ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេតវិមាន​របស់​លោក​ ត្រាំ ក្រោម​ការ​គ្រប់​គ្រង​របស់​នាយ​ខុទ្ទកាល័យ​ John Kelly​


លោកប្រធានាធិបតី ដូណាល់ ត្រាំ ចាប់​ដៃ​ជាមួយ​លោក​ John Kelly នៅ​ពេល​លោក​ស្បថ​ចូល​កាន់​តំណែង​នៅ​សេត​វិមាន​ ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃទី​៣១ ខែ​កក្កដា។
លោកប្រធានាធិបតី ដូណាល់ ត្រាំ ចាប់​ដៃ​ជាមួយ​លោក​ John Kelly នៅ​ពេល​លោក​ស្បថ​ចូល​កាន់​តំណែង​នៅ​សេត​វិមាន​ ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃទី​៣១ ខែ​កក្កដា។

សេតវិមាន​របស់​លោក​ប្រធានាធិបតី ត្រាំ ​បាន​ផ្លាស់​ប្ដូរ​​នាយ​ខុទ្ទកាល័យ​ថ្មី​​ក្នុង​ពេល​ថ្មីៗ​នេះ។ ឧត្ដមសេនីយ៍​យោធា​ជើង​ទឹក​ចូល​និវត្តន៍ លោក John Kelly ទទួល​តំណែង​ជា​នាយ​ខុទ្ទកាល័យ​ បន្ទាប់​ពី​​​បាន​កាន់​តំណែង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​សន្តិសុខ​មាតុភូមិ។

ទាំង​អ្នក​គាំ​ទ្រ​ និង​អ្នក​រិះ​គន់​លោក​ប្រធានាធិបតី ត្រាំ​ ឆ្ងល់​ថា​តើ​លោក​ Kelly អាច​ប្រើ​បទពិសោធន៍​យោធា​របស់​លោក​មក​អនុវត្តន៍​ដើម្បីបន្ធូរ​បន្ថយ​ភាព​តាន​តឹង​នៅ​ក្នុង​សេតវិមាន ដែល​បាន​រង្គោះ​រង្គើ​ដោយ​ភាព​ច្របូក​ច្របល់​ក្នុង​រយៈពេល​ ៦​ខែ​ដំបូង​នៃ​ការ​កាន់​តំណែង​ប្រធានាធិបតី​របស់​លោក ត្រាំ ដែរ​ឬ​ទេ។

បន្ទាប់​ពី​ការ​ច្របូក​ច្របល់​អស់​ប៉ុន្មាន​សប្ដាហ៍​រួច​មក លោក​ប្រធានាធិបតី ត្រាំ បាន​ងាក​ទៅ​រក​អតីត​ឧត្ដមសេនីយ៍​ លោក​ John Kelly ដើម្បី​កែ​ប្រែ​ស្ថានការណ៍​នៅ​សេតវិមាន​ឲ្យ​ត្រឡប់​មក​រក​ភាព​ប្រក្រតី​វិញ។

លោក​ថ្លែង​ថា៖ «យើង​នឹង​ខំ​ប្រឹង​ធ្វើ​ការ ហើយ​យើង​នឹង​ធ្វើ​ឲ្យ​សហរដ្ឋ​អាមេរិក​អស្ចារ្យ​ម្ដង​ទៀត។ ទាំង​អស់​នេះ​គឺ​ដើម្បី​ធ្វើ​ឲ្យ​សហរដ្ឋ​អាមេរិក​អស្ចារ្យ​ម្ដង​ទៀត។ នេះ​ជា​អ្វី​ដែល​យើង​នឹង​ធ្វើ»។​

លោក​ Kelly ជំនួស​តំណែង​ Reince Priebus ដែល​បាន​ប៉ះ​ទង្គិច​គ្នា​ជា​មួយ​អតីត​ប្រធាន​ផ្នែក​ទំនាក់​ទំនង​ប្រចាំ​នៅ​សេតវិមាន​ លោក ​Anthony Scaramucci។

លោក ​Scaramucci ​បាន​និយាយ​ថា៖ «ខ្ញុំ​ស្រឡាញ់​លោក​ប្រធានាធិបតី»។

លោក ​Scaramucci ​ត្រូវ​បាន​គេ​បណ្ដេញ​ចេញ​កាល​ពី​ចន្ទ​កន្លង​ទៅ។ ​ថ្ងៃដំបូង​នៃ​ការ​កាន់​តំណែងរបស់​លោក ​មាន​សញ្ញា​មួយ​បង្ហាញ​ថា លោកម៉ឺង​ម៉ាត់​អំពី​ការ​បញ្ចប់​ការ​មិន​ចុះ​សម្រុង​គ្នា​នៅ​ក្នុង​សេតវិមាន​ដែល​បាន​កើត​ឡើង​ជា​ច្រើន​ខែ​មក​ហើយ។

អ្នក​និពន្ធ​លោក Chris Whipple បាន​សរសេរ​សៀវភៅ​មួយ​ក្បាល​អំពី​តួនាទី​សំខាន់ របស់​នាយ​ខុទ្ទកាល័យ​ប្រចាំ​សេតវិមាន។​

លោក​ Chris Whipple អ្នក​និពន្ធ​សៀវភៅ ​The Gatekeepers​ បាន​និយាយ​ថា៖ «អ្នក​មិន​អាច​គ្រប់​គ្រង​ការ​ងារ​នៅ​សេតវិមាន ដូច​ដែល​អ្នក​គ្រប់​គ្រង​ក្រុម​ហ៊ុន​អចលន​ទ្រព្យ​លក្ខណៈ​គ្រួសារ​នៅ ​Manhattan​ ដែល​មាន​ទី​ប្រឹក្សា​ជា​ច្រើន​រូប ចេញ​ចូល និង​គ្មាន​ខ្សែ​សង្វាក់​នៃ​បទ​បញ្ជា ​និង​គ្មាន​នរណា​មាន​អំណាច​ឲ្យ​អនុវត្ត​របៀប​វារៈ​របស់​អ្នក​នោះ​ទេ»។

លោក​ Whipple និយាយ​ថា​ ជ័យ​ជម្នះ​របស់​លោក ​Kelly ពឹង​ផ្អែក​ទៅ​ការ​ពង្រីក​ឥទ្ធិពល​របស់​លោក។

លោក Whipple បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «ប្រធានាធិបតី​គ្រប់​រូប​យល់​តាម​រយៈ​បទ​ពិសោធន៍​ថា អ្នក​មិន​អាច​ធ្វើ​ការ​គ្រប់គ្រង​បាន​ប្រកបដោយ​ប្រសិទ្ធភាព​ ដោយ​មិន​ផ្តល់​អំណាច​ដល់​នាយ​ខុទ្ទកាល័យ​ ក្នុង​ចំណោម​បុគ្គល​នានា​ ដែល​មាន​សិទ្ធ​ស្មើគ្នា​ នៅ​សេតវិមាន​ ដើម្បី​ចាត់​ចែង​បញ្ហា​ផ្សេងៗ​ទេ។ ហើយ​សំខាន់​ជាង​នេះ​ទៀត គឺ​នៅ​ក្នុង​ផ្នែក​អនុវត្ត​របៀប​វារៈ​របស់​អ្នក និង​ប្រាប់​អ្នក​ពី​អ្វី​ដែល​អ្នក​មិន​ចង់​ឮ»។

លោក​ប្រធានាធិបតី​បាន​ទទូច​នៅ​ក្នុង​សារ​តាម​បណ្ដាញសង្គម​ Twitter ​មួយ​ថា មិន​មាន​ចលាចល​ណា​មួយ​នៅ​សេតវិមាន​នោះ​ទេ។

ប៉ុន្តែ​អំឡុង​ពេល​ប្រាំ​មួយ​ខែ​នៃ​ការ​កាន់​តំណែង លោក ​ត្រាំ​ បាន​ប្រឈម​នឹង​ការ​ធ្លាក់​ចុះ​សំឡេង​គាំទ្រ ក៏​ដូច​ជា ការ​ស៊ើប​អង្កេត​ពី​បញ្ហា​ជាប់​ពាក់ព័ន្ធ​ជាមួយ​នឹង​ប្រទេស​រុស្ស៊ី។

លោក​ត្រាំ​ក៏​បាន​ប្រឈម​នឹង​ការ​ជាប់​គាំង​របៀបវារៈ​នៅ​សភា​ផង​ដែរ បន្ទាប់​ពី​ការ​បរាជ័យ​នៅ​ក្នុង​ការ​ជំរុញ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរច្បាប់​ធានារ៉ាប់រង​សុខភាព Obamacare ​នៅ​ព្រឹទ្ធសភា។

លោក​ត្រាំ​បាន​បន្ត​ពង្រឹង​មូលដ្ឋាន​របស់​លោក ហើយ​បញ្ចុះបញ្ចូល​ឲ្យ​ក្រុម​អ្នក​គាំទ្រ​ចម្បង​រក្សា​ជំនឿ​ទុកចិត្ត​លើ​រូប​លោក។

អ្នក​គាំទ្រ​លោក​ ត្រាំ មួយ​រូប បាន​និយាយ​ថា៖ «យើង​គ្រាន់​ត្រូវ​តែគាំទ្រ​លោក​ប្រធានាធិបតី​ ត្រាំ។ លោក​កំពុង​ប្រឹងប្រែង​តាម​លទ្ធភាព​ ដែល​លោក​អាច​ធ្វើ​បាន»។

អ្នក​វិភាគ​មួយ​ចំនួន​បាន​លើកឡើង​ថា លោក Kelly ប្រហែល​ត្រូវ​រារាំង​លោក​ប្រធានាធិបតី​ក្នុង​ផ្នែក​មួយ​ចំនួន ជាពិសេស​ទម្លាប់​នៅ​ក្នុង​ការ​បង្ហោះ​សារ​ត្អូញត្អែរ​នៅ​លើ​គេហទំព័រ​ Twitter។

អ្នកវិភាគ​លោក Kyle Kondik និយាយ​ថា សំឡេង​គាំទ្រ​លោក​ត្រាំ​បាន​កើន​ឡើង នៅ​អំឡុងពេល​មាន​សភាព​ស្ងប់ស្ងាត់។

«ប្រសិន​បើ​លោកស្ងប់ស្ងាត់​ខ្លះ ខ្ញុំ​គិត​ថា សាធារណជន​អាច​អត់ឱន​ឲ្យលោក​ខ្លះ ប៉ុន្តែ​ការណ៍​នេះ​មិន​បាន​កើត​ឡើង​ច្រើន​ទេ​អំឡុងពេល​លោក​កាន់​តំណែង​ជា​ប្រធានាធិបតី»។

លោក ​Kelly នឹង​ចូលរួម​ជាមួយ​នឹង​លោក​ត្រាំ​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ ស្រប​ពេល​ដែល​ប្រធានាធិបតី​អាមេរិក​ទី ៤៥​រូប​នេះ ស្វះស្វែង​ពង្រឹង​មូលដ្ឋាន​គ្រឹះ​នយោបាយ​របស់​ខ្លួន បន្ទាប់ពី​ជួប​ប្រទះ​ការ​លំបាក​ជា​ច្រើន​ក្នុង​ការ​កាន់​តំណែង​ប្រាំ​មួយ​ខែ​មក​នេះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG