ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ពិត​ពិបាក​រក​ឲ្យ​ឃើញ​​ក្នុង​ករណី​ធ្វើ​ឃាត​មេធាវី​ម្នាក់​នៅ​មីយ៉ាន់ម៉ា


នេះ​ជា​ខួប​មួយ​ខែ​​នៃ​ការ​ស្លាប់​របស់​លោក U Ko Ni។
នេះ​ជា​ខួប​មួយ​ខែ​​នៃ​ការ​ស្លាប់​របស់​លោក U Ko Ni។

លោក U Ko Ni មេធាវី​ដ៏​ល្បី​ឈ្មោះ​ម្នាក់​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​អាកាសយានដ្ឋាន​រ៉ង់ហ្គូន កាលពី​ថ្ងៃ​ទី​២៩ ខែ​មករា។ រយៈពេល​ប្រាំមួយ​ខែ​ក្រោយ​មក មេ​ខ្លោង​ដែល​គេ​សង្ស័យ​នៅ​ពី​ក្រោយ​ការ​ធ្វើ​ឃាត​នេះ នៅ​រត់​គេច​ខ្លួន​នៅ​ឡើយ បើ​ទោះ​បី​ជា​អាជ្ញាធរ​បាន​ប្រញាប់ប្រញាល់​ចាប់ខ្លួន​ជន​សង្ស័យ​ចំនួន​បួន​នាក់ ហើយ​បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​ដ៏​កម្រ​មួយ ដើម្បី​ចែក​រំលែក​ព័ត៌មាន​លម្អិត​អំពី​ដំណើរការ​ស៊ើប​អង្កេត​លើ​ករណី​នេះ។

មន្ត្រី​សមត្ថកិច្ច​ជាន់ខ្ពស់​ បាន​ចាត់​ទុក​មូលហេតុ​នៃ​ការ​សម្លាប់​លោក​មេធាវី U Ko Ni ថា​ មាន​ពាក់ព័ន្ធ​នឹង «‍ការ​ស្នេហា​ជាតិ​ជ្រុល​និយម» ដោយ​លើកឡើង​ថា ជនសង្ស័យ​បាន​គុំកួន​លើ​កិច្ចការ​នយោបាយ​របស់​លោក U Ko Ni។ ការណ៍​នេះ​បាន​ជំរុញ​ឲ្យ​មនុស្ស​ជាច្រើន​ជឿ​ថា កិច្ច​ខំ​ប្រឹងប្រែង​របស់​លោក​មេធាវី​រូប​នេះ​ក្នុង​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ឆ្នាំ​២០០៨ ដែល​ត្រូវ​បាន​ព្រាង​ឡើង​ដោយ​រដ្ឋាភិបាល​យោធា បាន​បង្ក​ឲ្យ​មាន​ការ​សម​គំនិត​ធ្វើ​ឃាតរូបលោក។

សំណួរ​សំខាន់ៗ​នៅ​តែ​បន្ត​ចោទ​សួរ

ក៏ប៉ុន្តែ ក្នុង​រយៈពេល​៦ខែ​ក្រោយ​ការ​ធ្វើ​ឃាត​មេធាវី​រូប​នេះ ស្រប​ពេល​ដែល​ដំណើរការ​កាត់ទោស​កំពុងកើតឡើង​នៅ​ទីក្រុង​រ៉ង់ហ្គូន ហើយ​ដើមហេតុ​នៃ​ការ​ធ្វើ​ឃាត​នេះ​នៅ​មិនទាន់​ត្រូវ​បាន​កំណត់​នៅ​ឡើយ​នោះ នៅ​មាន​សំណួរ​ជាច្រើន​ដែល​មិន​ទាន់​ទទួល​បាន​ចម្លើយ​នៅ​ឡើយ ដែល​បណ្ដាល​ឲ្យ​មាន​ការ​ព្រួយបារម្ភ​ថា តើ​យុត្តិធម៌​នឹង​សម្រេច​បាន​ឬ​ក៏​យ៉ាង​ណា។

លោក Phil Robertson នាយក​រង​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស (Human Rights Watch) បាន​លើក​ឡើង​តាម​អ៊ីមែល​ថា៖ «‍សំណួរ​ដ៏​សំខាន់​ដែល​មនុស្ស​ជា​ច្រើន​ចាប់​ផ្ដើម​ចោទ​សួរ​នោះ​គឺ​ថា​តើ​ប៉ូលិស​ពិតជា​មាន​បំណង​ស្វែងរក​ជន​ដៃ​ដល់​បន្ថែម​ទៀត​ឬ​ទេ»។ លោក​បាន​បន្ថែម​ថា៖ «‍នា​ពេល​នេះ វា​ទំនង​ថា ការ​ស៊ើប​អង្កេត​មិន​ដើរ​ទៅ​មុខ​ទេ ហើយ​ស្ថានភាព​នឹង​កាន់​តែ​យ៉ាប់យ៉ឺន​ជាង​នេះ បើ​សិន​ជា​កិច្ចការ​ដែល​សំខាន់​មិន​ត្រូវ​សម្រេច​បាន»។

ជន​ជាប់ចោទ​ទាំង​អស់​ដែល​ត្រូវ​បាន​ខ្លួន រួម​មាន​លោក Kyi Lin ដែល​ត្រូវ​បាន​ចោទ​ថា​ជា​អ្នក​បាញ់ និង​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ថា ​បាន​សម្លាប់​លោក Nay Win អ្នក​បើក​តាក់ស៊ី មុន​នឹង​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​អាកាសយានដ្ឋាន និង​ជន​ជាប់ចោទ​៣នាក់​ទៀត រួមមាន លោក Aung Win Zaw លោក Zeya Phyo និង​លោក Aung Win Tun។

ជន​សង្ស័យ​ទី៥​ឈ្មោះ Aung Win Khaing នៅ​រត់​គេច​ខ្លួន​នៅ​ឡើយ។ រដ្ឋាភិបាល​ជឿ​ថា ជន​សង្ស័យ​រូប​នេះ​ជា​អ្នក​រៀបចំ​ផែនការ​ជាមួយ​នឹង​បងប្អូន​ប្រុស​របស់​ខ្លួន ឈ្មោះ Aung Win Zaw និង​ Zeya Phyo។ លោក Aung Win Tun ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ផ្ដល់​កន្លែង​លាក់​ខ្លួន​ដល់​ជន​សង្ស័យ​ម្នាក់។

សំណួរ​សម្រាប់​ក្រុម​យោធា

បើ​ទោះ​បី​ជា​គ្មាន​នរណា​ម្នាក់​ចោទ​ប្រកាន់​ក្រុម​យោធា​ថា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​នេះ​ក្តី ក៏​ករណី​នេះ​ចោទ​ជា​សំណួរ​ដ៏​រសើប​មួយ​ចំនួន​អំពី​ស្ថាប័ន​យោធា​នេះ ដែល​ជា​ភាសា​មីយ៉ាន់ម៉ា​ហៅ​ថា Tatmadaw។

លោក U Ko Ni គឺជា​អ្នក​ប្រឹក្សា​ច្បាប់​ឲ្យ​គណបក្ស​សម្ព័ន្ធ​លទ្ធិប្រជាធិបតេយ្យ​របស់​លោកស្រី Aung San Suu Kyi ដែល​បាន​ឡើង​គ្រប់គ្រង​អំណាច​មិន​ដល់​មួយ​ឆ្នាំ​ផង​នោះ​ ក្រោយ​ពី​បាន​ឈ្នះ​ការ​បោះឆ្នោត​ជា​ប្រវត្តិសាស្ត្រ​នៅ​ឆ្នាំ​២០១៥​ ដែល​បាន​ធ្វើ​ឲ្យ​ប្រទេស​មីយ៉ាន់ម៉ា​ឃ្លាត​ឆ្ងាយ​ពី​របប​ដឹកនាំ​ដោយ​យោធា។ ក៏ប៉ុន្តែ រដ្ឋធម្មនុញ្ញ​ឆ្នាំ២០០៨ ដែល​លោក Ko Ni បាន​ពិនិត្យ​មើល​ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​នោះ នៅតែ​ធានា​ថា​ ស្ថាប័ន​យោធា​នៅតែ​មាន​អំណាច​នៅ​រដ្ឋសភា បើ​ទោះបី​ជា​នៅ​ក្រោម​ប្រព័ន្ធ​រដ្ឋាភិបាល​ស៊ីវិល​ក៏​ដោយ។ រដ្ឋធម្មនុញ្ញ​នេះ​រក្សា​២៥​ភាគរយ​នៃ​អាសនៈ​នៅ​រដ្ឋសភា​ឲ្យ​សមាជិក​តំណាងរាស្ត្រ​ដែល​ត្រូវ​បាន​តែងតាំង​ដោយ​យោធា។

លោក Aung Win Khaing ជន​សង្ស័យ​ដែល​បាន​រត់គេច​ខ្លួន ត្រូវ​បាន​គេ​ឃើញ​មាន​វត្តមាន​ចុងក្រោយ​នៅ​កណ្ដាល​ទីក្រុង​ Naypyitaw ប្រហែល​ពីរ​សប្ដាហ៍​បន្ទាប់​ពី​ការ​បាញ់​សម្លាប់​នោះ។ ជន​សង្ស័យ​យ៉ាង​ហោច​ណាស់​បី​នាក់ រួម​ទាំង​លោក Aung Win Khaing គឺជា​មន្ត្រី​យោធា​ដែល​ចូល​និវត្តន៍។

មន្ត្រី​មាន​សមត្ថកិច្ច​បាន​លើក​ឡើង​ពី​ការ​យល់ឃើញ​មួយ​ដែល​ថា ជន​ដៃដល់​ដែល​សម​គំនិត​ទាំង​នេះ​ទំនង​ជា​ចង់​បង្ក​ឲ្យ​មាន​ភាព​បែកបាក់​គ្នា​រវាង​កម្លាំង​យោធា និង​រដ្ឋាភិបាល​របស់​លោកស្រី Suu Kyi ដែល​ត្រូវ​បាន​បោះឆ្នោត​ជ្រើសតាំង​ឲ្យ​ដឹកនាំ​ប្រទេស ក្នុង​បរិបទ​ផ្ទេរ​អំណាច​ដ៏​ពិបាក​មួយ។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ជា​មេបញ្ជាការ​ម្នាក់ គឺ​លោក Kyaw Swe ​ត្រូវ​បាន​ដក​ស្រង់​ពាក្យ​សម្ដី​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ចុង​ខែ​កុម្ភៈ ថា៖ «‍យើង​ត្រូវ​តែ​គិតគូរ​អំពី​បញ្ហា​ច្រើន​ណាស់។ ហេតុអ្វី​បាន​ជា​ជនសង្ស័យ​ទាំង​នោះ​គឺជា​អតីត​មន្ត្រី​យោធា? តើ​នេះ​គឺជា​គោលបំណង​មួយ​ដែល​បង្ក​ឲ្យ​មាន​ជម្លោះ​រវាង​យោធា និង​រដ្ឋាភិបាល​មែន​ដែរ​ឬ​ទេ?

មន្ត្រី​មាន​សមត្ថកិច្ច​មិន​បាន​ឆ្លើយតប​នឹង​ការ​ស្នើ​សុំ​ការ​ឆ្លើយ​តប​បន្ថែម​ទៀត​ឡើយ។

ការ​ពាក់ព័ន្ធ​នឹង​សាសនា

មាន​ព័ត៌មាន​ជាក់លាក់​មួយ​ចំនួន​ជុំវិញ​ករណី​ឃាតកម្ម​នេះ ដែល​អ្នក​តាម​ដាន​ យល់​ថា ត្រូវ​បាន​លាក់បាំង។​

លោក Ko Ni មិន​មែន​ត្រឹម​តែ​ជា​មេធាវី​ដ៏​ល្បីឈ្មោះ​ម្នាក់​ប៉ុណ្ណោះ​ទេ លើស​ពី​នេះ លោក​គឺជា​សមាជិក​ដ៏​សំខាន់​ម្នាក់​នៃ​សហគមន៍​អ្នក​កាន់​សាសនា​ឥស្លាម​ដែល​កំពុង​តែ​ប្រឈម​នឹង​ការ​ធ្វើ​ទុក្ខបុកម្នេញ​កាន់​តែ​កើន​ឡើងក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ដែល​ពលរដ្ឋ​ភាគច្រើន​កាន់​ព្រះពុទ្ធ​សាសនា។

មនុស្ស​ជា​ច្រើន​ជឿ​ថា ជំនឿ​សាសនា​របស់​លោក គឺជា​មូលហេតុ​មួយ​ផ្នែក​ដែល​បណ្ដាល​ឲ្យ​លោក​ងាយស្រួល​នឹង​ក្លាយ​ជា​គោលដៅ​ក្នុង​ការ​វាយប្រហារ។

បញ្ហា​នេះ​ក៏​នឹង​ត្រូវ​យក​ទៅ​ពិភាក្សា​យ៉ាង​លម្អិត​ដោយ​ភាគី​ការពារ​ក្ដី ដែល​អាច​មាន​លក្ខណៈ​ខុស​ពី​អ្វី​ដែល​រដ្ឋាភិបាល​យល់​ឃើញ នៅ​ពេល​ដែល​រឿង​ក្ដី​នេះ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត។

ក៏​ប៉ុន្តែ បញ្ហា​ចម្បង​ក្នុង​សំណុំ​រឿង​នេះ គឺ​ផ្ដោត​ទៅ​លើ​លោក Aung Win Khaing។ ព្រះ​រាជអាជ្ញា​ លោក Nay La បាន​ឲ្យ​ដឹង​ថា «‍ខ្ញុំ​យល់​ថា អាជ្ញាធរ​មាន​សមត្ថកិច្ច​គួរតែ​ព្យាយាម​ចាប់​ខ្លួន​ជន​ដែល​រត់​គេច​ខ្លួន​នេះ»។

អាជ្ញាធរ​មាន​សមត្ថកិច្ច​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា ពួកគេ​បាន​ព្យាយាម​តាម​ចាប់​ខ្លួន​ជន​នេះ ដោយ​បាន​ចែកចាយ​រូបថត​ជន​នេះ​ទៅ​កាន់​ប្រទេស​ជិតខាង ហើយ​បាន​ចេញ​ផ្សាយ​សេចក្ដី​ប្រកាស​តាម​រក​ចាប់ខ្លួន​ដល់​ប៉ូលិស​អន្តរជាតិ ​(អាំងទែប៉ូល)​ ផង​ដែរ។

លោក Nay La បាន​និយាយ​ថា សាក្សី​ចំនួន​១១នាក់​បាន​ធ្វើ​សក្ខីកម្ម​ចាប់តាំង​ពី​សវនាការ​នេះ​បាន​ចាប់​ផ្ដើម​ឡើង​នៅ​ខែ​មិនា ហើយ​សាក្សី​ចំនួន​៧០នាក់​ផ្សេង​ទៀត​មាន​ឈ្មោះ​ក្នុង​បញ្ជី​ធ្វើ​សក្ខីកម្ម​រួច​ហើយ​ដែរ។ នេះ​មាន​ន័យ​ថា សវនាការ​នេះ​នឹង​មាន​រយៈពេល​យូរ។

ស្រប​ពេល​ជាមួយ​គ្នា​នេះ ក្រុម​គ្រួសារ​របស់​លោក Ko Ni និង​លោក Nay Win អ្នក​បើក​តាក់ស៊ី ដែល​ត្រូវ​បាន​សម្លាប់​ដោយសារ​តែ​លោក​ព្យាយាម​ដេញ​តាម​ជន​សង្ស័យ​ដែល​បាន​បាញ់​លោក Ko Ni នោះ កំពុង​តែ​រង់ចាំ​ចម្លើយ។

ភរិយា​របស់​លោក Nay Win គឺ​អ្នកស្រី Su Thet Khin អាយុ​៣១​ឆ្នាំ បាន​និយាយ​ថា៖ «‍វា​សំខាន់​ណាស់​ដែល​ការពិត​នៅ​ក្នុង​សំណុំ​រឿង​នេះ​ត្រូវ​បាន​លាត​ត្រដាង​ឲ្យ​បាន​ឆាប់​រហ័ស​តាម​តែ​អាច​ធ្វើ​បាន។ បើ​សិន​ជា​យើង​បញ្ចប់​សំណុំ​រឿង​នេះ​បាន នោះ​មាន​ន័យ​ថា យើង​ទាំង​អស់​គ្នា​អាច​ទទួល​បាន​នីតិរដ្ឋ​នៅ​ក្នុង​ប្រទេស​នេះ»៕

ប្រែ​សម្រួល​ដោយ ទែន សុខស្រីនិត

XS
SM
MD
LG