ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ពលរដ្ឋទុយនេស៊ី​បារម្ភ​ថា​​​អន្តរកាល​​ទៅកាន់​លទ្ធិ​ប្រជាធិបតេយ្យ​អាច​​ត្រូវ​ជាប់​គាំង

  • Janson Strother

ការ⁣តវ៉ា⁣នៅ⁣ប្រទេស⁣ទុយនេស៊ី
ប្រែសម្រួលដោយ ឌី ខាំបូលី
រយៈពេលជិតមួយឆ្នាំ បន្ទាប់ពី​ប្រទេស ទុយនេស៊ី (Tunisia) បានរៀបចំ​ការបោះឆ្នោត​ដោយ​សេរី​ជាលើកដំបូង​របស់ខ្លួន ប្រជាពលរដ្ឋ​ជាច្រើន​ព្រួយបារម្ភថា សម័យអន្តរកាល​របស់​ប្រទេស​ក្នុង​ទ្វីប​អាហ្រ្វិក​ខាងជើង​មួយ​នេះ ឆ្ពោះ​ទៅកាន់​លទ្ធិ​ប្រជាធិបតេយ្យដ៏ត្រចះត្រចង់មួយ​ អាច​ត្រូវ​ជាប់គាំង។ សេដ្ឋកិច្ច​កំពុង​ស្ថិត​ក្នុងភាព​ត្រដាប​ត្រដួស រដ្ឋាភិបាលមាន​ភាព​បែកខ្ញែកគ្នា​ ហើយ​ប្រជាពលរដ្ឋ ទុយនេស៊ី កំពុង​ត្រូវបាន​ហ៊ុមព័ទ្ធ​ដោយ​ការពិភាក្សាយ៉ាង​ខ្លាំងក្លាអំពី​អនាគត​របស់​ពួកគេ។
ខណៈដែល​ពេលល្ងាច​បានចូល​មក​ដល់​ ប្រជាពលរដ្ឋ​នៅទីក្រុង ទុយនីស ជួបជុំគ្នា​នៅក្នុង​ហាងកាហ្វេ​ទាំងឡាយ ដើម្បី​ពិសារ​តែ​និង​ប្រហែលជា​ដើម្បី​ជក់​ខ្សៀ​ទឹក។ បន្ទាប់ពីឆ្នាំ​២០១១​ពោរ​ពេញ​ទៅ​ដោយ​ភាព​ជ្រួលច្របល់​មក​ អ្វីៗ​នៅទីនេះ​កំពុង​ត្រឡប់​ទៅរកស្ថានភាព​ធម្មតា​វិញហើយ។
ដូចគ្នា​ផង​ដែរ​នៅឯ​ផ្លូវធំ ហាប៊ីប ប៊ូហ្គីបា (Habib Bourguiba) ទោះបីជាខ្សែរលួសបន្លាជាច្រើន​ដុំ​និង​វត្តមាន​កង​រថក្រោះ​ម្តងម្កាល​ បាន​ធ្វើឱ្យ​ប្រជាពលរដ្ឋ​នឹកឃើញអំពី​បដិវត្តន៍​កាលពី​ឆ្នាំមុន ដែល​ជា​បដិវត្តន៍​មួយដែល​បាន​បង្ក​ឱ្យ​មានការងើប​បះបោរ​នៅទូទាំង​ពិភព​អារ៉ាប់ក៏ដោយ។
ប៉ុន្តែ ប្រជាពលរដ្ឋ​ជាច្រើន​នៅទីនេះ មាន​ការព្រួយ​បារម្ភ​អំពី​អនាគត។ នៅក្នុង​ចំណោម​អ្នក​ទាំងនោះ គឺ​និស្សិត​ផ្នែកស្ថាបត្យកម្មអាយុ​១៩​ឆ្នាំ​ម្នាក់ ឈ្មោះ មីរៀម គ្រីចា (Miriam Kricha) ដែល​កំពុង​ដើរ​លំហែរ​កំសាន្ត​នៅតាម​ដង​វិថី ហាប៊ីប ប៊ូហ្គីបា ជាមួយ​មិត្តប្រុស​របស់​នាង។
នាង​ គ្រីចា និយាយ​ថា នាងព្រួយ​បារម្ភ​អំពី​ការស្វែងរក​ការងារ​ធ្វើ ទោះបីជា​នាង​មាន​សញ្ញាបត្រ​ពីសាកល​វិទ្យាល័យក៏ដោយ។ នាង​ជឿជាក់​ថា វា​នឹង​មាន​ការពិបាក​យ៉ាង​ខ្លាំងក្នុងនាម​ជាស្រ្តី​ម្នាក់។
មិនមែន​មានតែក្រុម​យុវជនទេ​ដែល​កំពុង​ស្វែងរក​ការងារ​ធ្វើនោះ។ លោក ហាទិម ប៊ែន សាលេម (Hatem Ben Salem) អតីត​រដ្ឋមន្រ្តី​និង​ជាអ្នក​ការទូត និយាយ​ថា រដ្ឋាភិបាល​បានហាម​ឃាត់​ការ​ចូលរួម​ពី​សំណាក់ក្រុមមន្រ្តី​រដ្ឋការ​ស៊ីវិល​ប្រកប​ដោយ​បទពិសោធន៍​ពី​របប​ចាស់។
«ពួកគេ​ចង់​កសាង​ប្រទេសទុយនេស៊ី កសាង​រដ្ឋ​មួយ និង​អភិវឌ្ឍ​ប្រទេស។ ហើយ​ពួកគេ​នៅ​ទីនេះ ដោយ​សម្លឹង​មើល​ទៅលើ​អ្វី​ដែល​កំពុង​តែ​កើតឡើង ហើយ​ពួកគេ​ត្រូវបាន​ផាត់​ចេញ»។
លោក ប៊ែន សាលេម និយាយ​ថា អ្វី​ដែល​កំពុង​តែកើតឡើង​នៅ​ទុយនេស៊ី ធ្វើ​ឱ្យមាន​ការ​ព្រួយ​បារម្ភ​។ សេដ្ឋកិច្ច​កំពុង​តែ​ស្ថិតក្នុងភាព​ត្រដាប​ត្រដួស​ក្នុង​ការវិល​ទៅរកស្ថានភាព​នឹងនរឡើង​វិញ។
ទេសចរបាន​ត្រឡប់​មកវិញ ប៉ុន្តែ​មិនមែន​ជា​តួលេខដ៏ច្រើន​ដូច​កាលពី​រយៈពេល​មុន​បដិវត្តន៍​នោះទេ។ ហើយ​ប្រជាពលរដ្ឋ​ទុយនេស៊ី ត្អូញត្អែរ​ថា សេវា​ជាមូលដ្ឋាន​និង​សន្តិសុខ​ មាន​ភាពសឹករេចរិល។
ប៉ុន្តែ លោក រ៉ាឈីដ ហ្គានូជី (Rachid Ghannouchi) មេដឹកនាំ​នៃ​គណបក្ស​កាន់អំណាច​អ៊ីស្លាម​និយម អ៊ិនណាដា (Islamist Ennahda Party) ថ្លែង​ថា ទោះបីជា​មានបញ្ហា​ទាំងអស់​នេះ​ក្តី ទុយនេស៊ី កំពុង​ធ្វើដំណើរ​ឆ្ពោះ​ទៅមុខ ទាំងផ្នែក​សេដ្ឋកិច្ច​និង​នយោបាយ។
ប៉ុន្តែ លោក​បាន​ទទួលស្គាល់​ថា ប្រទេស ទុយនេស៊ី កំពុង​ជួបប្រទះនូវ​ដំណើរការ​អន្តរកាល​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​យ៉ាង​លំបាក​មួយ។ បន្ទាប់​ពីរយៈពេល​កន្លះ​សតវត្សរ៍នៃរបប​ដឹកនាំ​បែប​ផ្តាច់ការ​ ប្រជាពលរដ្ឋ ទុយនេស៊ី កំពុង​រៀន​អំពី​របៀប​ធ្វើឱ្យមាន​តុល្យភាព​រវាង​សេរីភាព​និង​សណ្តាប់ធ្នាប់។
ការធ្វើឱ្យមានតុល្យភាព​នេះ ​មិនមែន​ជារឿង​ងាយស្រួល​នោះទេ។ ជាមួយ​នឹង​បញ្ហា​សេដ្ឋកិច្ច មាន​ភាព​តានតឹង​ផ្នែក​នយោបាយ​និង​សាសនា​យ៉ាងច្រើននៅទីនេះ។
ថ្ងៃនេះ លោក ហ្វែស៍ ម៉ាប្រូក (Fares Mabrouk) ប្រធាន​វិទ្យាស្ថាន​គោលនយោបាយ​អារ៉ាប់ (Arab Policy Institute) ថ្លែង​ថា ការចរចា​កំពុងតែ​ដំណើរ​ការ​ទាក់​ទងនឹង​តួនាទី​របស់​រដ្ឋាភិបាល សង្គម​ស៊ីវិល និង​ក្រុម​អង្គការ​សិទ្ធិមនុស្ស។
«តាមពិតទៅ វាគឺជា​ការចរចា​អំពី​ប្រភេទ​នៃ​លទ្ធិប្រជាធិបតេយ្យ​ដែល​យើង​ចង់បាន។ យើង​ត្រូវតែ​បង្កើត​នូវ​អ្វី​មួយ​ដែល​ថ្មី អ្វី​មួយ​ដែល​មិន​ធ្លាប់មានពីមុន។ យើង​មិន​មាន​គំរូ​នោះទេ»។
តួនាទី​របស់​សាសនា អ៊ីស្លាម គឺ​ស្ថិត​នៅក្នុង​បញ្ហា​ចម្បងៗ​បំផុត ដែល​កំពុង​ត្រូវបានពិភាក្សា នៅក្នុង​ប្រទេស​ប្រជាធិបតេយ្យដ៏ក្មេងខ្ចី​មួយ​នេះ។ ក្រុមអ្នក​តស៊ូមតិ​ផ្នែក​សិទ្ធិមនុស្ស​ ព្រួយ​បារម្ភ​ថា ការបកស្រាយ​បែប​អភិរក្ស​និយម​របស់​សាសនា​អ៊ីស្លាម នឹង​កាត់បន្ថយ​សេរីភាព​ក្នុងការបញ្ចេញ​មតិ​និង​សិទ្ធិ​ស្រ្តី។
ក្រុម​អ៊ីស្លាម​ជ្រុល​និយម គឺជា​ការព្រួយបារម្ភ​ដ៏ធំ​បំផុត​។ ក្រុមសាលាហ្វីស (Salafists) ត្រូវបាន​មើលឃើញ​កាន់​តែ​ច្រើន​ឡើង មិនមែន​ត្រឹមតែ​នៅតាម​ដងផ្លូវប៉ុណ្ណោះទេ ប៉ុន្តែនៅក្នុង​ឆាក​នយោបាយ​ថែម​ទៀត។
លោក ម៉ុកតារ៍ ទ្រីហ្វី (Mokhtar Trifi) គឺជា​សមាជិក​ជាន់ខ្ពស់​មួយរូប​នៃ​សម្ព័ន្ធ​ទុយនេស៊ី​ដើម្បី​សិទ្ធិមនុស្ស (Tunisian League of Human Rights)។
លោក ទ្រីហ្វី និយាយ​ថា បន្តិចម្តងៗ ពួកជ្រុលនិយម​កំពុង​ព្យាយាម​ដាក់​បញ្ចូល​នូវ​បែបផែន​នៃសាសនា​អ៊ីស្លាម​ដោយ​បង្ខំ ដែលពេល​ខ្លះ​តាមរយៈ​អំពើ​ហិង្សា ហើយ​ពេល​ខ្លះ​តាម​រយៈ​ការបំភិត​បំភ័យ។
ប៉ុន្តែ លោក ហ្គានូជី ថ្លែង​ថា ក្រុ​មសាលាហ្វីស មានសិទ្ធិបញ្ចេញទស្សន​របស់​ខ្លួន និង​បង្កើត​សមាគម​នយោបាយ​ទាំងឡាយ ដរាប​ណា​ពួកគេ​មិន​រំលោភ​ច្បាប់។ លោក​និយាយ​ថា ​ការបញ្ចេញ​មតិដោយ​សេរី​ គឺជា​ជ័យជម្នះមួយរបស់​បដិវត្តន៍។
សម័យអន្តរកាល​របស់​ប្រទេសទុយនេស៊ី ឆ្ពោះ​ទៅកាន់​លទ្ធិ​ប្រជាធិបតេយ្យ កំពុងតែ​ចំណាយ​ពេលវេលា​យូរជាងការរំពឹង​ទុក​របស់​មនុស្ស​ជាច្រើន។ មានការ​ងឿងឆ្ងល់​កាន់តែ​ខ្លាំង​ឡើង​ថា ​រដ្ឋសភា​នឹង​បញ្ចប់​រដ្ឋធម្មនុញ្ញ​ថ្មី​ នៅត្រឹម​ថ្ងៃផុត​កំណត់​ក្នុងខែ​តុលា ឬថា​ការបោះឆ្នោត​នឹង​ត្រូវបាន​ធ្វើឡើង​នៅដើម​ឆ្នាំ​ក្រោយ ដូចដែល​បាន​សង្ឃឹមទុក។
ប៉ុន្តែ សេចក្តី​សង្ឃឹម​គឺនៅតែ​ជា​អ្វី​មួយ ដែល​ប្រជាពលរដ្ឋ ទុយនេស៊ី ដូចជា​លោក ម៉ូហាម៉េត អូអានី (Mohamed Aouani) មាន​ការ​ជឿជាក់។
លោក អូអានី និយាយ​ថា ការបញ្ចប់​បដិវត្តន៍​នឹង​ត្រូវការ​ពេលវេលា។ ហើយ​ប្រជាពលរដ្ឋ​នៅទីនេះ ហាក់ដូចជា​មាន​ឆន្ទៈ​ក្នុង​ការរង់ចាំ​សម្រាប់​អនាគត​ដ៏ល្អប្រសើរ​ជាង​មុន៕
XS
SM
MD
LG