ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ទីក្រុង​ រដ្ឋ​​និង​ក្រុម​ហ៊ុនពាណិជ្ជកម្ម​ផ្សេងៗ​ក្នុង​សហរដ្ឋអាមេរិក​គាំទ្រ​កិច្ច​ព្រមព្រៀង​អាកាសធាតុ


រូបភាព​ឯកសារ៖ Eiffel tower ត្រូវ​បាន​បញ្ចាំង​ភ្លើងពណ៌ខៀវ​ដោយ​មាន​ដាក់​ពាក្យ​ថា «កិច្ច​ព្រមព្រៀង​ប៉ារីស​បាន​ចប់ហើយ» ដើម្បី អបអរ​កិច្ច​ព្រមព្រៀង​អាកាស​ធាតុ​របស់​អ.ស.ប.និង​ទីក្រុង​ប៉ារីសប្រទេស​បារាំង​កាល​ពី​ថ្ងៃទី​០៤ វិច្ឆិកា ២០១៦។

ប្រធានាធិបតី​សហរដ្ឋអាមេរិក Donbald Trump បាននិយាយថា​គាត់​តំណាង​ «ក្រុម​ពលរដ្ឋ​នៃ​ក្រុង Pittsburg មិន​មែន​ក្រុងប៉ារីសទេ» នៅ​ពេល​គាត់​ប្រកាស​អំពី​ការ​ដក​សហរដ្ឋអាមេរិកចេញ​ពី​កិច្ចព្រម​ព្រៀង​អំពី​ធាតុអាកាស​ជា​ប្រវត្តិសសាស្ត្រ​ដែល​បានត្រូវ​ចុះហត្ថលេខា​នៅ​ក្នុង​រដ្ឋធានី​នៃប្រទេស​បារាំង។

ក៏​ប៉ុន្តែលោក Bill Peduto អភិបាលក្រុង​ Pittsburg បានមានប្រសាសន៍​ថាលោក​«បានត្រូវ​ធ្វើឱ្យ​អាក់អន់ចិត្ត» ដោយ​កំណត់​សម្គាល់​របស់ Trump។ ​លោក Peduto បានមានប្រសាសន៍​ថា​អ្នកសរសេរ​សុន្ទរកថា​របស់ Trump បាន​ប្រើ​ក្រុង​ Pittsburg ជា ​«តួយ៉ាង»​ មួយនៃ «ក្រុង​ចាស់​កខ្វក់មួយ​ដែល​ពឹង​ពាក់លើ​ធ្យូង​ថ្ម​ច្រើននិង​ដែកថែបច្រើន​ដើម្បី​ឱ្យរស់រាន្តមានជីវិត»។ លោក​អភិបាលក្រុង​ Pittsburg រូបនេះបានមានប្រសាសន៍​ថា​ការ​និយាយ​យោង​របស់​ Trump «មិន​ខ្វល់​ទាំង​ស្រុង​ដល់​ពលិកម្មដែល​យើង​បាន​ធ្វើជាង​៣០ឆ្នាំមក​ហើយ...ដើម្បី​សម្អាត​ខ្យល់និង​ទឹករបស់​យើង»។

លោក Peduto បានមានប្រសាសន៍​តាម Twitter ថា​ «ក្នុង​ឋានៈជាអភិបាលក្រុង​ Pittsburg​ ខ្ញុំ​អាចធានារ៉ាប់រង​ដល់​លោកអ្នកថា​យើង​នឹង​ធ្វើតាម​គោលការណ៍​ណែនាំ​នៃ​កិច្ច​ប្រមព្រៀង​ក្រុង​ប៉ារីស សម្រាប់​ប្រជារាស្ត្រ​យើង​សេដ្ឋកិច្ច​និង​អនាគត​របស់​យើង»។

លោក Peduto បានឆ្លើយតប​នឹង​សេចក្តី​ថ្លែងការណ៍​របស់ Trump ជាមួយបទបញ្ជា​នីតិ​ប្រតិបត្តិ​មួយបញ្ជាក់​ការ​ប្តេជ្ញាជា​ថ្មី​របស់រដ្ឋាភិបាល​ក្រុង​លោកដល់​គោលដៅ​របស់​ខ្លួន​ក្នុង​ការ​កាត់បន្ថយ​ការ​ប្រើប្រាស់​ថាមពល​ចំនួនពាក់កណ្តាលនិង​យក​ថាមពល​ទាំង​អស់​របស់​ខ្លួន​ពី​ប្រភព​ថាមពល​ដែល​អាចប្រើប្រាស់​ជាថ្មីបានមិនឱ្យ​ហួសពី​ឆ្នាំ២០៣០។

នៅ​ពេល​ដែល​រដ្ឋាភិបាល​សហព័ន្ធដក​ខ្លួន​ថយ​ចេញ​ពី​សកម្មភាព​ខាង​ធាតុអាកាស រដ្ឋាភិបាលរបស់​រដ្ឋនិង​ក្រុងនានានៅក្នុង​ប្រទេស​អាមេរិក​ ព្រម​ទាំង​វិស័យឯកជន​កំពុង​ទទួល​បន្ទុក​កិច្ច​ខិតខំប្រឹងប្រែង​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់។​

មាន​អភិបាលក្រុង អភិបាល​រដ្ឋនិង​វិស័យ​ជំនួញ​ច្រើន​ជាងមុន​បានសន្យា​ថា​នឹង​បង្កើន​សកម្មភាព​របស់ពួក​គេដើម្បី​ធ្វើឱ្យ​សហរដ្ឋអាមេរិក​បំពេញ​តាមការ​ប្តេជ្ញាដែល​ខ្លួន​បានយល់ព្រម​នៅ​ក្នុង​ក្រុង​ប៉ារីស​កាល​ពី​ឆ្នាំ២០១៥។ ​ក៏​ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ក៏​ពួក​អ្នកជំនាញ​និយា​យថា​គេ​ដឹងមិន​ច្បាស់លាស់ទេ​ថា​តើ​ពួក អភិបាលក្រុង​អភិបាល​រដ្ឋនិង​វិស័យ​ជំនួញទាំង​នេះ​អាច​បំពេញការ​ខ្វះខាត​បន្សល់​ទុក​ដោយ​រដ្ឋបាល​ Trump បាន​ឬទេ៕

XS
SM
MD
LG