ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ត្រាំ ជំរុញ​ឲ្យ​គណបក្ស​ប្រជាធិបតេយ្យ​ធ្វើ​ការ​ចោទ​ប្រកាន់​ដក​តំណែង​លោក​ឲ្យ​បាន​លឿន​


លោក​ស្រី Nancy Pelosi ប្រធាន​សភា ឆ្លើយ​តប​នឹង​សំណួរ​ពី​អ្នក​សារព័ត៌មាន​ដែល​សួរ​ថា​តើ​លោកស្រីស្អប់​ប្រធានាធិបតី​ ត្រាំ ដែរ​ឬ​ទេ នៅឯ​វិមាន​រដ្ឋសភា កាល​ពី​ថ្ងៃ​ទី​៥ ធ្នូ ២០១៩។

ជា​ច្រើន​ខែ​បន្ទាប់​ពី​ការ​ប្រឈម​មុខ​ដាក់​គ្នា​នៅ​ក្នុង​ដំណើរ​ការ​ស៊ើប​អង្កេត​ចោទ​ប្រកាន់​ដក​ហូត​ប្រធានាធិបតី​ចេញ​ពី​តំណែង​ដោយ​រដ្ឋសភា​សហរដ្ឋ​អាមេរិក​ ឥឡូវ​នេះ​សេតវិមាន​នឹង​បើក​សវនាការ​ជា​សាធារណៈ​មួយ​នៅ​ក្នុង​ព្រឹទ្ធសភា​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​សាធារណរដ្ឋ។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក ដូណាល់ ត្រាំ​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ​បាន​បង្ហោះ​សារ​រិះគន់​គណបក្ស​ប្រជាធិបតេយ្យ​ ដោយ​លោក​បាន​និយាយ​ថា «ប្រសិន​បើ​គណបក្ស​ប្រជាធិបតេយ្យ​ចោទ​ប្រកាន់​ដក​ខ្ញុំ​ចេញ​ពី​តំណែង​ សូម​ធ្វើ​ឥឡូវ​នេះ​ទៅ ហើយ​ធ្វើ​ឲ្យ​បាន​លឿន​ ដូច្នេះ​យើង​អាច​រក​យុត្តិធម៌​បាន​នៅ​ក្នុង​សវនាការ​នៅ​ក្នុង​ព្រឹទ្ធសភា​ ហើយ​បន្ទាប់​មក​ ប្រទេស​របស់​យើង​អាច​ត្រឡប់​ទៅ​បំពេញ​ការងារ​ជា​ធម្មតា​វិញ​បាន»។

កាល​ពី​ថ្ងៃព្រហស្បតិ៍​ នៅ​មុនការបង្ហោះសារ​របស់​ប្រធានាធិបតី ប្រធាន​រដ្ឋសភា​លោកស្រី​ Nancy Pelosi​ បាន​បញ្ជា​ទៅ​មេដឹកនាំ​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ឲ្យ​ចាប់​ផ្តើម​ព្រាង​ច្បាប់​ចោទ​ប្រកាន់​ប្រឆាំង​នឹង​ប្រធានាធិបតី ​ដោយ​ប្រកាស​ថា ​លោក ត្រាំ​ បាន​រំលោភ​អំណាច​របស់​លោក​ជា​ប្រធានាធិបតី‍។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​សង្ខេប​មួយ​ លោកស្រី Pelosi​ បាន​ថ្លែង​ថា​ មេដឹកនាំ​គណបក្ស​សាធារណរដ្ឋ​មួយ​នេះ​បាន​ប្រឆាំង​នឹង​បទដ្ឋាន​នៃ​អំណាច​ប្រធានាធិបតី​ បំពាន​លើ​កាតព្វ​កិច្ច​របស់​លោក​ដែល​បាន​ស្បថ​ថា​នឹង​គោរព​តាម​រដ្ឋធម្មនុញ្ញា​របស់​សហរដ្ឋ​អាមេរិក​ តាម​រយៈ​ការ​និយាយ​ឲ្យ​ប្រទេស​អ៊ុយក្រែន​ចាប់​ផ្តើម​ស៊ើប​អង្កេត​លើ​គូ​ប្រជែង​របស់​លោក​មក​ពី​ខាង​គណបក្ស​ប្រជាធិបតី​គឺ​អតីត​ប្រធានាធិបតី​លោក Joe Biden នៅក្នុង​ការបោះឆ្នោត​ឆ្នាំ២០២០ ដើម្បី​ជួយ​លោក​ឲ្យ​ជាប់​ឆ្នោត​ម្តងទៀត។

លោកស្រី​ Pelosi​ បាន​បញ្ជាក់​ទៀត​ថា៖ «លោក​ប្រធានាធិបតី​បាន​រំលោភ​លើ​អំណាច​របស់​លោក​ដោយ​បញ្ហា​សន្តិសុខ​ជាតិ​ទៅ​ប្រើប្រាស់​ ដើម្បី​បម្រើ​អត្ថប្រយោជន៍​នយោបាយ​ផ្ទាល់​ខ្លួន»។​

លោកស្រី Pelosi​ បាន​ស្នើ​ទៅ​លោក​ Jerrold Nadler​ ប្រធាន​គណកម្មាធិការ​នីតិកម្ម​នៃ​រដ្ឋសភា ​និង​ប្រធាន​គណកម្មាធិការ​ផ្សេង​ទៀត​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ឲ្យ​ចាប់​ផ្តើម​បង្កើត​សេចក្តី​ព្រាងច្បាប់​ចោទប្រកាន់​ដក​តំណែង​ប្រធានាធិបតី៕

អត្ថបទ​ទាក់ទង

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG