ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ​Trump ​សន្យា​ថា​នឹង​ទទួល​យក​លទ្ធផល​ឆ្នោត​ប្រសិន​បើ​លោក​ឈ្នះ


លោក​ Donald Trump បេក្ខជន​ប្រធានាធិបតី​ពី​គណបក្ស​សាធារណរដ្ឋ ថ្លែង​នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​នៅ​រដ្ឋ Maine កាល​ពី​ថ្ងៃទី​២៨ ខែ​តុលា។
លោក​ Donald Trump បេក្ខជន​ប្រធានាធិបតី​ពី​គណបក្ស​សាធារណរដ្ឋ ថ្លែង​នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​នៅ​រដ្ឋ Maine កាល​ពី​ថ្ងៃទី​២៨ ខែ​តុលា។

បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ​លោក ​Donald Trump ​បាន​សន្យា​ថា​លោក​នឹង​ទទួល​យក​លទ្ធផល​ឆ្នោត​ប្រសិន​បើ​លោក​ឈ្នះ​ការ​បោះឆ្នោត​នៅ​ថ្ងៃ​ទី៨ ខែ​វិច្ឆិកា ​ខាង​មុខ​នេះ។

​អត្ថាធិប្បាយ​របស់​លោក ​Trump ​ធ្វើ​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​ការ​ជជែក​ដេញ​ដោល​ប្រធានាធិបតី​លើក​ទីបី​ ជាមួយ​នឹង​បេក្ខជន​ខាង​គណបក្ស​ប្រជាធិបតេយ្យ​គឺ​លោកស្រី Hillary Clinton និង​ក្រោយ​ការ​ចោទ​ប្រកាន់​របស់​លោក​ដែល​ថា​ដំណើរ​នៃ​ការ​បោះឆ្នោត​មាន​ការ​ក្លែង​បន្លំ​ដែល​ប្រឆាំង​នឹង​រូប​លោក។

លោក​ Donald Trump ​បន្ត​ធ្វើ​យុទ្ធនាការ​រក​សំឡេង​ឆ្នោត​នៅ​ក្នុង​រដ្ឋ​ Ohio ដែល​ជា​រដ្ឋ​ដ៏​សំខាន់ ហើយ​លោក​បាន​ប្រាប់​សារ​មួយ​ដល់​អ្នក​គាំទ្រ​របស់​លោក។

លោក Donald Trump បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ​បាន​ថ្លែង​ថា៖ «ខ្ញុំ​សូម​សន្យា​និង​ស្បថ​ចំពោះ​អ្នក​បោះឆ្នោត​និង​អ្នក​ដែល​គាំទ្រ​ខ្ញុំ​ និង​ពលរដ្ឋ​អាមេរិកាំង​ទាំង​អស់​ថា ខ្ញុំ​នឹង​ទទួល​យក​លទ្ធផល​ឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​យ៉ាង​អស្ចារ្យជាប្រវត្តិសាស្ត្រនេះ​ទាំង​ស្រុង ប្រ​សិន​បើ​ខ្ញុំ​ឈ្នះ​នោះ‍»។

លោក Trump ថ្លែង​ក្រោយ​ការ​ជជែក​ដេញ​ដោល​ដែល​ធ្វើ​ឲ្យ​ព័ត៌មាន​ចេញ​ផ្សាយ​នៅ​ជុំវិញ​ពិភព​លោក នៅ​ពេល​ដែល​លោក ​Chris Wallace ​អ្នក​សម្រប​សម្រួល​សួរ​លោក​ថា តើ​លោក​នឹង​ទទួល​យក​លទ្ធផល​នៃ​ការ​បោះឆ្នោត​ឬ​ទេ មិន​ថា​លោក​ឈ្នះ​ឬ​ចាញ់​នោះ​ ដែល​នាំ​ឲ្យ​មាន​ការ​ឆ្លើយ​ឆ្លង​ដាក់​គ្នា​រវាង​លោក Trump និង​លោកស្រី Clinton។

លោក ​Chris Wallace​ អ្នក​សម្រប​សម្រួល​ការ​ជជែក​ដេញ​ដោល​របស់​បេក្ខជន​ប្រធានាធិបតី​បាន​ថ្លែងថា៖ «អ្នក​ចាញ់​ត្រូវ​ចុះ​ចាញ់​អ្នក​ដែល​ឈ្នះ ហើយ​រួប​រួម​គ្នា​ជា​ប្រទេស​តែ​មួយ ដែល​នេះ​គឺ​ជា​ប្រទេស​ដ៏​ល្អ​មួយ។ តើ​លោក​ចង់​និយាយ​ថា​លោក​មិន​ទាន់​បាន​ត្រៀម​ខ្លួន​រួច​រាល់​ដើម្បី​ទទួល​យក​គោលការណ៍​នេះ​ឬ‍»?

លោក Donald Trumpបាន​ថ្លែង​ថា៖ «អ្វី​ដែល​ខ្ញុំ​និយាយ​នោះ​គឺ​ ខ្ញុំ​នឹង​ប្រាប់​នៅ​ពេល​ចេញ​លទ្ធផល។ ខ្ញុំ​នឹង​ឲ្យ​អ្នក​រង់​ចាំ​ចម្លើយ​នោះ‍»។

លោកស្រី Clinton បាន​ថ្លែង​តប​ទៅ​វិញថា៖ «Chris ​ខ្ញុំ​សូម​ឆ្លើយ​តប​ចំពោះ​ចម្លើយ​នោះ​ ពី​ព្រោះ​ថា​វា​គួរ​ឲ្យ​រន្ធត់​ណាស់។ អ្នក​ដឹង​ទេ​ រាល់​ពេល​ដែល​អ្វីៗ​មិន​បាន​លទ្ធផល​ដូច​ដែល​លោក​ Trump ចង់​បាន​នោះ​ លោក​អះអាង​ថា​មាន​អ្វី​ក្លែង​បន្លំ​ប្រឆាំង​នឹង​លោក‍»។

ការ​បដិសេធ​របស់​លោក Trump មិន​គោរព​ទៅ​តាម​លទ្ធផល​នោះ​ អាច​នឹង​ធ្វើ​ឲ្យ​ទំនាក់​ទំនង​របស់​លោក​ជាមួយ​នឹង​សមាជិក​គណបក្ស​សាធារណរដ្ឋ​មួយ​ចំនួន​ដែល​ព្រួយ​បារម្ភ​ថា​ ការ​ធ្លាក់​ចុះ​ការ​គាំទ្រ​ទៅ​លើ​រូប​លោក​នៅ​ក្នុង​ការ​ស្ទង់​មតិ​នោះ​ អាច​ធ្វើ​ឲ្យ​បេក្ខជន​ឈរ​ឈ្មោះ​ក្នុង​សភា​មាន​ហានិភ័យ​ក្នុង​ការ​ចាញ់។

អ្នក​យុទ្ធ​សាស្ត្រ​នៃ​គណបក្ស​សាធារណៈរដ្ឋ​លោក John Feehery បាន​ថ្លែង​ថា៖ «ការ​ស្ទង់​មតិ​ភាគ​ច្រើន​បង្ហាញ​ថា ៧៥ ទៅ ៨០ ភាគរយ​នៃ​គណបក្ស​សាធារណរដ្ឋ​នៅ​តែ​គាំទ្រ​លោក ​Donald Trump យ៉ាង​ខ្លាំង។ ការ​គាំទ្រ​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អ្នក​ដែល​ជា​សមាជិក​របស់​គណបក្ស​សាធារណរដ្ឋ​ជា​យូរ​មក​ហើយ ហើយ​ការ​ធ្វើ​បែប​នេះ​ក៏​បាន​បង្ក​ឲ្យ​មាន​ភាព​មិន​ចុះ​សម្រុង​គ្នា​ផង​ដែរ។ រឿង​ទាំង​នេះ​បាន​ជួយ​ដល់​លោកស្រី Clinton ដែល​មិន​នៅ​ក្នុង​រឿង​នេះ ហើយ​គិត​តែ​ពី​ធ្វើ​យុទ្ធនាការ​របស់​លោកស្រី‍»។

លោក Trump ឥឡូវ​ចាញ់​លោកស្រី Clinton នៅ​ក្នុង​ការ​ស្ទង់​មតិ​ជាតិ ដែល​ពិន្ទុ​របស់​លោក​បាន​ធ្លាក់​ចុះ​តាំង​ពី​ការ​ជជែក​ដេញ​ដោល​ទី១ មក​ម្លេះ។
ទោះ​បី​ជា​អ្នក​គាំទ្រ​លោក Trump អប​អរ​លោក​នៅ​ក្នុង​ការ​ជជែក​ដេញ​ដោល​លើក​ទី៣​និង​កា​រិះគន់​ទៅ​លើ​លោកស្រី Clintonក៏​ដោយ ក៏​ភាព​ឆេវឆាវ​របស់​លោក បាន​ក្លាយ​ជា​បញ្ហា​ដ៏​សំខាន់​មួយ​រួច​ទៅ​ហើយ‍ នេះ​បើ​យោង​តាម​លោក Matt Dallek។

លោក Matthew Dallek សាស្ត្រាចារ្យ​នៅ​ឯ​សកលវិទ្យាល័យ George Washington University ​បាន​ថ្លែង​ថា៖ «ការ​ជជែក​ដេញ​ដោល​សំខាន់​ណាស់​សម្រាប់​ការ​បោះឆ្នោត ពិសេស​ការ​បោះឆ្នោត​លើក​នេះ មួយ​ផ្នែក​គឺ​ដោយ​សារ​បេក្ខជន​ទាំង​ពីរ​មិន​សូវ​មាន​ការ​គាំទ្រ។ មាន​ការ​ចោទ​សួរ​ដ៏​ល្អ​ ជុំវិញ​ភាព​ឆេវឆាវ​របស់​លោក Trump និង​ទំនុក​ចិត្ត​ទៅ​លើ​លោកស្រី Clinton‍»។

ក្រោយ​បញ្ចប់​ការ​ជជែក​ដេញដោល បេក្ខជន​ទាំង​ពីរ​ផ្តោត​ទៅ​លើ​ការ​ស្វែង​រក​សំឡេង​ឆ្នោត​នៅ​សប្តាហ៍​ចុង​ក្រោយ​នេះ។

ក្រុម​អ្នកបោះឆ្នោត​ជាង​៣០រដ្ឋ​បាន​បោះឆ្នោត​មុន​បណ្តើរៗ​ហើយ​រូម​ទាំង​នៅ​រដ្ឋ Tennessee នេះ​ផង​ដែរ៕

ប្រែ​សម្រួល​ដោយ​ ស្រេង​ លក្ខិណា

XS
SM
MD
LG