ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណៈកម្មាធិការ​ស៊ើបការណ៍​សម្ងាត់គ្រោង​ផ្សព្វផ្សាយ​របាយការណ៍​ទាក់ទិន​នឹង​ការ​ចោទ​ប្រកាន់​ដើម្បី​ទម្លាក់​លោក Trump ពី​តំណែង


លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​មួយ​ជាមួយ​នឹង​លោក​អគ្គលេខាធិការ​អង្គការ​អូតង់ នៅ​ក្នុង​ក្រុង​ឡុងដ៍ កាលពី​ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩។
លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​មួយ​ជាមួយ​នឹង​លោក​អគ្គលេខាធិការ​អង្គការ​អូតង់ នៅ​ក្នុង​ក្រុង​ឡុងដ៍ កាលពី​ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩។

គណៈកម្មាធិការ​ស៊ើបការណ៍​សម្ងាត់​នៃ​រដ្ឋសភា​សហរដ្ឋ​អាមេរិក​គ្រោង​នឹង​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​អង្គារ​នេះ​នូវ​របាយការណ៍​មួយ​អំពី​ការ​រក​ឃើញ និង​អនុសាសន៍​របស់​ខ្លួន​ទាក់ទិន​នឹង​ការ​ស៊ើប​អង្កេត​ដើម្បី​ចោទ​ប្រកាន់​ទម្លាក់​លោក​ប្រធានាធិបតី Donald Trump ពី​តំណែង។

លោក Adam Schiff ដែល​ជា​ប្រធាន​គណៈកម្មាធិការ​នេះ បាន​ប្រាប់​ទូរទស្សន៍ MSNBC កាល​ពី​យប់​ថ្ងៃ​ចន្ទ​ម្សិលមិញ​ថា គណៈកម្មាធិការ​នេះ​កំពុងតែ «បង្ហើយ» របាយការណ៍​នេះ។ លោក​ក៏​បាន​និយាយ​ផង​ដែរ​ថា គណៈកម្មាធិការ​ស៊ើបការណ៍​សម្ងាត់​នឹង​ធ្វើ​ការ​បោះ​ឆ្នោត​នៅ​យប់​ថ្ងៃ​អង្គារ​នេះ ដើម្បី​ដាក់​បញ្ជូន​របាយការណ៍​នេះ​ជា​ផ្លូវការ​ទៅ​កាន់​គណៈកម្មាធិការ​យុត្តិធម៌​នៃ​រដ្ឋសភា ដែល​សមាជិក​គណៈកម្មាធិការ​នេះ​នឹង​សម្រេច​ថា​តើ​ត្រូវ​រៀបចំ​បទ​ចោទ​ដើម្បី​ចោទ​ប្រកាន់​លោក Trump ឬ​ក៏​យ៉ាង​ណា​នោះ។

គណៈកម្មាធិការ​តុលាការ​គ្រោង​នឹង​ចាប់ផ្ដើម​សវនាការ​របស់​ខ្លួន​ទាក់ទិន​នឹង​រឿង​នេះ​នៅ​ថ្ងៃ​ពុធ​ស្អែក ហើយ​នឹង​ធ្វើ​ដូច្នេះ​ដោយ​គ្មាន​វត្តមាន​មេធាវី​របស់​លោក Trump។

លោក Trump បាន​និយាយ​ថា លោក​នឹង​មិន​បញ្ជូន​មេធាវី​របស់​លោក​ទៅ​ចូលរួម​នៅ​ក្នុង​សវនាការ​នេះ​ទេ «ដោយសារ​តែ​រឿង​រ៉ាវ​ទាំង​មូល​គឺ​ជា​រឿង​បោកប្រាស់‍»។

លោក Trump ក៏​បាន​រិះគន់​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​ផង​ដែរ​ថា​បាន​រៀបចំ​សវនាការ​នេះ​ឡើង​នៅ​ចំ​ពេល​ដែល​លោក​នឹង​ចូលរួម​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​របស់​ក្រុម​មេដឹកនាំ​នៃ​អង្គការ​អូតង់​នៅ​ក្នុង​ទីក្រុង​ឡុងដ៍ ចក្រភព​អង់គ្លេស។

សវនាការ​នៅ​ថ្ងៃ​ពុធ​ស្អែក​នឹង​ផ្ដោត​លើ​ហេតុផល​ធម្មនុញ្ញ​ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ដើម្បី​ទម្លាក់​លោក​ប្រធានាធិបតី Trump ពី​តំណែង ដោយ​អ្នក​សិក្សា​ស្រាវជ្រាវ​ផ្នែក​ច្បាប់​ចំនួន ៤ នាក់ នឹង​បង្ហាញ​ខ្លួន​ធ្វើ​ជា​សាក្សី។ គណៈកម្មាធិការ​យុត្តិធម៌​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ថា សាក្សី​ទាំង ៤ នាក់​នេះ​គឺ​លោក Noah Feldman សាស្ត្រាចារ្យ​ច្បាប់​នៃ​សាកល​វិទ្យាល័យ Harvard អ្នកស្រី Pamela Karlin សាស្ត្រាចារ្យ​ច្បាប់​នៃ​សាកល​វិទ្យាល័យ Stanford លោក Michael Gerhardt សាស្ត្រាចារ្យ​ច្បាប់​នៃ​សាកល​វិទ្យាល័យ North Carolina និង​លោក Jonathan Turley សាស្ត្រាចារ្យ​ច្បាប់​នៃ​សាកល​វិទ្យាល័យ George Washington៕

XS
SM
MD
LG