ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

គណបក្ស​ប្រឆាំង​ត្រៀម​ធ្វើ​ពិធី​សាសនា​​ដើម្បី​សុំ​ការ​ជួយ​ពី​ព្រះ


រូបឯកសារ៖ បុរស​ម្នាក់​អង្គុយ​ចាំ​ដំណឹង នៅមុខ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ ស្របពេល​ដែល​សមត្ថកិច្ច​បាន​ព្យាយាម​តាម​ស្កាត់​ឡាន​របស់​លោក កឹម សុខា អនុប្រធាន​គណបក្ស​នេះ កាលពីថ្ងៃព្រហស្បតិ៍ ទី២៦ ខែឧសភា ឆ្នាំ២០១៦។ (អូន ឆេងប៉រ/VOA)

ការ​ត្រៀម​ធ្វើ​ពិធី​បុណ្យ​សាសនា​នេះ​ កើត​មាន​ឡើង​បន្ទាប់​ពី​លោក​ កឹម សុខា​ ប្រធាន​ស្តី​ទី​​គណបក្ស​ប្រឆាំង ​បាន​ប្រឈម​មុខ​នឹង​ការ​ចោទប្រកាន់​ជា​បន្តបន្ទាប់​ពី​តុលាការ​កម្ពុជា។

គណបក្ស​សង្គ្រោះ​ជាតិ​នឹង​រៀប​ចំ​ពិធី​បុណ្យ​បែប​ពុទ្ធសាសនា​នៅ​ព្រឹក​ថ្ងៃ​អង្គារ​ស្អែក​នេះ​ ដើម្បី​សុំ​ឲ្យ​មាន​សុខ​សន្តិភាព​ ផ្សះផ្សា​ បង្រួបបង្រួម​ជាតិ​ពិតប្រាកដ​ និង​សុំ​កុំ​ឲ្យ​មាន​ការ​រំលោភ​បំពាន​លើ​អភ័យឯកសិទ្ធិ​អ្នក​តំណាងរាស្ត្រ​របស់​គណបក្ស​ប្រឆាំង។​ នេះ​បើ​យោង​ទៅ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណបក្ស​ប្រឆាំង​ដែល​បាន​ចេញ​ផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​ច័ន្ទ​នេះ។

ការ​ត្រៀម​ធ្វើ​ពិធី​បុណ្យ​សាសនា​នេះ​ កើត​មាន​ឡើង​បន្ទាប់​ពី​លោក​ កឹម សុខា​ ប្រធាន​ស្តី​ទីគណបក្ស​ប្រឆាំង ​បាន​ប្រឈម​មុខ​នឹង​ការ​ចោទប្រកាន់​ជា​បន្តបន្ទាប់​ពី​តុលាការ​កម្ពុជា។

ជាក់​ស្តែង​ កាល​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​នេះ​ លោក​ ថាន់​ ឡេង​ ចៅក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ចូល​ខ្លួន​ដល់​លោក​ កឹម​ សុខា​ ពី​បទ​ចោទប្រកាន់​មួយ​ផ្សេង​ទៀត​ គឺ​បទ «បដិសេធ​ក្នុង​ការ​ចូល​ខ្លួន»​ ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​២៦​ ខែ​ឧសភា​ ឆ្នាំ​២០១៦​ តាម​បញ្ញត្តិ​មាត្រា​៥៣៨នៃ​ក្រម​ព្រហ្មទណ្ឌ។​ ក៏ប៉ុន្តែ​លោក​ យ៉ែម​ បុញ្ញឫទ្ធិ​ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ភ្លាមៗ​ថា​លោក​ កឹម សុខា​ នឹង​មិន​ចូល​ខ្លួន​តាម​ការ​កោះ​ហៅ​នោះ​ទេ​ ព្រោះ​លោក​ កឹម សុខា​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ អះអាង​ថា​ លោក​នៅ​មាន​អភ័យឯកសិទ្ធិ​ជា​អ្នកតំណាងរាស្ត្រ។

ក្រុម​មន្ត្រី​នៃ​គណបក្ស​ធំៗ​ទាំង​ពីរ​ ដែល​មាន​អាសនៈ​នៅ​ក្នុង​សភា​ មាន​ការ​ខ្វែង​គំនិត​គ្នា​អំពី​អភ័យ​ឯកសិទ្ធិ​នៃ​អ្នក​តំណាងរាស្ត្រ ចាប់​តាំង​ពី​តុលាការ​ធ្វើ​ការ​ចោទប្រកាន់​ និង​សម្រេច​ឃុំ​ខ្លួន​មន្ត្រី​របស់​គណបក្ស​ប្រឆាំង​ជាបន្តបន្ទាប់​មក​នេះ។

លោក ឈាង វុន​ អ្នក​នាំ​ពាក្យ​ក្រុម​សមាជិក​សភា​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ នៅ​សភា​ជាតិ​ នា​ថ្ងៃ​ច័ន្ទ​នេះ​ថា​ អ្នក​តំណាងរាស្ត្រ​ដែល​បាន​ប្រព្រឹត្ត​កំហុស​ មិន​អាច​យក​អភ័យ​ឯកសិទ្ធិ​ខ្លួន​មក​ការពារ​កំហុស​ខ្លួន​បាន​ទេ​ ហើយ​ក៏​មិន​អាច​រំលោភ​ទៅ​លើ​ការ​សម្រេច​ចោទ​ប្រកាន់​ពី​តុលាការ​បាន​ដែរ។​ លោក​បាន​បន្ថែម​ថា​ អ្នក​តំណាងរាស្ត្រ​ផ្សេង​ទៀត​ក្នុង​សភា​ជាតិ​ មិន​អាច​ការពារ​តំណាងរាស្ត្រ​រូប​ណា​ដែល​បាន​ធ្វើ​សកម្មភាព​ផ្ទុយ​ពី​ច្បាប់​នោះ​ទេ​ ហើយ​ថា​រឿង​ក្តី​ដែល​បាន​កើត​ឡើង​ទៅ​លើ​អ្នក​តំណាងរាស្ត្រ​មួយ​ចំនួន​ គឺ​ជា​រឿង​បុគ្គល។

នៅ​ក្នុង​ការ​រៀបចំ​ពិធី​បុណ្យ​តាម​បែប​ព្រះ​ពុទ្ធសាសនា​ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​អង្គារ​ស្អែក​នេះ​ គណបក្ស​ប្រឆាំង​នឹង​រៀបចំ​ពិធី​សូត្រ​មន្ត​ និង​ប្រគេន​ចង្ហាន់​ដល់​ព្រះ​សង្ឃ​ចំនួន​១២៣​អង្គ​ ដើម្បី​ឧទ្ទិស​បួងសួង​ដល់​វត្ថុ​ស័ក្ដិសិទ្ធិ​ក្នុង​លោក។

​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​គ្រោង​រៀបចំ​ការ​ជួប​ជុំ​មហាជន​ដោយ​សន្តិវិធី​នៅ​ទី​ស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ​ ដើម្បី​ឃ្លាំ​មើល​ស្ថានការណ៍​នយោបាយ​នៅ​ថ្ងៃ​ទី​១៤​ ខែ​មិថុនា។​ នៅ​មុន​ថ្ងៃ​ ទី១៤​ ខែ​មិថុនា​ គណបក្ស​ប្រឆាំង​ បាន​គ្រោង​រៀបចំ​កម្មវិធី​ចាប់​ផ្តើម​ទទួល​ញត្តិ​ និង​ការ​សម្តែង​មតិ​របស់​ប្រជាពលរដ្ឋ​ នៅ​ទីស្នាក់​កណ្តាល​គណបក្ស​ សិ្ថត​ក្នុង​សង្កាត់ ​ចាក់​អង្រែ​លើ​ ខណ្ឌ​មាន​ជ័យ​ រាជធានី​ភ្នំពេញ​ផង​ដែរ៕

XS
SM
MD
LG