ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Donald Trump ប្តេជ្ញា​ថា​សហរដ្ឋអាមេរិក​នឹង​ឈ្នះ​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹង​វិបត្តិ​ថ្នាំញៀន


លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ទទួល​សំណួរ​ពី​អ្នក​ព័ត៌មាន​ម្នាក់​បន្ទាប់​ពី​កិច្ចប្រជុំ​របស់​លោក​ជាមួយ​នឹង​លោក​រដ្ឋ​មន្ត្រី​ការបរទេស Rex Tillerson និង​លោកស្រី Nikki Haley ឯកអគ្គរដ្ឋ​ទូត​របស់​អាមេរិក​ប្រចាំ​អ.ស.ប.​ នៅ​ក្នុង​ក្លឹប​វាយ​កូន​ហ្គោល Trump National Golf Club ក្នុង​ក្រុង Bedminster កាលពី​ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧។
លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ទទួល​សំណួរ​ពី​អ្នក​ព័ត៌មាន​ម្នាក់​បន្ទាប់​ពី​កិច្ចប្រជុំ​របស់​លោក​ជាមួយ​នឹង​លោក​រដ្ឋ​មន្ត្រី​ការបរទេស Rex Tillerson និង​លោកស្រី Nikki Haley ឯកអគ្គរដ្ឋ​ទូត​របស់​អាមេរិក​ប្រចាំ​អ.ស.ប.​ នៅ​ក្នុង​ក្លឹប​វាយ​កូន​ហ្គោល Trump National Golf Club ក្នុង​ក្រុង Bedminster កាលពី​ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧។

ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump បាន​និយាយ​នៅ​ថ្ងៃអង្គារ​ថា សហរដ្ឋអាមេរិក​គ្មាន​ជម្រើស​ណាផ្សេង​ទៀត​ ក្រៅ​ពី​បង្ក្រាប​ការ​រីករាលដាល​ការ​ប្រើប្រាស់​ថ្នាំញៀន​ដែល​នាំ​ឲ្យ​មាន​ប្រតិកម្ម​ដូចការ​ប្រើ​អាភៀន​ហៅ​ថា Opioid ដែល សម្លាប់​ពលរដ្ឋ​អាមេរិកាំង​ជាង​១០០នាក់​ក្នុង​មួយ​ថ្ងៃ។

ថ្លែង​ពី​ទីលាន​វាយ​កូន​ហ្គោល​ របស់លោក​ក្នុង​រដ្ឋ New Jersey លោក Trump បាន​និយាយ​ថា​ការ​រំលោភបំពាន​ប្រើប្រាស់​ថ្នាំញៀន​ក្នុង​ប្រទេស​នេះ​ បាន​កើន​ឡើង​បួនដង​ក្នុង​រយៈពេល​ពីរ​ទសវត្សរ៍​នេះ​ ស្របពេល​ដែល​កិច្ចខំប្រឹងប្រែង​ដើម្បី​ទប់ស្កាត់​ការ​ប្រើប្រាស់​នេះ​បាន​ចុះ​ថមថយ។ លោក​បាន​សន្យា​ថា​ នឹង​ចាត់វិធានការ​ប្រយុទ្ធ​នឹង​បញ្ហា​ដ៏​ធំ​មួយ​នេះ​ រួមទាំង​ការ​បន្ថែម​ទោស​ធ្ងន់​ជាង​មុន​សម្រាប់​បទល្មើស​ឧក្រិដ្ឋកម្ម​គ្រឿងញៀន​ ពង្រឹង​ការត្រួតពិនិត្យ​បន្ថែម​ទៀត​នៅ​តាម​ព្រំដែន​ភាគ​ខាង​ត្បូង​សហរដ្ឋអាមេរិក​ ដែល​ជា​កន្លែង​សម្បូរ​ទៅ​ដោយ​ការ​រត់​ពន្ធ​ថ្នាំញៀន​ចូល​ក្នុង​ប្រទេស​ ក៏​ដូចជា​ការប្រើប្រាស់​ឱសថ​ និង​ការ​ទប់ស្កាត់​ការ​ញៀនថ្នាំ​ផងដែរ។

អង្គុយ​អម​ដោយ​ភរិយា​របស់​លោក​ លោកស្រី Malenia និង​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ និង​សេវា​សុខភាព​ពលរដ្ឋ លោក Tom Price លោកTrump បាន​ប្រាប់​ក្រុម​អ្នកសារពត៌មាន​ថា​ ការ​រីករាលដាល​នៃ​ការប្រើប្រាស់​ថ្នាំញៀន​បាន​គំរាមកំហែង​ដល់​ពលរដ្ឋ​អាមេរិកាំង​គ្រប់​ជាន់​ថ្នាក់។

លោក Trumpថ្លែង​ថា៖ «ការប្រើប្រាស់​ថ្នាំ​លើស​កម្រិត​ ជា​មូលហេតុ​នាំមុខ​គេ​នៃ​ការ​ស្លាប់​ដោយ​គ្រោះថ្នាក់​នៅ​សហរដ្ឋអាមេរិក។ ការ​ស្លាប់​ដោយ​សារ​ការ​ប្រើប្រាស់​ថ្នាំ​ញៀន Opioidហួស​កម្រិត​បាន​កើនឡើង​ជិតបួនដង ចាប់​តាំង​ពី​ឆ្នាំ១៩៩៩មក ហើយ​វា​គឺ​ជា​បញ្ហា​មួយ​ដែល​យើង​មិន​ដែល​បាន​ឃើញ​ពី​មុន​មក»។

លោក Trump បាន​ស្តីបន្ទោស​រដ្ឋបាល​អាណត្តិ​មុន​ ចំពោះ​វិបត្តិ​នេះ​ ដោយ​លោក​បាន​និយាយ​ថា​ ការកាត់ទោស​របស់​សហព័ន្ធ​ទៅ​លើ​ឧក្រិដ្ឋកម្ម​គ្រឿងញៀន​បាន​ថយ​ចុះ​២៣​ភាគរយ​ ក្នុង​រវាង​ឆ្នាំ២០១១ ដល់ឆ្នាំ២០១៦ ខណៈ​រយៈពេល​នៃ​ការកាត់ទោស​ជា​មធ្យម​សម្រាប់​ពិរុទ្ធជន​គ្រឿងញៀន​សហព័ន្ធ​ត្រូវ​បាន​បន្ថយ។ លោក​បាន​សន្យា​ថា​នឹង​ធ្វើ​វា​ឲ្យ​ប្រសើរ​ឡើង​វិញ។

លោក Trumpថ្លែង​ថា​បន្ត​ទៀត​ថា៖«យើង​កំពុង​តែ​ពង្រឹង​នៅ​តាមព្រំដែន​ភាគ​ខាងត្បូង ជា​ច្រក​នាំ​ចូល​គ្រឿងញៀន​មក​ក្នុង​ប្រទេស។ យើង​ក៏​កំពុង​ពិភាក្សា​ជាមួយ​ចិន​ ដែល​ជា​ប្រទេស​ផលិត​ថ្នាំញៀន​ប្រភេទ​ខ្លះ​ផងដែរ។ យើង​កំពុង​ពិភាក្សា​ជាមួយ​ប្រទេស​ផ្សេងទៀត​ ហើយ​យើង​កំពុង​ទទួល​បាន​កិច្ចសហប្រតិបត្តិការ​នេះ»។

យោងតាម​ការ​សិក្សា​ពី​ការរីករាលដាល​នេះ​ គណៈកម្មការ​មួយ​កាល​ពី​សប្តាហ៍​មុន​ បាន​ជំរុញ​ឲ្យ​លោក​ប្រធានាធិបតី​ប្រកាស​ពី​កិច្ចការ​បន្ទាន់​របស់​ប្រទេសជាតិ​ដើម្បី​ប្រឆាំង​នឹងការរំលាភ​បំពាន​ប្រើប្រាស់​គ្រឿងញៀន​ទាំងនេះ។

លោក​រដ្ឋមន្រ្តី Price បាន​ថ្លែង​ថា​ ពលរដ្ឋ​អាមេរិកាំង​ប្រាំម៉ឺន​ពីរពាន់​នាក់​ បាន​ស្លាប់​ដោយ​សារ​ការប្រើប្រាស់​សារធាតុញៀន​លើស​កម្រិត​ក្នុង​ឆ្នាំ២០១៥ ហើយ​ចំនួន​នេះ​កំពុង​តែ​បន្ត​កើន​ឡើង។ លោក​បាន​ថ្លែង​បន្ត​ថា​ភ្នាក់ងារ​របស់​លោក​នឹង​ធ្វើ​កិច្ចការ​ដើម្បី​ធានា​ដល់​ការព្យាបាល​ និង​ដល់​អ្នកញៀន​ថ្នាំ​ទាំងអស់​ និង​ជួយ​គាំទ្រ​ដល់​ការងារ​ស្រាវជ្រាវ​រិះរក​វិធីសាស្ត្រ​ព្យាបាលការ​ឈឺចាប់​ដោយ​មិន​ប្រើប្រាស់​សារធាតុញៀន។ លោករដ្ឋ​មន្ត្រី Price បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖ «វិធីសាស្ត្រ​មួយ​ក្នុង​ចំណោម​វិធីសាស្ត្រ​នានា​ដែល​យើង​បាន​ធ្វើ​ គឺ​ព្យាយាម​ផ្សព្វផ្សាយ​ពី​ផល​ប៉ះពាល់​ និង​ព្យាយាម​បង្ហាញ​ពី​គ្រោះថ្នាក់​ដោយ​ផ្ទាល់​ តាមរយៈ​ការចុះ​ទៅ​ដោយផ្ទាល់​នៅ​តាម​រដ្ឋ​ផ្សេងៗ​ ចុះ​ទៅ​ពិនិត្យ​នៅតាម​សហគមន៍​ និង​ព្យាយាម​ស្វែង​រក​វិធីសាស្ត្រ​ដែល​មាន​ប្រសិទ្ធភាព​នានា​ ដែល​ត្រូវ​បាន​យក​មក​ប្រើប្រាស់​នៅ​ទីនោះ​ តើ​វិធីសាស្ត្រ​មួយ​ណា​ដែល​បាន​ផល​ មួយ​ណា​មិន​បាន​ផល​ និយាយ​ទៅ​កាន់​គ្រួសារ​ដែល​រងគ្រោះ​ដោយ​វិបត្តិ​គ្រឿងញៀន​ និយាយ​ទៅ​កាន់​ជន​រងគ្រោះ​ដែល​ធ្លាប់​ញៀន​ អំពី​វិធីសាស្ត្រ​ដែល​ធ្វើ​ឲ្យ​គេ​បាន​ជា​សះស្បើយ​ពី​ការ​ញៀន​បាន។

លោក​រដ្ឋ​មន្ត្រី Price បាន​ថ្លែង​បន្ត​ទៀត​ថា​ វិទ្យាស្ថាន​ជាតិ​សម្រាប់​សុខភាព​កំពុង​ផលិត​ថ្នាំ​វ៉ាក់សាំង​សម្រាប់​ការញៀនថ្នាំ​ និង​ថ្មាំ​បំបាត់​ការ​ឈឺចាប់​ដែល​មិន​ផ្ទុក​សារធាតុ​ញៀន៕

ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា

XS
SM
MD
LG