ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេតវិមាន​បដិសេធ​មិន​ចូលរួម​ក្នុង​សវនាការ​ស៊ើប​អង្កេត​ដើម្បី​ចោទ​ប្រកាន់​ទម្លាក់​លោក Trump ពី​តំណែង


រូប​ឯកសារ៖ លោក Pat Cipollone មេធាវី​សេតវិមាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​មួយ​ជាមួយ​នឹង​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ នៅ​ក្នុង​សេតវិមាន កាលពី​ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩។

សេតវិមាន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ថា ខ្លួន​នឹង​មិន​ចូលរួម​នៅ​ក្នុង​សវនាការ​របស់​គណៈកម្មាធិការ​យុត្តិធម៌​នៃ​រដ្ឋសភា​នៅ​ថ្ងៃ​ពុធ​ខាង​មុខ​នេះ ទាក់ទិន​នឹង​ការ​ស៊ើប​អង្កេត​ដើម្បី​ចោទ​ប្រកាន់​ទម្លាក់​លោក​ប្រធានាធិបតី Donald Trump ពី​តំណែង​នោះ​ទេ។

ប្រធាន​គណៈកម្មាធិការ​យុត្តិធម៌​នៃ​រដ្ឋសភា​លោក Jerrold Nadler បាន​អញ្ជើញ​លោក​ប្រធានាធិបតី Trump និង​មេធាវី​របស់​លោក​ឲ្យ​ចូលរួម​នៅ​ក្នុង​សវនាការ​លើក​ដំបូង​របស់​គណៈកម្មាធិការ​នេះ ស្រប​ពេល​ដែល​ការ​ស៊ើប​អង្កេត​នេះ​ឈាន​ចូល​ដល់​ដំណាក់កាល​បន្ទាប់។

ទោះបីជា​គ្មាន​នរណា​រំពឹង​ថា​លោក Trump នឹង​ចូលរួម ដោយសារ​តែ​លោក​គ្រោង​ទៅ​ចូលរួម​នៅ​ក្នុង​កិច្ច​ប្រជុំ​របស់​អង្គការ​អូតង់​នៅ​ជិត​ទីក្រុង​ឡុងដ៍ ចក្រភព​អង់គ្លេស​ក្នុង​សប្ដាហ៍​នេះ​ក៏​ដោយ ក៏​មេធាវី​សេតវិមាន​លោក Pat Cipollone បាន​បដិសេធ​មិន​ចូលរួម​ផង​ដែរ។

លោក Cipollone បាន​បញ្ជាក់​នៅ​ក្នុង​លិខិត​មួយ​ច្បាប់​ផ្ញើ​ទៅ​កាន់​លោក Nadler កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ថា៖ «តាម​យុត្តិធម៌ គេ​មិន​អាច​រំពឹង​ថា​ពួក​យើង​នឹង​ចូលរួម​នៅ​ក្នុង​សវនាការ​នេះ​ទេ នៅ​ពេល​ដែល​មិន​ទាន់​មាន​ការ​កំណត់​ឈ្មោះ​សាក្សី​ណា​ម្នាក់​នៅ​ឡើយ និង​នៅ​ពេល​ដែល​គេ​នៅ​មិន​ច្បាស់​អំពី​ថា​តើ​គណៈកម្មាធិការ​យុត្តិធម៌​ [នៃ​រដ្ឋសភា] នឹង​អាច​ផ្ដល់​ឲ្យ​លោក​ប្រធានាធិបតី​នូវ​នីតិវិធី​ត្រឹមត្រូវ​តាម​រយៈ​សវនាការ​បន្ថែម​ទៀត​ឬ​ក៏​យ៉ាង​ណា​នោះ‍»។

លោក Cipollone បាន​បន្ថែម​ថា លោក​នឹង​ឆ្លើយតប​នៅ​ត្រឹម​ចុង​សប្ដាហ៍​នេះ​អំពី​ថា​តើ​សេតវិមាន​នឹង​បង្ហាញ​ខ្លួន​នៅ​ក្នុង​សវនាការ​លើក​ក្រោយៗ​ទៀត​ឬ​ក៏​យ៉ាង​ណា​នោះ។

លោក Nadler បាន​ធានា​ចំពោះ​លោក Trump និង​មេធាវី​របស់​លោក Trump នៅ​ក្នុង​លិខិត​អញ្ជើញ​កាល​ពី​សប្ដាហ៍​មុន​ថា លោក «ប្ដេជ្ញា​ធានា​ឲ្យ​មាន​នូវ​ដំណើរការ​មួយ​ប្រកប​ដោយ​យុត្តិធម៌ និង​មាន​ការ​ផ្ដល់​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ‍»៕

XS
SM
MD
LG