ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ខឹង​សម្បា​កើត​មាន​ពេល​ FBI ប្រកាស​ថា​ខ្លួន​នឹង​ពិនិត្យ​សើរើ​អ៊ីម៉ែល​របស់​លោក​ស្រី​ Clinton


រូប​ឯកសារ៖ លោក​ស្រី Clinton ឆែក​មើល​ទូរស័ព្ទ​របស់​លោក​ស្រី​នៅ​ក្នុង​យន្តហោះ​យោធា​កាល​ពី​លោក​ស្រីនៅ​ជា​រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​អាមេរិក។
រូប​ឯកសារ៖ លោក​ស្រី Clinton ឆែក​មើល​ទូរស័ព្ទ​របស់​លោក​ស្រី​នៅ​ក្នុង​យន្តហោះ​យោធា​កាល​ពី​លោក​ស្រីនៅ​ជា​រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​អាមេរិក។

ការ​ខឹង​សម្បា​កំពុង​មាន​តទៅ​ទៀត​ដោយ​សារការ​ប្រកាស​កាល​ពី​ថ្ងៃ​សុក្រ​ដោយ​ទីភ្នាក់ងារ​ FBI ​ដែល​ថា​ ខ្លួន​នឹង​ពិនិត្យ​សើរើ​មើល​ជា​ថ្មី​នូវ​អ៊ីម៉ែល​មួយ​ចំនួន​ដែល​អាច​ជាប់​ទាក់​ទង​ជា​មួយការ​ប្រើ​ប្រាស់​បណ្តាញ​អេឡិចត្រូនិច​របស់​លោកស្រី​ Hillary Clinton កាល​ពី​លោក​ស្រី​នៅ​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ការបរទេស​ស.រ.អា.។ ការ​ពិនិត្យ​មើល​អ៊ីម៉ែល​របស់​លោក​ស្រី​ដោយ​ទីភ្នាក់ងារ​ FBI ​បាន​បិទ​ច្រើន​ខែ​មក​ហើយ។​

លោក​ Tim Caine ​បេក្ខជន​អនុ​ប្រធានាធិបតី​ស.រ.អា.​ខាង​គណបក្ស​ប្រជាធិបតេយ្យ​បាន​មាន​ប្រសាសន៍​នៅ​ឯ​កម្មវិធី «សប្តាហ៍​នេះ»​ របស់​បណ្តាញ​ទូរទស្សន៍​អាមេរិកាំង​ ABC ថា​ «ការ​ពិនិត្យ​ជា​ថ្មី​នេះ​នាំ​ឱ្យ​មាន​ការ​ងឿង​ឆ្ងល់​ខ្លាំង​ណាស់។​ ខ្ញុំ​មិន​យល់​សោះ​អំពី​សកម្មភាព​ទាំង​នេះ។ សកម្មភាព​បែប​នេះមិន​ធ្លាប់​មាន​ពី​ពេលមុន​សោះ»។

អ្នកស្រី​ Kellyanne Conway​ អ្នក​ចាត់​ចែង​កិច្ច​ការឃោសនា​បោះឆ្នោត​របស់​គណបក្ស​សាធារណរដ្ឋ​ឱ្យ​លោក​ Donald Trump​ បាន​និយាយ​នៅ​ក្នុង​កម្មវិធី «សប្តាហ៍​នេះ» ដែរ​ថា «ការ​សង្ស័យអំពី​អំពើ​ពុក​រលួយ​នេះ​នៅ​តែ​តាមលង​ Hillary Clinton ជានិច្ច។​ ហើយ​សម្រាប់​ FBI ​ដែល​ចាត់​វិធានការ​ដ៏​ប្រសើរ​នេះ​ក្នុង​ពេល​១១​ថ្ងៃ​មុន​ការ​បោះឆ្នោត មាន​ន័យ​ថា​មាន​អ្វី​ខ្លះ​ហើយ​ក្នុង​បញ្ហា​នេះ»។

សកម្មភាព​របស់​ទីភ្នាក់ងារ ​FBI ​ក្នុង​ពេល​តិច​ជាង​ពីរ​អាទិត្យ​មុន​ថ្ងៃ​បោះឆ្នោត​បាន​បង្កើត​ឱ្យ​មាន​ភាព​វីវក់​ខ្លះ​ខាង​នយោបាយ ពី​ព្រោះ​គេ​មិន​ដឹង​អំពី​សេចក្តី​និងភាព​ទាក់​ទង​នៃ​អ៊ីម៉ែល​ទាំងនេះ​ទេ ហើយ​គេ​នៅ​តែ​មិន​ដឹង​យល់​អំពី​ការ​ត្រួត​ពិនិត្យ​នេះ​នៅពេល​ដែល​ប្រជារាស្ត្រ​អាមេរិកាំង​បោះឆ្នោត​នៅថ្ងៃទី​៨​ ខែ​វិច្ឆិកា​ ខាង​មុខ​នេះ។​

លោកស្រី​ Clinton ​បេក្ខជន​ប្រធានាធិបតី​អាមេរិក​ខាង​គណបក្ស​ប្រជាធិបតេយ្យ​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​ពេល​ឃោសនា​បោះ​ឆ្នោត​មួយ​ថា៖ «វាជា​ការ​ចម្លែក​មួយ​ដែល​លើក​យក​អ្វី​មួយ​បែប​នេះ​មក​និយាយ​ ដោយ​មាន​ព័ត៌មាន​តែ​បន្តិច​បន្តួច​នៅ​មុន​ពេល​បោះ​ឆ្នោត»។

នៅ​ពេល​ជា​មួយ​គ្នានេះ​ លោក Trump ​បាន​ចាប់​យក​ឱកាស​មួយ​ដើម្បី​គូស​បញ្ជាក់​បញ្ហា​សំខាន់​បំផុត​នៃ​ការ​វាយ​ប្រហារ​របស់​លោក​លើ​លោកស្រី​ Clinton។

បេក្ខជន​ប្រធានាធិបតី​ស.រ.អា.​ខាង​គណបក្ស​សាធារណរដ្ឋ​រូប​នេះ​បាន​និយាយ​ថា៖ «ការ​បោះឆ្នោតឱ្យ​ Hillary ​ជា​ការ​បោះ​ឆ្នោត​មួយ​ដើម្បី​ដាក់​រដ្ឋាភិបាល​យើង​ឱ្យ​ចុះ​ញ៉ម​អំពើ​ពុក​រលួយ​សាធារណៈ ការ​ពុក​រលួយ ការ​និយម​មិត្ត​ភ័ក្តិ​ជិត​ស្និទ្ធ​ដែល​គំរាម​កំហែង​ការ​រស់រាន​របស់​រដ្ឋធម្មនុញ្ញ​យើង​ផ្ទាល់​តែ​ម្តង»៕

XS
SM
MD
LG