ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ពលរដ្ឋ​កាន់​តែ​ធុញទ្រាន់​នឹង​នយោបាយ​ខណៈ​ដែល​ភាព​តានតឹង​នៅ​តែបន្ត

  • ហ៊ាន សុជាតា

រូបឯកសារ៖ ព្រះសង្ឃ និង​ប្រជាពលរដ្ឋខ្មែរ

ប្រជាពលរដ្ឋ​យល់​ឃើញ​ថា ​អ្នក​នយោបាយ​នៅ​ក្នុង​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​ ហាក់​ជាប់​ដៃ​នៅ​ក្នុង​ការ​ដណ្តើម​អំណាច​ និង​ការ​ប្រកួតប្រជែង​ប្រជាប្រិយភាព​គ្នា ដោយ​មិន​បាន​បង្កើត​កិច្ច​ខិតខំ​ប្រឹងប្រែង​គ្រប់គ្រាន់​នៅ​ក្នុង​ការ​បង្កើត​សមិទ្ធផល​ជាតិ​សំខាន់ៗ ដែល​ចាំបាច់​សម្រាប់​បម្រើ​ប្រជាពលរដ្ឋ​ឲ្យ​បាន​ពេញ​លេញ។

ភាព​ចម្រូងចម្រាស​នយោបាយ​ដែល​បាន​អូស​បន្លាយ​តាំង​ពី​ដើម​អាណត្តិ​ បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ ​ដែល​ជា​ម្ចាស់​ឆ្នោត​មាន​ការ​សោក​ស្តាយ។ ប្រជាពលរដ្ឋ​យល់​ឃើញ​ថា ​អ្នក​នយោបាយ​នៅ​ក្នុង​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​ ហាក់​ជាប់​ដៃ​នៅ​ក្នុង​ការ​ដណ្តើម​អំណាច​ និង​ការ​ប្រកួតប្រជែង​ប្រជាប្រិយភាព​គ្នា ដោយ​មិន​បាន​បង្កើត​កិច្ច​ខិតខំ​ប្រឹងប្រែង​គ្រប់គ្រាន់​នៅ​ក្នុង​ការ​បង្កើត​សមិទ្ធផល​ជាតិ​សំខាន់ៗ ដែល​ចាំបាច់​សម្រាប់​បម្រើ​ប្រជាពលរដ្ឋ​ឲ្យ​បាន​ពេញ​លេញ។

ដូច​អាណត្តិ​ទាំង​បួន​មុន​ដែរ​ ភាព​ចម្រូងចម្រាស​នយោបាយ​បាន​កើត​មាន​ឡើង​ភ្លាមៗ ក្រោយ​ការ​ប្រកាស​លទ្ធផលនៃ​ការ​បោះឆ្នោត​នីតិកាល​ទី៥​ កាល​ពី​ខែ​កក្កដា​ឆ្នាំ​២០១៣​កន្លងមក។

ភ្លាមៗ​បន្ទាប់​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ប្រកាស​លទ្ធផល​នៃ​ការ​បោះឆ្នោត​អាណត្តិ​ទី៥ គណបក្ស​សង្រ្គោះ​ជាតិ​ដែល​ជា​គណបក្ស​ជំទាស់​ធំ​ជាង​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ បាន​ប្រកាស​ធ្វើ​ពហិការ​មិន​ចូលរួម​ប្រជុំសភា​ជា​លើក​ដំបូង ទោះបី​ជា​មាន​ការ​សម្របសម្រួល​នយោបាយ​និង​លិខិត​អញ្ជើញ​ពី​ព្រះមហាក្សត្រ​ក៏ដោយ ដោយ​បាន​ចោទប្រកាន់​ថា ដំណើរការ​នៃ​ការ​បោះឆ្នោត មិន​សេរី​និង​មិន​យុត្តិធម៌។ ការ​ជាប់គាំង​ផ្នែក​នយោបាយ និង​ពហិការ​របស់​គណបក្ស​ប្រឆាំង ​បាន​បន្ត​អស់​រយៈ​ពេល​ជាង​មួយ​ឆ្នាំ​ រហូត​ដល់​មាន​កិច្ច​ព្រមព្រៀង​នយោបាយ​តាមរយៈ​អ្វី​ដែល​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​ហៅ​ថា​«វប្បធម៌​សន្ទនា‍» នៅ​ថ្ងៃ​ទី២២ ខែ​កក្កដា ឆ្នាំ​២០១៤។

ទោះ​ជា​យ៉ាង​ណាក្តី ភាព​ចម្រូងចម្រាស​នយោបាយ​មិន​បាន​បញ្ចប់​តាមរយៈ​កិច្ច​ព្រមព្រៀង​នោះ​ទេ។ ជា​បន្តបន្ទាប់​មក​ទៀត ​គណបក្ស​ជំទាស់​បាន​ចោទ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្ស​កាន់​អំណាច ថា​បាន​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលាការ​ជា​ឧបករណ៍​នៅ​ក្នុង​ការ​ចាប់​និង​ឃុំ​ខ្លួន​តំណាងរាស្ត្រ​គណបក្ស​ជំទាស់​ ដែល​ផ្ទុយ​ទៅនឹង​គោលការណ៍​ច្បាប់ ជាពិសេស​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា។​ ​

នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នេះ ​មន្ត្រី​ជាន់​ខ្ពស់​ពីរ​រូប​របស់​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោតលោក​ នី ចរិយា និង​លោក​ រ៉ុង ឈុន​ ត្រូវ​តុលាការ​ក្រុង​ភ្នំពេញ​ធ្វើ​ការ​ចោទប្រកាន់​ជាបន្តបន្ទាប់។ ហើយ​នា​ពេល​ថ្មីៗ​នេះ តុលាការ​បាន​ចេញ​ដីកា​កោះ​ហៅ​លោក កឹម​ សុខា​ ប្រធាន​ស្តី​ទី​គណបក្ស​ជំទាស់​ឱ្យ​ចូល​បំភ្លឺ​ទាក់​ទង​នឹង​សំណុំរឿង​អាស្រូវ​ស្នេហា។ លោក កឹម សុខា បាន​បដិសេធ​ដីកា​របស់​តុលាការ​ជាច្រើន​លើក​ ដែល​ធ្វើ​ឱ្យ​លោក​ត្រូវ​រង​នូវ​សម្ពាធ​នៃ​ការ​ប៉ុនប៉ង​តាម​ចាប់ខ្លួន​ពី​សំណាក់​អាជ្ញាធរ​របស់​រដ្ឋាភិបាល។

ការ​វិវត្ត​ស្ថានការណ៍​នយោបាយ​ទាំង​នេះ​ ត្រូវ​បាន​មើល​ឃើញ​ជា​ទូទៅ​ថា មិន​បាន​ផ្តល់​ផល​ចំណេញ​អ្វី​ទាំង​អស់​ដល់​ប្រទេស​ជាតិ ហើយ​ថែម​ទាំង​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ ​ដែល​ជា​ម្ចាស់​ឆ្នោត​ មាន​ការ​សោកស្តាយ ដោយ​អ្នក​នយោបាយ​មក​ពី​គណបក្ស​ទាំងពីរ​ មិន​បាន​ចំណាយ​ពេល​វេលា​និង​ធនធាន​ឱ្យ​មាន​ប្រសិទ្ធភាព ដើម្បី​បំពេញ​តម្រូវការ​របស់​ប្រជាពលរដ្ឋ ​ដូច​ដែល​ពួកគេ​បាន​សន្យា​ នៅ​មុន​ពេល​បោះឆ្នោត។ ប្រជាពលរដ្ឋ​យល់​ឃើញ​ថា ភាព​ចម្រូងចម្រាស​នា​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ គ្រាន់តែ​ជា​ល្បែង​នយោបាយ​ដើម្បី​ដណ្តើម​អំណាច​ និង​ប្រជាប្រិយភាព​គ្នា​តែប៉ុណ្ណោះ។

លោក​ អ៊ុក តាត​ វ័យ​៧៨​ឆ្នាំ​ គឺ​ជាមន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចូល​និវត្តន៍​មួយ​រូប។ លោក​បាន​ហែល​ឆ្លងរបប​នយោបាយ​ជាច្រើន​របស់​កម្ពុជា ជា​ពិសេស​របបខ្មែរ​ក្រហម ដែល​បាន​បន្សល់​នូវ​ភាព​ឈឺ​ចាប់​ដែល​មិន​អាច​បំភ្លេច​បាន។ លោក​ប្រាថ្នាចង់​ឃើញ​សង្គម​កម្ពុជា​មួយ​ប្រកប​ដោយ​សន្តិភាព។

លោក​ អ៊ុក តាត​ ថ្លែង​ប្រាប់ VOA ថា៖

«ចង់​បាន​តែ​សន្តិភាព​ទេ​ ព្រោះ​យើង​ឆ្លង​ផុត​ពី​សម័យ​ ប៉ុល ពត​ វា​វឹកវរ​ទៅ​ដោយ​បញ្ហា​នៅ​ក្នុង​ជីវិត​មនុស្ស។ មក​ដល់​នេះ​ បាន​បោះឆ្នោត​បែប​លទ្ធិ​ប្រជាធិបតេយ្យ។ នៅ​ក្នុង​លទ្ធិ​ប្រជាធិបតេយ្យ​ អត់​មាន​បក្ស​ណា​ដណ្តើម​គ្នា​ដូច​ពី​ដើម​ទេ។ គេ​ដណ្តើម​គ្នា​តាម​សន្លឹក​ឆ្នោត។​ តែ​ដល់​បោះឆ្នោត​បាន​ហើយ​ បែរ​ជា​មក​ដណ្តើម​គ្នា​ចង់​បាន​អំណាច​វិញ»។

លោក​ អ៊ុក តាត បន្តថា ​អ្នក​នយោបាយ​ទាំង​២​គណបក្ស ​គប្បី​ងាក​មក​ជជែក​គ្នា​ដោយ​សន្តិវិធី​ ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​នយោបាយ​ឲ្យ​បាន​សមរម្យ។​

«ខ្ញុំ​មើល​ទៅ​ទាំង​សង​ខាង​ហ្នឹង​ គ្មាន​បាន​ធ្វើ​អី​ទេ​ ដើម្បី​តែ​ផល​ប្រយោជន៍​រៀង​ខ្លួន។ ទាញ​យក​តែ​ប្រជាប្រិយ​តែ​ខ្លួន​ឯង។ ទាំង​រដ្ឋាភិបាល ទាំង​បក្ស​ប្រឆាំង​ គួរ​កែ​សម្រួល​សតិ​អារម្មណ៍​ខ្លួន ឲ្យ​ឈាន​ទៅ​រក​ការ​ចរចា​គ្នា​ ដើម្បី​បម្រើ​ប្រជាជន​ឲ្យ​បាន​ល្អ។ កាល​ណា​គាត់​ចរចា​គ្នា​ គាត់​រកច្រក​ដោះស្រាយ​ឃើញ​ហើយ​ ផល​ប្រយោជន៍​ច្បាស់​ជា​បាន​មក​ប្រជាជន​ហើយ។ រាល់​ថ្ងៃ​ហ្នឹង គាត់​មាន​និយាយ​គ្នា​ណា៎»។​

​អាជីវករ​លក់​ធ្យូង​មួយ​រូប​មក​ពី​ខេត្ត​កំពង់ស្ពី​គឺ លោក​ សៅ សុង​ វ័យ​៣៦​ឆ្នាំ សំណូមពរ​ឲ្យ​រដ្ឋាភិបាល​ យក​ចិត្ត​ទុកដាក់​ចំពោះ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ទី​ជនបទ។​ រៀប​ចំ​ដាក់​ធ្យូង​ចូល​ក្នុង​ការ៉ុង​បណ្តើរ​ លោក​ថ្លែងប្រាប់ VOA បណ្តើរ​ថា៖

«ខ្ញុំ​ចង់​បាន​ឲ្យ​តែ​ប្រទេស​រីក​ចម្រើន​ ជួយ​ធ្វើ​ផ្លូវ​នៅ​ជនបទ​ផ្លូវ​អី​វា​ពិបាក​ ខ្វះខាត​ស្រះ​ទឹក។ ហើយ​ឲ្យ​ពិភាក្សា​គ្នា​ ស្រុះស្រួល​គ្នា​ទៅ​ វា​ស្រួល​ដល់​ប្រជាជន​ គិត​តែ​ពី​ឈ្លោះ​គ្នា​ចឹង​ពិបាក​ដែរ»។​

ប្រជាពលរដ្ឋ​ផ្សេង​ទៀត​ដែល​ VOAបាន​ជួប​សម្ភាស​ ហាក់​ដូច​ជា​មាន​ភាព​ថ្លឹងថ្លែង​ចំពោះ​ឥរិយាបទ​របស់​អ្នក​នយោបាយ​និង​រដ្ឋាភិបាល​ នៅ​ក្នុង​រយៈ​ពេល​ជិត​៣ឆ្នាំ​ ក្រោយ​ការ​បោះឆ្នោត​មក។​

លោក ជា​ ភិរម្យ វ័យ​៣៩​ឆ្នាំ​ ជាអាជីវករ​មួយ​រូប​ក្នុង​រាជធានី​ភ្នំពេញ​ទទួល​ស្គាល់​នូវ​សមិទ្ធិផល​មួយ​ចំនួន​ដែល​រដ្ឋាភិបាល​សម្រេច​បាន​នា​ពេល​កន្លង​មក ប៉ុន្តែ​លោក​ក៏​បាន​សង្កេត​ឃើញ​អំពី​ភាព​អសកម្ម​មួយ​ចំនួន​ ដូចជា​បញ្ហា​សិទ្ធិ​មនុស្ស សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ជាដើម។​ ដូច​គ្នា​នឹង​ពលរដ្ឋ​ផ្សេង​ទៀត​ដែរ លោក​ ជា​ ភិរម្យ ចង់​ឃើញ​អ្នក​នយោបាយ​រួម​គ្នា​ដោះស្រាយបញ្ហា​សង្គម។​

អាជីវករ​រូប​នេះ​ថ្លែង​ប្រាប់ VOA ថា៖

«ខ្ញុំ​សង្កេត​ឃើញរដ្ឋាភិបាល​គាត់​បាន​ធ្វើ​ដែរ​ក្នុង​ការ​ជួយ​ប្រជាជន​ខ្លះ ហើយ​សកម្មភាព​ខ្លះ​អត់​សូវ​សកម្ម។​ សព្វថ្ងៃ​ភាគ​ច្រើន​រឿង​បញ្ហា​សិទ្ធិ​មនុស្ស​ រដ្ឋាភិបាល​ដូច​គោរព​ដែរ តែ​មិន​គោរព​ដូច​ប្រទេស​គេ​ដទៃ។ ខ្ញុំ​ដូច​មិន​ចូល​ចិត្ត​ទេ បើ​រវល់​តែ​ឈ្លោះ​គ្នា​អញ្ចឹង ប្រជាជន​អត់​សប្បាយ​ចិត្ត​ទេ ហើយ​ប្រទេស​ជាតិ​ក៏​អត់​រីក​ចម្រើន។ រដ្ឋាភិបាល​គួរ​តែ​លើក​យក​បញ្ហា​ជាតិ​យក​មក​ដោះស្រាយ ហៅ​គ្នា​មក​និយាយ​គ្នា​មក​ថា​ គួរ​ធ្វើ​ម៉េច​ឲ្យ​ប្រទេស​ជាតិ​រីក​ចម្រើន»។

កំពុង​ពិភាក្សា​គ្នា​ក្នុង​តូប​កាហ្វេ​មួយ​ក្នុង​រាជធានី​ភ្នំពេញ​ដែល​នៅ​ក្នុង​នោះ មនុស្ស​មួយ​ចំនួន​កំពុង​អាន​ព័ត៌មាន​តាម​ទូរស័ព្ទ​ដៃ​ និង​មួយ​ចំនួន​ទៀត​កំពុង​អាន​កាសែត​ផង​នោះ​ លោក​ ព្រំ សុធី​ វ័យ​៦០ឆ្នាំ​ ជា​អ្នក​រត់​រឺម៉ក់​ទេសចរណ៍ រំពឹង​ថា ​ការ​បោះឆ្នោត​នា​ពេល​ខាងមុខ​នឹង​ប្រព្រឹត្ត​ទៅ​ដោយសេរី​និង​យុត្តិធម៌។​ ​

លោក​ ព្រំ សុធី ថ្លែង​ថា៖

«សុខ​សន្តិភាព​ឲ្យ​មាន​ការ​បោះឆ្នោត ដោយ​សេរី​និង​យុត្តិធម៌​នៅ​កម្ពុជា ដោយ​គ្មាន​ការ​គំរាម​កំហែង​ ឲ្យ​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​បញ្ចេញ​មតិ។ ការ​ឈ្លោះ​គ្នា​រវាង​បក្ស​និង​បក្ស​ ប្រជាជន​នឹង​ហើយ​ជា​អ្នក​រងគ្រោះ​នោះ​ ព្រោះ​ប្រជាជន​ជា​អ្នក​គាំទ្រ​បក្ស​ម្ខាងៗ»។

​អ្នក​រស់​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ម្នាក់​ទៀត​ វ័យ​៤២​ឆ្នាំ​ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ ដោយ​ការ​បារម្ភ​ចំពោះ​សុវត្ថិភាព​ផ្ទាល់​ខ្លួន​ បាន​និយាយ​ថា ​ការ​ចាប់​ខ្លួន​មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​ និង​តំណាងរាស្ត្រ​ដែល​មាន​អភ័យឯកសិទ្ធិ បង្ក​ការ​ភ័យខ្លាច​ដល់​ប្រជាពលរដ្ឋ​ធម្មតា។

«តាំង​ពី​បោះ​ឆ្នោត​ឆ្នាំ​២០១៣​មក​រហូត​មក​ដល់​បច្ចុប្បន្ន អ្នក​ជាប់ឆ្នោត​ហ្នឹង​ អត់​បាន​ធ្វើ​អី​ជូន​ប្រជាពលរដ្ឋ​ឲ្យ​កក់ក្តៅ​ ឬ​ឲ្យ​ប្រជា​ពលរដ្ឋ​ជឿជាក់​ទៅ​លើ​មន្ត្រី​ធំៗ ថ្នាក់​ដឹក​នាំ​ទេ គឺ​អត់ សូន្យ​ហ្មង៎។ ដោយសារ​ឈ្លោះ​គ្នា​ ដណ្តើម​តែ​អំណាច​គ្នា មិន​គិត​ពី​ប្រយោជន៍​ជាតិ​ជាធំ។ ប្រជាជន​ចង់​បាន​របប​លទ្ធិ​ប្រជាធិបតេយ្យ​ពិត​ប្រាកដ​ ដើម្បី​ពលរដ្ឋ​មាន​សិទ្ធិ​សេរីភាព​ អាច​រស់​បាន​សុខ​ មិន​មាន​ចោរកម្ម ឃាតកម្ម មិន​មាន​ការ​គាប​សង្កត់​ ចង់​ឲ្យ​ជាតិ​រឹង​មាំ​ គង់វង្ស​ កុំ​ឲ្យ​ជន​បរទេស​ចូល​ស្រុក​ខ្មែរ​តាម​ចិត្ត»។

កម្តៅ​នយោបាយ​នៅ​កម្ពុជាកាន់​តែ​កើន​ឡើង​ខ្ពស់​ថែម​ទៀត នៅ​ពេល​ដែល​ការ​បោះឆ្នោត​ឆ្នាំ​២០១៧​ និង​២០១៨​ ​កាន់​តែ​ខិត​ជិត​មក​ដល់។​ អ្នក​ឃ្លាំ​មើល​ការ​វិវត្តន៍​នយោបាយ​នៅ​កម្ពុជា​យល់​ថា​ នៅ​ក្នុង​ដំណើរការ​នៃ​លទ្ធិប្រជាធិបតេយ្យ​គំនិត​ផ្ទុយ​គ្នា​រវាង​គណបក្ស​នយោបាយ គឺ​ជា​គន្លឹះ​ និង​ជា​ឱកាស​សម្រាប់​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ និង​ការ​ស្វែង​រកដំណោះ​ស្រាយ​សម្រាប់​បញ្ហា​ទាំងឡាយ​របស់​ជាតិ។ ប៉ុន្តែ​អ្វី​ដែល​សំខាន់​ គឺ​នៅ​ត្រង់​ថា ​តើ​អ្នក​នយោបាយ​ទាំង​នោះ​ចេះសំយោគ​គំនិត​ទាំង​សង​ខាង ដើម្បីបម្រើ​ប្រយោជន៍​ប្រជាជន​បាន​ប៉ុណ្ណា។

លោក​ កែម​ ឡី អ្នក​វិភាគ​សង្គម​ឯករាជ្យ​បញ្ជាក់​ប្រាប់ VOAយ៉ាង​ដូច្នេះ​ថា៖​

«នៅ​ក្នុង​ប្រជាធិបតេយ្យ​ គឺ​គេ​ជជែក​គ្នា​ដូច​គេ​ឈ្លោះ​គ្នា​ចឹង​ ហើយ​ មាត់ធំ​ មាត់តូច ទន់ភ្លន់​ គំរាមកំហែង​ វា​តែង​តែ​កើត​មាន។ តែ​អ្វី​ដែល​ជា​អវិជ្ជមាន យើង​ឈ្លោះ​អត់​ឈ្នះ​គេ យើង​ចេះ​តែ​ចាប់​គេ​ដាក់​គុក​ ចេះ​តែ​ធ្វើ​ឲ្យ​គេ​មាន​របួស​ អាហ្នឹង​វា​ខុស​ហើយ។ ប៉ុន្តែ​បើ​សិន​គ្រាន់​តែ​មាន​ទំនាស់​រវាង​គណបក្ស​មួយ​ទៅ​គណបក្ស​មួយ​នៅ​ក្នុង​សភា នៅ​ក្រៅ​សភា​ជា​រឿង​ធម្មតា»។ ​

​លោក កែម​ ឡី​ បាន​ពន្យល់​អំពី​ភាព​ខុសគ្នា​រវាង​តួនាទី​របស់​រដ្ឋាភិបាល​ និង​គណបក្ស​ជំទាស់។​ ​លោក​ថា​ គណបក្ស​ជំទាស់​ដែល​មិន​ជាប់​ឆ្នោត​ មាន​តួនាទី​ក្នុង​ការ​តាក់តែង​ច្បាប់​តំណាង​ឲ្យ​ពលរដ្ឋ​ សួរ​សុខទុក្ខ​ពលរដ្ឋ បង្កើត​វេទិកា​សាធារណៈ ព្រម​ទាំងតាមដាន​សកម្មភាព​របស់​រដ្ឋាភិបាល។​ រីឯ​ គណបក្ស​កាន់​អំណាច​ដែល​ឈ្នះ​ឆ្នោតត្រូវ​អនុវត្ត​តួនាទី​ខ្លួន​ និង​ផ្ទៀងផ្ទាត់គោល​នយោបាយ​ ដែល​ខ្លួន​បាន​ដាក់​មុន​ពេល​បោះឆ្នោត។​ ឧទាហរណ៍​ដូចជា​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់​កាល​ទី​បី​ និង​ការ​ធ្វើកំណែ​ទម្រង់​គណៈរដ្ឋមន្ត្រី​ជាដើម។​

លោក កែម ឡី ​និយាយ​ថា៖

«យើង​មើល​តែ​គណបក្ស​ឈ្នះ​ឆ្នោត​បាន​ហើយ គាត់​ត្រូវ​យក​គោល​នយោបាយ​គាត់​ទៅ​ផ្ទៀង​ផ្ទាត់​នឹង​ការ​អនុវត្ត​ជាក់​ស្តែង។ គ្រាន់​តែ​ថា​ អ្វី​ដែល​អត់​ជោគ​ជ័យ​មាន​ច្រើន​ដូចជា​ ការ​ទប់ស្កាត់​ការ​បំផ្លាញ​ព្រៃឈើ​ឥត​ស្រាក​ស្រាន្ត។ គាត់​បាន​សន្យា​ តែ​ធ្វើ​អត់​បាន​ ទី​យុទ្ធសាស្ត្រ​កាត់​បន្ថយ​អំពើ​ពុករលួយ តែ​អាត្រា​នៃ​អំពើ​ពុក​រលួយ​នៅ​ខ្ពស់​នៅឡើយ​ ហើយ​បក្ស​ពួក​និយម​ ដែល​គាត់​បាន​សន្យា​ពី​ដើមទី​ មក​ដល់​ពេល​នេះ​រឹត​តែ​ខ្លាំង​ជាង​មុន។ បញ្ហា​ធំៗ​អត់​ទាន់​ដោះស្រាយ​បាន ដូច​បញ្ហា​ដី​ធ្លី ជន​អន្តោប្រវេសន៍​វៀតណាម​ ​ឃើញ​គាត់​បញ្ជូន​ដែរ​ តែ​ដូច​យុទ្ធសាស្ត្រ​វែក​ចក​ វា​អត់​អស់»។​

ទោះជា​មាន​ភាព​អសកម្ម​ទាំង​នេះ​ក៏ដោយ ​លោក​ កែម ឡី​ ក៏បាន​សង្កេត​ឃើញ​ថា រដ្ឋាភិបាល​បាន​កសាងសមិទ្ធផល​មួយ​ចំនួន​ដែរ​ ដូចជា​ការ​លុប​បំបាត់​អំពើ​ពុក​រលួយ​នៅ​ពេល​ប្រឡង​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ការ​ដាក់​ឲ្យ​មាន​ការ​ចុះ​បញ្ជីតាម​ប្រព័ន្ធ​អនឡាញ​ (អ៊ីនធឺណិត) របស់​ក្រសួង​ពាណិជ្ជកម្ម​ និង​ការ​ដាក់​ឲ្យ​មាន​ជញ្ជីង​ថ្លឹង​ឡាន​របស់​ក្រសួង​សាធារណការ​ជាដើម។​ ទោះ​ជា​យ៉ាង​នេះ​ក្តី លោក​ កែម ឡី​ យល់​ថា​ រដ្ឋាភិបាល​នៅ​មិន​ទាន់បាន​បំពេញ​បេសកកម្មគ្រប់​ជ្រុងជ្រោយ ​តាម​ការ​សន្យា​នៅមុន​ការ​បោះឆ្នោត​នៅ​ឡើយ​ទេ៕

XS
SM
MD
LG