១៩៨០ និង​ដើម​ទសវត្សរ៍១៩៩០ រដ្ឋាភិបាល​នៅ​ក្នុង​ប្រទេសកាន់​លទ្ធិ​ប្រជាធិបតេយ្យ​ដែល​លេច​ឡើង​ទាំង​នោះ ចង់​ធ្វើ​កិច្ច​ការអ្វី​មួយ ទាក់ទង​ទៅ​នឹង​អំពើ​ឧក្រិដ្ឋ​ និង​ការរំលោភបំពានរបស់​រដ្ឋាភិបាលចាស់។ រដ្ឋាភិបាល​ថ្មី បាន​ប្រកាន់​យក​នីតិ​វិធី​ផ្សេងៗ​ដែល​ត្រូវបានស្គាល់ជា​យូរមកហើយ​ថា​ជា​«យុត្តិធម៌​អន្តរកាល»។

លោក ហានី​ ម៉េហ្គាលី (Hanny Megally) ជា​អនុ​ប្រធានមជ្ឈ​មណ្ឌល​អន្តរ​ជាតិ​សម្រាប់​យុត្តិធម៌​អន្តរ​កាល (International Center for Transitional Justice) ដែល​មាន​មូល​ដ្ឋាន​នៅ​ក្នុង​ទី​ក្រុង​ញូវយ៉ក។ លោក​ មាន​បញ្ជី​ស្តីពី​នីតិ​វិធីទាំង​ឡាយ​ ដែល​ត្រូវ​បាន​ប្រើ​នៅអាមេរិក​ឡាទីន និង​អឺរ៉ុប​ខាង​កើត ហើយនិយាយ​ថា នីតិ​វិធី​ទាំង​នេះ ក៏​អាច​ប្រើ​ដោយ​រដ្ឋាភិបាលថ្មីៗ នៅ​ក្នុង​ពិភព​អារ៉ាប់​ដែរ ៖

«យុត្តិធម៌ និង​ការ​ទទួល​ខុស​ត្រូវ​លើ​បទ​ឧក្រិដ្ឋ​ចំពោះ​អ្នក​ដែល​បាន​ជាប់​ពាក់​ព័ន្ធ​នៅ​ក្នុង​ការ​ប្រព្រឹត្តិអំពើ​រំលោភ​សិទ្ធិ​មនុស្ស ការ​សង​សំណង​ដល់​ជន​រង​គ្រោះ ដំណើ​ការនៃ​ការ​ទទួល​បាន​ការ​ណ៍ពិត​ចំពោះអ្វី​ដែលបាន​កើត​ឡើង​ក្នុង​អំឡុង​ពេល​នោះ​កាល​ពី​អតីត​កាល កំណែ​ទម្រង់​ផ្លូវ​ច្បាប់ និង​កំណែ​ទម្រង់ស្ថាប័ន ដើម្បី​ធានា​ឲ្យ​ប្រាកដ​ថា រចនា​សម្ព័ន្ធ ដែលអាចជួយ​ឲ្យ​មាន​ការរំលោភ​បំពាន​ដែល​បាន​និង​កំពុង​កើត​ឡើង ​នឹង​លែងកើតមាន​ត​ទៅ​ទៀត»។

ប៉ុន្តែ លោក ម៉េហ្គាលី ​និយាយ​ថា ជា​រឿយៗ យន្តការយុត្តិ​ធម៌​អន្តរ​កាល​ទាំង​នេះ ត្រូវការពេល​ជា​ច្រើន​ឆ្នាំ​ ដើម្បី​អនុវត្ត។​ ហើយ លោក ម៉េហ្គាលី ថ្លែង​ថា រហូតមកដល់ពេល​នេះ​ ឧត្តម​ក្រុម​ប្រឹក្សានៃ​កងកម្លាំងប្រដាប់អាវុធ (Supreme Council of the Armed Forces) ដែល​គ្រប់​គ្រង​អេហ្ស៊ីប និង​ក្រុម​ដែលគ្រប់​គ្រង​នៅ​ទុយណេស៊ី មិន​ទាន់​បាន​ចាប់​ផ្តើម​ប្រែ​ក្លាយ​ប្រព័ន្ធ​សន្តិ​សុខ​របស់ខ្លួនដែល​ធ្លាប់​ជាឧបករណ៍​គាប​សង្កត់ មកជា​ឧបករណ៍​បម្រើ​សេវា​កម្ម​សាធារណៈ​នៅឡើយទេ។

«ប្រសិន​បើយើង​ពិនិត្យ​មើល​ពី​បទ​ពិសោធស្តី​ពី​ ថា​តើ​យន្តការ​នោះ ស្ថិត​នៅអាហ្វ្រិក​ខាង​ត្បូង ឬ​ក៏​បទ​ពិសោធ​ដទៃ​ទៀត នៅ​អាមេរិក​ឡាទីន ឬ​អាស៊ី​ក៏ដោយ យន្តការ​នោះ គឺ​ជា​វិធានការបន្ថែម​ ដែលនឹងត្រូវការពេល​ច្រើន​ឆ្នាំ ដើម្បី​ដាក់​ឲ្យ​ដំណើការ។ ខ្ញុំ​គិត​ថា មេរៀន​ដែល​ត្រូវ​រៀន​គឺ​ថា អ្នក​មិន​អាច​អនុវត្ត​យន្ត​ការទាំង​អស់​នោះ ក្នុង​រយៈ​ពេល​៦​ខែ ឬ​១​ឆ្នាំឡើយ»។

លោក ម៉េហ្គាលី មាន​ប្រសាសន៍​ថា អេហ្ស៊ីប និង​ទុយណេស៊ី អាច​អនុវត្ត​វិធាន​ការ​ណា​មួយក៏​មុនគេ​ក៏​បាន​ដែរ​តែ​សំខាន់​ប្រទេស​ទាំង​ពីរ​នេះ ត្រូវ​នាំ​យក​នីតិ​វិធី​យុត្តិ​ធម៌​អន្តរ​កាល​ផ្សេងៗ​ទៀត​ទៅ​អនុវត្តក្នុង​រយៈ​ពេលខាងមុខទៀត។ លោក ប្រាយអិន ហ្គ្រូដស្គី (Brian Grodsky) ជាសាស្ត្រា​ចារ្យ​ជំនួយ​ស្តី​ពី​នយោបាយ​តាម​បែប​ប្រៀប​ធៀប នៅ​ឯ​សាកល​វិទ្យា​ល័យ​ម៉ារីលេន (University of Maryland) ហើយ​ក៏​ជា​អ្នក​និពន្ធ​សៀវភៅ​ថ្មី​មួយ​ មាន​ចំណង​ជើង​ថា «តម្លៃយុត្តិធម៌ ឬហៅជា​ភា​សា​អង់​គ្លេស​ថា The Costs of Justice»។ លោក ថ្លែង​ថា រដ្ឋាភិបាល​ដែល​រះ​ឡើង​ទាំង​នេះ នៅ​អេហ្ស៊ីប និង​ទុយណេស៊ី ត្រូវ​តែសម្រេចឱ្យ​បាន​ច្បាស់លើ​ប្រវត្តិ​នៃការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស កាល​ពី​ប៉ុន្មាន​ទសវត្សរ៍កន្លង​មក​នេះ​នៅ​ក្នុង​ប្រទេស​ទាំង​ពីរ។ ប៉ុន្តែ លោក ហ្គ្រូដស្គី និយាយ​ថា មេ​ដឹក​នាំ​ថ្មីរបស់​ប្រទេស​ទាំង​ពីរ ត្រូវ​តែ​ដោះ​ស្រាយការទាម​ទារបស់​ប្រជាពលរដ្ឋ​ជា​មុន​សិន។

«ក្រុម​អ្នក​បោះ​ឆ្នោត ចាប់​ផ្តើមធ្វើ​បដិវត្តន៍​ដោយ​ឈរ​លើ​ហេតុ​ផល​មួយ ដែល​ភាគ​ច្រើន​នៃ​ហេតុផល​នោះ​គឺ ដោយសារ​ពួក​គេ មិន​ចង់​បាន​អំពើ​ពុក​រលួយ និង​ភាព​គ្មាន​តម្លា​ភាពរបស់របបមិន​កាន់​លទ្ធិ​ប្រជាធិបតេយ្យ។ ពួក​គេចង់​ឃើញ​កំណែ​ទម្រង់​សេដ្ឋកិច្ច។ ពួក​គេ​ចង់​បាន​សន្តិសុខ​ផ្ទាល់​ខ្លួន ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើងជាទូទៅ​ចំពោះ​កម្រិត​ជីវភាព​រស់នៅ។ ដូច្នេះ នៅ​ពេល​ដែលកិច្ចការ​ទាំង​អស់​នេះ ចាប់​ផ្តើម​កើត​ឡើង​ក្រុម​វរជន​នយោបាយ​ថ្មីៗ​អាចវិល​ត្រឡប់​មក​ម្តង​ទៀត​ហើយ​ចាប់​ផ្តើម​គាស់​កកាយ​អតីត​កាល​និងលើកយកបញ្ហា​ទាំង​នេះមកវិញ»។

លោក ហ្គ្រូដស្គី និយាយ​ថា វា​ជា​ការណ៍​សំខាន់​ណាស់ សម្រាប់​មេ​ដឹក​នាំ​ថ្មីៗ នៅ​ទី​ក្រុង​ឡឺគែរ (Cairo) និង​ទុយនីស (Tunis) ក្នុង​ការបង្ហាញ​ជូន​ប្រជាពលរដ្ឋ​របស់ខ្លួន​ថា នីតិ​រដ្ឋ​ នឹង​ទទួលជោគជ័យ ហើយ​ថា វិធានការ​នា​នា​ កំពុង​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បីការ​ពារ​សិទ្ធិ​មនុស្ស។ ​បើ​យោងតាម​លោក ហ្គ្រូដស្គី ដំណើការ​នោះ កំពុងអនុវត្តរួច​ហើយ។

«ប្រសិន​បើយើង​ក្រឡេក​មើល​អេហ្ស៊ីប​វិញ អ្នក​មើលឃើញពី​ការ​ចោទ​ប្រកាន់ពី​ការប្រព្រឹត្តិ​អំពើ​ពុក​រលួយប្រឆាំង​នឹង​អតីត​រដ្ឋ​មន្ត្រីក្រសួង​មហា​ផ្ទៃ។ វា​មិន​មែន​ថា ការ​ចោទ​ប្រកាន់​នោះ ដើម្បី​ធ្វើទារុណ​កម្ម​គាត់​ទេ។ អ្វី​ដែល​ចង់​បាន​បំផុត​សម្រាប់​មនុស្ស​ភាគ​ច្រើន គឺ​ការផ្លាស់​ប្តូរសេដ្ឋកិច្ច និង​សង្គម។ នៅ​ទុយណេស៊ី អ្វី​ដែល​យើង​បាន​ឃើញ​រហូត​មក​ដល់​ពេល​នេះ ហាក់​ដូច​ជា​ចង់​មាន​គណៈ​កម្មការ​មួយ​ចំនួន ដែល​ពួក​គេបាន​បង្កើត​ឡើង ដើម្បី​ធ្វើ​ការ​ស៊ើប​អង្កេត​ខ្លះៗ​ ប៉ុន្តែ​ជា​ថ្មី​ម្តង​ទៀត ការ​ស៊ើប​អង្កេត ត្រូវ​ផ្តោត​ឲ្យ​យ៉ាង​ខ្លាំង​ទៅ​លើ​ការ​វាយ​បង្ក្រាប​កាល​ពី​ពេល​ថ្មីៗ​បំផុត ក្នុង​ខែ​ធ្នូ និងទៅលើ​អំពើ​ពុក​រលួយ​របស់​អតីត​មេ​ដឹក​នាំទាំង​នោះ»។

ក្រុម​អ្នក​ជំនាញ​ខាង​យុត្តិ​ធម៌​អន្តរ​កាល បាន​យល់​ស្របគ្នា ថា​ទោះបីជា​នៅ​អេហ្ស៊ីប ឬ​ទុយណេស៊ី ឬ​នៅ​កន្លែង​ផ្សេងៗក្នុង​តំបន់ បញ្ហា​ប្រឈម​ នឹង​ក្លាយ​ជា​កិច្ច​ការ​របស់​រដ្ឋាភិបាល​ថ្មី ដើម្បី​ជំរុញឲ្យ​មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះអំពើ​រំលោភ​បំពានពី​អតីតកាល ដោយ​មិនធ្វើ​ឲ្យ​គ្រោះ​ថ្នាក់ដល់សម័យ​អន្តរ​កាលដ៏​រលូន ទៅ​រក​លទ្ធិ​ប្រជាធិបតេយ្យ៕

ប្រែសម្រួល ដោយ លី សុខឃាង

XS
SM
MD
LG