ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជនសង្ស័យ​ក្នុង​ការវាយប្រហារ​នៅ Dallas ជា​អតីត​យុទ្ធជន​អាមេរិក​ដែល​សម្តែង​ការគាំទ្រ​ដល់​ពួកស្បែក​ខ្មៅ


រូបភាពនៃប៉ូលីសនៅទីក្រុង Dallas
រូបភាពនៃប៉ូលីសនៅទីក្រុង Dallas

ជនសង្ស័យ​ជា​ឃាតករ​នៅ​ក្នុង​ការវាយប្រហារ​ដ៏​ដែលសម្លាប់​ជីវិតប៉ូលិស​ក្នុង​ទីក្រុង Dallas រដ្ឋ Texas គឺ​ជា​អតីត​យុទ្ធជន​របស់​អាមេរិក​ដែល​ធ្លាប់​បាន​បម្រើការងារ​នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន។ នេះ​បើ​យោង​តាម​មន្ត្រី​ការពារ​ប្រទេស​របស់​សហរដ្ឋអាមេរិក។

មន្ត្រី​អនុវត្ត​ច្បាប់​បាន​កំណត់​អត្តសញ្ញាណ​ជនសង្ស័យ​ថា​ឈ្មោះ Micah Xavier Johnson រស់នៅ​ក្នុង​តំបន់ Mesquite ​ជាយក្រុង Dallas។ ជនសង្ស័យ​រូប​នេះ​ត្រូវ​បាន​សម្លាប់​បន្ទាប់​ពី​ការប្រឈម​មុខ​ដាក់គ្នា​ជាមួយ​នឹង​ប៉ូលិស​កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ។

ប៉ូលិស​៥​នាក់​ត្រូវ​បាន​សម្លាប់ ហើយ​មន្ត្រី​ប៉ូលិស​៧​នាក់​ទៀត​បាន​រងរបួស​នៅ​ក្នុង​ហេតុការណ៍​ឆ្មក់​បាញ់ ដែល​បាន​កើតឡើង​ក្នុង​អំឡុងពេល​ដែល​មាន​ការធ្វើ​បាតុកម្ម​តវ៉ា ទៅ​លើ​ប៉ូលិស​ចំពោះ​ការសម្លាប់​បុរស​ជនជាតិ​អាហ្វ្រិក​អាមេរិកាំង​២​នាក់។

ជនស៊ីវិល​២​នាក់​ក៏​បាន​រងរបួស​ផង​ដែរ នៅ​ក្នុង​ហេតុការណ៍​វាយប្រហារ​ដ៏​អាក្រក់​បំផុត​ទៅ​លើ​មន្ត្រី​ប៉ូលិស​អាមេរិក ចាប់តាំង​ពី​មាន​ការវាយប្រហារ​ភេរវកម្ម​កាល​ពី​ថ្ងៃ​ទី​១១ ​ខែ​កញ្ញា ឆ្នាំ ២០០១ រួច​មក។
លោក Jeh Johnson រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​ប្រទេស​របស់​អាមេរិក​បាន​មាន​ប្រសាសន៍​ថា ខ្មាន់កាំភ្លើង​ទំនង​ជា​ធ្វើ​សកម្មភាព​វាយប្រហារ​នេះ​តែ​ម្នាក់​ឯង​ប៉ុណ្ណោះ។

ជនសង្ស័យ Johnson បាន​និយាយ​ទៅ​កាន់​ប៉ូលិស​ក្នុង​អំឡុងពេល​ប្រឈម​មុខ​ដាក់​គ្នា​នោះ​ថា រូបគេ​មាន​ការអាក់អន់​ស្រពន់ចិត្ត​នឹង​ប៉ូលិស​ដែល​បាញ់​សម្លាប់​បុរស​ជនជាតិ​ស្បែកខ្មៅ ហើយ​ថា រូប​គេ​ចង់ «សម្លាប់​ជនជាតិ​ស្បែក​ស ជាពិសេស​ប៉ូលិស​ស្បែកស»។ ជន​នេះ​ក៏​បាន​និយាយ​ថា ខ្លួន​មិនបាន​សហការ​ជាមួយ​នឹង​ក្រុមណាមួយ​នោះ​ទេ។

បន្ទាប់​ពី​មាន​ការចរចា​អស់​រយៈពេល​ជាច្រើន​ម៉ោង​នៅ​ក្នុង​ហេតុការណ៍​ដែល​បាន​កើតឡើង​នៅ​ចំណត​រថយន្ត​មួយ​នោះ Johnson ត្រូវ​បាន​សម្លាប់​ដោយ​គ្រាប់បែក​មួយ​គ្រាប់​ដែល​ចង​ភ្ជាប់​នឹង​មនុស្ស​យន្តរបស់​ប៉ូលិស​៕

XS
SM
MD
LG