ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​ ត្រាំ ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​បន្ថែម​ទៀត​ក្នុង​ចំណោម​បុគ្គលិក​សេតវិមាន


លោក John Kelly នាយ​ខុទ្ធកាល័យ​ថ្មី​របស់​សេតវិមាន​ឈរ​នៅ​ក្នុង​បន្ទប់ East Room នៃ​សេតវិមាន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧។

សេតវិមាន​ ឲ្យ​ដឹង​ថា លោក John Kelly ដែល​ជា​នាយ​ខុទ្ទកាល័យ​សេតវិមាន​ថ្មី​នៃ​រដ្ឋបាល​លោក ដូណាល់ ត្រាំ នឹង​មាន «អំណាច​ពេញលេញ‍» ក្នុង​ការ​ធ្វើ​ឲ្យ​មាន​ភាព​រឹងមាំ រចនា​សម្ព័ន្ធ និង​វិន័យ​ថ្មី​នៅក្នុង​រដ្ឋបាល។ អ្នក​នាំពាក្យម្នាក់​បាន​ឲ្យ​ដឹង​ថា បុគ្គលិក​ទាំង​អស់​របស់​សេតវិមាន នឹង​រាយការណ៍​ជូន​លោក Kelly រួម​ទាំង​កូនស្រី​របស់​លោក​ប្រធានាធិបតី ត្រាំ គឺ​អ្នកស្រី Ivanka និង​ស្វាមី​របស់​អ្នកស្រី គឺ​លោក Jared Kushner។ លោក Kelly ដែល​ជា​អតីត​រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​មាតុភូមិ​ក្រោម​រដ្ឋបាល​លោក ត្រាំ និង​ជា​អគ្គ​មេ​បញ្ជាការ​កង​ទ័ព​ជើង​ទឹក​ផ្កាយ​៤​ដែល​ចូល​និវត្តន៍​រូប​នេះ ត្រូវ បាន​ស្បថ​ចូល​កាន់​តំណែង​កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ​នេះ។ ការ​តែងតាំង​លោក Kelly កើត​ឡើង ​ស្រប​ពេល​ដែល​លោក Anthony Scaramucci ប្រធាន​សារគមនាគមន៍​ប្រចាំ​សេតវិមាន​បាន​លាលែង​ពី​តំណែង បន្ទាប់​ពី​លោក​បាន​ចូល​បម្រើ​តួនាទី​នេះ​បាន​រយៈពេល​តែ​១០ថ្ងៃ​ប៉ុណ្ណោះ។

ការ​លាលែង​តំណែង​របស់​លោក Scaramucci កើត​ឡើង​ភ្លាមៗ​បន្ទាប់​ពី​លោក​បាន​ផ្តល់​បទ​សម្ភាសន៍​ដោយ​ប្រើប្រាស់​ភាសា​អសុរស​ក្នុង​ទស្សនាវដ្តី The New Yorker ដែល​លោក​បាន​ធ្វើ​ការ​វាយប្រហារ​ជា​ពាក្យ​សម្តី​លើ​មនុស្ស​ជាច្រើន រួម​មាន​អតីត​នាយ​ខុទ្ទកាល័យ​សេតវិមាន​ក្រោម​រដ្ឋបាល​លោក​ ត្រាំ គឺ​លោក Reince Priebus។ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ​នេះ អ្នក​នាំពាក្យ​សេតវិមាន បាន​ទទួល​ស្គាល់​ថា លោក​ប្រធានាធិបតី​ ត្រាំ យល់​ថា ភាសា​ដែល​លោក Scaramucci បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​នោះ មាន​លក្ខណៈ​ «‍មិន​សមរម្យ»។

លោកស្រី Sarah Huckabee Sanders អ្នក​នាំពាក្យ​សេតវិមាន បាន​ថ្លែង​ថា៖

«‍លោក​ប្រធានាធិបតី​ពិតជា​យល់​ថា​ ការ​លើកឡើង​របស់​លោក Anthony មាន​លក្ខណៈ​មិន​សមរម្យ​សម្រាប់​រូប​លោក​ដែល​មាន​តួនាទី​ជា​នាយខុទ្ទកាល័យ ហើយ​លោក​ប្រធានាធិបតី​មិន​ចង់​ឲ្យ​លោក​អគ្គ​មេបញ្ជាការ Kelly ទទួល​បន្ទុក​លើ​រឿង​នេះ​ នៅ​ពេល​ដែល​លោក​ចូល​បន្ត​តំណែង​ថ្មី​នេះ​ទេ»។

ក្រោយ​មក​ទៀត លោក Scaramucci បាន​ចេញ​ផ្សាយ​លិខិត​សុំ​អភ័យទោស​សម្រាប់​ការ​លើកឡើង​របស់​លោក ក៏ប៉ុន្តែ មន្ត្រី​សេតវិមាន​បាន​ឲ្យ​ដឹង​ថា លោក Scaramucci នឹង​មិន​មាន​តួនាទី​ផ្សេង​ទៀត​នៅ​ក្នុង​រដ្ឋបាល​ថ្មី​នេះ​ទេ។

កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ​នេះ លោក ត្រាំ បាន​ស្វាគមន៍​លោក Kelly នៅក្នុង​កិច្ច​ប្រជុំ​គណៈ​រដ្ឋមន្ត្រី​របស់​លោក។

លោក​ប្រធានាធិបតី ដូណាល់ ត្រាំ បាន​ថ្លែង​ថា៖

«‍យើង​ទាំង​អស់​គ្នា​បាន​ស្គាល់​រូប​លោក​ហើយ។ យើង​គោរព​លោក ហើយ​សូម​សរសើរ​កិច្ចការ​ដែល​លោក​បាន​ធ្វើ»។

លោក Kelly បាន​ឡើង​កាន់​តំណែង​ជំនួស​លោក Priebus ដែល​ត្រូវបាន​បណ្តេញ​ចេញ​ពី​តំណែង​ ក្រោយ​ពេល​ដែល​លោក​បាន​បម្រើ​ការងារ​អស់​រយៈពេល​៦ខែ។ លោក Priebus គឺជា​នាយខុទ្ទកាល័យ​ដែល​បាន​បម្រើ​ការងារ​ក្នុង​រយៈពេល​ខ្លី​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​សហរដ្ឋ​អាមេរិក នេះ​បើ​យោង​លោក David Cohen សាស្ត្រាចារ្យ​ខាង​វិទ្យាសាស្ត្រ​នយោបាយ។

លោក​សាស្ត្រាចារ្យ Cohen បាន​ថ្លែង​តាម​រយៈ Skype ថា៖

«‍នៅ​ពេល​ដែល​លោក ដូណាល់ ត្រាំ បាន​ចូល​កាន់​តំណែង លោក​ពិតជា​បាន​ធ្វើ​ឲ្យ​មាន​ប្រព័ន្ធ​នាយ​ខុទ្ធកាល័យ​ដ៏​ទន់ខ្សោយ​មួយ។ នៅក្នុង​អាជីព​រកស៊ី​របស់​លោក លោក​ស៊ាំ​នឹង​ការ​ផ្តល់​បុព្វសិទ្ធ​ដល់​មនុស្ស​ជាច្រើន ហើយ​លោក​អាច​និយាយ​ជាមួយ​មនុស្ស​ជាច្រើន។ លោក​ ត្រាំ មាន​បំណង​ចង់​ដឹកនាំ ហើយ​លោក​ចង់​ដឹកនាំ​សេតវិមាន​តាម​របៀប​នេះ»។

ក៏ប៉ុន្តែ ការ​ផ្តល់​បុព្វសិទ្ធិ​ដល់​មនុស្ស​ជា​ច្រើន​បែប​នេះ រួម​ទាំង​លោក Scaramucci បាន​បង្ក​ជា​ភាព​ច្របូក​ច្របល់​នៅ​ក្នុង​រដ្ឋបាល​របស់​លោក នេះ​បើ​តាម​លោក​សាស្ត្រាចារ្យ Cohen។ លោក Kelly បាន​ចរចា​សុំ​អំណាច​ដ៏​មាន​ឥទ្ធិពល​ជាង​លោក Priebus អតីត​នាយ​ខុទ្ទកាល័យ​ទៅ​ទៀត។ លោក Cohen លើក​ឡើង​ថា តាម​ក្បួន​ច្បាប់ នាយ​ខុទ្ទការល័យ​គឺជា​បុគ្គល​ដែល​មាន​ឥទ្ធិពល​ទីពីរ​បង្អស់​នៅ​ក្នុង​សេតវិមាន។

លោក Cohen បាន​ថ្លែង​ថា៖

«‍នាយខុទ្ទកាល័យ​គឺជា​បុគ្គល​ដែល​គ្រប់គ្រង​សេតវិមាន​ទាំង​ស្រុង ដើម្បី​ធានា​ថា កិច្ចការ​គ្រប់​យ៉ាង​ត្រូវបាន​សម្រេច​តាម​ការ​គ្រោង​ទុក។ ពួកគេ​ជា​អ្នក​ជ្រើសតាំង​ និង​បណ្តេញ​បុគ្គលិក​ចេញ​ពី​តំណែង។ ពួកគេ​រៀបចំ​ក្រុម​ការងារ។ ពួកគេ​ពិនិត្យ​មើល​ដំណើរការ​បញ្ជូន​ឯកសារ និង​ការ​ចូល​ពិភាក្សា​របស់​បុគ្គល​ផ្សេងៗ​ជាមួយ​លោក​ប្រធានាធិបតី​នៅក្នុង​ការិយាល័យ​ប្រធានាធិបតី។ ពួកគេ​គ្រប់គ្រង​ពេលវេលា​របស់​ប្រធានាធិបតី ដូច្នេះ​ពួកគេ​មាន​តួនាទី​ដ៏​សំខាន់​នៅក្នុង​ដំណើរ​ប្រតិបត្តិការ​របស់​សេតវិមាន​ក្នុង​យុគសម័យ​ថ្មី​នេះ»។

លោក ត្រាំ បាន​សន្យា​ថា លោក Kelly នឹង​មាន​អំណាច​ពេញលេញ​ក្នុង​ការ​គ្រប់គ្រង​បុគ្គលិក​នៅ​សេតវិមាន ក៏ប៉ុន្តែ​លោក​បាន​បដិសេធ​ថា រដ្ឋបាល​របស់​លោក​មិនមាន​ភាព​ច្របូក​ច្របល់​នោះ​ទេ៕

ប្រែ​សម្រួល​ដោយ​ ទែន សុខស្រីនិត

XS
SM
MD
LG