លោកនិងអតីតរដ្ឋមន្ត្រីការបរទេស៣នាក់ទៀតបានកោតសរសើរប្រវត្តិសាស្ត្រការទូតរបស់អាមេរិកនៅក្នុងពិធីមួយកាលពីថ្ងៃអង្គារ ដែលប្រារព្ធឡើងដើម្បីកត់សម្គាល់ការសាងសង់ចប់សព្វគ្រប់នៃមជ្ឈមណ្ឌលសម្រាប់ការទូតមួយនៅក្នុងក្រសួងការបរទេសអាមេរិកក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
លោក Kerry និងអតីតរដ្ឋមន្ត្រីក្រសួងការបរទេសដទៃទៀតគឺលោកស្រី Madeleine Albright លោកស្រី Hillary Clinton និងលោក Colin Powell បានកោតសរសើរអំពីតួនាទីការទូតរបស់អាមេរិកនៅក្នុងការរក្សាសន្តិភាព ការដោះស្រាយជម្លោះ និងការជំរុញការអភិវឌ្ឍនៅក្នុងពិភពលោក ដើម្បីលើកកម្ពស់ជីវិតមនុស្ស។ លោកKerry បានអំពាវនាវឲ្យមានការប្រុងប្រយ័ត្នចំពោះនិន្នាការជាតិនិយមនិងនិន្នាការដទៃទៀត ដែលគំរាមពិភពលោកឲ្យមានការបែងចែក។
លោកបានមានប្រសាសន៍ថា៖ «មានសំឡេងជាច្រើននៅក្នុងពិភពលោក ដែលបោះបង់ចោលការទូត។ ពួកគេឃើញ ហើយមនុស្សមួយចំនួនទៀតលើកទឹកចិត្តជាសាធារណៈចំពោះបោះបង់ចោលកិច្ចសហប្រតិបត្តិការ ការសាងសង់ជញ្ជាំងសេដ្ឋកិច្ចនិងនយោបាយ ការបាត់បង់ជំនឿដែលកាន់តែកើនឡើង និងការបែងចែកតាមរយៈពណ៌សម្បុរ ជាតិសាសន៍ ប្រជាពលរដ្ឋមកពីប្រទេសផ្សេងនិងអ្នកកាន់សាសនាខុសគ្នា»។
លោក Kerry បាននិយាយថា ប្រវត្តិការទូតរបស់អាមេរិកឆ្លុះបញ្ចាំងអំពីទស្សនវិស័យដែលខុសពីបញ្ហាទាំងនេះឆ្ងាយណាស់ និងមានលក្ខណៈលើកទឹកចិត្តជាងនេះយ៉ាងខ្លាំង។
លោក Kerry បាននិយាយថា៖ «យើងមិនមែនកំណត់ដោយជាតិសាសន៍ យើងមិនមែនកំណត់ដោយអំបូរ យើងមិនមែនកំណត់ដោយឈ្មោះ យើងមិនមែនកំណត់ដោយប្រភពកំណើតរបស់យើងនោះទេ។ យើងកំណត់ដោយគំនិត។ មិនដូចប្រទេសផ្សេងទៀតភាគច្រើននោះទេ គំនិតនេះគឺថា មនុស្សគ្រប់គ្នាគឺស្មើគ្នា»។
លោកស្រី Hillary Clinton បានមានប្រសាសន៍ថា មេរៀនការទូតនៅថ្ងៃនេះមានសារៈសំខាន់និងបន្ទាន់ជាងពេលណាៗទាំងអស់។
លោកស្រីនិយាយថា៖ «លទ្ធិប្រជាធិបតេយ្យ សេរីភាព និងនីតិរដ្ឋគឺស្ថិតក្រោមការវាយប្រហារនៅទូទាំងពិភពលោក។ ការកើនឡើងអំណាចផ្តាច់ការនិងសេរីភាពមិនពេញលេញគំរាមកំហែងដល់មូលដ្ឋាននៃយុគសម័យក្រោយសង្គ្រាមលោកលើកទី២ ដែលមន្ត្រីការទូតអាមេរិកបានកសាងនិងការពារចាប់តាំងពីលោក (George) Marshall និងលោក (Dean) Achesonមក»។
ស្របពេលដែលមានភាពតានតឹងក្នុងពេលបច្ចុប្បន្ននេះជាមួយនឹងប្រទេសរុស្ស៊ី អតីតរដ្ឋមន្ត្រីក្រសួងការបរទេស លោក Colin Powell បានលើកឡើងពីពេលវេលាមួយ នៅពេលដែលទំនាក់ទំនងមានភាពរាក់ទាក់ជាងនេះ ហើយលោកបានទទួលស្រា vodka មួយដបជាអំណោយពីលោក Igor Ivanov ដែលជាដៃគូរុស្ស៊ីរបស់លោកទៀតផង។
លោក Powell បាននិយាយថា៖ «ដបស្រានេះមានរូបរាងដូចកាំភ្លើង AK-47 ហើយអត្ថន័យដ៏អស្ចារ្យនៃដបស្រានេះ គឺនៅទីនេះក្នុងក្រសួងការបរទេសអាមេរិក»។
មជ្ឈមណ្ឌលសម្រាប់ការទូតអាមេរិកនេះគឺជាសារមន្ទីរនិងជាមជ្ឈមណ្ឌលអប់រំមួយ ដែលដាក់តាំងប្រវត្តិសាស្រ្តការទូតអាមេរិក ហើយនិងការងារដ៏សំខាន់និងគ្រោះថ្នាក់របស់មន្ត្រីការទូតអាមេរិក។ សារមន្ទីរនេះនឹងបើកឲ្យសាធារណជនចូលទស្សនានៅចុងឆ្នាំក្រោយ៕
ប្រែសម្រួលដោយ ហុង ចិន្តា