ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោកត្រាំ​៖ ពិភពលោក​ត្រូវ​ឈប់​ត្រឹមត្រូវ​ខាង​នយោបាយ​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​អំពើ​ភេរវកម្ម


រូបឯកសារ៖ ទំព័រ​ Twitter របស់​ប្រធានាធិបតី​ ដូណាល់ ត្រាំ។

លោក​ប្រធានាធិបតី​អាមេរិក ​ដូណាល់ ត្រាំ និយាយ​ថា ពិភពលោក​ត្រូវ​ឈប់​«ធ្វើ​ត្រឹម​ត្រូវ​ខាង​នយោបាយ» នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម​។ លោក​ក៏​បានយក​ការ​វាយ​ប្រហារ​ដ៏​ប្រល័យ​នៅ​ទីក្រុង​ឡុងដ៍​ មកអំពាវនាវ​ជា​ថ្មី​ឡើង​វិញ​ដល់​តុលាការ​ឲ្យ​ផ្តល់​សមត្ថកិច្ច​ដល់​បទ​បញ្ជា​ប្រតិបត្តិ​របស់​លោក​ ដែល​ហាម​ឃាត់​មិន​ឲ្យ​ប្រជាពលរដ្ឋ​មក​ពី​បណ្តា​ប្រទេស​កាន់​សាសនា​ឥស្លាម​ភាគច្រើន​ទាំង​៦​ចូល​មក​ក្នុង​ទឹកដី​សហរដ្ឋ​អាមេរិក​បាន។

នៅ​ក្នុង​ប្រអប់​បញ្ចេញ​មតិ​មួយ​ចំនួន​លើ​បណ្តាញ​សង្គម Twitter មេដឹកនាំ​អាមេរិក​រូប​នេះ​បាន​ប្តេជ្ញា​គាំទ្រ​អង់គ្លេស និង​បាន​រិះគន់​អភិបាល​ក្រុង​ឡុងដ៍ ក៏​ដូចជា​បង្ហាញ​ជំហរ​រឹងមាំ​ក្នុង​ការ​ប្រយុទ្ធប្រឆាំង​នឹង​អំពើ​ភេរវកម្ម​ផង​ដែរ។

លោក ត្រាំ​ បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​អាទិត្យ​ថា៖ «យើង​ត្រូវ​តែ​ឈប់​ត្រឹមត្រូវ​ខាង​នយោបាយ​និង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​អំពី​សន្តិសុខ​នៃ​ប្រជាជន​របស់​យើង។ ប្រសិន​បើ​យើង​មិន​ឆ្លាត​ជាង​មុន​ទេ ស្ថានភាព​នឹង​កាន់​តែ​អាក្រក់​ជាង​មុន‍»។

លោក ត្រាំ​ ក៏​បាន​រិះគន់​អភិបាល​ក្រុងឡុងដ៍ គឺ​លោក Sadiq Khan ដែល​ត្រូវ​បាន​គេ​បោះឆ្នោត​ជ្រើសរើស​កាល​ពី​ឆ្នាំ​មុន ហើយ​ក៏​ជា​អភិបាល​ក្រុង​កាន់​សាសនា​ឥស្លាម​ទីមួយ​ដែល​ដឹកនាំ​រដ្ឋធានី​នៃ​បស្ចិមប្រទេស​ដ៏​សំខាន់​មួយ​នេះ។​

លោក​ ត្រាំ បាន​បង្ហោះ​សារ​ថា៖ «មនុស្ស​យ៉ាង​ហោច​ណាស់​៧​នាក់​ស្លាប់​និង​៤៨​នាក់​រង​របួស​នៅ​ក្នុង​ការ​វាយប្រហារ​ភេរវកម្ម ហើយ​អភិបាល​ក្រុង​នេះ​និយាយ​ថា មិន​មាន​ហេតុផល​អ្វី​ដែល​ត្រូវ​ភិតភ័យ​នោះ​ទេ‍»៕

XS
SM
MD
LG