ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពិភពលោក​មាន​ទស្សនៈ​ចម្រុះ​គ្នា​ចំពោះ​ការ​ស៊ើបអង្កេត​ដើម្បី​ចោទប្រកាន់​ទម្លាក់​លោកត្រាំ ​


រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោក Donald Trump ថ្លែង មុនពេលចេញទៅកិច្ចប្រជុំអង្គការអូតង់ កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩។
រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោក Donald Trump ថ្លែង មុនពេលចេញទៅកិច្ចប្រជុំអង្គការអូតង់ កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩។

ខណៈ​ដែល​ដំណើរការ​ស៊ើបអង្កេត​ដើម្បី​ចោទប្រកាន់​ទម្លាក់​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ពី​តំណែង​ ត្រូវ​បាន​ធ្វើ​ឡើង​ជា​សាធារណៈ មិនមែន​មាន​តែ​ពលរដ្ឋ​អាមេរិកាំង​ប៉ុណ្ណោះ​ទេ ដែល​តាមដាន​រឿង​នេះ​គ្រប់​ជំហាន​នោះ។ ប្រជាពលរដ្ឋ​នៅ​ទូទាំង​ពិភពលោក​រាប់​លាន​នាក់​បាន​តាមដាន​សក្ខីកម្ម​នៅ​វិមាន​រដ្ឋសភា​សហរដ្ឋ​អាមេរិក​ និង​ចាប់​អារម្មណ៍​ចង់​ដឹង​អំពី​សង្គ្រាម​នយោបាយ​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​នោះ។ អ្នក​តាមដាន​ស្ថានការណ៍​ជាច្រើន​និយាយ​ថា សវនាការ​សាធារណៈ​នេះ​បង្ហាញ​នូវ​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​របស់​សហរដ្ឋអាមេរិក។

លោក ដូណាល់ ត្រាំ ត្រូវ​បាន​ចោទប្រកាន់​ថា ​បាន​គំរាម​ផ្អឹប​ជំនួយ​យោធា​ចំនួន​៣៩២​លាន​ដុល្លារ​សម្រាប់​ប្រទេស​អ៊ុយក្រែន ប្រសិន​បើ​រដ្ឋាភិបាល​ក្រុង​គៀវ​មិន​ព្រម​បើក​ការ​ស៊ើបអង្កេត​ជា​សាធារណៈ​មួយ​លើ​ករណី​ពុករលួយ ដែល​ត្រូវ​បាន​ចោទប្រកាន់​ថា បាន​ប្រព្រឹត្ត​ដោយ​កូន​ប្រុស​របស់លោក Joe Biden អតីត​អនុប្រធានាធិបតី​សហរដ្ឋអាមេរិក​ទេ​នោះ។ ​លោក Joe Biden អាច​នឹង​ក្លាយ​ជា​បេក្ខជន​ដែល​ទទួល​បាន​ការ​តែងតាំង​ពី​គណបក្ស​ប្រជាធិបតេយ្យ​ដើម្បី​ប្រជែង​យក​តំណែង​ប្រធានាធិបតី​ជាមួយ​នឹង​លោក ដូណាល់ ត្រាំ។ ការ​រៀបចំ​ឲ្យ​បរទេស​មក​ជ្រៀតជ្រែក​ក្នុង​លទ្ធិប្រជាធិបតេយ្យ​សហរដ្ឋអាមេរិក​គឺ​ជា​រឿង​មិន​ស្រប​ច្បាប់​នោះ​ទេ ហើយ​លោក ដូណាល់ ត្រាំ បាន​បដិសេធ​យ៉ាង​ដាច់​អហង្ការ​ចំពោះ​ការ​ចោទប្រកាន់​នេះ។ ​

ចំណែក​ឯ​នៅ​ត្រើយ​ម្ខាង​ទៀត​នៃ​មហាសមុទ្រ​អាត្លង់ទិក​ឯ​ណោះ​វិញ ចក្រភព​អង់គ្លេស​កំពុង​តែ​ព្យាយាម​ដោះស្រាយ​វិបត្តិ​នយោបាយ​របស់​ខ្លួន ​ដែល​បណ្ដាល​មក​ពី​ការ​បោះឆ្នោត​ប្រជាមតិ​ឆ្នាំ​២០១៦​ដើម្បី​ដក​សមាជិកភាព​របស់​ចក្រភព​អង់គ្លេស​ចេញ​ពី​សហភាព​អឺរ៉ុប។ លោក Thomas Gift អ្នក​វិទ្យាសាស្ត្រ​នយោបាយ​នៃ​សាកលវិទ្យាល័យ University College London បាន​ថ្លែង​ថា ជាមួយ​នឹង​ការ​បោះឆ្នោត​ជាតិ​ដែល​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់ៗ​នេះ ប្រជាពលរដ្ឋ​អង់គ្លេស​ជាច្រើន​មើល​ឃើញ​ពី​ភាព​ចលាចល​នយោបាយ​របស់​ខ្លួន​ក្នុង​ពេល​ថ្មីៗ​នេះ តាមរយៈ​ការ​ឆ្លុះបញ្ចាំង​ពី​ស្ថានភាព​នយោបាយ​នៅ​ក្នុង​សហរដ្ឋអាមេរិក។

លោក Gift បាន​ថ្លែង​ថា៖ «ទាំង​សហរដ្ឋអាមេរិក​និង​ចក្រភព​អង់គ្លេស​កំពុង​តែ​ប្រជែង​គ្នា​ដើម្បី​ធ្វើ​ឲ្យ​ស្ថានការណ៍​នៅ​ក្នុង​រដ្ឋាភិបាល​របស់​ខ្លួន​ដែល​កំពុង​តែ​ចម្រូងចម្រាស​ឬ​ដែល​ខ្វះ​សមត្ថភាពក្នុង​ការសម្រេច​ការងារ​អ្វី​មួយ មាន​ភាព​ល្អ​ប្រសើរ​ឡើង​វិញ‍»។

លោក Gift បាន​ថ្លែង​ទៀត​ថា៖ «ពិភពលោក​ទាំង​មូល រួម​ទាំង​ចក្រភព​អង់គ្លេស​ផង យក​សហរដ្ឋអាមេរិក​ជា​គំរូ​ក្នុង​ការ​គ្រប់គ្រង​ប្រទេស​ប្រកប​ដោយ​ប្រជាធិបតេយ្យ ដែល​សហរដ្ឋអាមេរិក​មាន​ជា​យូរ​ណាស់​មក​ហើយ ហើយ​សហរដ្ឋអាមេរិក​ក៏​មាន​ស្ថាប័ន​អំណាច​និង​ការ​ដឹកនាំ​ដែល​ផ្អែក​លើ​ភាព​សុចរិត​ផង​ដែរ។ ខ្ញុំ​គិត​ថា តាមរយៈ​ការ​មើល​ទៅ​លើ​ស្ថានភាព​នេះ​ពី​ខាង​ក្រៅ​សហរដ្ឋអាមេរិក វា​បង្ហាញ​ថា បញ្ហា​នេះ​បាន​ប៉ះពាល់​ទៅ​ដល់​ជំនឿ​ដែល​ថា សហរដ្ឋអាមេរិក​គឺ​ជា​ប្រទេស​មួយ​ដែល​មាន​មេដឹកនាំ​ប្រកប​ដោយ​សីលធម៌ ​សុជីវធម៌ និង​ប្រកាន់​ខ្ជាប់​នូវ​ប្រជាធិបតេយ្យ»។ ​

ការ​ស្ទង់​មតិ​សាធារណជន​បង្ហាញ​ថា ពលរដ្ឋ​អង់គ្លេស​ម្នាក់​ក្នុង​ចំណោម​៥​នាក់​មាន​គំនិត​វិជ្ជមាន​ចំពោះ​លោក ដូណាល់ ត្រាំ ហើយ​នេះ​គឺ​ស្រប​ទៅ​តាម​ការ​យល់​ឃើញ​របស់​មនុស្ស​ជាច្រើន​ ដែល​តាមដាន​ដំណើរការ​ស៊ើបអង្កេត​ដើម្បី​ចោទប្រកាន់​ទម្លាក់​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ពី​តំណែង។

លោក Dayo Thomas ដែល​ជា​អ្នក​រស់នៅ​ក្នុង​ទីក្រុង​ឡុងដ៏​ម្នាក់ បាន​ថ្លែង​ប្រាប់ VOA ថា៖ «ប្រសិន​បើ​រដ្ឋសភា​សហរដ្ឋអាមេរិក​សម្រេច​បញ្ជូន​សវនាការ​ស៊ើបអង្កេត​ដើម្បី​ចោទប្រកាន់​ទម្លាក់​ប្រធានាធិបតី​ពី​តំណែង​នេះ​ទៅ​ព្រឹទ្ធសភា​ ខ្ញុំ​សង្ឃឹម​ថា ​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក​នឹង​ហ៊ាន​ប្រឈម​នឹង​រឿង​នេះ ​ហើយ​ធ្វើ​អ្វី​មួយ​។ លោក​មិន​គួរ​ធ្វើ​ជា​ប្រធានាធិបតី​នោះ​ទេ។ លោក​គួរ​តែ​ត្រូវ​បាន​គេ​ចោទប្រកាន់​ដក​ពី​តំណែង»។

នៅ​ក្នុង​ទីក្រុងប៉ារីសមាន​ការ​យល់​ឃើញ​ផ្សេងៗ​គ្នា​ចំពោះ​សមរភូមិ​នយោបាយ​នៅ​ក្នុង​រដ្ឋធានី​ វ៉ាស៊ីនតោន។ លោក Jacques Grau ដែល​ជា​គ្រូពេទ្យ​ម្នាក់ បាន​ថ្លែង​ប្រាប់ VOA ថា លោក​ជឿ​ថា ដំណើរការ​ស៊ើបអង្កេត​ដើម្បី​ចោទប្រកាន់​ទម្លាក់​ប្រធានាធិបតី​ពី​តំណែង​នេះ​គឺ​ជា​រឿង​ល្អ​មួយ ព្រោះ​វា​អនុញ្ញាត​ឲ្យ​គេ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ»។

នាង Selene Ay ដែល​ជា​និស្សិត​ម្នាក់​បាននិយាយ​ថា ក្មេងៗ​ជំនាន់​នាង​មិន​សូវ​ចាប់​អារម្មណ៍​ច្រើន​នោះ​ទេ។

នាង​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖ «ខ្ញុំ​ស្គាល់​មនុស្ស​ជាច្រើន​ដែល​តាមដាន​រឿងនេះ ក្រោយ​ពី​លោក ត្រាំ ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​មក។ ប៉ុន្តែ​ខ្ញុំ​គិត​ថា ឥឡូវ​នេះ គេ​មិន​សូវ​ចាប់​អារម្មណ៍​ដូច​មុន​ទៀត​ទេ។ មនុស្ស​ជាច្រើន​មិន​ខ្វល់​ទៀត​ទេ»។

ប៉ុន្តែ​ទំនង​ជា​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ច្រើន​ជាងនៅ​ក្នុង​ប្រទេស​រុស្ស៊ី ហើយ​ប្រជាពលរដ្ឋ​រុស្ស៊ី​ទំនង​ជា​គាំទ្រ​លោក ដូណាល់ ត្រាំ ច្រើន​ជាង​។

លោក Mikhail ដែល​ជា​អ្នក​រស់នៅ​ក្នុង​ទីក្រុង មូស្គូ ម្នាក់ បាន​និយាយ​ថា «ប្រជាពលរដ្ឋ​អាមេរិកាំង​បាន​បោះឆ្នោត​ជ្រើសរើស​លោក ត្រាំ ប៉ុន្តែ​ឥឡូវ​នេះ ពួកគេ​ចង់​ដូរ​ចិត្ត​វិញ។ ការ​ធ្វើ​ដូច្នេះ​មិន​ត្រឹមត្រូវ​នោះ​ទេ»។​

លោក Dmitri ដែល​ជា​អ្នក​រស់នៅ​ក្នុង​ទីក្រុង មូស្គូ ម្នាក់​ទៀត បាន​ថ្លែង​ថា វា​គឺ​ជា​វិបត្តិ​នយោបាយ។ លោក​បាន​ថ្លែង​ដូច្នេះ​ថា​៖ «ក្រុម​របស់​លោក Joe​ Biden កំពុង​តែ​រិះរក​វិធី​ដើម្បី​ធ្វើ​ឲ្យ​លោក ត្រាំ ចុះ​ចេញ​ពី​តំណែង»។

សហរដ្ឋអាមេរិក​និង​រុស្ស៊ី​ប្រហែល​ជា​គូប្រជែង​ខាង​យុទ្ធសាស្ត្រ​នឹង​គ្នា ប៉ុន្តែ​រុស្ស៊ី​មិន​ប្រាកដ​ថា​សាទរ​ចំពោះ​បញ្ហា​នយោបាយ​របស់​សហរដ្ឋអាមេរិក​នោះ​ទេ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Andrey Kortunov នាយក​ក្រុមប្រឹក្សា​រុស្ស៊ី​ទទួល​បន្ទុក​កិច្ចការ​អន្តរជាតិ។

លោក Kortunov បាន​ថ្លែង​ប្រាប់ VOA ថា៖ «ប្រធានាធិបតី​សហរដ្ឋអាមេរិក​ដែល​អាច​ដោះស្រាយ​បញ្ហា​ជាមួយ​នឹង​រុស្ស៊ី​បាន​គឺ​ជា​ប្រធានាធិបតី​ដ៏​ខ្លាំង​ក្លា​មួយ​រូប។ ដូច្នេះ​ប្រសិន​បើ​លោក ​ត្រាំ កំពុង​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត​ដើម្បី​ចោទប្រកាន់​ទម្លាក់​លោក​ពី​តំណែង នោះ​វា​ធ្វើ​ឲ្យ​ជំហរ​របស់​លោក​ទន់ខ្សោយ ហើយ​វា​កាន់​តែ​ពិបាក​សម្រាប់​លោក ត្រាំ ក្នុង​ការ​គ្រប់គ្រង​ទំនាក់ទំនង​ដ៏​ស្មុគស្មាញ​និង​ងាយ​ប្រេះឆា​ជាមួយ​នឹង​រុស្ស៊ី។ យើង​ត្រូវការ​ដៃគូ​ដែល​ស្ថិតស្ថេរ​។ ភាព​ទន់ខ្សោយ​ធ្វើ​ឲ្យ​មេដឹកនាំ​ពិបាក​នឹង​ស្ថិតស្ថេរ​ណាស់»។

ប្រទេស​ឥណ្ឌា​ដែល​មាន​ប្រជាជន​ចំនួន​១៣០០​លាន​នាក់ ជា​រឿយៗ​ត្រូវ​បាន​គេ​ហៅ​ថា គឺ​ជា​ប្រទេស​ដែល​មាន​ប្រជាធិបតេយ្យ​ធំ​បំផុត​នៅ​ក្នុង​ពិភពលោក។ នៅ​ក្នុង​ទីក្រុង ឌែលលី មាន​ការ​កោតសរសើរ​ចំពោះ​គោលការណ៍​នៃ​ការចោទប្រកាន់​ដក​ប្រធានាធិបតី​ពី​តំណែង។

លោក Dipika Nanjappa ដែល​បម្រើការ​នៅ​អង្គការ​ស្ម័គ្រ​ចិត្ត​ក្នុង​ស្រុកមួយ​បាន​មាន​ប្រសាសន៍​ថា​៖ «នេះ​មាន​ន័យ​ថា វា​គឺ​ជា​ដំណើរការ​ប្រជាធិបតេយ្យ​ដ៏​ល្អត្រឹមត្រូវ​មួយ»។

លោក Ashish Banerjee ដែល​ជា​មន្ត្រី​រដ្ឋការ​ចូល​និវត្តន៍​ម្នាក់ ​យល់​ស្រប​នឹង​គំនិត​នេះ។ លោក​បាន​ថ្លែង​ប្រាប់ VOA ថា៖ «យើង​ត្រូវ​ការ​មេដឹកនាំ​ម្នាក់​ដែល​មាន​ការ​ទទួល​ខុសត្រូវ​ជាង​នេះ។ មេដឹកនាំ​របស់​យើង​ត្រូវ​តែ​មាន​ការ​ទទួល​ខុសត្រូវ​ជាង​នេះ»។

លោក Sameh Ghoneim ដែល​ជា​អ្នក​រស់នៅ​ក្នុង​ទីក្រុង គែរ ប្រទេស​អេហ្ស៊ីប មើល​ឃើញ​ពី​ការ​គាំទ្រ​របស់​ថ្នាក់​ដឹកនាំ​អេហ្ស៊ីប​ទៅ​លើ​ការ​ចោទប្រកាន់​ចំពោះ​សកម្មភាព​របស់លោក​ប្រធានាធិបតី ដូណាល់ ត្រាំ។ ​

លោក Ghoneim ដែល​ធ្វើ​ការ​ជា​វិស្វករ​ជីក​រ៉ែ​នៅ​ខាង​ក្រៅ​រដ្ឋធានី គែរ បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ «លោក​ផ្ដោត​តែ​លើ​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ។ លោក​នឹង​ព្យាយាម​ស្វែងរក​អំពើ​ពុករលួយ​ដែល​អ្នក​ផ្សេង​បាន​ប្រព្រឹត្ត បើ​សិន​ជា​ធ្វើ​ដូច្នេះ​ជួយ​ដល់​លោក»។ ​

នៅ​ក្នុង​ទីក្រុង Johannesburg ប្រទេស​អាហ្វ្រិក​ខាង​ត្បូង មាន​ទស្សនៈ​ខុសគ្នា​ទៅ​លើ​ជោគ​វាសនា​របស់​លោក ត្រាំ។

លោក Khanyisile Shongwe ដែល​ជា​មេចុងភៅ​ម្នាក់​បាន​និយាយ​ថា៖ «ខ្ញុំ​គិត​ថា លោក​ធ្វើ​ការងារ​បាន​ល្អ។ ខ្ញុំ​គិត​ថា លោក​មិន​គួរ​ត្រូវ​បាន​គេ​ដក​ចេញ​ពី​តំណែង​នោះ​ទេ។

ចំណែក​ឯ​លោក Joseph Maisa ដែល​ជា​អ្នក​បោសសម្អាត មិន​ចូលចិត្ត​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ​ទេ។ លោក Maisa បាន​ថ្លែង​ថា៖ «លោក​ ត្រាំ មិន​បាន​ធ្វើ​រឿង​ល្អ​សម្រាប់​សហរដ្ឋអាមេរិក​នោះ​ទេ។ ដូច្នេះ​លោក​សម​តែ​ត្រូវដក​ចេញ​ពី​តំណែង»។

ដំណើរការ​ស៊ើបអង្កេត​ដើម្បី​ចោទប្រកាន់​ដក​ប្រធានាធិបតី​ពី​តំណែង​អាច​នឹង​បន្ដ​ដល់​ឆ្នាំ​២០២០ ស្រប​ពេល​ដែល​សហរដ្ឋអាមេរិក​ក៏​ត្រៀម​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី បន្ទាប់​ពី​ការ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ដ៏​តានតឹង។ រាល់​ស្ថានការណ៍​វិវត្តន៍​ទៅ​មុខ​នឹង​ត្រូវ​គេ​តាមដាន​យ៉ាង​ដិតដល់​នៅ​ទូទាំង​ពិភពលោក៕

ប្រែសម្រួល​ដោយ​អ្នកស្រី ហុង ចិន្ដា

XS
SM
MD
LG