ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ត្រាំ បង្ហាញ​ផែនការ​សម្រាប់​តំបន់​មជ្ឈិម​បូព៌ា


នាយក​រដ្ឋ​មន្ត្រី​អ៊ីស្រាអែល Benjamin Netanyahu និង​លោក ដូណាល់ ត្រាំ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​អំពី​ផែន​ការ​សន្តិភាព សម្រាប់​តំបន់​មជ្ឈិមបូពារ កាល​ពី​ថ្ងៃ​ទី​២៨ មករា ២០២០។
នាយក​រដ្ឋ​មន្ត្រី​អ៊ីស្រាអែល Benjamin Netanyahu និង​លោក ដូណាល់ ត្រាំ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​អំពី​ផែន​ការ​សន្តិភាព សម្រាប់​តំបន់​មជ្ឈិមបូពារ កាល​ពី​ថ្ងៃ​ទី​២៨ មករា ២០២០។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក ដូណាល់ ត្រាំ កាលពី​ថ្ងៃ​អង្គារ​ទី​ ២៨ ​ខែ​មករា​ កន្លង​ទៅបាន​បង្ហាញ​ផែនការ​សន្តិភាព​សម្រាប់​តំបន់​មជ្ឈិមបូព៌ា​ នៅ​ឯសេត​វិមាន​ ដោយ​មាន​វត្តមាន​ប្រធានាធិបតី​អ៊ីស្រាអ៊ែល​លោក Benjamin Netanyahu ​នៅ​ជាមួយ​នឹង​លោក។​ ផែនការ​នេះ ​រួម​បញ្ចូល​ទាំង​ការគូសផែន​ទីតំបន់ ​West Bank​ ឡើង​វិញ​ ដើម្បី​ធ្វើ​ឲ្យ​អ៊ីស្រាអែល​ពេញ​ចិត្ត ហើយ​ក៏​បើក​ផ្លូវ​ឲ្យប្រជាពល​រដ្ឋ​ប៉ាឡេស្ទីន​បង្កើត​ជា​រដ្ឋ។ ​ប្រជា​ពលរដ្ឋ​ប៉ាឡេស្ទីន​បាន​ច្រាន​ចោល​ផែនការ​នេះ ហើយ​បាន​អំពាវនាវ​ឲ្យ​ប្រទេស​អារ៉ាប់​ដែល​នៅ​ជិត​ខាង​ធ្វើ​ពហិកា។

ប្រជាពលរដ្ឋ​ប៉ាឡេស្ទីន ​នៅ​តំបន់ Gaza បាន​ដុត​រូប​លោក ដូណាល់ ត្រាំ និង​លោក ​Benjamin Netanyahu ​គ្រាដែល​មេដឹកនាំ​ទាំង​ពីរ​រូប​បាន​ជួប​គ្នា​នៅ​សេតវិមាន ​ទីដែល​លោក ត្រាំ បាន​ប្រកាស​អំពី​ទស្សនៈវិស័យ​របស់​លោក​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​រវាង​អ៊ីស្រាអ៊ែល និង​ប៉ាឡេស្ទីន។​

ផែនការ​របស់​លោកត្រាំ ​គឺ​ទទួល​ស្គាល់​អធិបតេយ្យភាព​របស់​អ៊ីស្រាអែល​លើ​ក្រុង​យេរូសាឡិម ​និង​គូស​ព្រំដែន​តំបន់ ​West Bank​ ឡើង​វិញ។​

លោក​ប្រធានាធិបតី ត្រាំ ថ្លែង​ថា៖ «យើង​នឹង​បង្កើត​គណៈ​កម្មការ​ចម្រុះ​មួយ​ជាមួយ​អ៊ីស្រាអ៊ែល​ ដើម្បី​បំលែង​ផែនទី​ដែល​នៅ​ត្រឹម​ជា​ការ​ព្រាង​នៅ​ឡើយ​ ឲ្យ​ទៅ​ជា​ផែនការ​លំអិត​និង​ក្រិត​តាម​ខ្នាត​ដើម្បី​មាន​ការ​ទទួល​ស្គាល់​ភ្លាមៗ»។​

ផែនការ​នោះ​មិន​បាន​បោះ​បង់​ចោល​ដំណោះ​ស្រាយ​ឲ្យ​មាន​រដ្ឋពីរ​នោះ​ទេ ​ដោយ​អំពាវនាវ​ឲ្យ​មាន​រដ្ឋប៉ាឡេស្ទីន​មួយ​ក្នុង​ពេល​អនាគត​ ដែល​មាន​រដ្ឋធានី​នៅ​ទីក្រុង​យេរូសាឡិម​ខាង​កើត។

លោក ត្រាំ ​បានថ្លែង​ថា ​ផែនការ​នោះ​នឹង​ធ្វើឲ្យ​ដែនដី​ប៉ាឡេស្ទីនមាន​ទំហំ​ទ្វេ​ដង ​ជា​ថ្នូរ​នឹង​អធិបតេយ្យ​ភាព​របស់​អ៊ីស្រាអ៊ែល​លើ​ប្លុក​តាំង​ទីលំនៅ​ក្នុង​តំបន់​ West Bank​ ហើយ​នឹង​ផ្អាក​រយៈ​ពេល​៤ឆ្នាំ​ទៅ​លើ​ការ​សាងសង់​នៃ​ការ​តាំង​ទីលំនៅ​របស់​អ៊ីស្រាអ៊ែល។

លោក ​Thomas Schwartz ​ បង្រៀន​អំពី​ទំនាក់​ទំនង​ការ​បរទេស​របស់​សហរដ្ឋ​អាមេរិក​នៅ​សាកល​វិទ្យាល័យ​ Vanderbilt។​ លោក​ថ្លែង​ថា៖ ​«បើប៉ាឡេស្ទីន​មិន​ទទួល​យក​ផែនការ​នេះមាន​ន័យ​ថា ​ប៉ាឡេស្ទីននឹង​បន្ត​បាត់​បង់ដែនដី​ដោយ​សារ​ការតាំង​ទីលំនៅ​របស់​អ៊ីស្រាអែល។ ​ក្នុង​ពេល​នេះ​មើលទៅ ​ពលរដ្ឋ​ប៉ាឡេស្ទីន​ហាក់​មិន​មាន​ច្រក​ចេញ​ដែល​ប្រសើរ​ជាង​នេះ​ទេ។​ ពួកគេ លែង​មាន​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ពី​ប្រទេស​អារ៉ាប់​ដែល​មាន​អំណាច​ជា​ច្រើន។ ​ដូច្នេះ និយាយ​ទៅ វាហាក់​ដូច​ជា​ថា​ ពួកគេ​មាន​ជម្រើស​តែ​ពីរ គឺ​យក ឬ មិនយក​ ​ក៏ប៉ុន្តែ​ផែនការ​នេះ គឺ​ជាដំណោះស្រាយ​ល្អ​បំផុត​សម្រាប់​ពួកគេ»។​

មុន​ពេល​បង្ហាញ​ផែនការ​នេះ​លោក​ ត្រាំ បាន​ទទួល​ស្គាល់​បញ្ចូល​តំបន់​ជម្លោះ ​Golan Heights ក្នុង​អធិប​តេយ្យ​ភាព​របស់​អ៊ីស្រាអែល ហើយ​បាន​ប្តូរ​ទីតាំង​ស្ថានទូត​សហរដ្ឋ​អាមេរិក​ពី​ទីក្រុង Tel Aviv ទៅ​ទីក្រុង​យេរូសាឡិម​វិញ។​

ភាគី​ប៉ាឡេស្ទីន​មិនបាន​ចូល​ពាក់ព័ន្ធ​នៅក្នុង​ផែនការ​នេះទេ ​ហើយ​បាន​ច្រានចោល​ផែនការ​នោះ​យ៉ាង​ឆាប់រហ័ស។ ។

អ្នកនាង Halah Ahmad មកពី​បណ្តាញ​គោលនយោបាយ​ប៉ាឡេស្ទីន Al Shabaka។ អ្នកនាង​ថ្លែង​ថា៖ «ផែន​ការ​នោះ ធ្វើ​ឱ្យ​ប្រជា​ពលរដ្ឋ​ប៉ាឡេស្ទីន​មិន​ធ្វើការ​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង​ទេ​ ហើយ​ផែនការ​នោះ​បោះបង់ចោល​ទាំង​ស្រុង​នូវ​ច្បាប់​អន្តរជាតិ ​និង​សិទ្ធិ​មនុស្ស។​ ផែនការ​នោះ​បង្ហាញ​ការទទួល​ស្គាល់​ការ​តាំង​ទី​លំនៅ​ហើយ​បង្ហាញ​ការ​ទទួល​ស្គាល់​លើ​ស្ថានការ​មួយ ដែល​ត្រូវ​បាន​ថ្កោល​ទោស​ដោយ​គ្រប់​ស្ថាប័ន​សិទ្ធិ​មនុស្ស​ធំ ៗ ​ហើយ​វា​មិនមែន​ជា​បរិបទ​សម្រាប់​សន្តិភាព​ទេ»។​

ផែនការនេះ អាច​នាំ​ទៅ​ឲ្យ​មាន​ការ​ដាក់​បញ្ចូល​ជ្រលង​ភ្នំហ្ស៊កដានី​មួយ​ផ្នែក​ទៅ​ក្នុង​ទឹក​ដី​អ៊ីស្រាអែល​ ដែល​នោះ​ជា​ការ​សន្យា​ក្នុង​ពេល​យុទ្ធនាការ​រក​សំឡេង​ឆ្នោត​របស់​លោក Benjamin Netanyahu។​

លោក​ប្រធានាធិបតី Benjamin Netanyahu ​បាន​និយាយ​ថា៖ «ផែន​ការ​ជាច្រើន​ណាស់បានព្យាយាម​ដាក់​សំពាធ​ឲ្យ​អ៊ីស្រាអ៊ែល​ដក​ខ្លួន​ចេញពី​ដែនដី​ដ៏​សំខាន់​ដូចជា​ជ្រលង​ភ្នំហ្ស៊កដានី។ ក៏ប៉ុន្តែ​លោក​ប្រធានាធិបតី ​លោក​ទទួល​ស្គាល់​ថា​អ៊ីស្រាអ៊ែល​ត្រូវតែ​មាន​អធិបតេយ្យភាព​លើដែនដី​ជ្រលង​ភ្នំហ្ស៊កដានីនេះ និង​តំបន់​យុទ្ធ​សាស្រ្ត​ដ​ទៃទៀត​នៅ​តំបន់ ​Judea ​និង​Samaria»។​

ទាំង​លោកត្រាំ​និង​លោក​ Netanyahu ​នឹង​ឈរ​ឈ្មោះបោះឆ្នោត​នាពេល​ខាងមុខ​នេះ។ ​ក្រុម​អ្នក​រិះគន់​សង្ស័យ​អំពី​ពេល​វេលា​នៃ​ការ​បង្ហាញ​ផែនការ​នេះ។

អ្នកនាងHalah Ahmad ​មកពី​បណ្តាញ​គោល​នយោបាយ​ប៉ាឡេស្ទីន ​Al Shabaka ​ថ្លែង​បន្ត​ថា៖ «វា​ជា​ឧបាយ​កល​ដើម្បី​អំពាវនាវ​ដល់​ចលនា​អ្នក​តាំងទីលំនៅ​អ៊ីស្រាអែល​ដែល​អភិរក្ស​និយម​ និង​អ្នក​ផ្សព្វផ្សាយ​សាសនា​នៅ​សហ​រដ្ឋ​អាមេរិក ​ហើយ​ពិត​ណាស់​ថា ​ផែនការ​នោះ​មិនមាន​លក្ខណៈ​ជា​ផែនការ​សន្តិភាព​ទេ»។

លោក Netanyahu កំពុង​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ពីបទ​ប្រព្រឹត្ត​អំពើ​ពុករលួយ ​ រីឯ​ព្រឹទ្ធ​សភា​សហ​រដ្ឋ​អាមេរិក​កំពុង​ជំនុំជម្រះ​ដើម្បី​សម្រេច​ថា ​តើ​ត្រូវ​ដកប្រធានាធិបតី​លោក Donald ត្រាំ ចេញ​ពី​តំណែង ឬ យ៉ាងណា។​

លោក Thomas Schwartz នៃ​សាកល​វិទ្យាល័យ Vanderbilt ថ្លែង​បន្ត​ទៀត​ថា៖ «លោក​ត្រាំ​កំពុង​ព្យាយាម​បង្ហាញ​ថា រដ្ឋបាល​របស់​លោក​មាន​នយោបាយ​ការបរទេស​មាន​ឥទ្ធិពល​ដោយ​ព្យាយាម​និង​ជំរុញ​ឲ្យ​មាន​ដំណោះ​ស្រាយ​សម្រាប់​តំបន់​មជ្ឈឹមបូព៌ា​។​ ហើយ​នយោបាយ​នេះ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ជជែក​មិន​ឲ្យមាន​ការ​កាត់ទោស​លោក​ និង​មិន​ឲ្យ​ដក​លោក​ចេញពី​តំណែង​ប្រធានាធិបតីពេល​ឥឡូវ​នេះ​ ព្រោះ​លោក​កំពុង​អនុវត្ត​នយោបាយ​ការ​បរទេស​របស់​ស.រ.អា.»។​

តាំងពី​មាន​កិច្ចព្រម​ព្រៀង​សន្តិភាព​ទីក្រុង ​Oslo​ ឆ្នាំ​១៩៩៣​មក ​ប្រធានាធិបតី​អាមេរិក​ជាច្រើន​បាន​ព្យាយាម​សម្រប​សម្រួល​កិច្ចព្រមព្រៀង​សន្តិភាព​នៅ​មជ្ឈឹមបូព៌ា​តែ​មិនមាន​លទ្ធផល។ កាល​ពីខែមិថុនា​ឆ្នាំមុន ​លោក​ត្រាំ​បាន​បញ្ចេញ​ផែនការ​សេដ្ឋកិច្ច​មួយ​ផ្នែក​ដែល​ប៉ាឡេស្ទីន​ក៏​បាន​បដិសេធ​ផងដែរ៕

ប្រែសម្រួល​ដោយអ្នកស្រី លី ម៉ូរីវ៉ាន់

XS
SM
MD
LG