ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាជិកព្រឹទ្ធសភា​អាមេរិកចោទសួរ​មេធាវី​របស់​ប្រធានា​ធិបតី​ត្រាំ


រូបឯកសារ៖ សវនការជំនុំជម្រះពាក់ព័ន្ធនឹងបទចោទប្រកាន់ទម្លាក់ប្រធានាធិបតីពីតំណែងនៅព្រឹទ្ធសភាអាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
រូបឯកសារ៖ សវនការជំនុំជម្រះពាក់ព័ន្ធនឹងបទចោទប្រកាន់ទម្លាក់ប្រធានាធិបតីពីតំណែងនៅព្រឹទ្ធសភាអាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។

សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ចំនួន​១០០រូប​ដែលធ្វើ​ជា​គណៈ​វិនិច្ឆ័យនៅឯ​សវនការការ​ចោទ​ប្រកាន់​ដកហូត​ប្រធានា​ធិប​តី​ ដូណាល់ ​ត្រាំ ចេញពី​តំណែង ​នឹង​មានឱកាសនៅ​ថ្ងៃ​នេះ​ដើម្បី​សាកសួរ​សំណួរ​ដល់​សមាជិក​សភា​ខាង​គណ​បក្ស​ប្រជា​ធិបតេយ្យ​ដែល​ជំនុំជម្រះ​រឿង​ក្តី ហើយ​ពួក​មេធាវី​របស់​លោក​ប្រធា​នា​ធិបតី​ត្រាំការពារ​លោក។

​សមាជិក​ព្រឹទ្ធសភា​ខាង​គណ​បក្ស​សាធារណរដ្ឋ​និង​ប្រជា​ធិបតេយ្យ ​នឹងបញ្ជូន​សំណួរ​របស់​ខ្លួន​ជាលាយលក្ខណ៍​អក្សរ​ដែល​ត្រូវ​បានអាន​ដោយចៅក្រម​ John Roberts ​ដែល​ធ្វើ​ជាអធិបតីភាព​នៃការ​ជំនំ​ជម្រះ​រឿងក្តី​នេះ។​ សំណួរបាន​ត្រូវ​គ្រោងទុកសម្រាប់​ពេល​២​ថ្ងៃ​ដែល​មាន​រយៈ​ពេល​១៦​ម៉ោង ​មុនពេល​ការ​ជជែក​ដេញ​ដោល​ដ៏​សំខាន់​នៅ​ថ្ងៃ​សុក្រ​ស្អែកនេះថាតើ​កោះ​ហៅ​សាក្សី​សំខាន់​ៗ ​រួម​មាន​លោក John Bolton ​អតីត​ទីប្រឹក្សា​សន្តិសុខជាតិ​របស់​ប្រធានា​ធិបតី​ត្រាំ​ដែរ​ឬទេ។

លទ្ធភាព​នៃការ​ផ្តល់​កសិណសាក្សី​របស់​លោក Bolton រីកកាន់​តែ​ធំ​ឡើង​បន្ទាប់​ពី​សេច​ក្តី​លម្អិត​ចេញ​ពី​សៀវភៅរបស់​លោក​ដែល​ចេញ​ផ្សាយ​នៅ​ពេល​ខាងមុខ​ដែល​បាន​រៀប​រាប់​ថា ​លោក​ប្រធានា​ធិបតី​ត្រាំ ​បាន​ប្រាប់​លោក​ត្រង់​ៗ​កាល​ពី​ខែ​សីហា​ឆ្នាំ​មុន​ថា លោក ​បាន​ដក​ជំនួយ​យោ​ធា​ដែល​មាន​ទឹក​ប្រាក់​៣៩១​លាន​ដុល្លារទៅឲ្យ​ប្រទេស​អ៊ុយក្រែន​រហូត​ទាល់​តែ​លោក ​បាន​ធ្វើ​ឲ្យ​ប្រធានា​ធិបតី​អ៊ុយ​ក្រែន​លោក Volodymyr Zelenskiy ប្រកាស​ការស៊ើប​អង្កេតលោក Joe Biden អតីត​អនុ​ប្រធានាធិបតី​និង​ជា​គូ​ប្រជែង​ម្នាក់​ខាង​គណបក្ស​ប្រជា​ធិបតេយ្យ​ម្នាក់​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ប្រ ធានា​ធិបតី​ឆ្នាំ​២០២០​។

បញ្ហា​នេះ ជា​ចំណុច​កណ្តាល​នៃ​ការជំនំ​ជម្រះ​២​នៃការ​ចោទ​ប្រកាន់​ដកហូត​ប្រធា​នា​ធិប​តីត្រាំ​ចេញពី​តំណែង​ថា​តើ​លោក​ប្រធានាធិបតី ​បាន​រំលោភ​អំណាច​របស់​លោក​ដោយ​ការស្វះស្វែងធ្វើ​ការស៊ើប​អង្កេត​លោក Biden ដើម្បី​ចំណេញនយោ​បាយ​ខ្លួន​លោក​ផ្ទាល់​ហើយ​នឹង​រារាំង​ការ​ខំ​ប្រឹងប្រែង​របស់​សភា​ដើម្បី​ស៊ើប​អង្កេត​សកម្មភាព​ដែល​ទាក់​ទិន​នឹង​ប្រទេស​អ៊ុយក្រែន៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG