ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​ ត្រាំ រង​ការ​រិះគន់​ធ្ងន់ៗ​ចំពោះ​ការ​មិន​បាន​ថ្កោលទោស​ពួក​ស្បែក​ស​ជ្រុល​និយម


ក្រុម​ជាតិ​និយម​ជ្រុល​ស្បែក​ស កាន់​ភ្លើង​ពិល​នៅ​សាកលវិទ្យាល័យ University of Virginia មួយ​ថ្ងៃ​មុន​ពេល​គម្រោង​ជួប​ជុំ​គ្នា​នៅ​ក្រុង Charlottesville រដ្ឋ Virginia កាល​ពីថ្ងៃទី​១១ ខែ​សីហា។

លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ កំពុង​រងការ​រិះគន់​ពី​គ្រប់​មជ្ឈដ្ឋាន​នយោបាយ​អាមេរិក​ចំពោះ​ការ​ខក​ខាន​របស់​លោក​ក្នុង​ការ​ថ្កោល​ទោស​ទៅ​លើ​ពួក​ស្បែក​ស​ជ្រុល​និយម​ដែល​បាន​ធ្វើ​ការ​ប្រមូល​ផ្តុំ​មួយ​ដែល​ហៅ​ថា "Unite the Right" ក្នុង​ទីក្រុង Charlottesville រដ្ឋ Virginia ដែល​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់។

លោក ត្រាំ ដែល​ជា​រឿយៗ​តែង​តែ​បញ្ចេញ​មតិ​យ៉ាងលឿន​ទៅ​លើ​ការ​វាយ​ប្រហារ​ភេរវកម្ម បាន​ថ្កោលទោស​ទៅ​លើ ​«ការ​បង្ហាញ​ការ​ស្អប់ខ្ពើម​ ការ​ប្រកាន់​សាសនា​ហួស​ហេតុ និង​អំពើ​ហិង្សា​ខុស​ប្រក្រតី» ​ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​និង​របួស​១៩​នាក់ ក្នុង​អំឡុងពេល​ដែល​មាន​អំពើ​ហិង្សា​លើ​ដង​ផ្លូវ ហើយ​និង​ការ​ស្លាប់​របស់​ប៉ូលិស​ក្នុង​រដ្ឋ​នេះ​ចំនួន​ពីរ​នាក់ ដែល​បាន​ស្លាប់​នៅ​ក្នុង​ហេតុការណ៍​ធ្លាក់​ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​ដែល​ពាក់ព័ន្ធ​នឹង​ការ​ប្រមូល​ផ្តុំ​គ្នា​នេះ។ នៅ​ក្នុង​សារ​មួយ​លើ​បណ្តាញ​សង្គម Twitter លោក ត្រាំ បាន​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​អ្នក​ទាំង​បី​ដែល​បាន​ស្លាប់​បាត់បង់​ជីវិត និង​សម្តែង​ការ​គោរពស្រឡាញ់​ចំពោះ​អ្នក​ដែល​បាន​រងរបួស។

ក៏​ប៉ុន្តែ​លោក ត្រាំ មិន​បាន​ថ្កោលទោស​ដល់​ក្រុម​ជ្រុលនិយម​ដែល​បាន​រៀបចំ​ការ​តវ៉ា​កាល​ពី​ថ្ងៃ​សៅរ៍​នោះ​ទេ ដែល​ក្នុង​ចំណោម​ពួកគេ​ទាំង​នោះ​គឺ​ជា​អ្នក​គាំទ្រ​នយោបាយ​របស់​លោក ដែល​បាន​និយាយ​ដោយ​បើក​ចំហ​ចំអក​ទៅ​លើ​ក្រុម​ភាគតិច ជនជាតិ​ជ្វីស និង​ស្ត្រី ជាមួយ​ផ្ទាំង​បរដា​និង​ការ​ស្រែក​បន្ទរ។

លោក ​David Duke ដែល​ជា​អតីត​មេដឹកនាំ​ក្រុម​រើស​អើង​ពូជសាសន៍​ដែល​ហៅ​ថា Ku Klux Klan នៅ​សហរដ្ឋអាមេរិក​បាន​និយាយ​ថា ការ​ប្រមូល​ផ្តុំ​ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​១៦០​គីឡូ​ម៉ែត្រ​ប៉ែក​និរតី​នៃ​រដ្ឋធានី​វ៉ាស៊ីនតោន​នេះ គឺ​ជា​ចំណុច​ផ្លាស់ប្តូរ​មួយ​ដើម្បី​ចលនា​នានា​ក្នុង​ការ​បំពេញ​ទៅ​តាម​ការ​សន្យា​របស់​លោក ដូណាល់ ត្រាំ។​

ក្នុង​អំឡុង​ពេល​នៃ​ការ​ឈរ​ឈ្មោះ​ជា​ប្រធានាធិបតី​កាល​ពី​ឆ្នាំ​មុន លោក ត្រាំ មិន​ទទួល​ស្គាល់​ការ​គាំទ្រ​របស់​លោក Duke នោះ​ទេ។

កាល​ពី​ថ្ងៃ​អាទិត្យ សេតវិមាន​បាន​ព្យាយាម​បក​ស្រាយ​ចំពោះ​ការ​បរាជ័យ​របស់​លោក ត្រាំ កាល​ពី​ថ្ងៃ​សៅរ៍ ​ក្នុង​ការ​ថ្កោលទោស​ពួក​ស្បែកស​ជាតិនិយម ដោយ​និយាយ​ថា លោក​បាន​ថ្កោល​ទោស​រាល់​ទម្រង់​ទាំង​អស់​នៃ​អំពើ​ហិង្សា ការ​រើស​អើង និង​ការ​ស្អប់​ខ្ពើម ហើយ​ប្រាកដ​ណាស់​ នេះ​ក៏​រួម​ទាំង​ពួក​ស្បែក​ស​ជ្រុលនិយម​ ពួក​ Ku Klux Klan ដែល​រើស​អើង​ពូជសាសន៍ និង​ក្រុម​ជ្រុល​និយម​ទាំងអស់​ផង​ដែរ៕

XS
SM
MD
LG