ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​ថា ​ECCC ​កោះហៅ​មេដឹកនាំ​បក្ស​កាន់​អំណាច​ខុស​ពី​សំណុំ​រឿង​​លោក​ កឹម សុខា


រូបឯកសារ៖ ទីស្តីការ​គណៈរដ្ឋ​មន្រ្តី​ នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែ​កក្កដា​ ឆ្នាំ​២០១៥។​ គណៈ​កម្មការ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា​និង​វៀតណាម​បាន​ជួប​ចរចាកិច្ចការបោះ​បង្គោល​ព្រំ​ដែន​គោក​ កម្ពុជា​-វៀតណាម​ នៅ​ទីស្តីការ​គណៈ​រដ្ឋ​មន្រ្តី ទាក់​ទិន​បញ្ហា​បាតុភាព​នៅ​តាម​ព្រំដែន​នា​ពេល​ថ្មីៗ​នេះ​ រយៈ​ពេល​៣​ថ្ងៃ​ ចាប់​ពី​ថ្ងៃ​ទី​៧ ដល់​ទី​៩ ខែ​កក្កដា​ ឆ្នាំ​២០១៥​។ (នូវ​ ពៅ​លក្ខិណា​/VOA)
រូបឯកសារ៖ ទីស្តីការ​គណៈរដ្ឋ​មន្រ្តី​ នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែ​កក្កដា​ ឆ្នាំ​២០១៥។​ គណៈ​កម្មការ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា​និង​វៀតណាម​បាន​ជួប​ចរចាកិច្ចការបោះ​បង្គោល​ព្រំ​ដែន​គោក​ កម្ពុជា​-វៀតណាម​ នៅ​ទីស្តីការ​គណៈ​រដ្ឋ​មន្រ្តី ទាក់​ទិន​បញ្ហា​បាតុភាព​នៅ​តាម​ព្រំដែន​នា​ពេល​ថ្មីៗ​នេះ​ រយៈ​ពេល​៣​ថ្ងៃ​ ចាប់​ពី​ថ្ងៃ​ទី​៧ ដល់​ទី​៩ ខែ​កក្កដា​ ឆ្នាំ​២០១៥​។ (នូវ​ ពៅ​លក្ខិណា​/VOA)

អង្គភាព​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដោយ​ហៅ​ការ​ប្រៀបធៀប​នោះ​ថា​ជា ​ការ​«ខ្វះ​ការ​សិក្សា​ស្រាវជ្រាវ​ឱ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​លើ​កិច្ច​ការ​ដំណើរការ​របស់​សាលាក្តី​ខ្មែរ​ក្រហម​ជា​ការ​ផ្សព្វផ្សាយ​ដែល​គ្មាន​មូលដ្ឋាន​ច្បាស់​លាស់ ​គឺ​ជា​ការ​និយាយ​ភូត​កុហក ​បំផ្លើស​និង​មាន​ចរិត​នយោបាយ‍»។

រដ្ឋាភិបាល​កម្ពុជា​បាន​ចាត់​ទុក​ថា​ជា​«ការ​បំផ្លើស‍»​ដែល​បង្ក​ឱ្យ​មាន​«ការ​យល់​ច្រឡំ‍»​ចំពោះ​ការ​ប្រៀបធៀប​សំណុំរឿង​លោក​ កឹម​ សុខា ​ជាមួយ​នឹង​សំណុំរឿង​នៅ​សាលាក្តី​ខ្មែរ​ក្រហម។ ​

ប្រតិកម្ម​នេះ​កើត​មាន​ឡើង​បន្ទាប់​ពី​មាន​ការ​រិះគន់​កាន់តែ​ច្រើន​ឡើង​លើចំណាត់ការ​របស់​តុលាការ​ក្រុង​ភ្នំពេញ​មក​លើ​លោក​ កឹម សុខា​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​សំណុំរឿង​សញ្ចរកម្ម ដោយ​ក្រុម​អ្នក​រិះគន់​បាន​ធ្វើ​ការ​ប្រៀបធៀប​ជាមួយ​នឹង​ការ​ខកខាន​របស់​ឥស្សរជន​នយោបាយ​ចំនួន​៦នាក់​នៃ​គណបក្ស​កាន់​អំណាច ​មិន​ព្រម​ឆ្លើយ​តប​នឹង​ការ​កោះ​ហៅ​របស់​សាលាក្តី​ខ្មែរ​ក្រហម​ក្នុង​ពេល​កន្លង​មក ​ឱ្យ​ធ្វើ​ជា​សាក្សី​ក្នុង​សំណុំរឿង​០០២​ ប្រឆាំង​នឹង​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម ​ប៉ុន្តែ​សាលាក្តី​មិន​បាន​ចាត់​ការ​អ្វី​ទេ។

អង្គភាព​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដោយ​ហៅ​ការ​ប្រៀបធៀប​នោះ​ថា​ជា ​ការ​«ខ្វះ​ការ​សិក្សា​ស្រាវជ្រាវ​ឱ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​លើ​កិច្ច​ការ​ដំណើរការ​របស់​សាលាក្តី​ខ្មែរ​ក្រហម​ជា​ការ​ផ្សព្វផ្សាយ​ដែល​គ្មាន​មូលដ្ឋាន​ច្បាស់​លាស់ ​គឺ​ជា​ការ​និយាយ​ភូត​កុហក ​បំផ្លើស​និង​មាន​ចរិត​នយោបាយ‍»។​

​កាលពី​ចុងខែ​ឧសភា ​លោក​ សម រង្ស៊ី ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​សរសេរ​ក្នុង​ទំព័រ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​របស់​លោក ដោយ​លើកឡើង​ពី​ការ​មិន​សហការ​ជាមួយ​នឹង​សាលាក្តី​ខ្មែរ​ក្រហម​ដោយ​ឥស្សរជន​នយោបាយ​ចំនួន​៦រូប​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ​ដែល​ក្នុង​នោះ​មាន​ លោក​ ហេង សំរិន ​ប្រធាន​រដ្ឋសភា​ជាតិ លោក​ ជា ស៊ីម ​អតីត​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ និង​លោក​ គាត ឈុន ​អតីត​ឧបនាយករដ្ឋមន្ត្រី​ផង​ដែរ។ អស់លោក​ទាំងនោះ​ត្រូវ​បាន​តុលាការ​ខ្មែរក្រហម​កោះ​ហៅ​តាំងពីឆ្នាំ២០០៩ ​ឲ្យ​ទៅ​បំភ្លឺ​ ចំពោះ​មុខ​ចៅក្រម។

លោក សម រង្ស៊ី បាន​ចោទ​ជា​សំណួរ​ថា៖

«អ្នក​ទាំងនោះ​មិន​បាន​ទៅ​បង្ហាញ​មុខ​ខ្លួន​នៅ​តុលាការ​ទេ មក​ទល់​នឹង​ថ្ងៃ​នេះ។ តើ​មាន​នរណា​បាន​តាម​ចាប់​ជនល្មើស​ទាំងនោះ​ទេ?‍»

លោក​ សម រង្ស៊ី​ បាន​បន្ថែម​ថា ​«បទល្មើស​របស់​បុគ្គល​ទាំង​៦​រូប​នោះ​ អាច​មាន​ការ​ពាក់ព័ន្ធ​ជាមួយ​ ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ​ដែល​ជា​ប្រធានបទ​នៃ​ការ​ស៊ើប​អង្កេត​របស់​តុលាការ​ខ្មែរ​ក្រហម។ ឧក្រិដ្ឋកម្ម​បែប​នេះ​មិនមែន​ជា​រឿង​ផ្ទាល់​ខ្លួន​កំប៉ិក​កំប៉ុក​ ដូច​រឿង​ដែល​គេ​កំពុង​តែ​ចោទ​ប្រកាន់​លោក​ កឹម សុខា ​នោះ​ទេ‍»។

រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជាក់​ថា​ យុត្តាធិការ​របស់​សាលាក្តី​ខ្មែរ​ក្រហម​ខុស​ដោយ​ឡែក​ពី​តុលាការ​កម្ពុជា ដោយសារ​តែ​ការ​នាំ​ខ្លួន ​ឬ​ឃុំ​ខ្លួន​ត្រូវ​ទាមទារ​ឱ្យ​មាន​ការ​ចុះ​ហត្ថលេខា​រវាង​ភាគី​ជាតិ​ និង​អន្តរជាតិ ​ហើយ​ការ​កោះ​ហៅ​ថ្នាក់​ដឹកនាំ​ និង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​កន្លង​មក ​គឺ​ធ្វើ​ដោយ​ភាគី​អន្តរជាតិ​តែ​ម្ខាង ​ដោយ​មិន​មាន​ការ​ចូលរួម​ពី​សហ​ចៅក្រម​ជាតិ​នោះ​ទេ។ ​

អង្គភាព​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​បាន​បន្ថែម​ទៀត​ថា៖

«ក្នុង​ស្ថានភាព​សព្វថ្ងៃ​នេះ ​ករណី​នេះ​វា​លែង​ជា​បច្ចុប្បន្នភាព​គតិយុត្តិ​ទៀត​ហើយ‍‍» ​និង​ថា​«ក្នុង​សំណុំរឿង​តុលាការ​ រាល់​នីតិ​វិធី​តុលាការ​ត្រូវ​តែ​ធ្វើការ​ដោះស្រាយ​ក្នុង​ក្របខណ្ឌ​តុលាការ ​ដើម្បី​ជៀសវាង​ការ​រំខាន ​ឬ​ការ​កេង​ចំណេញ​នយោបាយ​ពី​មជ្ឈដ្ឋាន​ខាង​ក្រៅ‍»៕

XS
SM
MD
LG