ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សវនាការ​​​ចោទ​ប្រកាន់​ដក​តំណែង​លោក ត្រាំ ​​អាច​នឹង​ចប់​នៅ​ថ្ងៃ​សុក្រ​នេះ


សមាជិក​ព្រឹទ្ធសភា​លោក ​Lamar Alexander ដើរ​នៅ​ខាង​ក្រៅ​បន្ទប់​នៃ​អាគារ​ព្រឹទ្ធសភា​ក្នុង​ពេល​​សម្រាក​ពី​សវនាការ​ដក​តំណែង​លោក​ ត្រាំ នៅ​វិមាន​រដ្ឋ​សភា កាល​ពី​ថ្ងៃ​ទី​៣០ មករា ២០២០។

សមាជិក​ព្រឹទ្ធ​សភា​មកពី​គណបក្ស​សាធារណរដ្ឋ​មួយ​រូប​និយាយ​ថា ​មិន​ចាំបាច់​ហៅ​សាក្សី​មក​បំភ្លឺ​បទ​ល្មើស​ចោទ​ប្រកាន់​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ​ នោះទេ ​ព្រោះ​តាម​ទស្សនៈ​របស់​លោក​ ​គណបក្ស​ប្រជាធិបតេយ្យ​បាន​បង្ហាញ​ភ័ស្តុតាង​របស់​ពួក​គេ​ប្រឆាំង​នឹង​ប្រធានាធិបតី​រួច​ហើយ។ លោក​ថា​ បទ​ល្មើស​នេះ​មិន​អាច​ចោទ​ប្រកាន់​ដក​លោក​ប្រធានាធិបតីបាន​ទេ​ ​ផ្ទុយ​ទៅ​វិញ​វា​គ្រាន់​តែ​ជា​រឿង​មិន​សមរម្យ​ប៉ុណ្ណោះ។

សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​សាធារណរដ្ឋ​លោក ​Lamar Alexander ​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា៖ «មិន​ចាំបាច់​មាន​ភ័ស្តុតាង​បន្ថែម​ទៀត​ដើម្បី​បញ្ជាក់​ពី​អ្វី​ដែល​ត្រូវ​បាន​បញ្ជាក់​ច្បាស់​ហើយ​នោះ​ទេ​ ហើយ​វា​មិន​មែន​ជា​បទ​ល្មើស​ខ្ពស់​ប្រឆាំង​រដ្ឋ​ធម្មនុញ្ញ​របស់​សហ​រដ្ឋ​អាមេរិក​ដែល​អាច​ចោទ​ប្រកាន់​ដក​ប្រធានាធិបតីបាន​ទេ។​ រដ្ឋ​ធម្មនុញ្ញ​មិន​ផ្តល់​អំណាច​ឱ្យ​ព្រឹទ្ធសភា​ដក​ប្រធានាធិបតី​ចេញពី​តំណែង​និង​ហាម​គាត់​មិន​ឲ្យ​លោក​ឈរ​ឈ្មោះ​បោះឆ្នោត​នៅ​ឆ្នាំ​នេះ ​ដោយសារ​វិធាន​ការ​មិន​សមហេតុផល​នេះ​ទេ»។​

ដើម្បី​បោះឆ្នោត​អនុញ្ញាត​ឱ្យ​សាក្សី​ផ្តល់​សក្ខីកម្ម​នៅ​ក្នុង​ការ​ចោទ​ប្រកាន់​លោក​ ត្រាំ តម្រូវ​ឲ្យ​មាន​សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​សាធារណ​រដ្ឋ​ចំនួន​៤​រូប​ចូលរួម​ជាមួយ​ក្រុម​សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​ប្រជា​ធិបតេយ្យ​ និង​អ្នក​ឯករាជ្យ​សរុប​ចំនួន​៤៧​ រូប​នៅ​ក្នុង​ព្រឹទ្ធ​សភា។

ប៉ុន្តែ​ប្រសិនបើ​មាន​សំឡេង​ស្មើ​គ្នា​ ៥០-៥០ ​នោះ​ប្រធាន​តុលាការ​កំពូល​លោក​ John Roberts ​ដែល​ជា​ចៅក្រម​គឺ​ជា​អ្នក​បោះឆ្នោត​សម្រេច។​ ប៉ុន្តែ​ដោយ​សារ​ស្ថានភាព​បែប​នេះ​មិន​ធ្លាប់​មាន​ក្នុង​ការ​ចោទ​ប្រកាន់​ពីមុន​មក​ ​គ្មាន​នរណា​ម្នាក់​ដឹង​ប្រាកដ​ថា ​វា​នឹង​ទៅ​ជា​យ៉ាង​ណា​នោះទេ។​ ការ​ជំនុំជម្រះ​ក្តីអាច​នឹង​បញ្ចប់​នៅ​ថ្ងៃសុក្រ​ដោយ​ឲ្យ​លោក​ ត្រាំ ​រួចផុត​ពី​ការ​ចោទ​ប្រកាន់​ពី​បទ​រំលោភ​អំណាច ​និង​ការ​រារាំង​សភា។ ​ការកោះ​ហៅ​សាក្សី​រួម​ទាំង​លោក​ John Bolton ​អតីត​ទីប្រឹក្សា​សន្តិសុខជាតិ​អាច​ពន្យារ​ពេលការ​ជំនុំ​ជម្រះ​មួយ​សប្តាហ៍​ឬ​យូរ​ជាង​នេះ៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG