ពលរដ្ឋកម្ពុជាមិនមានឆន្ទៈធ្វើបដិវត្តន៍ពណ៌ ដូចការព្រួយបារម្ភរបស់រដ្ឋាភិបាលទេ ក្នុងពេលបច្ចុប្បន្ននេះ ប៉ុន្តែក៏មានធាតុផ្សំមួយចំនួនដែលអាចជាឆ្នួនផ្ទុះនៃបដិវត្តន៍ពណ៌ ប្រសិនបើរដ្ឋាភិបាលប្រើប្រាស់វិធីដោះស្រាយខុសឆ្គង។ នេះបើតាមការអះអាងរបស់អ្នកវិភាគឯករាជ្យមួយរូប។
ការលើកឡើងនេះស្របពេលដែលមន្ត្រីរដ្ឋាភិបាលមួយចំនួនតែងតែភ្ជាប់ការតវ៉ាទាមទារណាមួយទៅនឹងការចង់ងើបឡើងធ្វើ«បដិវត្តន៍ពណ៌» ដើម្បីផ្តួលរំលំរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ក្នុងពេលបច្ចុប្បន្ន រដ្ឋាភិបាលកំពុងតែចាប់អារម្មណ៍ និងបង្ក្រាបរាល់ការធ្វើសកម្មភាពតវ៉ានៅថ្ងៃច័ន្ទដោយស្លៀកពាក់សម្លៀកបំពាក់ពណ៌ខ្មៅ ដែលជាផ្នែកមួយនៃយុទ្ធនាការ«ថ្ងៃច័ន្ទពណ៌ខ្មៅ» ដើម្បីទាមទារឱ្យមានការដោះលែងអ្នកការពារសិទ្ធិមនុស្សចំនួនបួននាក់ និងមន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតម្នាក់។ អ្នកទាំងនោះកំពុងជាប់ឃុំឃាំងពាក់ព័ន្ធនឹងសំណុំរឿងសូកប៉ាន់សាក្សីក្នុងរឿងស្នេហាលួចលាក់របស់នាង ខុម ចាន់តារ៉ាទី។
លោក អ៊ូ វីរៈ បានបញ្ជាក់ក្នុងកម្មវិធី Hello VOA នៅថ្ងៃច័ន្ទថា អ្នកដែលចូលរួមយុទ្ធនាការនេះមិនមានសមត្ថភាព ឬគំនិតរហូតដល់ដឹកនាំធ្វើបដិវត្តន៍ពណ៌ទេ។
លោកបន្ថែមថា៖ «បើជាបដិវត្តន៍ពណ៌ពួកគាត់មិនមែនដើរជាក្រុមតូចទៅបាតុកម្មបែបហ្នឹងទេ។ ខ្ញុំមើលទៅគឺទៅមិនរួចទេ។ ដោយសារអីចឹងបានជាខ្ញុំថា ពួកគាត់គ្មានឆន្ទៈទេ។ ហើយពួកគាត់មិនត្រឹមតែគ្មានឆន្ទៈទេគឺគ្មានសមត្ថភាពនិងលទ្ធភាពទៅទៀត»។
លោក អ៊ូ វីរៈ បានហៅការព្រួយបារម្ភពីបដិវត្តន៍ពណ៌ថា ជាការព្រួយបារម្ភជ្រុលហួសព្រំដែន ហើយគ្មានមូលដ្ឋានច្បាស់។
លោកបញ្ជាក់ថា៖ «ការព្រួយបារម្ភគឺរដ្ឋាភិបាលមានប្រតិកម្មជ្រុលពេក គឺកាន់តែធ្វើឱ្យមនុស្សមានភាពតឹងទ្រូង មានការមិនសប្បាយចិត្ត ហើយរូបមន្តទាំងឡាយហ្នឹងហើយដែលធ្វើឱ្យមនុស្សកាន់តែខឹងទៅៗហើយរដ្ឋាភិបាលកាន់តែមានរូបភាពអាក្រក់ទៅៗ...នៅក្នុងប្រទេស និងលើឆាកអន្តរជាតិ»។
យ៉ាងណាក៏ដោយ លោក អ៊ូ វីរៈ យល់ថា ប្រទេសកម្ពុជាមានចំណុចដែលគួរជាទីព្រួយបារម្ភផងដែរដែលត្រូវនឹងលក្ខណៈមួយចំនួននៃដើមចម ដែលជំរុញឱ្យមានការធ្វើបដិវត្តន៍នានាក្នុងពេលកន្លងមកនៅបណ្តាប្រទេសមួយចំនួន។ ក្នុងនោះមានដូចជាកម្ពុជាមានពលរដ្ឋមានវ័យក្មេងច្រើន និងមេដឹកនាំគឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាន់អំណាចយូរ ដែលនេះជាចំណុចខ្សោយមួយដែលគេអាចរិះគន់ជាអន្តរជាតិបាន ហើយកត្តាមួយទៀត ដែលមានការរិះគន់ជាយូរហើយ ប៉ុន្តែរដ្ឋាភិបាលបន្តបដិសេធ គឺប្រព័ន្ធយុត្តិធម៌។
លោក អ៊ូ វីរៈ បន្ថែមថា៖ «បើសិនជាក្នុងប្រទេសមួយមានភាពអយុត្តិធម៌ច្រើន ឬមួយគម្លាតរវាងអ្នកមាននិងអ្នកក្រច្រើន ហើយបូកនឹងធាតុផ្សំដទៃទៀត ប្រទេសមានយុវវ័យច្រើនទៀតនោះ យើងក៏ប្រឈមមុខនឹងគ្រោះថ្នាក់ដែរ»។
បញ្ហាទាំងនេះទាមទារឱ្យមានការដោះស្រាយឱ្យបានត្រឹមត្រូវ។
លោកបានរំលឹកដែរថា បើទោះបីជាពេលបច្ចុប្បន្នការធ្វើបដិវត្តន៍ពណ៌មិនអាចកើតមានឡើងបានប៉ុន្តែលទ្ធភាពនៅតែអាចកើតមានឡើងដែរ ដូចជាក្នុងករណីដែលរដ្ឋាភិបាលដើរខុសច្រើនជំហានដោយខិតខំបង្រ្កាប ជាជាងប្រឹងដោះស្រាយបញ្ហាដែលជាដើមចមនៃបញ្ហាក្នុងសង្គម។
លោក អ៊ូ វីរៈ ពន្យល់ថា៖ «ខ្ញុំមើលទៅកំហឹងរបស់ប្រជាពលរដ្ឋអាចធ្វើឱ្យមានការផ្ទុះកំហឹងនេះ ទោះបីជាអត់មានអ្នកដឹកនាំ អត់មានអ្នកណាចង់បានក៏នឹងអាចកើតឡើងដែរ។ នេះគឺជាគ្រោះថ្នាក់មួយសម្រាប់ប្រទេសយើងផងដែរ»។
លោកបន្ថែមថា បរិបទនយោបាយក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន គឺទាំងរដ្ឋាភិបាល ទាំងអង្គការសង្គមស៊ីវិល និងគណបក្សមិនកាន់អំណាច មានទំនោរទៅរកការលាបពណ៌គ្នា ព្រោះការលាបពណ៌ជារឿងងាយស្រួលជាងការដោះស្រាយបញ្ហា៕